បទវិភាគ៖ សោកនាដ​កម្ម​អាំង​ប៉ាវ​ផ្តើម​ពី​អង្ករ​២គីឡូនិង​លុយ៤ម៉ឺនរៀលឆ្លុះបញ្ចាំងអ្វីខ្លះ?

មជ្ឈដ្ឋាន​​សង្គមនានា​​មាន​ការ​​ភ្ញាក់​ផ្អើល​​យ៉ាង​ខ្លាំង​ នៅ​ពេល​ដែល​​ឃើញ​​មាន​​ការ​ផ្សព្វ​​ផ្សាយ​ព័ត៌​មាន​​ព្រោង​​ព្រាត​​តាម​​បណ្តាញ​​សង្គម​ថា មានមនុស្ស៤នាក់បានស្លាប់ និង​៥នាក់ កំពុង​​ត្រូវ​​បាន​ជួយ​​សង្គ្រោះ ក្នុង​​ចំណោម​​មនុស្ស​រាប់​រយនាក់​​ ដែល​បាន​ទៅ​ប្រជ្រៀត​យក​អាំង​ប៉ាវ នៅ​មុខ​ផ្ទះ​​អ្នក​ឧកញ៉ា សុខ គង់ នៅក្នុង​សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌ​ដូន​ពេញ កាល​ពី​ថ្ងៃ​ទី​​២៣ ខែមករា ឆ្នាំ២០២៥។

ក្រោយកើតហេតុភ្លាមៗ សារ​ព័ត៌មាន​ក្នុង​ស្រុក ស្និទ្ធ​នឹង​រដ្ឋាភិបាល បាន​ធ្វើ​សេចក្តីរាយ​ការ​ណ៍ថា អំណោយ​អាំង​ប៉ាវ​ដែល​មនុស្ស​រាប់​រយនាក់​ទៅ​ប្រច្រៀត​​គ្នា ​រងចាំ​យក​អាំង​ប៉ាវពេលនោះ ម្នាក់​ទទួល​បាន​អង្ករ ២គីឡូ​ក្រាម និង​​លុយ​​៤​ម៉ឺន​​​រៀល។

បើតាម​វិដេអូឃ្លីប​ដែល​ត្រូវបាន​គេបង្ហោះ​តាម​​បណ្តាញ​​សង្គម​​ អ្នក​​ដែល​​ទៅ​ប្រច្រៀត​គ្នា​​រង​ចាំ​ទទួល​​អាំង​​ប៉ាវ​​​រហូត​​ធ្វើឱ្យមាន​មនុស្ស​ស្លាប់ដល់ទៅ៤នាក់​នេះ​ មិន​​មែន​​សុទ្ធ​​តែ​ជា​មនុស្ស​​ចាស់​ជរា​ ជន​មាន​​ពិការ​​ភាព​ ឬក៏ជាស្ត្រី​ទន់​​ខ្សោយ​​នោះទេ ក៏​ប៉ុន្តែ​ក៏​មាន​​មនុស្ស​​ពេញ​​កម្លាំង​ម៉ាំ​មួន​​ផង​ដែរ។

 ព្រឹត្តិការណ៍​នេះ ទោះតិចឬច្រើន​ វាជាចម្លើយ​ដែល​បង្ហាញ​ថា ប្រជាពលរដ្ឋ​កម្ពុជា​​ជាច្រើន​នៅ​តែ​កំពុង​បន្ត​រស់នៅ​ក្នុង​ស្ថាន​ភាព​ដ៏គួរ​ឱ្យ​សង្វេគ​ ជីវភាព​ជួប​​ការ​​លំបាក​ ពីព្រោះ​ប្រសិន​បើ​ប្រជា​ពលរដ្ឋ​ទាំងនោះ​ មាន​កម្រិត​ជីវភាព​សមរម្យ​មាន​ការ​ងារធ្វើ មាន​មុខរបរ​អាច​រក​ប្រាក់​​​ចំណូល​បាន​សម​​ល្មម​ ពួក​គាត់​​នឹង​​មិនកាត់កេរ្តិ៍​កាត់ខ្មាស់​​ទៅ​ប្រច្រៀត​គ្នា​ ដើម្បីរង​ចាំ​ទទួល​​​អាំង​​ប៉ាវ​​ត្រឹម​អង្ករ​២គីឡូ និងលុយប្រមាណជា ​១០ដុល្លារ​បែបនេះនោះទេ។

