សង្គមស៊ីវិលខកចិត្តនឹង​ដំណោះ​ស្រាយ​លើ​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ក្នុង​វិស័យ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា

អង្គការ​​សង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្ស ចំនួន​៣ បង្ហា​​ញ​​កា​​រខកចិត្ត​ចំពោះ​ស្ថាប័ន​ទទួល​ពាក្យ​ប​​​ណ្តឹង​ថ្នាក់​ជាតិ​របស់​ប្រទេស​ហូឡង់ ដែល​​បាន​បញ្ចប់​ដំណើរការ​សម្រុះសម្រួល ដោយ​​មិន​មាន​​ការ​ព្រមព្រៀងគ្នា​ណាមួយ រវាង​​អង្គការ​​ទាំង៣ដែលជាដើមបណ្តឹង និង​ភាគីក្រុមហ៊ុន​ អយ​កូក្រេឌីត (Oikocredit) ដែល​វិនិយោគ​​លើ​​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ​ដែល​អង្គការ​ទាំងនោះ​​​ថា នាំ​​ឱ្យ​​​មាន​​​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅក្នុង​ប្រទេស​កម្ពុជា។ ​

អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​បី ​ដែល​បាន​ដាក់ពាក្យ​បណ្ដឹង​នេះ ​រួមមាន អង្គការ​​សិទ្ធិ​មនុស្ស​ពីរ​​នៅ​​ក្នុង​ប្រទេស​កម្ពុជា គឺ​អង្គការ​លីកាដូ និង​អង្គការ​សមធម៌កម្ពុជា ព្រមទាំង​​អង្គការ​ FIAN អាល្លឺម៉ង់។

ពួកគេ​​បាន​ដាក់​ពាក្យ​បណ្ដឹង ​ទៅ​កាន់​​ស្ថាប័ន​ទទួល​ពាក្យ​បណ្ដឹង​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​ប្រទេស​ហូឡង សម្រាប់​​ការ​​ទទួល​ខុស​ត្រូវ​សកម្មភាព​​អាជីវ​កម្ម ដោយ​​​​ចោទ​​ប្រកាន់​​ក្រុម​ហ៊ុន​អយ​កូ​ក្រេ​ឌីត ដែល​​ជា​​វិនិយោគិន​សង្គម​​ជា​សកល ​ថា​​បាន​​បរាជ័យ​ក្នុងការ​អនុវត្ត​វិធានការ​ត្រួត​ពិនិត្យ​​ឲ្យ​​បាន​គ្រប់​ជ្រុងជ្រោយ និង​​ធ្វើការវិនិយោគ​ ដែល​ផ្ដល់​ផល​ប៉ះពាល់​អវិជ្ជមាន​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុនៅ​កម្ពុជា ចាប់តាំង​ពី​ឆ្នាំ​២០១៧ បើទោះជា​មាន​ភស្តុតាង​យ៉ាង​ច្បាស់លាស់​អំពី​ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ ពាក់ព័ន្ធ​នឹង​ការ​វិនិយោគ​ទាំង​នោះ​ក៏​ដោយ។

សេចក្តីថ្លែងការណ៍របស់អង្គការ​ទាំង៣ ដែលចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥នេះ​ បាន​​លើក​ឡើង​ថា ​ដំណើរកា​រ​សន្ធានកម្ម​ ​ឬ​ដំណើរការ​សម្រុះសម្រួល​ ​ដែល​បាន​ចាប់ផ្តើម​ឡើង​ ​តាំង​ពី​ពេល​មានការ​ដាក់​នូវ​ពាក្យបណ្តឹង​របស់​អង្គការ​ទាំង​បី​ ​ទៅ​កាន់​​ស្ថាប័ន​​ទទួល​​ពាក្យ​បណ្តឹង​ថ្នាក់​ជាតិ​នៃ​ប្រទេស​ហូឡង់​ ​កាលពី​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​ ​ពាក់ព័​ន្ធ​នឹង​ការ​រំលោភបំពាន​សិទិ្ធ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ​ នៅ​ក្នុង​វិ​ស័​យ​មីក្រូ​ហិរញ្ញវត្ថុ​នៅ​​កម្ពុជា​ ​ត្រូវ​​បាន​​បញ្ចប់​ ​ដោយ​​មិន​​មាន​ការ​ព្រម​ព្រៀង​គ្នា​​ណា​មួយ​ ​រវាង​​​ភាគី​នៃ​អង្គការ​ទាំង​បី​ ​និង​​​ភាគី​​ក្រុមហ៊ុន​ ​Ecumenical​ ​Development​ ​Cooperative Society​ U.​A​. ​ឬ​ O​i​ko​credit​ ​នោះ​ទេ​ ​។​

