បាតុកម្ម​នៅអាមេរិ​កទាមទារ​ឱ្យ​វៀត​ណាម​គោរពសិទ្ធិខ្មែរ​ក្រោម​តាម​មាត្រា​៩​របស់​UN

សហព័ន្ធខ្មែរកម្ពុជាក្រោម បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​លើទឹ​កដី​អាមេរិក ទាម​ទារ​ឱ្យ​រដ្ឋ​អំណាច​វៀត​ណាម​គោរព​សិទ្ធិ​ខ្មែ​រក្រោម​ឋានៈ​ជា​ជន​ជាតិ​ដើម​ដែល​រ​ស់​នៅ​លើ​ទឹកដី​កំណើត​របស់​ខ្លួន តប​តាម​មាត្រា៩ នៃ​សេចក្តី​ប្រកាស​របស់​អង្គការ​សហប្រជាជាតិ ក្នុងនាមប្រទេសជាសមាជិក។

ក្រុមអ្នកតវ៉ា បា​នអះអាង​ថា ការ​ទាមទារ​នេះ ដោយ​សារ​រដ្ឋ​អំណាច​វៀត​ណាម នៅ​តែ​បន្ត​​រំលោភ​បំ​ពាន​សិ​​ទ្ធិខ្មែ​​រក្រោម ឥតឈប់ឈរ រំលោភ​ច្បាប់​អន្តរជាតិ ដែល​​ច​ង​កាតព្វកិច្ចវៀ​តណាមឱ្យគោរពសិទ្ធិជនជាតិ ក្នុងនាមរដ្ឋជាសមាជិក។

បាតុកម្មនេះ បានធ្វើឡើងនៅមុខស្ថានកុង​ស៊ុល​វៀត​ណាម នៅ​ទីក្រុងសានហ្វ្រាន​ស៊ីស្ដូ សហរដ្ឋអាមេរិក កាល​​ពីថ្ងៃទី២៧ ខែ​មករា ឆ្នាំ២០២៥ ដែលមានព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមមកពី​បណ្តា​ប្រទេស​មួយ​ចំនួន​ បា​​​ន​បន្លឺ​សំឡេង​ទាម​ទារ​ឱ្យ​រដ្ឋ​អំណាច​វៀត​ណាម​ត្រូវ​ដោះ​លែង​ពលរដ្ឋ​ខ្មែរ​ក្រោម​ទាំង​អស់​ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

ពួកគេ​បាន​លើក​ឡើង​ថា រដ្ឋ​អំណាច​វៀត​ណាម​កំពុង​បំពាន​កតិកា​សញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ជន​ជាតិ​ដើម​ម្ចាស់​ស្រុក និង​បំពាន​សិទ្ធិ​ខាង​ជំនឿ​សាសនា​ដែល​មាន​ការ​ធានា​ដោយ​ច្បាប់​អន្តរជាតិ។

ប្រធាននាយកដ្ឋានព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោម ព្រះតេជ​ព្រះគុណ សឺង យ៉ឹងរតនា មាន​ថេរដីកា​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​២៨ ខែមករានេះថា ក្នុងថ្ងៃធ្វើមហាបាតុកម្ម​នោះ សហព័ន្ធ​ខ្មែ​រកម្ពុជា​ក្រោម ក៏​បាន​ដាក់​បន្ថែម​ទៀត ឱ្យ​ទៅ​មន្ត្រី​កុងស៊ុលវៀត​ណាម​ប្រចាំ​នៅ​សហរដ្ឋអាមេរិកនេះ  ប្រាប់ទៅ​រដ្ឋ​អំណាចរ​បស់​ខ្លួន​ត្រូ​វ​ប​​ញ្ឈ​​​ប់ការគំរាមកំហែង​គ្រប់រូបភាពលើខ្មែរក្រោមផងដែរ។