 អ្នក​ឃ្លាំមើលសង្គម បាន​ចាត់ទុកព្រឹត្តិការណ៍​នេះ​ បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​កាន់តែច្បាស់ពីគម្លាត​កាន់​តែឆ្ងា​យ ​រវាង​​អ្នក​មាន​ និង​​អ្នកក្រ​​ ដោយ​អ្នក​មាន​មួយ​ចំនួន​​ មាន​នោះមាន ​មាន​​លុយ​ច្រើន​​ចាយ​​មិន​​អស់ ខ​ណៈ​ដែល​ប្រជាពលរដ្ឋ​ជាច្រើន​ក្រ​​នោះក្រ​ ក្រស្ទើ​តែ​រក​អ្វីហូប​មិន​បាន​​ ក្រ​ហៅ​លែង​ឮ​។

លោក​បណ្ឌិត កែម ឡី អ្នក​សិក្សា​ស្រាវ​ជ្រាវ​ពីការ​អភិវឌ្ឍ​​សង្គម ​ធ្លាប់​​​មាន​ប្រសាសន៍ថា កម្ពុជា​មិន​ដែល​​មាន​សម័យកាល​ណាមាន​អ្នក​មាន មាន​​ខ្លាំង ដូច​​សម័យ​កាល​​​​នេះ​ទេ ហើយ​ក៏មិន​ដែល​មាន​សម័យ​កាល​​ណា មាន​អ្នក​ក្រ ក្រខ្លាំង​ដូចសម័យ​នេះដែរ។​

អ្នក​ហ៊ាន​និយាយ​ការពិត​ឥត​សំចៃមា​ត់ ​​រហូត​​ដល់​អ្នក​មាន​​អំណាច​សម្លាប់​បំបិទមាត់​ កាល​ពី​ថ្ងៃ​ទី​​១០ ខែ​កក្កដា​ ​ឆ្នាំ​២០១៦​​រូប​នេះ​ ក៏​បាន​​លើក​​ឡើង​​ផងដែរថា​ កម្ពុជា​សម័យ​នេះ​ មាន​ធន​ធាន​មនុស្ស​​ដែល​​ជា​​អ្នក​​រៀន​​សូត្រ​​ចេះដឹង​​បាន​​ទៅរៀន​នៅ​ប្រទេស​ជឿន​លឿន​ច្រើន​ណាស់។

 ប៉ុន្តែ​កម្ពុជា​​នៅ​ខ្វះ​​ធនធានមនុស្ស​ដែល​​ចេះ​ប្រើ​ប្រាស់​​មនុស្ស​​ ឱ្យ​ត្រូវ​ទៅ​តាម​ជំនាញ​ ហេតុ​ដូច្នេះហើ​យ​​ទើប​​ធ្វើ​ឱ្យ​កម្ពុជា​​នៅ​​​តែ​ជួប​​ប្រឈម​​នឹង​​វិបត្តិ​ជាច្រើនចាក់ស្រែស​ ធ្វើឱ្យ​មាន​​គម្លាត​កាន់​​តែ​ធំ ​រវាង​​អ្នក​​មាន​ ​និងអ្នកក្រ​ ដែល​វានឹងរុញ​ប្រទេស​ធ្វើឱ្យកើតមានចលាចល​នៅ​ថ្ងៃ​ណា​មួយ​​​មិន​​ខាន ​ប្រសិន​បើ​មិន​មានវិធានការ​ដោះស្រាយ។

