ចាងហ្វាងអង្គភាព​​ព័ត៌​មាន​ក្នុង​ស្រុក​ពីរ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្រោយ​​ផ្សាយ​ទីតាំង​ល្បែង​អន​ឡាញ​ខុស​ច្បាប់

ចាង​ហ្វាងអង្គភាព​សារព័ត៌​មាន​ចំនួន២ ​​​ដែល​​គាំទ្រ​រដ្ឋាភិបាល ត្រូវបានតុលាការកាត់​ទោស ឱ្យ​ជាប់​​ពន្ធនាគារ​ព្រៃស ក្នុង​រាជធា​នី​ភ្នំពេញ ក្រោយ​ផ្សព្វ​ផ្សាយ​ទីតាំង​ល្បែង​អន​ឡាញ​ខុស​ច្បាប់ តាម​​រយៈ​បង្ហោះ​វីដេអូពី​ការ​ធ្វើទា​រុណ​កម្ម​លើ​ជន​រង​គ្រោះ​ នាពេលថ្មីៗនេះ ។

អង្គ​ការ​ការ​ពារ​សិទ្ធិមនុស្សលីកាដូ បាន​​​​​​​​​​​​​​លើកឡើង​​​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន នៅ​ថ្ងៃ​ទី​២៨ ខែ​មក​រា​នេះ​ថា ចាង​ហ្វាង​អង្គភាព​សារព័ត៌មាន​ក្នុង​ស្រុក​ពីរ​រូប ដែល​តែង​តែ​ចេញ​ផ្សាយ​សេច​ក្តី​ថ្លែង​ការណ៍ និង​ព័ត៌មាន​លើក​សរសើរ​ដល់​រាជ​រដ្ឋាភិបាល ត្រូវ​បាន​ចោទ​ប្រកាន់ ពី​បទ ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវ​រធ្ងន់​ធ្ងរ​ដល់​សន្ដិសុខ​សង្គម ។

ប្រភពនោះ បញ្ជាក់​ថា ពួកគេ​ត្រូវ​បានឃុំខ្លួននៅពន្ធនាគារ​ព្រៃស (ម១) កាល​ពី​ចុង​សប្តាហ៍មុ​ន ការ​ចោទ​ប្រកាន់​រហូត​ដល់​ការ​ឃុំខ្លួន​នេះ បន្ទាប់​ពី​ចាងហ្វាង​អង្គភាព​សារ​ព័ត៌​មាន​នោះ បាន​​ចុះ​ផ្សាយព័ត៌មាន អំពីវីដេអូដែលពួកគេអះ​អាង​ថា ជា​ទីតាំង​ល្បែង​អន​ឡាញ​ខុស​ច្បាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ការ​អះអាង​នេះ​ត្រូវ​បាន​អាជ្ញាធរ​បដិសេធ​ចោល ។

បើតាមលីកាដូ លោក ដួង អក្ខរា និង​លោក ឡាយ សុជាតិ ដែ​ល​ជាចាងហ្វាង នៃ​អង្គ​ភាព​សារ​ព័ត៌​មាន អេស អេ ធីវី អ៊េចឌី អន​ឡាញ និង​ខេម​បូឌា​ស្តាដេលីញូវយ៍ ទទួល​ស្គាល់​ថា ខ្លួន​ពិត​ជា​បាន​បង្ហោះ​វីដេអូ ដែល​មាន​បុរស​ម្នាក់​ដៃ​ជាប់​ខ្នោះ ទៅ​នឹង​បង្គោល​ដែក​មួយ និង​កំពុង​ត្រូវ​បានគេ​​ធ្វើ​ទារុណ​កម្ម ។

 សារ​ព័ត៌​មាន ក៏​បាន​អះអាង​ថា វីដេអូនេះ ត្រូវ​បាន​ថត​នៅ​ទីតាំង​ល្បែង​អន​ឡាញ​ខុស​ច្បាប់​មួយ ក្នុង​ខណ្ឌ​ដង្កោ រាជធានីភ្នំពេញ ។

ប៉ុន្តែអាជ្ញាធរបានបដិសេធថា វីដេអូនេះ មិន​មែន​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ រួច​ហើយ​ក៏​ចាប់​ខ្លួន​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នោះ កាល​ពី​សប្តាហ៍​មុន តាម​ការ​បង្គាប់​បញ្ជា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

យោងតាមសេចក្តីថ្លែងការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ចេញ​ផ្សាយ​ក្រោយ​ពី​ការ​ចាប់​ខ្លួន ដោយ​ចោទ​ប្រកាន់​អ្នក​សារព័ត៌មាន​ទាំង​ពីរ​រូប​នោះ​ថា ប្រឌិត​ និង​ផ្សព្វ​ផ្សាយ​​ព័ត៌​មានមិ​ន​ពិត ដែល​ធ្វើ​ឱ្យ​ចលាចល​សង្គម និងប៉ះពាល់ដល់សន្តិសុខជាតិ។

យ៉ាង​ណា ទូរទស្សន៍រដ្ឋ​កូរ៉េខា​ងត្បូង KBS កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ​២០២៤ បាន​បង្ហាញ​វីដេអូ​ស្តីពី សកម្មភាព​ទារុណ​កម្ម​ជា​ច្រើន កើត​មាន​ឡើង​ក្នុង​ប្រទេស​កម្ពុជា។

ទូរទស្សន៍ KBS ផ្សាយថា ក្រុមការងារ​របស់​ទូរទស្សន៍​បាន​ចុះ​ផ្ទាល់ ទៅ​តាម​ទីតាំង​ដែល​ជន​រង​គ្រោះ​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង​ម្នាក់​បាន​ប្រាប់ និង​បាន​រក​ឃើញ​សកម្មភាព​ចាប់​បង្ខាំង​មនុស្ស ការ​ធ្វើ​ទារុណ​កម្ម និង​ការ​ងារ​ខុស​ច្បាប់​ជាច្រើន​កន្លែង​នៅ​កម្ពុជា។

បន្ថែមពីនេះ របាយការណ៍របស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (UNHCHR) ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​សីហា ឆ្នាំ​២០២៣ បង្ហាញ​ថា នៅក្នុង​ប្រទេស​កម្ពុជា មនុស្ស​ប្រមាណ ១០ ម៉ឺន​នាក់ ដែល​ជា​ជន​បរទេស​ត្រូវ​បាន​ចាប់​បង្ខំ​ឱ្យ​ធ្វើការ​ងារ​ឆបោក​តាម​ប្រព័ន្ធ​អន​ឡាញ នៅ​ក្នុង​ប្រទេស​កម្ពុជា។ ករណី​ឆបោក​តាម​ប្រព័ន្ធអនឡាញនេះ បាន​កើត​ឡើង​នៅក្នុង​ប្រទេស​ចំនួន​៥ ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ថៃ ឡាវ ភូមា និង​ហ្វីលីពីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