​ករណីនេះ ពួកគេ​ មានការ​​​ខកចិត្ត​យ៉ាង​ខ្លាំង​ ​ដែល​​ដំណើរ​ការ​​សន្ធានកម្ម​​​នេះ​ ​មិន​​បាន​​​ផ្តល់​លទ្ធ​ផល​​​​​​ជា​​ដំណោះស្រាយ​ឱ្យ​បាន​ទាន់ពេល​វេលា​ ​និង​​​ការ​អនុគ្រោះ​ជាក់លាក់​ណាមួយ​ ​ដល់​កូនបំណុល​ជាច្រើន​នាក់​នៅ​កម្ពុជា​ ​ដែល​​កំពុង​រងគ្រោះ​ពី​ការរំលោភ​សិទិ្ធ​មនុស្ស​នៅ​ក្នុង​វិ​ស័​យ​នេះ​​។​

អង្គការទាំង៣នោះ បានលើកឡើងថា៖ «នៅ​ក្នុង​សេចក្តីថ្លែង​ការណ៍​របស់​ខ្លួន​ ​ដែល​​ប្រកាស​​ពី​កា​រ​បញ្ចប់​​នៃ​ដំណើរការ​សន្ធានកម្ម​របស់​ស្ថាប័ន​ទទួល​ពាក្យបណ្តឹង​ថ្នាក់​ជាតិ​នៃ​ប្រទេស​ហូឡង់​ ​ក្រុម​ហ៊ុន​​សាជីវ​កម្ម​ O​i​ko​credit​ ​បាន​ប្រកាស​ពី​​ជំហរ​ប​ស់​​ខ្លួន​ ​ក្នុ​ង​កា​រ​បង្កើត​ក្របខណ្ឌ​មួយ ​សម្រាប់​យន្ត​ការ​សន្ធានកម្ម​​ឯករាជ្យ​​​នៅ​​កម្ពុជា​ ​និង​​មូលនិធិ​​ជា​​សាមគ្គីភាព​សម្រាប់​អនុគ្រោះ​លើ​បំណុល​ ​ដែល​ស្រប​ទៅ​នឹង​បទដ្ឋាន​អន្តរជាតិ​ ​រួម​​មាន ​គោលការណ៍​ណែនាំ​របស់​អង្គការសហប្រជាជាតិ​ស្តីពី​​សិទិ្ធ​​មនុស្ស​ ​និង​ធុរកិច្ច​។​ ​យន្ត​កា​រ​នេះ​ ​គឺជា​អ្វី​ដែល​ពល​រដ្ឋកម្ពុជា​ត្រូវ​ការចាំបាច់​បំផុត​នា​ពេល​​បច្ចុប្បន្ន​​។​ ​ក៏​ប៉ុន្តែ​​យើង​ខ្ញុំ​​សោក​ស្តាយ​ជា​ខ្លាំង​ ​ដែល​ក្រុមហ៊ុន​សាជីវកម្ម​មួយ​​នេះ​ ​មិន​បាន​​បញ្ជាក់​​​​ពី​ចំនួន​​ទឹក​ប្រាក់​​ជាក់​លាក់​ ​ដែល​ខ្លួន​នឹង​ត្រូវ​ដាក់បញ្ចូល​ក្នុង​មូលនិធិ​ខាងលើ​ ​ហើយ​និង​​ថា​តើ​យន្ត​ការ​នេះ ​នឹង​ត្រូវ​បាន​បង្កើត​ឡើង​ ​និង​​ដំណើរការ​នៅ​ពេលវេលា​ជាក់លាក់​ណាមួយ​នោះ​ទេ»