 ប្រហាក់ប្រហែល​គ្នា​​នេះ លោក យង់ ពៅ ​អគ្គលេខាធិការ​រាជបណ្ឌិត​សភាកម្ពុជា ​ជាស្ថាប័ន​ដែល​ចំណុះ​​ឱ្យ​រដ្ឋាភិបាល​ បាន​សរសេរ​បង្ហោះ​​សារ នៅ​លើហ្វេសប៊ុក​របស់​លោក​​ថា «អាំងប៉ាវ​នាំ​ជាតិ​ខ្មែរ​ខ្មាស់​គេរា​ល់​ឆ្នាំ ឆ្នាំនេះ​កាន់តែធ្ងន់​ទៅ​ទៀត។ ល្មមយល់ផងលោកអ្នក»។

បន្ថែម​ពីនេះ​ កាលពីពេល​ថ្មីៗ​នេះ លោក ​យង់ ពៅ បាន​ប្រាប់​វីអូឌី ដោយ​បាន​សម្តែង​ពី​ការ​​ព្រួយ​បារម្ភ​ ចំពោះ​​ប​​ញ្ហា​​គម្លាត​​សង្គម​​​​ដែល​​ចាប់​​ផ្តើម​​រីក​​ធំ អ្នក​មានខ្លាំង​កាន់​តែមានទៅៗ ​ហើយ​​អភិជន​​អ្នក​​មាន​​មួយ​​ចំនួន​ បា​ន​ភ្លេច​ខ្លួន​ ដោយ​បាន​បង្ហាញ​ពីការ​ចាយ​វាយ​​ខ្ជះខ្ជាយ​ហ៊ឺហារ នៅ​ពេល​​​​ប្រជាជនក្រីក្រមួយ​ចំនួន​​ ដែល​រងផល​ប៉ះពាល់​ពី​​វិបត្តិ​​សេដ្ឋកិច្ច​ កាន់​តែ​ក្រីក្រ​ថែម​ទៀត​ ​ដែល​​ទាំង​​អស់​​នេះ ​ធ្វើឱ្យ​មាន​វិសមភាពសង្គម​ដែល​នាំ​ទៅ​​ដល់​វិបត្តិមួយ​​ អាច​​ធ្វើឱ្យ​សង្គម​មាន​បញ្ហា​ផង​ដែរ។

 យោងតាម​របាយការណ៍ស្ថានភាព​ឥណទាននៅកម្ពុជា​ ដែលក្រុមហ៊ុន​ Credit Bureau Cambodia (CBC) បានចេញ​ផ្សាយ​កាល​ពី​​ចុងខែមីនា ឆ្នាំ២០២៤ ​បាន​ឱ្យដឹង​ថា គិត​ត្រឹម​ដំណាច់​ឆ្នាំ​២០២៣ ប្រជាព​ល​​រដ្ឋកម្ពុជាជិត ៥លាននាក់ (៤,៩៨លាន) កំពុង​ប្រើ​ប្រាស់​​កម្ចី​​ពីប្រព័ន្ធ​ធនាគារ ដែល​​​មាន​​ទំហំ​​ទឹក​ប្រាក់ប្រ​មា​ណ ​​៥៧,៦​ពាន់​លាន​ដុល្លារ​​។

ក្នុង​ចំណោម​នោះ ពលរដ្ឋ​មួយ​ចំនួន ​ត្រូវ​​បាន​​ធនាគារ​រឹប​អូស​យក​ផ្ទះ​សំបែង​ ហើយ​​កំពុង​​ដើរ​ត្រាច់​ចរណ៍​​ជួល​ផ្ទះគេ​ស្នាក់​នៅ​ពីកន្លែងមួយទៅកន្លែងមួយ។

 ឯខ្លះ​ទៀត ​កំពុង​​ត្រដាប​ត្រដួស​ក្នុង​ការ​រក​ប្រាក់​បង់​សងធ​នាគារ ខណៈ​ប្រជាពលរដ្ឋ​រាប់​ពាន់​គ្រួសារ​​ទៀត​ បាន​​ចាញ់​​បោក​​ក្រុម​​ហ៊ុន​​វិនិយោគ​​របស់​​ឧកញ៉ា​មួយ​ចំនួន​ រហូត​ដល់ពលរដ្ឋខ្លះ​​មិន​​អាច​​រក​ប្រាក់​បង់​​សង​​ធនាគារ​បាន ​ក៏​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​។

