រដ្ឋាភិបាលសំអាងពីការងើប​​ឡើងសេដ្ឋកិច្ច​ចំ​ពេល​ពលរដ្ឋ​ជាប់​បំណុល​វណ្ឌករ

រដ្ឋាភិបាល​បន្ត​វេន របស់​គ្រួសារ​ហ៊ុន អះ​អាង​ពី​ការ​ស្ទុះ​ងើប​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស នៃ​សេដ្ឋកិច្ច​កម្ពុជា រយៈ​ពេល​ជាង​១ឆ្នាំទៅ​នេះ ខណៈ​ពលរដ្ឋ​ច្រើន​លាន​នាក់ កំពុង​ជាប់​បំណុល​វណ្ឌក រីឯ​កសិករ​កំពុ​ងស្រែក​ដង្ហើយ​ហៅ​រក​ការ​សង្គ្រោះ​ទីផ្សារ​លក់​ផលិត​ផល។

ការណ៍នេះ ជំរុញឱ្យការលើក​ឡើង​ថា ជានយោបាយ​បែប​ប្រជាភិថុត ហើយ​នឹង​បន្ត​គំរាម​កំហែង​ជីវភាព​ពលរដ្ឋ​ច្រើន​ឆ្នាំ​ទៀត បើ​គ្មាន​អ្វី​ប្រែ​ប្រួល។

ការសំអាង​បែប​នេះ ក្នុង​សន្និបាត​គណៈ​កម្មាធិការ​កណ្តាល​លើក​ទី​៤៥ អាណត្តិទី៥​របស់​គណបក្ស​ប្រជាជនកម្ពុជា​ដែល​រៀបចំ​នៅ​ថ្ងៃ​ទី​២៥ និង​២៦ ខែ​មករា ឆ្នាំ​២០២៥​នេះ។

ថ្លែងក្នុង​សន្និសីទសារព័ត៌មាន​បង្ហាញល​ទ្ធផល​សន្និបាត អ្នក​នាំ​ពាក្យ​គណបក្សប្រ​ជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា ក្នុ​ងរយៈ​ពេល​តែ​១ឆ្នាំ​៧ខែ រដ្ឋាភិបាល​ដឹកនាំ​ដោយ​នាយករដ្ឋ​មន្រ្តី​កម្ពុជា ហ៊ុន ម៉ាណែត បាន​អភិវឌ្ឍន៍​ប្រទេស​ឱ្យ​កាន់​តែ​មាន​ការ​រីក​ចម្រើន ហើយ​ចំណូល​ពលរដ្ឋ​ក៏​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​ដែរ។

លោកថា៖ «អញ្ចឹងទេ​​យើង​ឃើញ​ថា​ចំណូល​របស់​ប្រជាពលរដ្ឋ​យើង​ឡើង​ពី​២ពាន់​ជាង ឥឡូវ​វា​ឡើង​រហូត​ទៅ​ដល់​ជិត​៤ពាន់​ដុល្លារ​ក្នុង​ម្នាក់ៗ​នេះ​វាសរ​បញ្ជាក់​ឲ្យ​ឃើញ​ថា​មាន​ការ​រីក​ចម្រើន​ខាង​សេដ្ឋ​កិច្ច»។

យ៉ាងណាក្តី ផ្ទុយ​ពី​ការអះអាង​នេះ កសិករម្នាក់​រស់​នៅ​ខេត្ត​កំពង់ស្ពឺ អ្នកស្រី មុំ សុភី និយាយ​ថា ដំណាំ​ត្រប់​​​ដែល​គាត់ដាំលើផ្ទៃដី៣០អា បា​នធ្លាក់​ថ្លៃ​ពាក់​កណ្តាល ពោល​គឺ​ក្នុង​មួយ​គីឡូ​២ពាន់​រៀល មក​នៅ​ត្រឹម​១ពាន់​រៀល ហើយ​ដំណាំដំ​ឡូង​របស់​អ្នក​ភូមិ​ផ្សេង​ទៀត​ក៏​ធ្លាក់​ថ្លៃ​ដែរ។