សេចក្តីថ្លែងការណ៍របស់អង្គការ​សិទ្ធិមនុស្ស​ទាំង៣ បន្តទៀត​ថា ​កូនបំណុល​ទាំងនោះ​ កំពុង​​ត្រូវ​ការ​ ​និង​​សម​នឹង​​ទទួល​បាន​នូវ​​​យន្ត​ការ​ដោះស្រាយ​បណ្តឹង​មួយ​ដែល​មាន​ប្រ​សិទិ្ធ​ភាព​ ​និង​សំណង​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​សមរម្យ​ ​ពី​អ្នក​វិនិយោគ​អន្តរជាតិ​នានា​ ​ដែល​បាន​ ​និង​​កំពុង​បន្ត​ទទួល​បាន​ប្រាក់ចំណេញ​យ៉ាង​ច្រើន​លាន​ដុល្លារ​អាមេរិក​ ​នៅ​​ខណៈ​ដែល​កូនបំណុល​ជាច្រើន​ ដែល​​ជា​ប្រជា​ពលរដ្ឋ​​នៅ​​កម្ពុជា​​កំពុង​​រងទុក្ខវេទនា​ និង​​​នៅតែ​បន្ត​រងគ្រោះ​ពី​​​​សកម្មភាព​របស់​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​ ​និង​ធនាគារ​នៅ​កម្ពុជា​ ​ដែល​បាន​ផ្តល់​​ប្រាក់​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​ការ​​ប្រមូល​ឥណទាន​ដោយ​​បង្ខិត​បង្ខំ​ ​ជា​លក្ខណៈ​ប្រព័ន្ធ​ ​និង​ស្ទើរតែ​ទូទាំង​ប្រទេស​ ​។​

ប្រភពដដែល បន្តថា ​គ្រឹះស្ថាន​មីក្រូ​​ហិរញ្ញវត្ថុ​ ​និង​​ធនាគារ​មួយ​​ចំនួន​ ​ក្នុងចំណោម​គ្រឹះស្ថាន​ទាំង​នោះ​ ​ធ្លាប់​ ​និង​​កំពុង​ទទួល​បានការ​វិនិយោគ​ពី​ក្រុមហ៊ុន​សាជីវកម្ម​ O​i​ko​credit​ ​។​ ​ស្ថានភាព​​នេះ​ ​បាន​​​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​សាជីវកម្ម​ O​i​ko​credit​ ​ចូលរួម​ក្នុង​ការ​រំលោភ​បំពាន​សិទិ្ធ​មនុស្ស​ ​និង​បរាជ័យ​ ក្នុ​​ង​​កា​រ​អនុលោម​តាម​គោលការណ៍​ណែនាំ​ សម្រាប់​សហ​គ្រាស​​ពហុ​ជាតិ​​របស់​អង្គការ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​និង​អភិវឌ្ឍន៍​ (O​E​C​D​) ​។​

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា អង្គកា​រ​​សង្គម​ស៊ីវិលទាំងបី នៅតែជំហរបន្ត​ស្វែងរក​ដំណោះស្រាយ​ជូន​ជងរងគ្រោះ ​ពីសំណាក់​​​​អ្នក​​វិនិយោគ​​អន្តរជាតិ​ទាំងអស់​ ​ដែល​ធ្លាប់​ ​និង​​កំពុង​វិនិយោគ​ក្នុង​វិ​ស័យហិរញ្ញវត្ថុ​នៅ​កម្ពុជា និង​​អំពាវនាវ​​ដល់​​អ្នក​​វិនិយោគ​អន្តរជាតិ​ទាំងនោះ​ ​ត្រូ​​វ​ផ្តល់​នូវ​ដំណោះស្រាយ​ផ្នែក​ហិរញ្ញវត្ថុ​ជា​បន្ទាន់​ ​ដល់​​កូន​បំណុល​ជាច្រើន​នាក់​ ​ដែល​កំពុង​រងគ្រោះ​ពី​ការរំលោភ​សិទិ្ធ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​ ​ដោយ​សារ​​​ប្រាក់​ក​ម្ចី​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ​និង​ធនាគារ​នៅ​កម្ពុជា​ ​។​

លោកថា៖ «ចំពោះអង្គការទាំង៣ នៅតែប្រកាន់ជំហរ​​ក្នុង​ការ​​ស្វែងរកដំណោះស្រាយ​ ​ដោយ​យុត្តិ​ធម៌​សម្រាប់​ជន​រង​គ្រោះ​ ដែល​កើត​ចេញពីការ​រំលោភសិទ្ធិមនុស្ស​នៅក្នុង​​វិស័យ​មីក្រូហិរញ្ញវត្ថុ​​ លើ​ការ​​វិនិយោគ​របស់​ក្រុម​ហ៊ុន អយ​កូក្រេឌីតហ្នឹង។ យើងនៅតែ​បន្តនូវ​ការ​សន្ទនា និង​​ស្វែង​​រក​ដំណោះ​ស្រាយ​ជាក់លាក់ និង​​តាមនីតិវិធី​ ជាពិសេសគឺចង់ឱ្យមានការ​ស្រាវជ្រាវ ការ​​ស៊ើប​អង្កេត ហើយ​​និង​ដំណោះស្រាយ​ពេញលេញ  ស្វែងរកដំណោះស្រាយ ហើយនិងដំណោះស្រាយពេញលេញ ដោយ​ធានាចំពោះពួកគាត់ និង​ការ​អនុគ្រោះបំណុល​ផ្សេង​ៗដល់ពួកគាត់​ដែល​ជា​ជន​រង​គ្រោះ​ហ្នឹង»

ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ចំនួនបី ដែល​ទទួល​បាន​ប្រាក់​ពី​ក្រុមហ៊ុន​អយកូក្រេឌីត រួម​មាន​ ប្រាសាក់ អិលអូអិលស៊ី​ និង​អម្រឹត។ ​នេះបើតាម​​នាយក​ប្រតិបត្តិ​នៃ​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី ដែលធ្លាប់ប្រាប់សារព័ត៌មាននានាកន្លងមក។

វីអូឌី មិនអាចសុំការបញ្ជាក់ពីខាង​ក្រុមហ៊ុន​អយកូក្រេឌីត និង​មីក្រូហិរញ្ញវត្ថុ​នៅកម្ពុជា ដូចជា ប្រាសាក់ អិលអូអិលស៊ី និង​អម្រឹត បាន​ទេ នៅថ្ងៃនេះ ។

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Oikocredit កាលពីថ្ងៃទី​២៤ ខែ​មករា ឆ្នាំ២០២៥  បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​​​បាន​បញ្ចប់ដំណើរការសម្រុះសម្រួលជាមួយអង្គការ​ទាំង​​៣ ដែល​គាំទ្រ​​​ដោយ​អង្គការ​ OECD ហើយ​​​កិច្ចពិភាក្សា​នោះ​ មាន​គោល​បំណង​ដោះស្រាយ​បញ្ហា​បំណុល​លើស​លប់​ក្នុ​ង​វិស័យ​មីក្រូហិរញ្ញវត្ថុ​របស់​កម្ពុជា ដែល​បាន​គូស​បញ្ជាក់​ពី​តម្រូវ​ការ​សម្រាប់​ការ​អនុវត្ត​ការ​ផ្តល់​ប្រាក់​កម្ចី​ប្រកប​ដោយ​ក្រម​សីលធម៌។

អង្គការ​​នេះ​ កំពុងបង្កើត​ក្រប​ខណ្ឌការសម្រុះ​សម្រួល​ថ្មី និង​កន្លែង​ផ្តល់​ជំនួយ​សង្គ្រោះ​សម្រាប់​អ្នក​ខ្ចី រួម​ជាមួយ​នឹង​កម្ម​វិធី​ផ្តល់​អំណាច​ដល់​អតិថិជន ដែល​រួម​មាន​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​ប្រឹក្សា​បំណុល។ ការ​ប្ដេជ្ញាចិត្ត​របស់ Oikocredit ក្នុង​ការ​លើក​កម្ពស់​​ជីវិត​ពលរដ្ឋ​​នៅ​កម្ពុជា​នៅ​តែ​ធ្វើ​បន្ត។

ជុំវិញ​ករណី​នេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា​ លោក មាស សុខសេន​សាន សុំ​មិន​អធិប្បាយទេ។ កន្លងមក អង្គការ​សិទ្ធិ​មនុស្សទាំង៣ បាន​​បញ្ជាក់​ថា បើ​​ទោះ​មានភស្តុតាង​ជាច្រើន​​ក្តី ក៏​ក្រុម​ហ៊ុន​​អយ​កូក្រេឌីត​ ​នៅតែ​បង្កើន​ការ​វិនិយោគ​របស់​ខ្លួ​ន​​នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​​​នៅ​កម្ពុជា ដោយ​​កើន​​ឡើង​​ពី ៥០​លាន​អឺរ៉ូ នៅ​ឆ្នាំ​២០១៧ ទៅ​ដល់​​ជាង ៦៧​លានអឺរ៉ូ គិត​ត្រឹម​ខែ​កញ្ញា ឆ្នាំ​២០២២ ដែល​​ការ​វិនិយោគ​ននោះធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស ដែល​ទទួល​បាន​ការ​វិនិយោគ​​ធំ​ទី​២ របស់​ក្រុមហ៊ុនអយកូក្រេឌីត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