ទាក់​ទង​នឹងស្ថានភាពធ្ងន់ធ្ងរនៃបំណុល​នេះ សម្ព័ន្ធជំរឿននិងការពារសិទ្ធិមនុស្សលីកាដូ​ ក៏​​ធ្លាប់​បាន​​ធ្វើការ​​សិ​​ក្សា​​​​ស្រាវ​ជ្រាវរក​ឃើញ​​ថា​ គិតត្រឹមឆ្នាំ២០២៣ បំណុល​ដែលពលរដ្ឋ​កំពុង​ជំពាក់តាម​គ្រឹះស្ថានមីក្រូហិ​រញ្ញវត្ថុ​ខ្នាតតូច គឺមានចំនួន​ប្រមាណ​ ២,៨៩​លានកម្ចី ដោយ​នេះ​មិន​ទាន់​រាប់​បញ្ចូល​កម្ចី​តាម​​គ្រឹះ​ស្ថាន​​ខ្នាត​ធំ និងធនាគារឡើយ​។

លីកាដូ​ បាន​សម្តែង​ការ​ព្រួយបារម្ភ​នូវ​ហានិភ័យ​ចំពោះសេ​ដ្ឋកិច្ច​​សង្គម​ ​ប្រសិនបើពលរដ្ឋ​ជាប់​ជំពាក់​បំណុល​កាន់​តែ​ច្រើន ខណៈ​​អង្គការ​​នេះ​​បាន​​រក​​ឃើញ​ថា ពលរដ្ឋ​ប្រមាណ៦%​ ​ឬ​១៦៧០០០នាក់ បានលក់ដី​ដើម្បីសងបំណុល​។

បើតាម​​អង្គការទេសន្តប្រវេសន៍​អន្តរជាតិ(IOM) បច្ចុប្បន្ន​កម្ពុជាមា​ន​ពលករ​ចំណាក​ស្រុក​ស្រប​ច្បាប់​ជាង ១,៣​លាន​នាក់ ដែល​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស ក្នុង​នោះ​នៅ​ប្រទេស​ថៃ​ច្រើន​ជាង​គេ ពោល​មាន​ដល់​ទៅ​ជាង ១,២លាន​នាក់។

 ប៉ុន្តែ ​បើ​តាម​សេចក្តី​រាយ​ការណ៍​ក្រៅ​ផ្លូវការ ​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ខ្មែរ​​​ដែល​​កំពុង​​ធ្វើ​ការ​​ក្នុង​ប្រទេស​​ថៃ​​ទាំង​​ស្រប​​ច្បាប់ ​និង​មិន​ស្រប​ច្បាប់ ​មាន​រហូត​ដល់​ទៅ​ជាង​ ២លាន​នាក់​ឯណោះ។

កាលពី​ពេល​ថ្មីៗ​​ក្នុង​ដើម​ឆ្នាំ២០២៥​នេះ​ គណបក្ស​នយោបាយ​មួយ​នៅ​ក្នុង​​ប្រទេស​ថៃ បាន​​ស្នើ​​ឱ្យ​រដ្ឋាភិបាល​​ថៃ​ ធ្វើការ​​ត្រួតពិនិត្យ​អ្នក​សុំទាន​ខ្មែរ​​ជា​ច្រើន​ នៅក្នុងទីក្រុង​បាងកក ដើម្បី​​ចាប់​បញ្ជូន​​ពួក​គេ​ត្រឡប់​មក​កម្ពុជាវិញ ​​​ខណៈ​ដែល​មាន​សេចក្តីរាយការណ៍ថា ស្ត្រីខ្មែរខ្លះ​បាន​យក​ទារក​​ និង​កូនតូច​របស់អ្នក​ដទៃ​ ​ទៅ​អង្គុយ​សុំទាន​ធ្វើឱ្យ​ប៉ះ​ពាល់​​ដល់​ទារក​និង​ក្មេង​តូចៗ​ទាំង​នោះ។

