បុរសជនជាតិអាមេរិកាំងម្នាក់ គឺលោក បេន ដាវីស (Ben Davis) ជាអ្នកអភិរក្សព្រៃឈើនិងសត្វព្រៃ នៅតំបន់ភ្នំពក-ភ្នំត្នោត ក្នុងខេត្តព្រះវិហារ ចាប់តាំងពីឆ្នាំ២០១២មកនោះ កំពុងតែមានការព្រួយបារម្ភពីការបាត់បង់ព្រៃឈើ និងសត្វព្រៃ ដែលនៅសេសសល់នៅក្នុងតំបន់នេះ ហើយបាននិងកំពុងរិះរកគ្រប់មធ្យោបាយដើម្បីការពារនិងអភិរក្ស។
បច្ចុប្បន្ន ក្រុមអ្នករកស៊ីឈើ កំពុងបន្តដាក់សម្ពាធទៅលើតំបន់អភិរក្សសត្វព្រៃភ្នំពក ភ្នំត្នោត ដោយសារតែព្រៃឈើនៅតំបន់ខាងក្រៅ ត្រូវបានគេកាប់រុករានក្លាយទៅជាដីចម្ការ ហើយក្រុមអ្នករកស៊ីកាប់ឈើទាំងនោះ មិនចង់បោះបង់ចោលមុខរបររកស៊ីឈើ។ នេះបើតាមលោក បេន ដាវីស ដែលបានថ្លែងតាមរយៈកិច្ចសម្ភាសន៍មួយជាមួយអង្គការ USAID របស់សហរដ្ឋអាមេរិកកាលពីពេលថ្មីៗនេះ។
តំបន់ដែនជម្រកសត្វព្រៃភ្នំពក ភ្នំត្នោត ស្ថិតនៅខេត្តព្រះវិហារ និងខេត្តសៀមរាប មានទំហំផ្ទៃដីសរុប ៤២ ០៩៧ហិកតា ក្នុងនោះ លោក បេន ដាវីស បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្សលើផ្ទៃដីជាង ៧ពាន់ហិកតា។
បើតាម លោក បេន នៅដែនជម្រកសត្វព្រៃនេះ មានពពួកសត្វប្រមាណ ២៦ប្រភេទ ក្នុងនោះមានដូចជា ទន្សោង ខ្ទីង ប្រើស ពង្រូល ឈ្លូស ជ្រូកព្រៃ ស្វា ក្ងោក និងមាន់ព្រៃជាដើម។ នៅក្នុងតំបន់នេះ មានសត្វទន្សោងដែលជាសត្វកម្រចំនួន ៧៦ក្បាល ប៉ុន្តែនៅក្នុងឆ្នាំ២០២៤ មានសត្វទន្សោង១១ក្បាល ត្រូវបានរកឃើញងាប់ដោយសារជាប់អន្ទាក់។
លោក បេន ដាវីស បានចូលទៅធ្វើការអភិរក្សតំបន់ភ្នំពក-ភ្នំត្នោតក្នុងឆ្នាំ២០១២ បន្ទាប់ពីលោកបានមករស់នៅ និងធ្វើការនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩២។
ក្រោយមកលោកបានរៀបការជាមួយស្រ្តីជនជាតិអូស្ត្រាលី កាលពីឆ្នាំ១៩៩៦ ដោយបច្ចុប្បន្នមានកូនស្រី ២នាក់ កំពុងរស់នៅជុំគ្នាក្នុងលំនៅដ្ឋានសាមញ្ញនៅកណ្តាលព្រៃនៃតំបន់ភ្នំពក ភ្នំត្នោតនោះ។
ដោយសារតែលោកបានចូលរួមចំណែកយ៉ាងច្រើន ក្នុងការអភិរក្សព្រៃឈើ និងសត្វព្រៃ នៅកម្ពុជា លោក បេន ប្រពន្ធ និងកូនស្រី២នាក់របស់លោក ត្រូវបានព្រះមហាក្សត្រផ្តល់សញ្ជាតិខ្មែរឱ្យទាំងគ្រួសារកាលពីឆ្នាំ២០២២។
លោក បេន បានរំលឹកកាលពីលោកចាកចេញពីជំរុំនៅតាមព្រំដែនថៃ ចូលមកក្នុងប្រទេសកម្ពុជា ជាលើកដំបូង កាលពីឆ្នាំ១៩៩២ថា កាលនោះកម្ពុជានៅមានព្រៃឈើ និងសត្វព្រៃច្រើនណាស់។
