អ្នកឃ្លាំ​មើល​បារម្ភ​ពីកម្ពុជា​រអិល​ទៅ​រក​របប​សម្លាប់​មនុស្ស​តាម​ទំនើង​ចិត្ត​បើ​គ្មាន​ចរន្ត​ទប់​ស្កាត់

សំណុំរឿង​ឃាតកម្ម​ជាច្រើន​ដែល​បាន​កើត​ឡើង​ជា​បន្ត​បន្ទាប់​ច្រើន​ឆ្នាំ​ទៅ​នេះ រួម​ទាំង​សំណុំ​រឿង​ឃាតកម្ម​លើ​លោក​ លិម គិមយ៉ា លើ​ទឹ​ក​ដី​ថៃ ដែល​បាន​កើត​ឡើង​ប្រមាណ​ជា​ជិត​១ខែ​ទៅ​នេះ ជាក្តី​បារម្ភ​ថា ក​ម្ពុ​​ជា​កំពុង​រអិល​ទៅ​រក​រប​បវាល​ពិឃាត​ទី២​ ក្រោម​ដៃ​គ្រួសារ​ហ៊ុន បើ​គ្មាន​ចរន្ត​ទប់​ស្កាត់​ទេ​នោះ។

ការ​សំអាង​បែប​នេះ ក្រោយ​ពី​គេ​សង្កេត​ឃើញ​ថា ក្រោម​​ការ​​ដឹក​នាំ​របស់​​មេដឹក​​នាំ​បក្ស​កាន់​អំណាច​គ្រួសារ​​ហ៊ុន ជាង​៤ទសវត្សរ៍​ទៅ​នេះ អ្នក​ដើរ​​តួនាទី​​​ជា​អ្នក​ឆ្លុះប​ញ្ចាំង​សង្គម​​តាម​​ស្មារតី​រដ្ឋ​ធម្ម​នុញ្ញ ត្រូវ​​បាន​គេ​​សម្លាប់ ក្នុង​​នោះ​​មាន​​ទាំង​​អ្នក​​សារ​ព័ត៌​មាន​ចំនួន​ ១៦នាក់ ព្រះតេជគុណធម្មវិបស្សនា សំ ប៊ុន​ធឿន មេដឹកនាំ​សហជី​​ព​សេរីកម្មករ លោក​ ជា វិជ្ជា ។

ប្រធានអង្គការ​ការ​ពារ​បរិស្ថាន លោក​ ឈុត​ វុទ្ធី អ្នក​ស្រាវជ្រាវ​ពីការអភិវឌ្ឍន៍​ដ៏លេចធ្លោ​ លោក បណ្ឌិត កែម ឡី និ​​ង​សកម្មជនគណបក្សប្រឆាំង រាប់សិប​នាក់​ទៀត ត្រូវ​បាន​គេ​លួច​ធ្វើ​ឃាត ដោយ​វាយ​សំដៅ​ក្បាល ដែល​ខ្លះ​ស្លា​ប់ ខ្លះ​ពិការ​មួយ​ជិវិត តែ​ជនដៃ​ដល់ មិន​ត្រូវ​បាន​ប្រព័ន្ធ​យុត្តិធម៌​នាំ​ខ្លួន មក​ផ្តន្ទា​ទោស​ទេ សូម្បី​មួយ​ករណី។

បន្ថែម​ពី​នេះ សកម្មជន​សង្គម​ដែល​និយាយ​ពី​បញ្ហា​ព្រំដែន អំពើ​ពុក​រលួយ សកម្មជន​បរិស្ថាន​ក៏​ត្រូវ​បាន​ចាប់​ដាក់​ពន្ធនាគារ ដែល​គេ​ចាត់​ទុ​កថា​ជា​វិធាន​ធ្វើ​ឡើង​តាម​ទំនើង​ចិត្ត​ដែរ ទោះ​រដ្ឋ​ធម្មនុញ្ញ​បាន​ចង​កាតព្វ​កិច្ច​ពី​ប្រព័ន្ធ​ប្រជា​ធិប​តេយ្យ​សេរី​ពហុបក្ស​ថា មិន​អាច​រំលោភ​បាន​ក្កី។