ព្រះអង្គបញ្ជាក់ថា វៀត​ណាម​គេ​ទទួល​ញត្តិ ប៉ុន្តែ​កន្លង​មក គេ​មិន​ដែល​មាន​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន​អ្វី​នោះ​ទេ គឺ​គេ​នៅ​តែ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ រំលោភ​សិទ្ធ​សាសនា និង​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​ជា​បន្តបន្ទាប់។

ព្រះអង្គថា៖ «ព្រះសង្ឃ និង​សកម្មជន​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម​ទាំង​អស់​នោះ គឺ​ពួក​គាត់​អត់​មាន​ទោស​កំហុស​​អ្វី​ទេ គាត់​គ្រាន់​តែ​បញ្ចេញ​មតិ​ក្នុង​នាម​ការ​ពារ​សិទ្ធិ​ជាមូល​ដ្ឋាន​ក្នុង​នាម​ខ្មែរ​ក្រោម​ ជាម្ចាស់​ស្រុក​ជន​ជាតិ​ដើម​ប៉ុណ្ណោះ ដូច្នេះ​ហើយ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​បាន​ធ្វើ​ញត្តិ​ជូន​ទៅ​ដល់​សហគមន៍​អន្តរជាតិ​ដូច​ជា​ការ​ធ្វើ​បាតុកម្ម​ហ្នឹង បង្ហាញ​ឲ្យ​ឃើញ​ថា មិន​សុខ​ចិត្ត និង​ថ្កោល​ទោស​ចំពោះ​អាជ្ញាធរ​វៀត​ណាម​ដែល​ប្រព្រឹត្ត​នឹង​រំលោភ​សិទ្ធិ​ចំពោះ​ពល​រ​ដ្ឋ​ខ្មែរ​ក្រោម​នៅដែនដី​កម្ពុជា​ក្រោម»។

សម្រាប់​ព្រះតេជ​​គុណ សឺង យ៉ឹងរតនា ចាត់​ទុក​ថា ទង្វើ​អមនុស្ស​ធម៌ បំពាន​សិទ្ធិ​សាសនា និង​ការ​បន្ត​ធ្វើ​បាប ចាប់​ខ្លួន​សកម្មជន​ខ្មែរ​ក្រោម​របស់​រដ្ឋ​អំណាច​វៀត​ណាម​ជាការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ។

ម្យ៉ាងវិញ​ទៀត ព្រះ​អង្គ​ថា មហិច្ឆតា​វៀតណាម​គឺ​ចង់​ឱ្យ​ខ្មែរ​ក្រោម​រស់​នៅ​ទាំង​រង​ទុក្ខ​វេទនា បាក់​ស្បាត​លែង​ហ៊ាន​ប្រឆាំង​មហិច្ចតា​លេប​ទឹក​​ដី​ខ្មែរ​ក្រោម គឺ​ដើម្បី​ងាយ​គ្រប់​គ្រង​ខ្មែរ​កម្ពុជាក្រោមទាំងមូល។

ព្រះអង្គថា៖ «ខ្មែរ និង​ខ្មែរ​ក្រោម​នៅ​ក្រៅ​ប្រទេស​នៅក្នុង​ស្រុក​ក្ដី ត្រូវ​តែ​ក្រោក​ហ៊ាន​តស៊ូ ដើម្បី​ទាម​ទារ ឬ​ក៏​ដើម្បី​ការ​ពារ​នូវ​ជាតិ​សាសន៍​ខ្លួន​យើង​ផង​ដែរ ចំណែក​​រដ្ឋាភិបាល​កម្ពុជា​ក៏​មាន​ភារៈ​កិច្ច​ក្នុង​នាម​ខ្មែរ​ដូច​គ្នា ក៏មាន​ភារៈកិច្ច​ដើម្បីនិ​ង​ការពារ ឬក៏អាច​ជួយ​ធ្វើ​អន្តរា​គមន៍ ចំពោះ​បញ្ហា​ដែល​រដ្ឋាភិបាល​វៀត​ណាម​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពលរដ្ឋខ្មែរ​ក្រោម​នៅដែន​ដី​កម្ពុជាក្រោមទាំងអស់»។

