កម្ពុជាបន្តលាក់ជនសង្ស័យរួមដៃ​បាញ់សម្លាប់ លោក លិម ​គិមយ៉ា លើទឹកដីថៃ

គិតមកដល់ពេលនេះ​ សំណុំរឿងនៃបទឧក្រិដ្ឋលើអតីត​តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បាន​បន្ត​អូស​​បន្លា​យ​ប្រមាណ​ជា​២០​ថ្ងៃ​មក​ហើយ ហើយ​​ជន​សង្ស័យ​ដែល​ជា​ជន​ជាតិ​ខ្មែរ​២នាក់ ​ជាប់​ពាក់​ព័ន្ធ​នៅ​​​​ក្នុង​រឿ​ង​​ក្តី​ព្រ​​ហ្ម​ទណ្ឌ​នេះ ​​នៅ​មិន​ទាន់​បាន​បញ្ជូន​ទៅ​តាម​ការ​ស្នើ​សុំ​ពី​ភាគី​ថៃ​នៅ​ឡើយ​ទេ។

ប៉ុន្តែបញ្ហា​នេះ ត្រូវបាន​មន្រ្តី​​ជា​​​ន់ខ្ពស់គណបក្សដែល​មានសំឡេងជំទាស់ អះអាងថា មូល​ហេតុ នៃ​ភាព​ស្ងប់​ស្ងាត់​នេះ ក៏​ព្រោះ​​​​​​​​​​តែកា​រ​​បា​ញ់​​​សម្លាប់មនុស្ស នៅចំថ្ងៃ៧មករា គឺ​វាជាប់​ទាក់​ទង​ផល​ប្រយោ​ជន៍​រវា​​ង​​រ​​ដ្ឋា​​ភិបាល និង​​រ​ដ្ឋា​ភិបាល។​

ក្រោយពីមានប្រតិកម្មជាលើកដំបូងរបស់លោក ហ៊ុន ម៉ាណែត បន្ទាប់​ពី​មាន​អំពើ​បាញ់​ប្រហារ​កើត​ឡើង ទាំ​​ង​ក្រសួងមហាផ្ទៃ និងអគ្គស្នងការ​​ដ្ឋាន​នគរបាល​ជាតិ បាន​បន្ត​រក្សា​ភាព​ទ្រឹង​របស់​ខ្លួន ក្នុង​រឿង​ក្តី​នេះ​។

​​ថ្លែ​​ង​​ពីខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២០ ខែមករា លោក ហ៊ុន ម៉ាណែត ក្រៅ​ពី​ស្តី​បន្ទោស​ទៅ​លើ​អ្នក​រិះ​​​​គន់​​ហើ​យ ក្នុង​នាម​រដ្ឋាភិបាល ដែល​លោក​កំពុង​ដឹក​នាំ គឺ​មិន​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ណា​មួយ ចំពោះ​ការ​ស្នើ​​ពី​​ភាគីថៃ​ថា​ត្រូវ​​ប​​ញ្ជូ​ន ឬមិនបញ្ជូន​ឈ្មោះ លី រតនរស្មី និងពេជ្រ គិមស្រ៊ិន ដែល​ជាប់​ទាក់​ទ​​ងក្នុងសំ​ណុំរឿ​ង​​នេះ​​​ទេ។

ចំណែកលោក សម រង្ស៊ី ប្រធានស្តីទី​គណបក្សសង្រ្គោះជាតិ នៅថ្ងៃនេះ​វិញ បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេ​​ស​​ប៊ុ​ក​ផ្លូវការរបស់លោកថា អ្នកដែលបញ្ជាឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា គឺក្រៅពីលោក ហ៊ុន សែន ហើ​​យ អ្នកបញ្ជានៅពីក្រោយម្នាក់ទៀត​ឈ្មោះ ឃ្លាំង ហួត ក៏ជាមេគំនិត​​ដ៏សំ​​ខាន់​ណាស់​ដែរ​នៅ​ក្នុង​រឿ​​ង​ក្តី​នេះ​។

​តាមរយៈរូបភាពប៉ុន្មានសន្លឹកដែល​លោក សម រង្ស៊ី បាន​ភ្ជាប់​ក្នុង​នោះ មាន​លោក ឃ្លាំង ហួត តួនា​​ទី​​ស​ព្វថ្ងៃ​​ ជាអភិបាលរងក្រុងភ្នំពេញ ដែល​បាន​​ឈរថតជាមួយក្រុមគ្រួសារលោក ហ៊ុន សែន និង​លោក ថា​​ក់​​ស៊ី​​ន​ ស៊ី​​ណាវ៉ាត្រា ​ដោយ​មេ​បក្សជំទាស់​រូប​នេះ ចោទ​ប្រកាន់ថា គឺ​ជា​មេឃាតករ​ម្នាក់​ទៀត ដែលបា​ន​ចូល​រួ​​មឱ្យ​មាន​​អំ​​ពើបាញ់​សម្លាប់​លោក លិម គិមយ៉ា។