លើសពីនេះ មេដឹកនាំ​គ្រួសារ​ហ៊ុន មិន​ទាន់​ចាប់​បញ្ជូន​ជន​សង្ស័យ​ពីរ​រូប មាន លី រតនរស្មី និង​ពេជ្រ គឹម​ស៊្រិន ដែល​ស្និទ្ធ​នឹង​មេដឹកនាំ​ឱ្យ​ទៅ​ភាគីថៃ​ដើម្បី​កាត់​ទោស​ទេ បើទោះជា​ពួក​គេ ត្រូវ​បាន​ប៉ូលីស​អន្តរ​ជាតិ​អាំង​ទែ​ប៉ូល ប្រកាស​ឱ្យ​តាម​ចាប់ និង​តុលាការ​ព្រហ្មទណ្ឌ​ថៃ​បាន​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​ក្នុង​សណុំ​រឿង​ឃាតកម្ម​នេះ​ក្តី។

តំណាង​រាស្រ្តបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ត្រូវ​បាន​ខ្មាន់​កាំភ្លើង​ជា​ជន​ជាតិ​ថៃ បាញ់​ចំនួន​៣​គ្រាប់ ធ្វើ​ឱ្យ​គាត់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ ស្ថិត​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៥ ខណៈ​គាត់​និង​ភរិយា​ជា​ជនជាតិ​បារាំង​ធ្វើ​ដំណើរ​ពី​ខេត្ត​សៀម​រាប​ប្រទេស​កម្ពុជា។

ក្រោយចាប់​បាន​ខ្មាន់​កាំភ្លើង លី រតនរស្មី ជាទីប្រឹក្សា​លោក ហ៊ុន សែន និង ពេជ្រ គឹម​ស៊្រិន ជា​មនុស្ស​ស្ថិត​អភិបាល​ក្រុង​ភ្នំពេញ លោក ឃួង ស្រេង ត្រូវ​បាន​គេ​រក​ឃើញ​ថា ជាជន​សង្ស័យ​រួម​ដៃ​គ្នា​សម្លាប់​លោក លិម គិម​យ៉ា បញ្ជា​ជា​ប្រព័ន្ធ​ចេញពី​កម្ពុជា។

តំណាងរាស្រ្ត​បក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន និយាយ​នៅ​ថ្ងៃ​ទី​២៧​ខែមករា​នេះ​ថា ការ​មិន​បញ្ជូន​ជន​ដៃ​ដល់​មក​កាត់​ទោស ជា​ភស្តុតាង​បញ្ជាក់​ថា​គ្រួសារ​ហ៊ុន​នៅ​ពីក្រោយ​ឃាតកម្ម​នេះ។

មួយវិញទៀ​ត លោក​ថា បើ​ពិនិត្យ​ទៅ​លើ​សំណុំ​រឿ​ងឃាតកម្ម​ជាច្រើន​ទៀត​ ដែលបា​ន​កើត​ឡើង​ជា​បន្ត បន្ទាប់​ក្រោម​​ការ​ដឹកនាំ​របស់​គ្រួសារ​ហ៊ុន​ជាង​៤ទសវត្សរ៍​ទៅ​នេះ វាបង្ហាញ​ថា កម្ពុជា​កំពុង​រអិល​ទៅ​វាល​ពិឃាត​ទី២​នៃ​របប​ដឹក​នាំ​ផ្តាច់​ការ​របស់​គ្រួសារ​ហ៊ុន​នេះ។

លោកគូស​បញ្ជាក់​ថា លោក ហ៊ុន សែន ជាអតីតកម្មាភិបាលខ្មែរ​ក្រហម ដែល​ធ្លាប់​មាន​បាត​ដៃ​ប្រឡាក់​ឈាម លោក​ថា ដូច្នេះ​គាត់​ហ៊ាន​ធ្វើអ្វី​គ្រប់​យ៉ាង ដើម្បី​តែ​រក្សា​អំណាច​ផ្តាច់ការ។

លោកថា៖ «លោក ហ៊ុន សែន ជាអតីតកម្មាភិបាលខ្មែរក្រហម ដូច្នេះ​សារជាតិ​ និង​កម្អែល​របស់​ប៉ុល ពត​ហ្នឹង​នៅជាប់​នឹង​ខ្លួន​របស់​គាត់ ដូច្នេះ​គាត់​យក​គំរូ​តាម​អតីត​មេរបស់​គាត់ គឺ ប៉ុល ពត សម្លាប់​រង្គាល​ទាំង​ក្នុង​ផ្ទៃ​ក្នុង​បក្ស​ទាំងអ្នក​ដែល​ប្រឆាំង​ខ្លួន ដូច្នេះ​លោក​ ហ៊ុន សែន គាត់​ប្រើ​នយោបាយ​ប៉ុល ពត​ហ្នឹង គឺ​សម្លាប់​គូរ​ប្រជែង និង​អ្នក​ប្រឆាំង​របស់​ខ្លួន​ហ្នឹង​យ៉ាង​ច្រើន គឺវា​អាច​គាត់​និង​ចង់​អនុវត្ដ​នៅ​វាល​ពិឃាត​ទី២​នៅ​កម្ពុជា»