ដូចគ្នានេះដែរ បាតុករខ្មែរក្រោមគឺ​ លោក សឺង មួង ហាក់​ស្តី​បន្ទោស​ថា វៀត​ណាម​ជាម​នុស្សក្រ​ពើ ខ្ចី​ទឹក​ដី​កម្ពុជា​ដើម្បី​រស់​នៅ ចិញ្ចឹម​ជីវិត​ហើយ បែរ​ជាងាកមកខាំម្ចាស់ស្រុកគឺពលរដ្ឋខ្មែរ​ក្រោមទៅវិញ។

លោកថា៖ «គោល​គំនិ​ត​គេ គេចង់ថាទឹកដីកម្ពុជាក្រោម​ហ្នឹង​ជា​ទឹក​ដី​របស់​គេ ថ្ងៃ​ខាង​ក្រោយ បើអ៊ីចឹង​ទៅ​គេ​ធ្វើ​ឲ្យ​អ្នក​ដែល​សកម្ម​ជន​ ដូច​ជា ព្រះ​សង្ឃ ដូច​ជា​អ្នក​ជាប់​គុក​ក្នុង​ពន្ធនាគារ​ដែល​សម្ដែង​មតិ​ប្រើ​ទង់​ជាតិ​ខ្មែរ ប្រើផែន​ទី​ ប្រើ​ភាសា​អ្វីៗ និយាយ​សម្ដែង​ជា​ជន​ដើម គេ​មិន​ឲ្យ​យើង​បញ្ចេញ ហេតុ​ដូច្នេះ​គេ​ចង់​មាន​គោល​បំណង​សម្លុត​គំរាម​កំហែង​ចាប់​ដាក់​គុក ដាក់​ពន្ធនាគារ​នេះ ដើម្បី​ឲ្យ​យើង​ខ្មែរ​ក្រោម​បាក់​ស្បាត​ បាក់​ស្បាត​អត់​ហ៊ាន​និយាយ​ពី​រឿង​អត្ត​សញ្ញាណ​របស់​ខ្លួន​ថា ខ្លួន​ជា​នរណា​ ខ្លួន​ជន​ជាតិ​ខ្មែរ​គេ​ធ្វើ​ចង់​យើង​ហ្នឹង គេ​ហៅ​ថា​ចង់​ឲ្យ​យើង​ហ្នឹង​រំលាយ​ពូជ​សាសន៍​យើង ទៅ​តាម​គេ​បន្ត​បន្តិចៗ»។

បន្ថែម​ពី​នេះ លោក សឺង មួង អំពាវនាវ​ឱ្យ​សហគម​ន៍ជាតិ អន្តរជាតិ បន្តដាក់​សម្ពាធ​វៀតណាម​កាន់​ខ្លាំង ដើម្បី​ឱ្យវៀតណាមងាកមកគោរពសិទ្ធិមនុស្ស សិទ្ធិសាសនា និងដោះលែងសកម្មជខ្មែរក្រោមទាំងអស់។

លោកថា៖ «យើង​បន្ត​ទាមទារ​ឲ្យវៀតណាម​គោរព​សិទ្ធ​លើ​ខ្មែរ​កម្ពុជា​ក្រោម ព្រោះ​វៀត​ណាម​រដ្ឋាភិបាល​កុម្មុយ​នីស្ត​វៀត​ណាម អត់​ព្រម​គោរព​ច្បាប់​ សិទ្ធិ​មនុស្ស អត់​គោរព​ បើ​ច្បាប់​ជន​ជាតិ​ដើម​ដូច​ជា​ចាប់​ព្រះ​សង្ឃ​បី​អង្គ និង​រូប​ ហើយ​ការ​ទាម​ទារ​ធ្វើ​បាតុកម្ម​នៅ​ជុំវិ​ញពិភព​លោក និង​ច្រើន​លើក​ច្រើន​គ្រា​មក ដែល​វៀត​ណាម​អត់​ព្រម​ អត់​ព្រម​គោរព​ច្បាប់​សិទ្ធិ​មនុស្ស​ជាជន​ជាតិ​ដើម​ ហេតុ​ដូច្នេះ​ការ​​ចូល​រួម​ធ្វើ​បាតុកម្ម​ហ្នឹង​ គឺ​នៅ​តែ​ធ្វើ​អ៊ីចឹង ពីព្រោះ​វៀត​ណាម​ដែល​បំពាន​សិទ្ធិ​មនុស្ស និង​បំពាន​សិទ្ធិ​ជន​ជាតិ​ដើម​ទាំង​ស្រុង»។