បន្ថែមពីលើសាររបស់លោក សម រង្ស៊ី នេះ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះ​ជាតិ មណ្ឌល​កំពង់​ធំ លោ​ក ម៉ែន សុថាវរិន្រ្ទ និង​ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​លោក សម រង្ស៊ី អះ​អាង​ថា តាម​ពិត​ទៅ​ជន​សង្ស័​យ​​​ឈ្មោះ​​​​ លី រតនរស្មី និងឈ្មោះ ពេជ្រ គឹមស្រ៊ិន មិនមែនជា​មេគំនិត​ក្នុង​អំពើ​បាញ់​សម្លាប់​​ទេ។ ជន​នេះ​គ្រា​ន់​​ជា​អ្នកត្រួសត្រាយផ្លូ​វ ​និង​អនុ​វត្ត​បទបញ្ជារបស់​​មេ​​​​​កើយ​ខ្លួន​ប៉ុណ្ណោះ។

លោក​បន្ត​ថា មេខ្លោងក្នុងរឿងនេះ មិ​ន​​​ត្រឹម​តែជា​ប់ពាក់ព័ន្ធគ្រួសារអ្នកធំស្រុកខ្មែរឡើយ រឿង​នេះ​ថែម​ទាំង​មា​ន​ការ​លូក​ដៃ​​​ពី​អតីតមេដឹក​នាំថែម​ទៀ​​តផ​ង។ អ្នកនយោបាយរូបនេះ ចោទ​ប្រកាន់​ថា អ្នក​នយោបាយ​ទាំង​ពីរ​នេះ ជាមេគំនិតនាំឱ្យមានអំពើ​​ស​​ម្លា​ប់​​ម​នុ​ស្ស​​​​ឆ្លងដែន ក្នុង​រឿង​នយោបាយនេះកើតឡើង។

លោកថា៖ «សារព័ត៌មានថៃ​នៅ​ប៉ុស្តិ៍​លេខ​៨ គេ​បាន​និយាយ​ហើយ ហើយ​ប្រជាពលរដ្ឋ​ថៃ​គេ​បាន​និយា​​យ​​គ្រ​​ប់​​គ្នា​មានទំនាក់ទងគ្នារវាងលោក ថាក់​ស៊ីន ស៊ីណាវ៉ាត្រា និង​លោក ហ៊ុន សែន និង​លោក ឃ្លាំង ហួត។ ហើយ​ថា​រឿង​នេះ​ គឺ​ជា​សុទ្ធ​តែ​ជា​រឿង​ដែលំជំពាក់​ជំពិន​គ្នា​ ដូច​សម្ល​កំពឹង​អញ្ចឹង។ វាជំពាក់ជំពិន​គ្នាមែ​ន​ទែន»។

ជុំវិញ​រឿងនេះ លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរាជទូតបារាំងប្រចាំនៅកម្ពុជា លើក​ឡើ​ង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ខ្លួន ដែល​ចេញ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មករា ថា ក្នុង​នាម​រដ្ឋាភិបាល​បន្ត​​​តា​ម​​ដាន​រឿងក្តីនេះ​ដោយហ្មត់ចត់។

ថ្លែង​នៅចំ​ពោះមុខ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ក្នុង​ជំ​នួ​​​ប​កាល​ពី​ថ្ងៃ​ទី​២៣ ខែមករា អ្នក​​​ការ​​ទូ​ត​រូប​នេះ បញ្ជាក់ជំហរថា រដ្ឋាភិបាលបារាំង​ នឹងមិនដើរចេ​ញពីកា​រស៊ើ​​ប​អ​​ង្កេ​ត ក្នុងរឿង​ក្តី​ទៅ​លើលោក លិម គិមយ៉ា ដែលជាពលរដ្ឋបារាំង និងជាអតីតសមាជិកសភា កូតា​​មក​ពី​គ​ណ​​​បក្ស​ប្រ​​ឆាំ​ង​​នេះឡើយ។