លើសពីនេះ លោក​ថា គ្រួសារ​ហ៊ុន​ដឹក​នាំ​ប្រទេស​ជាង ៤ទសវត្សរ៍​ទៅ​នេះ បាន​បំផ្លាញ​ប្រជា​ធិប​តេយ្យ សេរី​ពហុបក្ស រំលោភ​រដ្ឋ​ធម្ម​នុញ្ញ និង​សម្លាប់​ពលរដ្ឋ​ខ្មែរ​តាម​ទំនើង​ចិត្ត ដើម្បី​តែ​មហិច្ចតា​ក្តោប​អំណាច​របស់​ខ្លួន។

លោក​ថា៖ «ការសម្លាប់​ជា​ហូរហែរ​បស់មេ​ដឹកនាំ​បក្ស​កាន់​អំណាច​កន្លង​មក​ហ្នឹង ជា​ការ​រក្សា​អំណាច​ផ្ដាច់​ការ​របស់​ខ្លួន​ហើយ​ដើម្បី​បំបិទ​សំឡេង​អ្នក​ប្រឆាំង។ គឺ​គេ​សម្លាប់​ដើម្បី​គំរាម​ទៅ​ដល់​អ្នក​ដទៃ​ទៀត ឲ្យ​មាន​ការ​ភ័យ​ខ្លាច​មាន​ការ​បាក់​ស្បាត​លែង​ហ៊ាន​រិះ​គន់​រដ្ឋាភិបាល ខ្លាច​គេ​សម្លាប់​ហ្នឹង​ គឺជា​ការ​បំបាក់​ស្មារតី​ទៅ​ដល់​អ្នក​ប្រជាធិបតេយ្យ​ទៅ​ដល់​អ្នក​ស្នេហា​ជាតិ»។

ដូចគ្នានេះ​ដែរ កាល​ពី​ថ្ងៃទី​២៤ ខែមករា ប្រធាន​ចលនា​ជាតិ​តស៊ូ លោក សម រង្ស៊ី បាន​និយាយ រឿង​ការ​បាញ់​សម្លាប់​លោក លិម គិមយ៉ា ហើយ​លោក ហ៊ុន ម៉ាណែត កំពុងនិយាយដោះសារឱ្យរួចខ្លួន។

យ៉ាងណា នាយ​ករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី២០ ខែ​មករា បាន​ច្រាន​ចោល​ការ​ចោទ​​នេះ ដោយ​លោក​ថា រដ្ឋាភិបាល​មិន​ឆោទល្ងង់​ដល់​​ថ្នាក់ នៅពីក្រោយ​ឃាតកម្ម​ហើយ ចាប់​បញ្ជូន ឃាតករ​ឱ្យ​ទៅ​ភាគី​ថៃ​នោះ​ទេ។

លោកថា៖ «តើរដ្ឋាភិបាល​មាន​ទេ ចាំបាច់​ល្ងង់​ទេ បើសិន​ជា​ខ្លួន​អ្នក​រៀបចំ​ផែន​ការ ចាំបាច់​មាន​ការ​ឃាត់​ខ្លួន​ជន​ដៃ​ដល់ ហើយ​បញ្ជូន​ទៅ​ឲ្យ​ថៃ យើង​អាច​លាក់​ទុក​ឬ​មួយ​ក៏​មិន​បាច់​បញ្ជូន​ទៅ​ទេ យើង​ស៊ើប​ខ្លួន​ឯង​ទៅ តែ​ដើម្បី​បញ្ជាក់​នូវ​ភាពស្អាត​ស្អំ​ ដើម្បី​បញ្ជាក់​តម្លាភាព​យើង​បញ្ជូន​ទៅ​ឲ្យ​ថៃ ឲ្យ​គេ​ស្រាវ​ជ្រាវ​ទៅ ទៅ បញ្ជាក់​ទៅ ហើយ​ឲ្យយើង​ដឹង​ផង​ថា តើ​លទ្ធផល​យ៉ាង​ម៉េច​ព្រោះ​រដ្ឋាភិបាល​កម្ពុ​ជា​ ក៏ចង់​ដឹង​ដែរ រឿង​អី!»។