អ្នកស្រីថា៖ «យើង​ខំ​ទៅ​ខ្ចីលុយ​ធនាគារ​ដើម្បី​មក​ធ្វើ​កសិកម្ម ក្រែង​វា​បាន​ផល​ចំណេញខ្លះ​ដល់​ពេល​ធ្វើ​បាន​ផល​ហើយ វា​ថោក! ដូច​ដំឡូង​អី​ខ្ញុំ​ទៅ​ជួប​ប្អូន​ស្រី​ម្នាក់​ដែល​គាត់​ធ្វើ​ដំឡូង​ ម្សិល​មិញ​ គាត់​ថា​ ១៥០មួយគីឡូ​សើម។ និយាយ​រួម កសិផល​ដែល​កសិករ​ខ្មែរ​យើង​ធ្វើ​បាន​វា ថោក​ណាស់ វាទូទាត់​នឹង​តម្លៃ​ការ​ចំណាយ​អត់​រួច។ អ៊ីចឹង​បំណុល​កាន់​តែ​កើន​ធ្វើ​ឱ្យ​យើង​ជំពាក់​គេ​កាន់​តែ​ច្រើន អាណត្តិ​សម្ដេច ដូ​ចគ្រាន់​ដល់​អាណត្តិ​កូន​កាន់​តែ​យ៉ាប់​ឡើង»។

ជាមួយគ្នានេះ កសិករ​ដាំ​ដំណាំស្រូវ​នៅ​ខេត្ត​បាត់​ដំបង ប្រាប់​VOD​ក្នុង​លក្ខ​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​​ប្រភេទ​ស្រូវ​ស្រង៉ែ បាន​ធ្លាក់​ថ្លៃ​មក​នៅ​ត្រឹម​១គីឡូ​ក្រាម​តម្លៃ ៨០០​រៀល ខណៈ តម្លៃ​ដែល​កសិករ​ចង់​បាន​ចាប់​ពី​ ១២០០០រៀល​ឡើង​ទៅ​ទើប​រួច​ថ្លៃ​ផលិត។

អ្នកស្រីថា៖ «បើប្រភេទស្រូវ ស្រង៉ែ ដែល​នាំ​ចេញពីម្សិលមិញបានតែ១គីឡូ ៨រយ​រៀល ហើយ យើង ថ្លៃ​ម៉ាស៊ីនបូម​ទឹក​បូម​ចេញ​បូម​ចូល។ មិនមែន​បើក​ប្រឡាយ​ភ្លាម បាន​ចូល​ឯណា ប្រើ​គ្រឿង​ចក្រ​ទៅ​ទៀត​នោះ។ យើង​ធ្វើ​កសិកម្ម​ហ្នឹង យើង​យក​ជី យក​ថ្លៃ​ថ្នាំ​ថ្លៃ​ពលកម្ម អី! អាត្រូន​បាញ់​ថ្នាំ​ហ្នឹង​ក៏​យើង​ជំពាក់​គេ ច្រូត​កាត់​រួចបាន​យើង​ទូទាត់ ថ្លៃ​ពលកម្ម​ហ្នឹង​ឲ្យ​គេ ដល់​ស្រូវ​ចុះ​ថោក​មាន​ម៉េច មាន​តែ​អស់ទឹ​ក​ចិត្ត​(លែង)​ចង់​ធ្វើ​ហ្នឹង វា​អត់​រួច​ខ្លួន​វា​ខាត​ពេល​វេលា»។

ទោះជាបែប​ណា បើតាមសេចក្តីប្រកាសលទ្ធផល​នៃសន្និបាត​របស់​បក្ស​កាន់​អំណាច បញ្ជាក់​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ២០២៥ ត្រូវបានរំពឹងថា​នឹង​បន្ត​ងើប​ក្នុង​អត្រា​កំណើន​ ៦.៣% ហើយ​ជីវភាព​ពលរដ្ឋ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង។