អ្នក​សិក្សា​​ស្រាវជ្រាវ​​និងអ្នក​ឃ្លាំមើល​សង្គម លើកឡើងថា ការផ្តល់ការ​អប់រំដែលមាន​គុណ​ភាព​ ការ​បណ្តុះ​បណ្តាល​​ជំនាញ​វិជ្ជាជីវៈ​ដល់​​ប្រជាព​ល​រដ្ឋ ​ដើម្បី​ឱ្យ​ពួកគាត់​មាន​ចំណេះ​ មាន​​ជំនាញ​​អាច​ធ្វើ​កិច្ចការ​ងារ ​និង​ប្រកបរបរ​ចិញ្ចឹមជីវិត​ដោយ​ខ្លួន​ឯង រួមទំាងបង្កើត​ការងារក្នុង​ស្រុក​ឱ្យ​បាន​កាន់​តែ​ច្រើន បូក​រួម​​ទាំង​​ការ​​រក​​ទីផ្សារ​​ឱ្យ​កសិករ​លក់​កសិផល​ក្នុង​តម្លៃ​សម​រម្យ​ជាដើម វា​ជា​ចំណុច​គន្លឹះ និង​​អាទិភាព ​ដែល​​រដ្ឋាភិបាល​ត្រូវ​ធ្វើ ​ដើម្បីកាត់បន្ថយ​ភាពក្រីក្រ និង​ការ​ធ្វើ​ចំណាក​ស្រុក​។

បច្ចុប្បន្ន ថ្នាក់​ដឹកនាំរដ្ឋាភិបាល​​កម្ពុជា​​តែង​​តែ​លើកឡើងថា កម្ពុជាមាន​​សុខ​​សន្តិភាព ប្រជា​ពលរដ្ឋ​​​ទូទាំង​​ប្រទេស​​កំពុង​រស់នៅក្នុង​ភាពសម្បូរសប្បាយ និង​​ថា​កម្ពុជា​នឹងក្លាយទៅ​ជា​ប្រទេស​មាន​​ប្រាក់​ចំណូល​​មធ្យម​​កម្រិត​​ខ្ពស់​ក្នុង​ឆ្នាំ២០៣០។

បន្ថែមពីនេះ មេដឹកនាំគណបក្សប្រ​​ជា​ជនក​ម្ពុជា លោក ហ៊ុន សែន ក្នុង​ពិធី​ប្រារព្ធ​ខួប​ជ័យ​ជម្នះ​ថ្ងៃ​៧​មករា ដែល​ធ្វើ​ឡើង​នៅ​ដើម​ខែ​នេះ បាន​ថ្លែង​កោត​សរសើរ រដ្ឋាភិបាល​បន្ត​វេន​របស់​កូន​ប្រុស​ថា រយៈ​ពេល​ជាង ១៦​ខែ នៃការឡើងកាន់តំណែង​របស់​ លោក ហ៊ុន ម៉ាណែត រដ្ឋាភិបាល​នីតិកាល​ទី៧​នេះ សម្រេច​បាន​សមិទ្ធផ​ល​លើស​ការ​រំពឹង​ទុក ប្រកប​ដោយ​សក្តានុពល។

សក្តានុពលដែលលោក ហ៊ុន​ សែន ថ្លែងនៅពេលនោះមានច្រើន រួមទាំងយន្តការ​កំណែ​ទម្រង់ ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​ដើម្បី​នាំ​នាវា​កម្ពុជា ឱ្យ​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំ​ណូ​​​លខ្ពស់​នៅ​ឆ្នាំ​២០៥០​ផង​ដែរ។