នេះជាប្រតិកម្មលើកទី២ហើយ បន្ទាប់ពីមានអំពើបាញ់សម្លាប់កើតឡើង ក្រសួង​ការ​កិច្ច​ការ​អឺរ៉ុប និង​ការ​ប​រទេ​​ស​បារាំង បានចេញថ្លែងការណ៍ចូល​រួម​រំលែក​ទុក្ខ និង​ថ្កោល​ទោស​ចំពោះ​អំពើ​មនុស្ស​​ឃាត​នេះ។ បារាំ​ង​​បាន​ប្តេជ្ញា​ដោយ​បញ្ជាក់​ជំហរ​ថា​ ខ្លួន​នឹង​បន្ត​តាម​ដាន​ការ​ស៊ើប​អង្កេត​ដោយ​យក​ចិត្ត​ទុក​ដាក់ ដែល​ធ្វើ​​​​ឡើង​​ដោ​​យ​អាជ្ញាធរថៃ ដើម្បី​ប្រាកដ​ថា​អាច​ស្វែង​រក​ការ​ពិត​នៅ​ក្នុង​រឿង​នេះ ហើយ​ក៏​ជាការ​ផ្តល់​យុត្តិ​ធម៌សម្រា​​ប់​ជ​ន​​រងគ្រោះដែរ។

ដូចគ្នានឹងជំហររបស់រដ្ឋាភិបាលបារាំង​នេះដែរ លោក ម៉ែន សុថាវរិន្រ្ទ ឱ្យដឹង​ថា ទាំង​លោក សម រង្ស៊ី និង​ភ​​រិយា​លោក លិម គិមយ៉ា បាន​ដាក់​បណ្តឹង​នៃ​បទ​ឧក្រិដ្ឋនេះ​ ចូល​ទៅ​ដល់​តុលាការ​បារាំង​រួ​ច​ហើយ ហើ​យ​មក​ដ​​ល់ពេលនេះ ស្ថាប័ន​យុត្តិធម៌​របស់​ប្រទេស​បារាំង ក៏​បាន​បន្ត​នីតិវិធី​សួរ​នាំ​ម្ចាស់​ដើម​បណ្តឹ​ង ម្តង​ជា​​​ពីរដ​ងរួច​ខ្លះ​ហើយ​​ដែ​​រ។ ​លោ​កប​ន្ត​​ថា​ ប្រាកដណាស់ តុលាការប្រទេសបា​រាំង​ នឹងមិនទុករឿ​ងក្តីនេះចោល​ឡើ​យ​​។​

លោកបន្តថា៖ «ច្បាស់ហើយ​តុលាការប្រទេសបារាំងគេនឹ​ងស៊ើ​ប​អង្កេត ហើយ​ចៅក្រម​ស៊ើប​អង្កេត​ គេ​ទៅ​សហការជាមួយប្រទេសថៃហើយ។ គេនឹងស៊ើបសួររឿងហ្នឹង ហើយ​ប្រពន្ធ​លោក លិម គិម​យ៉ា អ្នកប្តឹងហើយរដ្ឋាភិបាលបារាំង​គេ​ប្តឹង​ទៀត ក្នុងនាមពលរដ្ឋគេ។ ជាពិសេសលោក សម រង្ស៊ី ក្នុងនាមជាប្រធានបក្សសង្រ្គោះ​ជាតិ ដែល​លោក លិម គិមយ៉ា ជា​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ ។ អញ្ចឹង​ឃើញ​រឿង​នេះ​វា​ប្រទាក់​ក្រឡា​គ្នា​ខ្លាំង​មែន​ទែន ខាងតុ​លាការ​បារាំង​ក៏​គេ​ហៅ​លោក សម រង្ស៊ី ទៅ​សួរ​នាំ​ក្នុង​នាម​ប្រធាន​គណបក្ស​ហ្នឹង​ដូច​គ្នា​ដែរ ហើយ​រឿង​ហ្នឹង​គឺ​នៅ​វែង​ឆ្ងាយ​មែន​ទែន »។

សំឡេងប្រជាធិបតេយ្យ វីអូឌី មិនអាចស្វែងរកការ​អត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួង​មហាផ្ទៃ និង​អ្ន​​​កនាំ​ពា​ក្យ​​អគ្គ​ស្នងការ​​ដ្ឋាន​​នគរបាលជាតិ​ លោក ឆាយ គឹមខឿន បានទេ​​នៅ​ថ្ងៃ​​នេះ ដោយ​​ទូរ​ស័ព្ទ​​ចូ​​​ល​​ជា​​ច្រើ​ន​​ដង តែគ្មានអ្នកទទួល។