ប្រភព​នោះ បញ្ជាក់​ថា ការ​បន្ត​កើន​ឡើង​នៃ​ផលិត​ផល​សរុប​ក្នុង​ស្រុក​ជា​មធ្យម​ក្នុង​មនុស្ស​ម្នាក់​ពី​ ២៥២០​ដុល្លារ ក្នុង​ឆ្នាំ២​០២៣ ដល់​ប្រមាណ ២ ៧១៣​ដុល្លារក្នុងឆ្នាំ​២០២៤។ ឆ្លង​តាម​ការ វិវឌ្ឍ​នេះ ឆ្លុះ​បញ្ចាំង​ថា សេដ្ឋកិច្ច​ជាតិ​កំពុង​ត្រឡប់​មក​រក​ស្ថាន​ភាព​កំណើន​ដូច​ពេល​មុន​មាន​វិបត្តិ​ជំងឺ​កូវីដ-១៩​វិញ។

យ៉ាងណា​ អ្នកចាញ់​បោកក្រុមហ៊ុនពិភពដីមាស គឺអ្នកស្រី នូច មុំ ប្រាប់​ថា ប្តីគាត់​បាន​ស្លាប់​កាល​ពី​ប្រមាណ​៣ខែ​មុន ព្រោះ​គ្មាន​លុយ​ព្យាបាល​ជំងឺ ​ក្រោយ​ចាញ់​បោក​អស់​​ទឹក​ប្រាក់ ១៦០០០​ដុល្លារ​ជាលុ​យ​ខ្ចី​ធនាគារ។

អ្នកស្រី​ថា៖ «សុខចិត្តសងគេ អត់មាន​អីហូប រាល់ថ្ងៃ។ ខ្ញុំឈឺ មាន​អី! កូន​ទៅ​បើក​ឆ្នាំ​មណ្ឌល​ឲ្យ​លេប ដល់​គាត់​នៅ​គាត់​រក​បាន​ខ្លះ កូនរកបានខ្លះ គ្រាន់​ទប់​ទល់ដែ​រ ឥឡូវ​រឹត​តែ​យ៉ាប់។ ឯកជន​ក៏ទារ រដ្ឋក៏ទារ គេពិបាកចិត្ត ឃើញ​គេ​ចងករ​ចង​អី​ស្លាប់។ រឿងពិបាក​នោះ ពិបាក​លែង​និយាយ​កើត និយាយ​មិន​ចេញ។ ខ្ញុំអត់​ លក់​ដី​សង​ធនាគារ​ទាំងអស់ មិនទុកទេ ដល់​ពេល​ហើយ​ថា មិន​ឱ្យ​ជំពាក់​គេ ដល់​ហើយ​គេ​ទៅ​យក​លុយ​ទៅ​ដាក់​ទៅ​នឹង​ទៀត​រឹត​លើស​ដើម​ម៉ង»

អនុ​ប្រធានអង្គការពលរដ្ឋយើង លោក មាន ព្រហ្មនី ស្តីបន្ទោសថា មន្រ្តីបក្ស​កាន់​អំណាច​ជា​មន្រ្តី​គ្មាន​ទំនួល​ខុស​ត្រូវ ព្យាយាម​បន្លំ​ការ​ពិត​ពី​ស្ថាន​ភាព​សេដ្ឋកិច្ច​នៅ​កម្ពុជា ដើម្បី​តែ​ប្រយោជន៍​បក្ស​ពួក​ខ្លួន ជា​ហេតុធ្វើ​​ឱ្យ​វិបត្តិ​សង្គម​ជា​ច្រើន​ដោះ​ស្រាយ​មិន​ចេញ ហើយ​ពលរដ្ឋ​នឹង​បន្ត​រង​គ្រោះកា​ន់​តែ​ធ្ងន់​ធ្ងរ។