បន្ទាប់ពីបានធ្វើការពីដំបូងនៅភ្នំពេញ ក្រោយមកទៅធ្វើការនៅខេត្តបាត់ដំបង ខេត្តកំពង់ធំ ផ្នែកអភិវឌ្ឍជនបទ លោក បេន បានផ្លាស់ទៅធ្វើការនៅស្រុករវៀង ខេត្តព្រះវិហារ នៅក្នុងឆ្នាំ២០០២ ហើយបានចូលទៅរស់នៅតំបន់អភិរក្សភ្នំពក-ភ្នំត្នោតក្នុងឆ្នាំ២០១២។
បន្ទាប់ពីបានចំណាយពេលជិត១ឆ្នាំ ដើម្បីទាក់ទងទៅសហគមន៍ រដ្ឋបាលព្រៃឈើ អាជ្ញាធរពាក់ព័ន្ធ និងក្រសួងកសិកម្ម ដើម្បីប្រាប់ពីគោលបំណងរបស់លោក ក្នុងការចូលរួមអភិរក្ស និងកែច្នៃតំបន់នេះ ឱ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ ហើយក៏ទទួលបានការយល់ព្រម។
បុរសវ័យ៥៩ឆ្នាំ ដែលមានមាឌធំដំបងរូបនេះ បានឱ្យដឹងថា កាលពីប្រហែលជា៤-៥ឆ្នាំដំបូង គឺកាលពីព្រៃឈើនៅច្រើន មិនមានបញ្ហាអ្វីប្រឈមសម្រាប់ការបំពេញការងាររបស់លោកទេ ហើយនៅពេលនោះ មានការចូលរួមជួយអភិរក្សបានល្អមែនទែន ពីរដ្ឋបាលព្រៃឈើ និងសហគមន៍ ប៉ុន្តែនៅពេលគេកាប់ព្រៃខាងកើត ខាងជើងអស់ ក៏គេសំឡឹងចង់មកយកព្រៃនៅក្នុងតំបន់ភ្នំពក ភ្នំត្នោត ដែលលោកកំពុងធ្វើការអភិរក្សនេះ។
ក្រៅពីការអភិរក្សសត្វព្រៃ និងព្រៃឈើ លោក បេន ក៏ជួយអភិវឌ្ឍន៍សហគមន៍ផងដែរ ដើម្បីឱ្យពួកគេមានជីវភាពកាន់តែប្រសើរឡើង។ បច្ចុប្បន្ន លោក បេន ក៏កំពុងបន្តធ្វើរបងដើម្បីការពារតំបន់ស្នូលធ្វើឱ្យសត្វព្រៃមានសុវត្ថិភាព។
លោកថា៖ «នៅតំបន់នេះ យើងផ្តោតអភិរក្សទៅលើសត្វកម្រ ដូចសត្វទន្សោងច្រើនជាងគេ ហើយសត្វហ្នឹងមានប្រហែល ៧៦ក្បាលរាល់ថ្ងៃ ហើយមានសត្វប្រើស សត្វធំគឺមានតែប៉ុណ្ណឹង តែបើសត្វតូចវាមានច្រើន តែយើងអភិរក្សទាំងអស់ គ្រាន់តែថាយើងអភិរក្សជាងគេ គឺសត្វកម្រ៦ប្រភេទ ក្នុងនោះក៏មានទន្សោង ប្រើស ពង្រូលផងដែរ»។
បច្ចុប្បន្ននៅតំបន់ភ្នំពក ភ្នំត្នោត មានដាក់ពង្រាយកាម៉េរ៉ា ៩០គ្រឿង ជាជំនួយរបស់ USAID កាលពី៣ឆ្នាំមុន សម្រាប់ថតសត្វព្រៃនៅតាមតំបន់ដែលមានសត្វព្រៃឆ្លងកាត់។
លោកនិយាយថា៖ «យើងដាក់កាមេរ៉ាដើម្បីថតរាប់សត្វព្រៃ តាមដានមើលសកម្មភាពសត្វព្រៃពេលខ្លះថតឃើញមានសត្វព្រៃជាប់អន្ទាក់។ បច្ចុប្បន្ននេះ សត្វវាខ្លាចមនុស្សមែនទែន ដូច្នេះវាអត់សូវចេញដើររកស៊ីពេលថ្ងៃទេ វាចេញពេលយប់ដោយសារវាខ្លាចមនុស្ស»។
បច្ចុប្បន្ន លោក បេន ក៏បាននិងកំពុងបន្តជីកស្រះទឹកនៅតំបន់ស្នូល ដើម្បីស្តុកទឹកឱ្យបានច្រើនសម្រាប់សត្វព្រៃផឹកនៅរដូវប្រាំងផងដែរ ដោយសារតំបន់នោះជាព្រៃរបស់ អត់សូវមានទឹកនិងបានធ្វើរបងផង ជីកប្រឡាយនិងធ្វើទំនប់ផង ព័ទ្ធជុំវិញតំបន់ស្នូល។