ប៉ុន្តែលោក ហ៊ុន ម៉ាណែត ធ្លាប់​អះអា​ង​​ថា កាល​ពី​ថ្ងៃ​ទី​២០ ខែមករា​ថា កម្ពុជាពិ​​ត​ជា​​​​​គ្មាន​អាថ៌​កំបាំង​អ្វី​នឹង​អំពើ​ឃាត​កម្ម​នេះ​ទេ ហើយអាជ្ញាធរកម្ពុជា ក៏បានបញ្ជូនឃាតករ អេកា​ឡាក់ ផេ​ណ​យ ទៅ​ឱ្យភាគីថៃវិញភ្លាមៗដែរ ក្រោយ​បញ្ចប់នីតិវិធីរួច។

បើទោះជាបែបណា សារនយោបាយ​របស់​ លោក ហ៊ុន ម៉ាណែត រងការរិះគន់ពីក្រុម​សំឡេង​ផ្ទុយ​ថា កា​រចេ​​ញ​​មុខឆ្លើយតបនេះ ​​ធ្វើឡើ​ងក្រោយពីរដ្ឋាភិបាល និងអាជ្ញាធរកម្ពុជា​ សម្ងំបាត់មាត់ឈឹង មិន​តិច​ថ្ងៃ​ឡើយ ក្រោយ​អំពើ​ឃាតកម្ម​នេះ កើត​ឡើង ហើយ​ការ​ដែល​បញ្ជូន​ប្រគល់​ទៅ​ឱ្យ​ថៃ​វិញ​នេះ បន្ទាប់​ពី​មានកា​​រ​តា​ម​​​ដា​​​​ន និងស៊ើបអង្កេតដោយគ្មានឱ្យបាត់តម្រុយ​ណាមួយ ពី​ក្រុម​ជំនាញ​ស៊ើ​ប​អង្កេតថៃ។ ហេតុនេះ កម្ពុជា​ត្រូ​​វ​​​​​បង្ខំចិត្តបញ្ជូនឃាតករត្រឡប់ទៅវិញ ទាំង​រង​ការ​រិះ​គន់ និង​ដាក់​គោល​ដៅ​ថា មេគំនិត​នៃ​អំពើ​ឃាតកម្ម​នេះ គ្មា​​​នអ្នកផ្សេង​ណា​ហ៊ាន​ធ្វើ ក្រៅ​ពី​លោក ហ៊ុន សែន និងមន្រ្តីរបស់ខ្លួន​ឡើយ។

ដោយឡែក ងាកមកសមត្ថកិច្ចថៃឯណេះវិញ ក្រោយ​បើកការស៊ើបអង្កេតប្រមាណ២សប្តាហ៍ មនុស្ស​​៤នា​ក់ ​ត្រូ​វបាន​រក​ឃើញ​ថា មានជាប់ពាក់ពាក់នឹងរឿងក្តី​ព្រហ្មទណ្ឌ​នេះ ក្នុង​នោះ​មាន​ជន​ជាតិ​ថៃ​ ២នាក់ និងខ្មែ​រ ២នាក់។ ស្រ​ប​ពេល​ភាគីថៃស្នើសុំឱ្យបញ្ជូនជនជាតិខ្មែរ២នាក់ ឈ្មោះ ពេជ្រ គឹមស្រ៊ិន ប្អូនរបស់លោក ពេជ្រ ស្រស់ ប្រ​​ធា​​​​នគណបក្សយុវជនកម្ពុជា និងម្នាក់ទៀតឈ្មោះ លី រតនរស្មី ទៅឱ្យភាគីថៃបន្តនីតិវិធី ភាគី​កម្ពុជា​នៅ​បន្ត​​លា​​ក់​ពួន ជនសង្ស័យទាំងពីរនាក់នេះ ស្ងាត់​ឈឹង។

គិតមក​ដល់ពេលនេះ គ្មានអ្នកណាម្នាក់បានដឹងថា តើជនសង្ស័យដែលអាជ្ញាធរកម្ពុជា ព្យាយាម​ជួ​យ​​លា​ក់​​​បំ​ពួន ហើយ​ក៏ជាអ្នកផ្តល់លុយឱ្យឃាតករឈ្មោះ ឈ្មោះ  លី រតន​​រស្មី និងអ្នក​បោះមេឱ្យ​បាញ់​​សម្លា​ប់​​លោ​ក លិ​​ម គិមយ៉ា ឈ្មោះ ពេជ្រ គឹមស្រ៊ិន អនុ​ប្រធាន​ផ្សារ​កណ្តាល​នៅ​ទី​​​​ណា​ឱ្យ​ប្រាកដ​នោះដែរ។ តែ​គេសង្កេត​ឃើ​ញ​​ថា មនុស្ស​ដែល​គេ​ប្រើឱ្យ​​ធ្វើ​សកម្មភាព​កន្លង​ទៅ កម្រ​មាន​វាសនា​ល្អ​ណាស់ ដូចករណីអតីតយោធា​ខ្មែ​រ​​ក្រ​ហម ឈ្មោះ ភុន ភាព ត្រូវគេបាញ់សម្លាប់បំបិទមាត់ ក្រោម​ហេតុផលផ្សេងជាដើម។