លោកថា៖ «ពួកអស់​លោក​ហ្នឹង គឺអត់​មាន​ខ្វល់​រឿង​ប្រជាពលរដ្ឋ​ទាល់​តែ​សោះ​ខ្វល់​តែ​រឿង​បក្ស​របស់​លោក​ ខ្វល់​តែ​រឿង​អំណាច​តួនាទី​បាន​អំណាច​ហើយ! អត់នាំ​គ្នាប្រឹង​អនុវត្ត​កាតព្វ​កិច្ច​ក្នុង​នាម​រដ្ឋាភិបាល​បម្រើ​ប្រជា​ពលរដ្ឋ ឬក៏​បំពេញ​តួនាទី​ឲ្យ​បាន​ត្រឹម​ត្រូវ​ ឲ្យ​ចេះ​ទទួល​ទាំង​ខុស​ទាំង​ត្រូវ​ឲ្យ​ចេះ​ទទួល​ឲ្យ​បាន​ល្អ អត់​បំរើ​ទាល់​តែ​សោះ។ នាំគ្នាអួតថា សេដ្ឋ​កិច្ច​រីក​ចម្រើន​ហើយ​ធ្វើ​ទៅ​ជួប ប្រជាពលរដ្ឋ​ដូច​ស្រឡាញ់​ប្រជាពលរដ្ឋ​ណាស់ តែ​ចិត្ត​របស់​អស់​លោក​ហ្នឹង​គឺ​ចិត្ត​ដូច​ទេ​វទត្តមាត់ដូចទេវតា គឺអត់មានធ្វើ​ល្អ​ទេ អាហ្នឹង​ដែល​ជា​បញ្ហា អត់​មាន​បម្រើ​សេវា​ទៅ​តាម​កាតព្វកិច្ច»។

ដោយ​ឡែក តំណាងរាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ លោក ម៉ែន សុថាវរិន្រ្ទ ព្រមាន​ថា វិបត្តិ​បំណុល​ពលរដ្ឋ កសិផល​ចុះ​ថោក ទេសចរណ៍​ធ្លាក់ចុះ ជាដើម កំពុង​គំរាម​កំហែង​ដល់​អំណាច​គ្រួសារ​ហ៊ុន បើ​គ្មាន​ការ​កែម្អ​ទាន់​ពេល។

លោកថា៖ «ត្រូវតែធ្វើឱ្យប្រសើរឡើង​វិញ​ស្ថានភាពសិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ឡើង​វិញ ហើយ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​លើ​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា ធ្វើ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​រស់​ឡើង​វិញ ហើយ​សារ​ព័ត៌មាន​ឯករាជ្យ​ឲ្យ​គេ ត្រលប់​មក​វិញ​ទៅ ហើយ​រៀបចំ​កា​របោះ​ឆ្នោត​ដោយ​សេរី​ យុត្តិធម៌ គឺ​មាន​តែ​ប៉ុណ្ណឺង​ទេ ដែល​គេ​ចង់​បាន។ ហ៊ុន ម៉ាណែត អាចធ្វើប៉ុណ្ណឹងបាន រីក​ចម្រើន​បាន បើ​មិន​បាន​ទេ គឺជា​ប្រទេស​ផ្តាច់​ការ​ហើយ ហើយ​ដួល​រលំ​​ ហើយ​ប្រជាពលរដ្ឋ​នឹង​ងើប​ឡើង​ទាំង​អស់​គ្នា»។ 

បន្ថែម​លើនេះ ក្រុមអ្នកឃ្លំាំមើលមិនចំណុះឱ្យរដ្ឋាភិបាល កត់​សម្គាល់​ថា ហេតុ​ការណ៍​ពលរដ្ឋ​៤នាក់ ស្លាប់​ក្នុង​ពេល​ប្រជ្រៀត​គ្នា​យក​អាំង​ប៉ាវ​ក្នុ​ងពេល​ថ្មីៗ​នេះ វាជា​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា រាស្រ្ត​ខ្មែរ​មិន​ទាន់​ងើប​ផុ​តពី​ភាព​ក្រីក្រ​នោះ​ទេ ហើយ​ពលរដ្ឋ​នឹង​បន្ត​ស្លាប់​ដោយ​សារ​ភាព​អត់​ឃ្លានត​ជំនាន់ បើឈាម​ថ្មី​បក្ស​កាន់​អំណាច​បន្ត​មរតក​ដឹក​នាំ​ប្រទេស​ដោយ​រំលោភ​សិទ្ធិ​មនុស្ស និង​សម្លាប់​ប្រជាធិប​តេយ្យ​បែប​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