ចំណែក នាយករង​ទទួល​បន្ទុក​កិច្ចការ​តំប​ន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) ដែល​បាន​ចូល​រួម​មហា​បាតុកម្ម​នោះ ក៏បាន​​ថ្លែង​ដែរ​ថា វៀតណា​ម​ត្រូ​វតែ​គោរព​សិទ្ធិ​មនុស្ស ជាពិសេស​សិទ្ធិ​សាសនា និង​សិទ្ធិ​ខ្មែរ​ក្រោម​ម្ចាស់​ស្រុក។

លោក​អះអាង​ថា ខ្មែរក្រោម​ជា​ម្ចាស់ទឹ​ក​ដី​កម្ពុជា​ក្រោម មាន​សិទ្ធិ​ពេញ​លេញ​ក្នុង​នាម​ម្ចាស់​ស្រុក​ក្នុង​ការ​ចូល​រួម​សកម្ម​ភាព​ទាម​ទារ​សិទ្ធិ​សេរីភាព ការ​ពារ​វប្បធម៌ អក្សរសាស្រ្តជាតិ​របស់​ខ្លួន​ពី​ការ​រំលោភ​បំពាន។

ជុំវិញបញ្ហានេះ​ វីអូឌី មិនទាន់អាចសុំការឆ្លើយតបពីស្ថាន​ទូតវៀតណាម​ប្រចាំនៅទីក្រុងសានហ្វ្រានស៊ីស្ដូ បាននៅឡើយទេ គិតត្រឹមម៉ោងនេះ។

អគ្គលេខាធិការសមាគមខ្មែរកម្ពុជា​ក្រោមដើម្បីសិទ្ធិមនុស្សនិងអភិវឌ្ឍន៍ លោក សឺន ជុំជួន យល់​ថា ការ​បន្ត​ធ្វើ​មហា​បាតុ​កម្ម​នេះ គឺ​ដើម្បី​ផ្ញើ​សារ​ទៅ​សហគមន៍​ជាតិ​និងអន្តរជាតិ​ថា វៀត​ណាម​កំពុង​រំលោភ​ច្បាប់​អន្តរ​ជាតិ ក្នុង​នាម​ប្រទេស​ជា​សមាជិក។

លោកចាត់ទុកទង្វើរដ្ឋអំណាចវៀតណាម​ធ្វើម​ក​លើ​ខ្មែរក្រោម​ជា​ហូរហែ​នេះ គឺ​ដើម្បី​គំរា​មកំហែង និង​បំបាក់​ស្មារតី​ខ្មែរ​មិន​ឱ្យ​ហ៊ាន​ប្រើ​សិទ្ធិ​ខ្លួន​លើ​ទឹកដី​កំណើត ​និង​ចង់​បំបាត់​វប្បធម៌ប្រពៃណីរបស់ខ្មែរ។

