រដ្ឋមន្រ្តីការបទេស អាណត្តិប្រធានាធិបតីត្រាំ លោក Marco Rubio បានបង្ហាញឆន្ទៈបន្តជំរុញការស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា ខណៈលោកធ្លាប់សកម្មប្រឆាំងនឹងការដឹកនាំផ្តាច់ការរបស់ លោក ហ៊ុន សែន ប្រើដៃតុលាការកម្ចាត់គណបក្សសង្គ្រោះជាតិ បំពានលើគោលការណ៍សកល។
កាលពីថ្ងៃទី២០ ខែមករា រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio ដែលទើបឡើងកាន់តំណែងថ្មី ក្នុងអាណត្តិរបស់ប្រធានាធិបតីត្រាំ បានផ្តល់បទសម្ភាសន៍ឱ្យសារព័ត៌មាន លើទឹកដីអាមេរិក ដែលត្រូវបានគេដកស្រង់មកចែកចាយលើបណ្តាញសង្គមថា លោក Marco Rubio នឹងជំរុញឱ្យមានការស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
លោកបន្តថា បញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា លោកធ្លាប់តាមដានយ៉ាងយកចិត្តទុកដាក់ ហើយឃើញថា ក្រោមការដឹកនាំរបស់រដ្ឋាភិបាល ហ៊ុន សែន បានបំពាន និងបំផ្លាញវាចោលទាំងស្រុង។
លោកបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កាលពីលោកនៅជាសមាជិកព្រឹទ្ធសភា លោកបានបង្កើតសេចក្តីព្រាងច្បាប់ស្តីពី ប្រជាធិបតេយ្យនៅកម្ពុជា និងស្នើឱ្យដាក់ទណ្ឌកម្មប្រឆាំងរដ្ឋាភិបាលកម្ពុជា ដែលរំលាយបក្សប្រឆាំង និងចាប់ខ្លួន លោក កឹម សុខា ផងដែរ។
លោកបន្តថា ក្នុងសេចក្តីព្រាងច្បាប់នោះ លោកចង់ឃើញកម្ពុជាមានការគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងដោះលែងអ្នកជាប់ឃុំមនសិកាទាំងអស់នៅកម្ពុជា។
តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយប្រាប់វីអូឌីនៅថ្ងៃទី២៩ ខែមករានេះថា លោកមានជំនឿលើរដ្ឋមន្រ្តីការបទេសអាមេរិក ក្នុងការជំរុញស្តារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា។
លោកបន្តថា លោក Marco Rubio ធ្លាប់ជាសមាជិកព្រឹទ្ធសភាអាមេរិកមួយរូប ដែលតែងតែឈឺឆ្អាលការរំលោភសិទ្ធិមនុស្សនៅកម្ពុជា និងធ្លាប់ស្តីបន្ទោសខ្លាំងៗចំពោះការដឹកនាំផ្តាច់ការរបស់មេដឹកនាំគ្រួសារហ៊ុន។
លោកសង្កត់ធ្ងន់ថា លោក Marco Rubio ជាអ្នកប្រជាធិបតេយ្យនិយម ស្អប់របបដឹកនាំផ្តាច់ការ រំលោភសិទ្ធិមនុស្ស បំផ្លាញប្រជាធិបតេយ្យ ដូច្នេះគាត់មិនឳបដៃមើលការបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជាទេ។
លោកថា៖ «ពេលដែលគាត់ជារដ្ឋមន្ត្រីការបរទេសអាមេរិក គាត់ប្រាកដជាកាន់តែដឹងច្បាស់អំពីស្ថានភាពសិទ្ធិមនុស្ស ការរំលោភសិទ្ធិមនុស្ស និងការសម្លាប់ប្រជាធិបតេយ្យ ការចាប់ចងអ្នកប្រឆាំងដាក់ពន្ធនាគារនៅស្រុកខ្មែរ ចឹងហើយបានជាគាត់មានការព្រួយបារម្ភ អំពីស្ថានភាពនៃការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា អ៊ីចឹងហើយបានជាគាត់យកចិត្តទុកដាក់ពីបញ្ហាប្រជាធិបតេយ្យ និងការរំលោភសិទ្ឋិមនុស្សនៅកម្ពុជា អ៊ីចឹងហើយគាត់នឹងធ្វើកិច្ចការហ្នឹងបានល្អ ហើយដើម្បីឲ្យជំរុញឲ្យមានការដោះលែងអ្នកទោសនយោបាយ និងជំរុញឲ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ងាកមកស្ដារប្រជាធិបតេយ្យ»។
សម្រាប់លោក អ៊ុំ សំអាន យល់ថា បើមេដឹកនាំគ្រួសារហ៊ុន មិនព្រមស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សទេ ប្រទេសលោកសេរី រួមទាំងអាមេរិក នឹងបន្តដាក់សម្ពាធកាន់តែខ្លាំងពីការបំផ្លាញប្រជាធិបតេយ្យ។
