រដ្ឋាភិបាលគ្រួសារហ៊ុន តាមរយៈស្មារតីអង្គសន្និបាត ថ្មីៗនេះ បានសម្រេចបោះបង់ប្រព័ន្ធអនុគ្រោះពន្ធ ដើម្បីសម្រេចផែនការបន្តវេនដូចរបបកម្មុយនីស្តផ្តាច់ការ ដែលការណ៍នេះ ជំរុញឱ្យមានការបារម្ភថា ជាដំណើរឆ្ពោះទៅគំរាមកំហែងជីវិតប្រជាពលរដ្ឋក្រីក្រច្រើនលាននាក់ ដែលកំពុងរួមរឹតដោយបំណុល។
ប្រព័ន្ធអនុគ្រោះពន្ធរបស់សភាអឺរ៉ុប និងប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក ដែលបានផ្តល់ឱ្យកម្ពុជាច្រើនឆ្នាំទៅនេះ បានភ្ជាប់កាតព្វកិច្ចគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលជាអំណោយផលដល់កំណើនសេដ្ឋកិច្ចជាតិ និងបង្កើនប្រាក់ចូលដល់ពលរដ្ឋច្រើនលាននាក់ ទាំងផ្ទាល់និងប្រយោល តាមរយៈបង្កើតទីផ្សារការងារ ក្នុងប្រទេសកម្ពុជា ពិសេសវិស័យកាត់ដេរ។
គណបក្សប្រជាជនកម្ពុជា តាមរយៈអង្គសន្និបាតលើកទី៤៥ ដែលបិទបញ្ចប់ក្នុងពេលថ្មីៗនេះ បានបញ្ជាក់ជំហរថា មិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជាជាដាច់ខាត និងមិនដោះដូរអធិបតេយ្យរបស់ជាតិជាមួយជំនួយ ឬភាពអនុគ្រោះណាមួយឡើយ។
ក្នុងចំណោមចំនុចជាច្រើននៃលទ្ធផលអង្គសន្និបាតនោះ បក្សកាន់អំណាច ហាក់ស្តីបន្ទោសថា បញ្ហាជីវភាពពលរដ្ឋ និងសេដ្ឋកិច្ចជាតិនៅមានកម្រិត បណ្តាលមកពីការប្រទូសរ៉ាយពីក្រុមដែលបក្សកាន់អំណាចហៅថា «ពួកប្រឆាំងជ្រុលនិយម» ប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលដោយស្របច្បាប់។
ជុំវិញរឿងនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ចាត់ទុកថាឥរិយាបទរបស់រដ្ឋាភិបាលគ្រូសារហ៊ុននៅពេលនេះ គឺជាការទាត់ឆ្នាំងបាយពលរដ្ឋដែលពួកគេកំពុងរស់ទាំងលំបាកផ្នែកជីវភាព ក្រោយសេដ្ឋកិច្ចធ្លាក់ចុះ ដោយសារទណ្ឌកម្មសេដ្ឋកិច្ចពីលោកសេរី។
លោកបន្តថា បើកម្ពុជាបន្តបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP អ្នកដែលខាតប្រយោជាន៍ គឺជាពលរដ្ឋរាប់លាននាក់ ពិសេសកម្មករដែលធ្វើការក្នុងវិស័យកាត់ដេរនៅកម្ពុជា។
លោកថា៖ «ការដែលមិនយកប្រព័ន្ធអនុគ្រោះពន្ធ គឺជាការវាយបំបែកឆ្នាំងបាយរបស់ប្រជាពលរដ្ឋ! កាលណាអត់មានប្រព័ន្ធអនុគ្រោះពន្ធ រោងចក្រមួយចំនួន គេនឹងផ្លាស់ទៅរកស៊ីនៅប្រទេសជិតខាង ដូចជាប្រទេសថៃ ប្រទេសវៀតណាមជាដើម។ ប៉ះពាល់ទៅដល់ការងាររបស់កម្មកររបស់ប្រជាពលរដ្ឋខ្មែរ! អត់មានការងារ ធ្វើឲ្យការលក់ដូរក៏មិនដាច់ ដោយសារ រោងចក្រមិនដំណើរការ អ៊ីចឹងអ្នកលក់ដូរអីហ្នឹងក៏មិនដាច់បាយដែរ ដោយសារគ្នាគ្មានប្រាក់ខែ គ្មានអីផង! អត់មានលុយទៅទិញរបស់របរដើម្បីហូបចុក ឬក៏ប្រើប្រាស់ ការជំពាក់លុយធនាគារកាន់តែច្រើនទៅៗកាន់តែវ័ណ្ឌកទៅៗ»។