លោកថា៖ «ព្រោះវៀតណាម​តែងតែរឹតត្បឹត​នៅក្នុង​ការ​អនុវត្ត​សិទ្ធិ​សេរី​ភាព​របស់​ខ្មែរ​ក្រោម ពីព្រោះ​ថា​កាល​ណា​ខ្មែរ​ក្រោម​អនុវត្ត​សិទ្ធិ​បាន​ពេញ​លេញ​អ៊ីចឹង​ទៅ វាអាច​ទៅ​នឹង​ឧបសគ្គ​ក្នុង​ការ​ទាម​ទារ​ក្នុង​នាម​ជា​ជន​ជាតិ​ដើម​អី​ជា​ដើម អ៊ីចឹង​ទៅ​វៀតណាម​តែង​តែ​មាន​ការប្រុងប្រយ័ត្ន​ទៅ​លើចំ​ណុច​ហ្នឹង ហើយ​ចាប់​ផ្ដើម​បញ្ចេញ​នូវ​ឥរិយាបថ គឺ​ការ​បង្កើត​នៅ​ក្នុង​ច្បាប់​របស់​ខ្លួន ក្នុង​ការ​បិទ​នូវ​លំហ​សេរីភាព​នេះ​ជាដើម។ ទាំង​នេះ​ជា​មូល​ហេតុ​ដែល​វៀត​ណាម តែង​តែស​ម្ដែង​នូវ​ឥរិយា​បថ​ ឬ​ក៏​អនុវត្ត​តាម​ច្បាប់​របស់​ខ្លួន​ ជាលេស​មួយ​នៅ​ក្នុង​ការ​រឹត​ត្បិត​សិទ្ធ​ខ្មែក្រោមហ្នឹងឯង»។

កាលពីថ្ងៃទី២៦ ខែមី​នា ឆ្នាំ២០២៤ អាជ្ញាធរ​វៀតណាម​ខេត្ត​ឡុង​ហោរ ទឹកដី​កម្ពុជា​ក្រោម​បាន​ចាប់​ផ្សឹក​ព្រះ​អង្គ ថាច់ ចន្ទតារា និង​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​ក្រោម​ចំនួន​ ១៣អង្គ​នាក់ ដោយ​ចោទ​ថា​រំលោភ​សិទ្ធិ​សេរី​ភាព លទ្ធិ​ប្រជាធិប​តេយ្យ រំលោភផល​ប្រយោជន៍​រដ្ឋ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​អង្គការ​វៀត​ណាម។

ជុំវិញ​បញ្ហា​នេះ វៀត​ណាម កន្លង​ទៅ​ក៏​ធ្លាប់​រង​ការ​ស្តី​បន្ទោស​ពី​សហគមន៍​អន្តរជាតិ​ដែរ ពាក់​ព័ន្ធ​នឹង​ការ​យាយី​ខ្មែរ​ក្រោម​នេះ បើ​ទោះ​គ្មាន​ប្រតិកម្ម​ណាមួ​យ​ពីរដ្ឋាភិបាលខ្មែរ ដែលដឹកនាំដោយគ្រួសារហ៊ុន។

បើតាមសេចក្តីថ្លែងការណ៍ ចុះថ្ងៃទី១ ខែ​មេសា ឆ្នាំ២០២៤ អាមេរិក​និយាយ​ថា ខ្លួន​មាន​ការ​ខក​ចិត្ត ចំពោះ​ចំណាត់​ការ​វៀត​ណាម ដែល​បានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស និងចាប់ផ្សឹកព្រះសង្ឃខ្មែរក្រោម ដែលជាអ្នកតស៊ូមតិ ដើម្បីសិទ្ធិសេរីភាពជំនឿសាសនា រួមទាំងការផ្ដន្ទាទោសមនុស្សចំនួន ៥នាក់ ចាប់​តាំ​ង​ពី​ខែ​មករា ឆ្នាំ២០២៤ ។

បញ្ហានេះ អាមេរិកជំរុញឱ្យវៀតណាម គោរពសិទ្ធិបុគ្គល ក្នុងការអនុវត្តសេរីភាពនៃការបញ្ចេញមតិ ការ​បង្កើត​សមាគម ជាពិសេស​ការ​គោរពជំនឿសាសនាដែលមិនអាចរំលោភបំពានបាន។

បន្ថែមពីនេះ នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​វៀត​ណាម​ដោះ​លែង​សកម្ម​ជន​ការ​ពារសិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ដែល​បានចាប់​ខ្លួន និង​ឈប់​យាយី​សេរីភាពខ្មែរក្រោម។

