ការប្រឡងសិស្សពូកែដែលរៀបចំឡើងនៅក្នុងក្របខណ្ឌទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥នេះ ក្រសួងអប់រំ យុវជន និងកីឡា បានទម្លាក់ការទទួលខុសត្រូវ ក្នុងការរៀបចំឱ្យទៅរាជធានី-ខេត្តជាអ្នកអនុវត្តដោយផ្ទាល់វិញ ដោយមិនប្រាប់ពីមូលហេតុ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញនៅថ្ងៃនេះ ឱ្យដឹងថា សម្រាប់ការប្រឡងសិស្សពូកែទាំងថ្នាក់ទី៩ និងទី១២ លើមុខវិជ្ជា អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ក្រសួងអប់រំ នឹងមិនរៀបចំដូចឆ្នាំមុនៗទៀតទេ។
ការប្រឡងជ្រើសរើសសិស្សពូកែ នៅក្នុងឆ្នាំនេះ គឺក្រសួងអប់រំ បានផ្តល់សិទ្ធិអាទិភាពឱ្យគ្រប់រាជធានី ខេត្តរៀបចំទៅតាមភាពជាក់ស្តែង និងពេលវេលាសមស្របណាមួយ ដែលអាចធ្វើបាន។
ជាពិសេសមានស្មារតីនៃការទទួលខុសត្រូវ អាស្រ័យទៅលើស្ថានភាពជាក់ស្តែង នៃរាជធានី ខេត្តនីមួយៗ។
បើទោះជាបែបណា តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងអប់រំ យុវជន និងកីឡា មិនបានបញ្ជាក់ពីមូលហេតុថាតើការដែលខ្លួនផ្អាក មិនទទួលរៀបចំការប្រឡងជ្រើសរើសសិស្សពូកែ នៅក្នុងឆ្នាំសិក្សា ក្នុងឆ្នាំនេះ បណ្តាលមកពីមូលហតុអ្វីឱ្យប្រាកដនោះទេ៕