ម្យ៉ាងវិញទៀត លោកថា បើគ្រួសារហ៊ុនមិនស្តារប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាទេ ឆ្លុះបញ្ចាំងកាន់តែច្បាស់ថា គ្រួសារហ៊ុនជាមេដឹកនាំផ្តាច់ការ និងបំផ្លាញប្រជាធិបតេយ្យ និងរំលោភសិទ្ធិពលរដ្ឋ។
លោកថា៖ «វាប៉ះពាល់ទៅដល់អ្នកវិនិយោគទុន គេមិនហ៊ានទៅបណ្ដាក់ទុននៅកម្ពុជា ហើយនឹងអត់មានប្រព័ន្ធអនុគ្រោះពន្ធ និងរោងចក្រនៅកាន់នៅតែបិទទ្វារបន្ថែមទៀត អ៊ីចឹងវាប៉ះពាល់ទៅដល់ឆ្នាំងបាយរបស់ប្រជាពលរដ្ឋអត់ការងារធ្វើ ព្រោះវិបត្តិសេដ្ឋកិច្ច លក់ដូរក៏មិនដាច់ មិនមានភ្ញៀវទេសចរ គេមិនហ៊ានទៅលេងប្រទេសផ្ដាច់ការយើង។ អ៊ីចឹងវាប៉ះពាល់ដល់ជីវភាពពលរដ្ឋ ហើយកាន់តែជំពាក់លុយធនាគារវ័ណ្ឌក កាន់តែចំណាកស្រុកទៅធ្វើការនៅប្រទេសថៃកាន់តែច្រើន គឺប៉ះពាល់ដល់ក្រពះ និងឆ្នាំងបាយរបស់ប្រជាពលរដ្ឋ»។
បន្ថែមពីនេះ ប្រធានចលនាជាតិតស៊ូ លោក សម រង្ស៊ី ក៏បានបង្ហោះសារលើហ្វេសប៊ុករបស់លោកកាលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដោយនិយាយថា លោក Marco Rubio នឹងធ្វើឲ្យលោក ហ៊ុន សែន ភ័យប្រឈមមុខនឹងបញ្ហាឈឺក្បាលកាន់តែខ្លាំង។
លោកបន្តថា លោក Marco Rubio គឺជាអ្នកដែលគាំទ្រសិទ្ធិមនុស្សនៅកម្ពុជា គាត់មានការយល់ដឹងស៊ីជម្រៅខ្លាំង អំពីបញ្ហាក្នុងប្រទេសកម្ពុជា គាត់ស្គាល់ពីល្បិចយុទ្ធសាស្ត្ររបស់ លោក ហ៊ុន សែន ទាំងអស់ ហើយគាត់ជាមួយនឹងសមាជិកព្រឹទ្ធសភា Markey និង Durbin លោក Rubio បានដាក់សេចក្តីព្រាងច្បាប់ S. 2331 ទៅកាន់ព្រឹទ្ធសភាអាមេរិក ក្នុងគោលបំណងលើកកម្ពស់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ លើកតម្កើនលទ្ធិប្រជាធិបតេយ្យ សេរីភាពនយោបាយ និងសិទ្ធិមនុស្សនៅកម្ពុជា។
ក្នុងសេចក្តីព្រាងច្បាប់ S. 2331 នោះនិយាយថា លោក ហ៊ុន សែន បានកាន់អំណាចនៅកម្ពុជា តាំងពីឆ្នាំ ១៩៨៥ និងជាមេដឹកនាំដែលកាន់អំណាចយូរជាងគេនៅអាស៊ីអាគ្នេយ៍។
ទោះបីជាមានការយកចិត្តទុកដាក់ និងជំនួយពីអន្តរជាតិជាច្រើនទស្សវត្សរ៍ ដើម្បីលើកកម្ពស់ប្រព័ន្ធប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជាក៏ដោយ ក៏រដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនគោរពលទ្ធិប្រជាធិបតេយ្យដែរ។
ប្រភពបន្តថា នៅឆ្នាំ២០១៥ រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានអនុម័តច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលផ្តល់អំណាចដល់រដ្ឋាភិបាលកម្ពុជា ដែលរដ្ឋាភិបាលបានប្រើដើម្បីរឹតបន្តឹងការងារស្របច្បាប់របស់សង្គមស៊ីវិល។
រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ចោទប្រកាន់មានចរិតនយោបាយ។
អ្នកវិភាគនយោបាយ លោក ប៉ោ មករា និយាយថា ការប្តេជ្ញាចិត្តស្តារប្រជាធិបតេយ្យនៅកម្ពុជា របស់អាមេរិក ជាឪកាសល្អសម្រាប់មេដឹកនាំកម្ពុជាបង្ហាញឆន្ទៈពីការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យផងដែរ។
លោកបន្តថា កម្ពុជាដល់ពេលហើយដែលត្រូវស្តារមុខមាត់លើឆាកអន្តរជាតិឡើងវិញ ពីការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ខណៈកម្ពុជាតែងរងការស្តីបន្ទោស ឬរិះគន់ខ្លាំងៗពីការបំផ្លាញប្រជាធិបតេយ្យ។