លោកថា៖ «បច្ចុប្បន្នក្នុងតំបន់ការពារយើងនៅតំបន់ខាងកើតរបង ៥០០០ហិកតា វាអត់មានបញ្ហាទេរឿងកាប់ឈើ ពីព្រោះយើងបង្រ្កាបបានពីមុនហើយ ប៉ុន្តែសត្វព្រៃវាលំបាកណាស់ ពីព្រោះខែប្រាំង ប្រជាជនទំនេរ គេដើរព្រៃ ប្រើឆ្កែរកសត្វ ហើយឆ្កែវាខាំសត្វគ្រប់ប្រភេទ ហើយខែវស្សាគេមានកាំភ្លើងបាញ់សត្វ ឆ្លុះយប់ ហើយគេដាក់អន្ទាក់ដោយទន្សោង យើងឃើញងាប់ ១១ក្បាលហើយគិតពីខែ១ដែលភាគច្រើនងាប់ដោយសារជាប់អន្ទាក់ គឺងាប់ច្រើនជាងរាល់ឆ្នាំ»។
ទាក់ទងនឹងផែនការអភិរក្ស លោក បេន លើកឡើងថា ប្រសិនបើតំបន់នេះទទួលបានប្រាក់ពីគម្រោងរ៉េដបូកនោះ នឹងអាចជួយចូលរួមអភិរក្សតំបន់នេះបានកាន់តែល្អ កាន់តែមានប្រសិទ្ធភាព ពីព្រោះបើមានលុយជួយសហគមន៍ រឿងកាប់ព្រៃឈើ និងបាញ់សត្វ វាអាចកាត់បន្ថយបានច្រើនទី១។ ទី២ គួរធ្វើរបងឱ្យជិត ពីព្រោះបច្ចុប្បន្ននេះ តំបន់នោះវារួមជិតអស់ហើយ ខាងក្រៅមានចម្ការជុំវិញអស់ហើយ ខណៈនៅតាមចម្កាមានអន្ទាក់ មានកាំភ្លើងកែច្នៃ ហើយបើសត្វវាចេញ វាស៊ីដំណាំប្រជាជន ប្រជាជនដាក់អន្ទាក់ និងបាញ់វាអាចបាត់បង់សត្វព្រៃរហូតដល់អស់។
លោក បេន បានរៀបចំតំបន់អភិរក្សភ្នំពក ភ្នំត្នោតនេះ ជាច្រើនឆ្នាំមកហើយ ដើម្បីបំពេញទៅតាមលក្ខខណ្ឌ ដើម្បីទទួលបានថវិកាពីគម្រោងរ៉េដបូក ហើយលោកសង្ឃឹមថា នឹងអាចទទួលបានក្នុងពេលខាងមុខ។
នៅក្នុងរយៈពេល៥ឆ្នាំទៅមុខ លោក បេន ចង់ឃើញតំបន់អភិរក្សភ្នំពក ភ្នំត្នោត មានចំនួនសត្វព្រៃកម្រកាន់តែច្រើនរហូតដល់ភ្ញៀវទេសចរអាចទៅមើលឃើញសត្វព្រៃគ្រប់ៗគ្នា។
យ៉ាងណាក្តី ការបំពេញការងារអភិរក្សរបស់ លោក បេន មិនងាយស្រួលនោះទេ ពីព្រោះឈ្មួញឈើនិងអ្នករកស៊ីទិញឈើ តែងតែរករឿងបង្កបញ្ហាដល់រូបលោក ដោយសារតែលោកធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ពួកគេ។
កាលពីចុងឆ្នាំ២០២៤ ពលរដ្ឋរស់នៅជុំវិញតំបន់ដែនជម្រកសត្វព្រៃភ្នំពក-ភ្នំតោ្នត ជិត១០០នាក់បានផ្តិតមេដៃស្នើសុំកិច្ចអន្តរាគមន៍ពីអភិបាលខេត្តព្រះវិហារ លោក គឹម រិទ្ធី ឱ្យមានចំណាត់ការលើ លោក បេន ដេវីស ដោយចោទថា បុរសជនជាតិអាមេរិករូបនេះ បានគំរាមកំហែងពលរដ្ឋមិនឱ្យបង្កបង្កើនផលលើដីរបស់ពលរដ្ឋដែលមានជាយូរមកហើយ និងថា លោក បេន បានប្រើអំពើហិង្សាលើប្រជាពលរដ្ឋ ថែមទាំងបានដើរល្បាតហួសដែនអភិរក្សរបស់ខ្លួន ដោយពុំបានសហការជាមួយអាជ្ញាធរមូលដ្ឋានទៀតផង។ ប៉ុន្តែបញ្ហានេះ ត្រូវបានសម្របសម្រួលដោះស្រាយជាបន្តបន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធ។
បើទោះបីជាវិសាលភាពនៃព្រៃឈើកម្ពុជា កាន់តែរួមតូចទៅហើយក៏ដោយ ក៏នៅតែមានសេចក្តីរាយការណ៍ពីការកាប់បំផ្លាញឈូសឆាយវាទយកដីព្រៃឈើនៅតាមតំបន់អភិរក្សនៅតែបន្តកើតឡើងនៅឡើយ។