លោក ហ្វីល រ៉ូបឺតសុន និយាយ​ថា ការចាប់ខ្លួន​លោក យ័ញ មិញក្វាង និង​អ្នក​ស្រី ឌិញ ធីវិន កាត់​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល ៣ឆ្នាំ ៦ខែ ជាការ​សង​សឹក​ទៅ​លើពលរដ្ឋ​គ្រប់​រូប ខណៈ​ពួក​គេ​គ្រាន់​តែ​បង្ហាញ​សិទ្ធិ​បញ្ចេញ​មតិ និង​ទស្សនៈ​ឯករាជ្យ​ផ្នែក​នយោបាយ​របស់​គាត់​នៅ​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ប៉ុណ្ណោះ។

លោក ហ្វីល រ៉ូបឺតសុន ក៏ជំរុញ ឱ្យ​រដ្ឋាភិបាល​វៀត​ណាម​ត្រូវ​ដោះ​លែង​សកម្ម​ជន​ការ​ពារ​សិទ្ធិ​មនុស្ស​ខ្មែរ​ក្រោម ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​លើ​ពួក​គេ និងលុបចោលមាត្រារំលោភ​សិទ្ធិ​មនុស្ស រួម​ទាំង​មាត្រា​៣៣១ ដែលរដ្ឋាភិបាលវៀតណាម​ប្រើប្រាស់ជាប្រព័ន្ធ ដើម្បីរំលោភសិទ្ធិប្រជាពលរដ្ឋសាមញ្ញ។

សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពី «សិទ្ធិ​ជន​ជាតិ​ដើម» មាត្រា​៩ ឱ្យដឹង​ថា ជនជាតិដើម និង​បុគ្គល​ជន​ជាតិ​ដើម មានសិទ្ធិស្ថិតនៅជាសមាជិកសហគមន៍ ជាជន​ជាតិ​ដើម និងស​ង្គម​ជាតិ សម​ស្រប​តាម​ប្រពៃណី និងទំនៀមទម្លាប់របស់សហគមន៍ និង​សង្គម​ជាតិ​ពាក់​ព័ន្ធ ដោយ​គ្មាន​ការ​រើស​អើង​ណា​មួយ​កើត​ឡើង​ដោយ​សារ​កា​រប្រើ​សិទ្ធិ​នេះ​ឡើយ។

គិតត្រឹមឆ្នាំ២០២៥ ក្នុងរយៈពេលប៉ុន្មានខែនេះ ព្រះសង្ឃ និង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​កម្ពុជា​ក្រោម ចំនួន​១៣​នាក់ ត្រូវបាន​រដ្ឋអំណាច​វៀតណាម​ខេត្ត​ឡុង​ហោរ ទឹក​ដី​កម្ពុជា​ក្រោម​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ រួម​មាន ព្រះអង្គ ថាច់ ចន្ទតារា ព្រះគ្រូចៅអធិការ​វត្ត​ទ្រនំ​សេក និង​ព្រះតេជ​​គុណ យឿង ខាយ ជាដើម។

ទឹកដីកម្ពុជាក្រោម មានចំនួន២១ខេត្ត បានធ្លាក់ទៅក្នុងវៀតណាមគ្រប់គ្រង កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ​១៩៤៩ តាម​រយៈ​អាណានិគមនិយមបារាំង ក្រោយវៀតណាមខ្ចីដីខ្មែរនៅ។

គិតត្រឹមឆ្នាំ២០២៥ ទឹកដីកម្ពុជាក្រោម បានស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាមអស់រយៈពេល ៧៦​ឆ្នាំមកហើយ។ នៅកម្ពុជាក្រោម វត្តអារាមត្រូវបានគេចាត់ទុកថាជាឃ្លាំងវប្បធម៌ ជាទីកន្លែងថែរក្សា ការពារអត្តសញ្ញាណរបស់ខ្មែរក្រោមទាំងមូល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