លោកថា៖ «រដ្ឋាភិបាលគួរតែស្ដារឡើងវិញ គឺពាក់ព័ន្ធនឹងការផ្តល់សិទ្ធិឱ្យប្រជាពលរដ្ឋសិទ្ធិ គឺខ្ញុំចង់សំដៅទៅលើសិទ្ធិនយោបាយ សិទ្ធិការងារសង្គម ហើយនិងសិទ្ធិរស់រានមានជីវិត ផ្នែកសេដ្ឋកិច្ច ចឹងបើរដ្ឋាភិបាលចង់ស្ដារលទ្ធិប្រជាធិបតេយ្យលើចំណុចទាំងបីហ្នឹង ដើម្បីឲ្យវាមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ច ទាល់តែផ្តល់សិទ្ធិពេញលេញ និងប្រជាធិបតេយ្យឱ្យប្រជាពលរដ្ឋ»។
VOD មិនទាន់អាចរកការឆ្លើយតបពី អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានទេគិតត្រឹមថ្ងៃពុធនេះ។
ប៉ុន្តែក្នុងអង្គសន្និបាតថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា រដ្ឋាភិបាលបន្តវេន នឹងទប់ស្កាត់ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ពីសំណាក់អន្តរជាតិ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា និយាយថា បើមេដឹកនាំកម្ពុជា នៅតែជំនះមិនព្រមស្តារប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សទេ ប្រជាពលរដ្ឋនឹងរងគ្រោះ ក្រោមដៃមេដឹកនាំ។
លោកថា៖ «យើងឃើញហើយអ្វីដែលវាកើតមានផលប៉ះពាល់ វាបានកើតមានខ្លះៗហើយ ដូចជារឿងការកាត់ប្រព័ន្ធអនុគ្រោះពន្ធ ២០% ដូចជារឿងការកាត់GSPរបស់សហរដ្ឋអាមេរិក យើងឃើញមានការដាក់ទណ្ឌកម្មមួយចំនួនបន្ថែមទៀត ដូច្នេះខ្ញុំគិតថា ទៅមុខនេះ ប្រសិនបើនៅតែមិនព្រមស្ដារមិនព្រមដោះស្រាយឲ្យបានរួចរាល់ ក្នុងការដោះស្រាយបញ្ហាសិទ្ធិមនុស្ស បញ្ហានយោបាយ បញ្ហាប្រជាធិបតេយ្យឲ្យបានឆាប់រហ័សទេ នោះខ្ញុំគិតថាកម្ពុជាចៀសមិនផុតនឹងរងទណ្ឌកម្មបន្តទៀតនោះទេ»។
យ៉ាងណា លោក នី សុខា យល់ថា វាជាឳកាសល្អដែលរដ្ឋាភិបាលត្រូវអនុវត្តរួមគ្នាជាមួយសហរដ្ឋអាមេរិក ក្នុងការជំរុញស្តារប្រជាធិបតេយ្យ និងសាងកិត្តិយស កេរ្តិ៍ឈ្មោះកម្ពុជាឡើងវិញលើឆាកអន្តរជាតិ។
ការកត់សម្ភាល់របស់អាមេរិក ពីរបៀបរបបដឹកនាំរបស់លោក ហ៊ុន សែន ដែលប្រើរដ្ឋធម្មនុញ្ញជាឧបករណ៍បម្រើនយោបាយជ្រកក្រោមស្លាកប្រជាធិបតេយ្យនេះ ដូចគ្នានឹងការរកឃើញការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន រយៈពេល១ឆ្នាំទៅនេះដែរ។
អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ថា លោក ហ៊ុន ម៉ាណែត បានបរាជ័យពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ តាមការសន្យា ជាមួយសិទ្ធិមនុស្សអន្តរជាតិ(UN)។
អង្គការនោះ សំអាងថា រយៈពេល១ឆ្នាំ នៃការឡើងកាន់អំណាច លោក ហ៊ុន ម៉ាណែត បន្តប្រើប្រព័ន្ធតុលាការជាឧបករណ៍គំរាមកំហែងឥតឈប់ឈរ ដើម្បីបំបិទមាត់អ្នករិះគន់អ្នកនយោបាយជំទាស់ និងអ្នកការពារសិទ្ធិមនុស្ស ដើរផ្ទុយពីគន្លងប្រជាធិបតេយ្យ ដូចឳពុករបស់ខ្លួន។
Human Rights Watch បានលើកឡើងថា រដ្ឋាភិបាលរបស់ លោក ហ៊ុន ម៉ាណែត បានគាបសង្កត់យ៉ាងខ្លាំងទៅលើលំហពលរដ្ឋ ការចូលរួមនយោបាយ និងសេរីភាពជាមូលដ្ឋានផ្សេងទៀតនៅឆ្នាំ២០២៤ ។
ប្រភពដដែល បញ្ជាក់ថា បញ្ហានេះ ជំរុញឱ្យមានការគំរាមកំហែងទៅលើសេរីភាពសារព័ត៌មាន និងការជួបប្រជុំដោយសន្តិវិធី។ មួយវិញទៀត ការអនុវត្តច្បាប់ ការចាប់ខ្លួន និងការឃុំខ្លួន អ្នកប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល ធ្វើឡើងក្រោមហេតុផលនយោបាយ៕