អ្នកនយោបាយបក្សក្រៅរដ្ឋាភិបាលរូបនេះ សង្កត់ធ្ងន់ថា ការរំលោភអធិបតេយ្យភាព គ្មានពាក់ព័ន្ធជាមួយប្រព័ន្ធ EBA ឬ GSP នោះទេ ព្រោះអន្តរជាតិចង់ឱ្យរដ្ឋាភិបាលកម្ពុជាគោរពសិទ្ធិមនុស្ស និងស្តារប្រជាធិបតេយ្យដែលជាប្រយោជន៍របស់ពលរដ្ឋខ្មែរតែប៉ុណ្ណោះ។
លោកថា៖ «ថាការពារអធិបតេយ្យភាពហ្នឹង! គឺការពារអំណាចរបស់គាត់នោះទេ មិនមានការពារអធិបតេយ្យភាពកម្ពុជាពិតប្រាកដ។ បើការពារអធិបតេយ្យភាពកម្ពុជាពិតប្រាកដ! មិនទាមទារកោះគុតពីថៃ ហេតុអីបានជាឲ្យយួនរំលោភទឹកដីខ្មែរតាមចិត្ត នៅតាមព្រំដែន ហេតុអីបានជាចិនមានឥទ្ធិពលមកលើកម្ពុជា ចាត់ទុកកម្ពុជាដូចជាកូនជើងរបស់ខ្លួន។ អាហ្នឹងបញ្ជាក់ថា រំលោភអធិបតេយ្យភាពពីសំណាក់ប្រទេសវៀតណាម ប្រទេសថៃ និងពីសំណាក់ប្រទេសចិន ដែលចាត់ទុកកម្ពុជាជាកូនជើងរបស់ខ្លួន»។
សភាអឺរ៉ុប កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ជំរុញឱ្យគណៈកម្មការអឺរ៉ុប និងសហភាពអឺរ៉ុប សើរើឡើងវិញអំណោយផលប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសល់ចំនួន ៨០% ជាមួយកម្ពុជា ដែលជាការឆ្លើយតបការមិនអើពើស្តារប្រជាធិបតេយ្យ ពីសំណាក់រដ្ឋាភិបាលគ្រួសារហ៊ុន។
ការអនុម័តឱ្យសើរើប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលនៅសេសសល់ចំនួន៨០% ត្រូវបានគេមើលឃើញថា គឺជាទណ្ឌកម្មសេដ្ឋកិច្ចធំមួយ ក្នុងអាណត្តិ លោក ហ៊ុន ម៉ាណែត កាន់តំណែងជានាយករដ្ឋមន្ត្រី បន្តពីឪពុករបស់លោក ដែលវិបត្តិនេះ នឹងគំរាមកំហែងដល់ជីវភាពពលរដ្ឋច្រើនលាននាក់ បើបក្សកាន់អំណាចធ្វើឱ្យរបូត EBA ដែលនៅសេសសល់។
ជ្រុងមួយនៃរឿងនេះ ពលរដ្ឋម្នាក់ លោក យ៉ា សំអេង ដែលចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា បានត្អូញត្អែរពីវិបត្តិបំណុល ហើយលោកបង្ខំចិត្តធ្វើជាកម្មករដកដំឡូងនៅប្រទេសវៀតណាម ទាំងប្រឈមការលំបាក ក្រោយគ្មានការងារធ្វើនៅក្នុងស្រុក និងបានលក់ដីចំការទំហំ ៤ហិកតា ដើម្បីដោះបំណុល។
លោកថា៖ «អ្នកខ្លះធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាង នៅប្រទេសថៃ ម៉ាឡេ ប្រទេសជប៉ុន កូរ៉េអីអស់ហើយ ដើម្បីរកស៊ីដោះបំណុល ហើយឥឡូវហ្នឹងជនរងគ្រោះចំណាកស្រុកទៅស៊ីឈ្នួលដកដំឡូងនៅស្រុកយួនទៀត។ ពីមុនមិនដែលមានប្រជាពលរដ្ឋខ្មែរទៅធ្វើឱ្យយួននៅស្រុកយួនទេ តែឥឡូវទៅអស់ហើយ ទៅធ្វើកញ្ចះគេអស់ហើយ ដោយសារតែបញ្ហានៅក្នុងស្រុកយើងហ្នឹង វាមានរឿងរ៉ាវច្រើនពេក អ្នកមានដូចថាជញ្ជក់ឈាមអ្នកក្រដូចធ្វើស្រែលើខ្នងរាស្ត្រ»។
ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា ចាត់ទុកការអះអាងរបស់បក្សកាន់អំណាចដែលថា ខ្លួនការពារអអធិបតេយ្យភាពនោះ ថាវាគ្រាន់តែជាសារបែបប្រជាភិថុត ដើម្បីការពារអំណាចខ្លួនកុំឱ្យរបូត ដែលធ្វើឱ្យរាស្រ្តកាន់តែរស់រងទុក្ខតែប៉ុណ្ណោះ។
លោកថា៖ «យើងអត់មានការគោរពសិទ្ធិមនុស្សអត់មានប្រជាធិបតេយ្យទេ ច្បាស់ណាស់អ្នកនយោបាយទាំងអស់ហ្នឹង គាត់យកអំណាចទៅកេងប្រវ័ញ្ចផលប្រយោជន៍បានមកតែបុគ្គលខ្លួនឯង គ្រួសារ និងបក្ខពួក ដូចបច្ចុប្បន្នហ្នឹង។ ដូចយើងមើលឃើញជាក់ស្ដែង គឺពលរដ្ឋធ្លាក់ក្នុងស្ថានភាពក្រីក្រធ្លាក់បំណុលវ័ណ្ឌករចំណាកស្រុក ហើយមានអសន្ដិសុខសង្គមវិបត្តិសង្គមជាច្រើន អំពើឆបោកជួញដូរមនុស្សជាដើម។ យើងឃើញថា ការដឹកនាំដោយក្រុមអ្នកមានអំណាចអ្នកមានលុយទ្រព្យសម្បត្តិគប់គិតគ្នា ទាញយកប្រយោជន៍តែជាបុគ្គលជាគ្រួសារ និងបក្ខពួកនិយមតែប៉ុណ្ណឹងឯង»។
ជិត១០ឆ្នាំមុន ពោលគឺក្នុងឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស ក៏ត្រូវបានតុលាការកំពូល ដែលមានចៅក្រមកាត់ក្តីជាសមាជិកបក្សកាន់អំណាចផងនោះ បានចេញសាលដីការំលាយបក្សប្រឆាំងមួយនេះចេញពីទីលាននយោបាយ។ មេដឹកនាំបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវឃុំខ្លួន ក្រោមការចោទថាគប់គិតជាមួយបរទេសផ្តួលរំលំរដ្ឋាភិបាល រីឯលោក សម រង្សី ត្រូវនិរទេសខ្លួននៅក្រៅប្រទេសរហូតបច្ចុប្បន្ន។
ក្នុងស្ថានភាពនោះ សហគមន៍អន្តរជាតិ បានដកប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ២០% ពីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការមិនអើពើស្តារប្រជាធិបតេយ្យ ពីសំណាក់រដ្ឋាភិបាលគណបក្សកាន់អំណាច។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា ធ្លាប់និយាយថា ការស្តារប្រជាធិបតេយ្យប្រកបដោយការជឿទុកចិត្តពីសហគមន៍ជាតិ និងអន្តជាតិ ជាមូលដ្ឋានរក្សាទុកប្រព័ន្ធអនុគ្រោះពន្ធទាំងពីរនេះ ដែលជាប្រយោជន៍សេដ្ឋកិច្ច និងចំណូលពលរដ្ឋខ្មែរច្រើនលាននាក់។ ប៉ុន្តែផ្ទុយទៅវិញ បើមេដឹកនាំធ្វើឱ្យបាត់អំណោយផលខាងពាណិជ្ជកម្មនេះ ពលរដ្ឋខ្មែរ១លាននាក់នឹងបាត់បង់ការងារ ហើយវានឹងជំរុញឱ្យមានចលាចលសង្គមបើពលរដ្ឋជួបវិបត្តិគ្រួសារ។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បង្ហាញក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ប៉ះពាល់ដល់កម្មករប្រមាណ ៧៥ម៉ឺននាក់ ដោយផ្ទាល់ និងប៉ះពាល់ដោយប្រយោលលើពលរដ្ឋប្រមាណ៣លាននាក់ផ្សេងទៀត៕