ក្រោយ​ការស៊ើបអង្កេត នគរបាលភូមិន្ទថៃ បានបន្តឃុំខ្លួនឃាតករឈ្មោះ អេកាឡាក់ ផេណយ និង​អ្នក​បើក​រថយន្ត​ដឹក​ឃាតករ​ម្នាក់​ទៀត ដែល​មក​សង្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ទឹក​ដី​កម្ពុជា។ មនុស្ស​ទាំង​ពី​រ​នាក់​នេះ រង់ការចោ​​ទប្រកាន់​ថា ​ប្រើប្រាស់​អាវុធ​ដោយ​ច្បាប់ សម្លាប់​មនុស្ស​នៅ​ទី​សាធារណៈ និង​ជួយ​ជា​មធ្យោបាយដឹកឃាត​​ករជា​ដើម។

លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ប្រចាំប្រទេស​អូស្រ្តាលី យល់ឃើញថា ដើម្បី​ប​ញ្ចប់​មន្ទិលសង្ស័យក្នុងសំណុំរឿងនេះ មានតែបញ្ជូនជន​សង្ស័យ ឱ្យទៅថៃបន្តនី​តិវិធី​ទេ ទើប​ដឹង​ច្បាស់​ថា​បែ​ប​ណាកើត។ លោកថា ការបន្តលាក់បំពួនបែបនេះ បង្ហាញ​ឱ្យឃើញ​ថា ប្រហែល​រដ្ឋាភិបាល​កម្ពុជា មានអ្វីដែលត្រូវលាក់បាំង ឬ​​​ដូចគេចោទប្រកាន់មែនហើយ បាន​ជា​មិន​មាន​ចិត្ត​សឿង​​ជា​កូន​ប្រុសបែបនេះ។

លោក​បន្តថា៖ «សាធារណជន​គេ​មាន​មន្ទិល​សង្ស័យ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​ហើយ អញ្ចឹង​ដើម្បី​ជម្រះ​នូវ​មន្ទិល​សង្ស័យ​ហ្នឹង គឺ​មាន​តែ​ចាប់​ខ្លួន​ពីរ​នាក់​ហ្នឹង ឱ្យ​ទៅ​តុលាការ​ថៃ ដើម្បី​ឱ្យ​គេ​វែក​មុខ​រក​អ្នក​បញ្ជា​នៅ​ពី​ក្រោយ​ពិតប្រាកដ​ទៅ​ បើថាខ្លួនមិនជាប់ពាក់ព័ន្ធ»។

គេ​សង្កេតឃើញថា ករណីនេះបាញ់សម្លាប់នៅទីក្រុងបាងកកនេះ ប្រហែល​មិន​ខុស​គ្នា​ពី​ឃាតកម្ម​លើ​​អ្ន​ក​ន​យោ​​បាយ អ្នក​វិភាគ​សង្គម និង​ក្រុម​មេដឹកនាំ​សហជីព​ប៉ុន្មាន​ឡើយ។ ភាព​យុត្តិធម៌​សម្រាប់​ពួក​គេ ប្រហែល​​នឹង​រក​​​ច្រ​ក​ចេញមិនឃើញទេ។ រាល់​អំពើមនុស្ស​ឃាត បើ​ជា​រឿង​គំនុំ​ផ្ទាល់​ខ្លួន ឬ​ទំនាស់​បុគ្គល នគរបាល​​ស៊ើ​​​​​ប​​​អង្កេត​បានយ៉ាងឆាប់រហ័ស និង​ឈាន​ទៅ​ចាប់​ខ្លួន​បាន​ដោយ​ងាយ​ដូច​បក​ចេក យ៉ាង​ដូច្នេះ​​ដែរ​។ ផ្ទុ​​យ​​​ទៅ​​​វិញ បើបញ្ហាទាក់ទង​រឿង​នយោបាយ ឬ​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន គេ​ចំណាំ​បាន​ថា​​​​រឿង​ក្តី​​ទាំង​​​នោះ នឹងស៊ើបអង្កេតមិនចេញឡើយ ទោះ​ចង់​ប្រើ​ទម្រង់​បែប​ណាក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