​ប៉ុន្តែព្រឹត្តិការណ៍​នៃការ​ស្លាប់​មនុស្ស ​៤នាក់ ក្នុង​ការទៅ​ប្រច្រៀត​គ្នា​​​ទទួល​​អាំង​ប៉ាវ ត្រូវបាន​អ្នក​ឃ្លាំ​មើល​សង្គម​លើក​​ឡើង​ថា ​វាបាន​ឆ្លុះបញ្ចាំងពីបញ្ហាសង្គម​ដ៏ធំ​​​​​ដែល​​ប្រជាពលរដ្ឋខ្មែរ​កំពុង​រស់​នៅ​​ជួប​​ការលំបាក​។ ​

 លោកសុខ សុគន្ធ ​ហៅ ជែម សុខ អ្នក​ធ្វើអត្ថាធិប្បាយ​នយោបាយ ​និង​សង្គម ​បាន​​ថ្លែង​​ជា​រឿយៗ​ថា ភាព​ក្រីក្រនិ​ង​​ទុក្ខលំបាក​របស់ប្រជាពលរដ្ឋ​ខ្មែរ គឺ​​ដោយ​​សារ​​តែ​អស​មត្ថភាព​រប​ស់​មេដឹកនាំ​​រដ្ឋាភិបាល​ ដែល​គុបគិតគ្នា​ប្រព្រឹត្ត​​អំពើពុករលួយ​ជា​ប្រព័ន្ធ​​បក្ខ​ពួក​​និយម ជ្រើសរើ​ស​តែង​តាំង​​តែ​កូន​ចៅ​ខ្លួន​ឯង​ ដែល​​អសមត្ថភាពឱ្យឡើង​កាន់តំណែង។

 បច្ចុប្បន្ន​ កម្ពុជា​សម្បូរ​ទៅ​ដោយ​អ្នក​សុំ​ទាន​ទាំង​​នៅ​​តាម​ទីផ្សា​រ​ នៅ​​តាម​​ភ្លើង​ស្តុប​ក្នុង​ទីក្រុង​ នៅ​​តាម​​វត្តអារាម និង​នៅ​តាម​រមណីយដ្នានដែល​​​ជា​តំបន់ទេសចរណ៍នានា​។

 អ្នក​ឃ្លាំមើល​សង្គម ​ចង់​​ឱ្យ​រដ្ឋាភិបាល និង​អ្នកមាន​ទ្រព្យ​​សម្បត្តិស្តុក​ស្តម្ភ​ ​​លុប​បំបាត់ ​ឬកាត់​បន្ថយ​​​វប្បធម៌​​​ចែក​អំណោយ ហើយ​​ងាក​​មក​រៀបចំ​បង្កើតជាមជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​​ជំនាញ​វិជ្ជា​ជីវៈ​​ដល់​អ្នក​សុំទាន​ទាំង​​នោះ​វិញ​ ដើម្បី​ឱ្យ​ពួកគាត់​អាច​ធ្វើការ​ ឬប្រកបមុខ​របរចិញ្ចឹមជីវិត​​ដោយ​ខ្លួន​ឯង​បាន​ ចៀសវាង​ការបន្ត​ដើរ​សុំទាន ដែល​ធ្វើឱ្យ​ខូចសណ្តាប់ធ្នាប់​ និង​ថែមទាំង​ធ្វើ​ឱ្យមាន​​កេរ្តិ៍ឈ្មោះ​​មិន​ល្អ​ដល់ប្រទេសជាតិ។​

យ៉ាងណាក្តី​ ការដឹកនាំប្រទេសជាតិ​រីកចម្រើន​ឬមិន​រីកចម្រើន ប្រជាពលរដ្ឋ​​មាន​ជីវភាពធូរ​ធារ​​ឬ​នៅ​​តែ​ក្រីក្រ ប្រទេសជាតិមានកេរ្តិ៍ល្អ​ឬមិនល្អ គឺ​វាពឹង​អាស្រ័យទាំងស្រុង​ទៅលើ​សមត្ថភាពរបស់​មេដឹកនាំ​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