ដូចជាកាលពីចុងខែធ្នូ ឆ្នាំ២០២៤ ក្រុមហ៊ុនសុវណ្ណភូមិរបស់លោកឧកញ៉ា អាន ម៉ាឌី ត្រូវបានគេរាយការណ៍ថា បានឈូសបំពានយកដីព្រៃអភិរក្សបឹងពែរ ក្នុងខេត្តព្រះវិហារ ប្រមាណ ៥០០ហិកតា និងនៅតាមតំបន់ផ្សេងៗទៀត ក៏នៅតែមានការបន្តកាប់ និងឈូសឆាយដីព្រៃផងដែរ។
បើតាមទិន្នន័យស្រាវជ្រាវរបស់សកលវិទ្យាល័យMaryland ក្នុងឆ្នាំ២០២៣ កម្ពុជាបាត់បង់ព្រៃឈើប្រមាណ ១២១ ០០០ហិកតា ក្នុងនោះពាក់កណ្តាលនៃព្រៃឈើដែលបានបាត់បង់ គឺស្ថិតក្នុងតំបន់ការពារដែនជម្រកសត្វព្រៃ ព្រៃឡង់។
ចំណែកទិន្នន័យសរុបប្រមូលដោយ Global Forest Watch គិតត្រឹមខែមេសា ឆ្នាំ២០២៤ បានបង្ហាញថា នៅឆ្នាំ២០២៣ ព្រៃឈើក្នុងតំបន់ការពារដែនជម្រកសត្វព្រៃ ព្រៃឡង់រងការកាប់បំផ្លាញច្រើនជាងគេលំដាប់ទី១ ដែលមានទំហំ ១១ ៥០០ហិកតា។ លំដាប់ទី២ គឺព្រៃឈើក្នុងដែនជម្រកសត្វព្រៃបឹងពែរដែលបាត់បង់អស់ ៧ ២៣២ ហិកតា និងលំដាប់ទី៣ គឺព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ដែលបាត់បង់អស់ ៦ ១២៥ ហិកតា។
អង្គការមាតាធម្មជាតិដែលសកម្មជនរបស់ខ្លួនចំនួន ៥នាក់ កំពុងជាប់ឃុំក្នុងពន្ធនាគារដោយសារតែការចូលរួមជំរុញឱ្យមានការការពារធនធានធម្មជាតិ បានសរសេរសារបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា ឈ្មួញខ្នងធំ ដូចជាលោកឧកញ៉ា ទ្រី ភាព ជាដើម កំពុងសោយសុខលើគំនរឈើប្រណិតដែលពួកគេកំពុងកាប់បំផ្លាញ ក្រោមស្លាកអភិវឌ្ឍន៍។ រីឯយុវជន និងសកម្មជនការពារព្រៃឈើកំពុងតែត្រូវបានធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាលយ៉ាងសម្បើម។
អង្គការនេះ បានចោទសួរថា តើរដ្ឋាភិបាលខ្មែរកំពុងធ្វើដេកលក់ចំពោះឧក្រិដ្ឋកម្មធនធានធម្មជាតិទាំងនេះ ដល់ណាទៀត? តើកម្ពុជាបានទទួលផលចំណេញអ្វីខ្លះដល់សេដ្ឋកិច្ចជាតិពីការរកស៊ីឈើទុច្ចរិតរបស់ឈ្មួញទាំងអស់នោះ?
តើក្រសួងបរិស្ថានកំពុងការពារបរិស្ថាន ឬការពារអ្នកមានអំណាចរកស៊ីឈើខុសច្បាប់? អង្គការនេះ លើកឡើងថា សព្វថ្ងៃនេះ ប្រជាពលរដ្ឋស្លូតត្រង់ត្រូវបានបណ្ដេញចេញពីលំនៅដ្ឋាន អ្នកការពារបរិស្ថានត្រូវបានចាប់ចង បំបិទសិទ្ធិសេរីភាព ដើម្បីតែការអភិវឌ្ឍរបស់លោកឧកញ៉ាទាំងអស់នេះ។ អង្គការមាតាធម្មជាតិ ចោទសួរទៀតថា តើការអភិវឌ្ឍរបស់លោកឧកញ៉ាត្រូវការបំផ្លាញព្រៃឈើ ផ្ទះសម្បែងពលរដ្ឋប៉ុន្មានពាន់លានហិកតាទៀតទៅ?
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយលើបញ្ហានេះបានទេ៕