ដោយ​ឡែក លោក មុត ចន្ថា អតីតនាយកខុទ្ធកាល័យ លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និយាយ​ថា វាមិន​អាច​លាង​ជម្រះ​ពី​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ បើមេដឹកនាំ​មិន​ព្រម​ចាប់​បញ្ជូន​ជន​សង្ស័យ​ឱ្យ​ទៅ​ភាគី​ថៃ ដើម្បី​កាត់​ទោស​ទេ​នោះ។

លោកនិយាយ​ថា ចំណុចនេះ​អាច​មាន​កិច្ច​ព្រម​ព្រៀង​នៅ​មុន​ពេល​អនុវត្ត​ផែន​ការ​ រវាង​ឃាតករ​ និង​មេខ្លោង​​ដែ​លបាន​ប្រាប់​ឃាតករ​ឱ្យ​រត់​ចូល​កម្ពុជា​ បន្ទាប់​ពី​សម្រេច​ផែនការ​ធ្វើ​ឃាត​ ដោយ​សន្យា​ផ្តល់​ការ​ការ​ពារ។ លោកចោទ​ជា​សំណួរ​ថា ប្រសិន​ជា​គ្មាន​កិច្ច​ព្រម​ព្រៀង​ជាមុន​ទេ​ វាគ្មាន​ហេតុ​ផល​គួ​រឱ្យ​ជឿ​ណា​មួយ​ដែល​ឃាតករ​ដែល​បាន​សម្លាប់​អ្នក​នយោបាយ​ខ្មែរ​ត្រូវ​រត់​ចូល​មក​កម្ពុជា​ ដើម្បី​ឱ្យ​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន​នោះ​ទេ។ ម្យ៉ាងវិញទៀត​ ត្រូវ​បាន​គេ​ដឹង​ថា មាន​មនុស្ស​រង​ចាំ​ជន្លៀសឃាតករ​នៅ​ច្រក​ព្រំដែន​នៃ​ស្រុក​ខៅ​ឌីន​ ខេត្ត​ស្រះ​កែវ​ ដោយ​ដឹក​តាម​ម៉ូតូ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ទៀត​ផង។

លោក​ថា អ្វីដែលកាន់តែហួសចិត្តនោះ​ ប្រសិន​ជា​កម្ពុជា​មិន​ជាប់ពាក់ព័ន្ធ​ក្នុង​ផែនការធ្វើ​ឃាត​នេះ​ទេ​ ចុះ​ហេតុ​អី​រាជ​រដ្ឋាភិបាល​កម្ពុជា​មិន​ព្រម​ចាប់​ខ្លួន​ឃាតករ​សម​គំនិត​ ដែល​ជាជនជាតិខ្មែរឈ្មោះ​ «ពេជ្រ គឹម​ស្រ៊ិន» និង «លី រតនរស្មី» បញ្ជូន​ទៅឱ្យសមត្ថកិច្ច​ថៃ​ដែល​ជាម្ចាស់​សំណុំរឿ​ងឃាតកម្ម​ដ៏​ឃោរឃៅ​នេះ។

សម្រាប់​លោក ម៉ុត ចន្ថា ការមិនចាប់​ខ្លួន​ ពេជ្រ​ គឹមស្រ៊ិន​ និង​ លី​ រតនរស្មី​ រឹត​តែ​ធ្វើ​ឱ្យ​កម្ពុជា​ប្រឡាក់​ថ្នាំ​ខ្មៅ​កាន់​តែ​ខ្លាំង​មិន​អាច​លាង​ជ្រះ​ឡើយ។

បន្ថែម​ពី​នេះ ប្រធានអង្គការប្រជាធិបតេយ្យប្រចាំនៅប្រទេសអ៊ូស្រា្តលី លោក ស៊ឹង សែន​កុរណា យល់​ថា បើ​រដ្ឋាភិបាល​មិន​ជាប់​ពាក់​ព័ន្ធ​មែន ត្រូវ​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ពី​រនាក់នោះ​ឱ្យតុលាការថៃកាត់ទោស។

យ៉ាងណា លោកមិនជឿថា រដ្ឋាភិបាលកម្ពុជា​ដឹកនាំ​ប្រទេស​ជាង​៤០​ឆ្នាំ​ទៅ​ហើយ អាច​វែក​មុខ​ជន​សង្ស័យ​​គឺ លី រតនរស្មី និង ពេជ្រ គិមស្រ៊ុន ដែល​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ស្រុក​នោះ​ទេ បើពិត​ជា​មាន​ឆន្ទៈ​មែន។

លោកបន្តថា ករណីឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា អាច​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​បក្ស​កាន់​អំណាច​ហើយ ទើប​មិន​ហ៊ាន​ចាប់​បញ្ជូន​ជន​សង្ស័យទាំងពីរ​នាក់​នោះទៅឱ្យភាគីថៃកាត់ទោស។

លោកថា៖ «បើយើង​ពិនិត្យ​អំពី​ការ​ប្រព្រឹត្ត​នូវ​អំពើ​ទុច្ចរិត​ជាច្រើន​ដែល​ខាង​គណបក្ស​កាន់​អំណាច​ក៏​ដូច​ជា​អ្នក​ដឹក​នាំ​ប្រទេស​បច្ចុប្បន្ន​បើ​យើង​ពិនិត្យ​មើល​អំពី​ការ​ព្យាយាម​គំរាម​កំហែង​ទៅ​លើ​សកម្មជន​នយោបាយ​ដោយ​ការ​ប្រើ​ប្រាស់​នូ​វ​អំពើ​ហិង្សា​បង្ក​របួស​ស្នាម​អ្នក​ខ្លះរ​បួស​ធ្ងន់ អ្នក​ខ្លះ​ក៏ពិ​ការភា​ព​ហើ​យ​អ្នក​ខ្លះក៏​រង​ការ​វាយ​ដំ​សម្លាប់​ និង​បាញ់​សម្លាប់​អី​ជាដើម ហើយ​នឹង​ការ​ព្យាយាម​នូវ​ការ​រំលោភ​បំពាន​រឹត​ត្បិត​លើ​សិទ្ធិ​សេរី​ភាព​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ការ​ចូល​រួម​លើ​សកម្មភាព​នយោបាយ​ការ​បោះ​ឆ្នោត​រឹត​ត្បិត​ទៅ​លើ​សកម្ម​ភាព​អង្គការ​សង្គម​ស៊ីវិល និង​រឹត​ត្បិតទៅ​លើ​សេរីភាព​សារព័ត៌មាន ហើយ​នឹង​បិទ​នូវ​សារព័ត៌​មាន​ឯករាជ្យ​អី​ទាំង​អស់​នេះ សុទ្ធ​សឹង​តែជា​សកម្មភាព​ដែល​ធ្វើ​ឡើង​ក្នុង​ន័យ​ការ​ពារ​នូវ​អំណាចរ​បស់គ​ណបក្ស​កាន់​អំណាច»។

កាលថ្ងៃទី១៥​ ខែមករា នគរបាល​អន្តរជាតិ អាំងទែ​ប៉ូល (Interpol) បាន​​ចេញ​​និវេទន៍ ​ក្រហម(Red notice) ​​​​​​​ឱ្យស្វែងរក​ចាប់​ខ្លួ​ន ​អ្នក​ផ្តល់​​តម្រុ​យ​​​​ឱ្យ​​បា​​ញ់សម្លាប់លោក លិម គិមយ៉ា ។

ដោយឡែក តុលាការព្រហ្មទណ្ឌ​ថៃ ក៏បាន​ចេញ​​ដីកា​​ឱ្យ​តា​​ម​ចា​​​ប់ខ្លួ​ន​​ជន​​សង្ស័យ​ លី រតនរស្មី តាម​ចម្លើយ​សារ​ភាព​របស់​ខ្មាន់​កាំភ្លើង ដែល លី រតនរស្មី ត្រូវ​បាន​លោក ហ៊ុន សែន តែង​តាំង​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា នៅដើមឆ្នាំ​២០២៤។

កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ តំណាង​រាស្រ្តបក្ស​សង្រ្គោះ​ជាតិ លោក លិម គិមយ៉ា ត្រូវ​បានឃាតករ​បាញ់ប្រហារ​​នៅក្បែរ​ទីតាំងវត្ត​ Bowonniwet Vihara នៃទីក្រុងបាងកក ប្រទេសថៃ។ លោក លិម គិមយ៉ា ដែលមានវ័យ ៧៣ឆ្នាំ បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើត​ហេតុ ក្រោយ​រង​ការ​បាញ់​ប្រហារ​ចំនួន​៣​គ្រាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