រលក​តវ៉ា​ជនជាតិ​ដើម​ភាគ​តិច​កក្រើក​ជាថ្មី​ទៀត​នៅ​ខេត្ត​ព្រះ​វិហារ​ប្រឆាំង​ឧកញ៉ា​ស្និទ្ធ​មេដឹកនាំ

វិបត្តិដីធ្លីរាំរ៉ៃមួយ​កន្លែង​នៅ​ខេត្ត​ព្រះវិហារ ជំរុ​ញ​ឱ្យ​ជន​ជាតិដើ​ម​ភាគ​តិច​មួយ​ក្រុម នាំគ្នា​ប្រើ​ដំបង និង​គ​ប់​ដុំថ្ម ទប់​ទល់​នឹង​គ្រឿង​ចក្រ​ចំនួន​៨គ្រឿង របស់​ភាគី​ក្រុម​ហ៊ុន ដែល​ក្រុម​ហ៊ុន​នោះ រង​ការ​ចោទ​ថា បាន​រំលោភ​យកដីធ្លី​ជន​ជាតិ​ដើម​ភាគ​តិច​ជាង​១ពាន់ហិកតា ។

ហេតុការណ៍​នេះ ត្រូវ​បាន​ពលរដ្ឋ​អះ​អាង​ថា ផ្តើម​ចេញ​ពី​មន្រ្តី​មាន​ងារជា​ឧកញ៉ា ស្និទ្ធ​នឹង​មេដឹកនាំ បាន​រំលោភ​យក​ដី​ពួកគេជាង​១ពាន់​ហិកតា កើតឡើងកាលពី​ថ្ងៃ​ទី​២៨ ខែ​មករា​នេះ។

តាមវីដេអូដែល​គេ​ចែក​ចាយ​លើ​បណ្តាញ​សង្គម ភាគី​ក្រុមហ៊ុន​បាន​បើក​អាត្រាក់​ដេញ​បុក​អ្នក​តវ៉ា រីឯ​អ្នក​តវ៉ា​បាន​ប្រមូល​ផ្តុំ​គប់​ដុំ​ថ្ម​តប​វិញ ប្រឆាំង​នឹងការរំលោភបំពានដីធ្លី ។

បញ្ហានេះ អ្នកឃ្លំាំមើល​យល់​ថា ប្រព័ន្ធ​ដឹកនាំ​បែប​បក្សពួក​និយមរបស់​គ្រួសារ​ហ៊ុន កំពុង​ផ្តល់​ស​ញ្ញា​ឱ្យ​អ្នកមានអំណាច និង​ឧកញ៉ា​ខិល​ខូច​បន្ត​ច្បាម​យក​ដី​ពលរដ្ឋ ធ្វើឱ្យ​គោល​នយោបាយ​ទប់​ស្កាត់​ជម្លោះ​ដីធ្លី​របស់​រដ្ឋាភិបាល​បរាជ័យ និង​គំរាម​កំហែងជីវិតពលរដ្ឋក្រីក្រតជំនាន់។

ជនជាតិដើមភាគតិចគួយរស់នៅឃុំឆែប២ លោក កែង កៀន ប្រាប់VOD នៅថ្ងៃ​ទី​២៩ ខែ​មករា​នេះ​ថា ត្រាក់​ទ័រ​៨គ្រឿង​បាន​បើក​កិន​ម៉ូតូ​អ្នក​ភូមិ​​កម្ទេចចោល និង​បង្ក​ឱ្យ​អ្នក​ភូមិ​ម្នាក់​រង​របួស​នៅ​ថ្ងៃ​ទី២៨ ខែមករា។

ប្រភព​បន្តថា ក្នុងពេលនោះ ជនជាតិដើមកួយប្រមាណ ២០០​នាក់ បាន​នាំ​គ្នា​ធ្វើ​ពិធី​សែន​ព្រេន​ដាក់​បណ្ដាសា​ក្រុម​ហ៊ុន​ដែល​ឈូស​ឆាយ​ដី​ពួក​គេ ហើយ​ស្រាប់​តែ​ឃើញ​គ្រឿង​ចក្រ​បាន​មក​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ ក៏មានការប៉ះទង្កិចគ្នាតែម្តង។

លោកថា៖ «ប្រជាពលរដ្ឋគាត់ទៅ គោល​បំណង​គាត់​ទៅ​រៀប​ចំ​សែន​ព្រេន​នៅ​តំបន់​ជំនឿ​របស់​ពួក​គាត់​ទេ។ ពេល​ទៅ​ដល់ មាន​គ្រឿងចក្រ​ទាំង​នោះ គាត់​ចាប់​ផ្តើម ចាប់​តាំង​អាត្រាក់​បាន​ក៏​រៀប​ចំ​សែន​ព្រេន​រួច ហើយ​អាត្រាក់​ក៏​មក ហើយ​ក្រុម​ការងារ​ខាង​គ្រឿង​ចក្រ​ខាង​ឈូស​ឆាយ​ហ្នឹង​គេ​ស្ទាក់​នៅ ផ្លូវ​៧ ទៅ​៨គ្រឿង។ យើងដឹងហើយថា គោល​បំណង​គេ មក​យក​អាត្រាក់​ដែល​យើង​ចាប់​ហ្នឹង គ្រឿង​ចក្រ​គេ​នៅ​ស្ទាក់​ផ្លូវ ៨គ្រឿង បើយើង​គិត​ទៅ​ថា​ដី​របស់​ជន​ជាតិ​ដើម​ភាគ​តិច​មាន​ស្រែ មាន​ចម្ការ ក្នុ​ង​នោះ​ហើយ​ព្រៃ​នោះ ក៏ព្រៃ​អាស្រ័យ​អនុផល​ផង អាស្រ័យ​ផល​ផង ហើយជាតំបន់ដែលគាត់ធ្លាប់ថាឃ្វាលគោឃ្វាលក្របី»

បើតាម អ្នកភូមិឱ្យដឹង​ថា គ្រឿងចក្រនោះជា​របស់អភិបាលរងខេត្តព្រះវិហារ​ លោក អ៊ុន គឹម​សាន្ត ដែល​មាន​ងារ​ជា​ឧកញ៉ា បាន​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​របស់​ជន​ជាតិ​ដើម​ភាគ​តិច​គួយ​ លើ​ផ្ទៃដី​ជាង ១ពាន់ហិកតា​ នៅភូមិ​ដង​ផ្លិត និង​ភូមិ​ណារុង ក្នុង​ស្រុក​ឆែប​ ខេត្ត​ព្រះវិ​ហារ។

លោក អ៊ុក គឹមសាន គឺជាសមាជិកគណៈ​កម្មាធិការកណ្តាល និង​ជា​ប្រធាន​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ព្រះវិហារ ហើយ​ក៏​មាន​ងារ​ជា​ឧកញ៉ា​ផងដែរ។

VOD មិនទាន់អាចទាក់ទងសុំការបំភ្លឺពីអភិបាលរង​ខេត្តព្រះវិហារ លោក អ៊ុក គឹមសាន បាន​នៅ​ឡើយ​ទេ គិតត្រឹមម៉ោងផ្សាយនេះ។

យ៉ាងណា អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា​លើកទី៤៥ ក៏បានវាយតម្លៃថា ជាង​១ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ប្រទេសជាតិ​មាន​ការអភិវឌ្ឍ​ឥតឈប់​ឈរ ធានា​ដល់​ការ​ពង្រឹង​សន្តិភាព ​សណ្តាប់​ធ្នាប់សាធារណៈ ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច និង​ការ​គោរព​នូវ​សិទ្ធិ​សេរី​ភាព​របស់​ពលរដ្ឋ​ជាដើម។

ជាមួយគ្នានេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​សារពិសេសស្តីពីកម្មវិធី «ផ្តល់ដី ការ​ពារ​ព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព» ដោយសំអាងថា ជាយន្តការ​ផ្តល់​ដី​ឱ្យ​ពលរដ្ឋ​ក្រីក្រ និង​ចូល​រួម​ទប់ស្កាត់​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិជន។

លោកថា៖ «នៅក្នុងន័យនេះ ការដាក់​ចេញ​នូវ​កម្មវិធី​ផ្តល់​ដី​ការពារព្រៃ ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍​ដោយ​ចីរភាព​ មិន​ត្រឹម​តែ​បង្កើន​ថាមពល​នៅ​ក្នុង​ការ​ដោះ​ស្រាយ​ដី​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​ដែល​គ្មាន​ដី​ពិតប្រាកដ ប៉ុន្តែ​ថែម​ទាំង​ចូល​រួម​ទប់​ស្កាត់​សកម្មភាព​ទន្ទ្រាន​ដី​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ ឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការ​ការពារ និងអភិរក្សព្រៃឈើ»។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា ចាត់ទុក ការ​អះអាង​របស់​បក្ស​កាន់​អំណាច ជា​ភាសា​​ផ្ទុយ​ពី​ការ​ពិត​ជាក់​ស្តែង​ដែល​កំពុង​កើត​មាន ដូច​ករណី​ជម្លោះ​ដីធ្លី​ដែល​កើត​ឡើង​ក្នុង​ខេត្ត​ព្រះវិហារ​ ថ្មីៗនេះ ហើយ​ថា បញ្ហា​ដែល​ដោះ​ស្រាយ​មិន​ចេញ​វា​កើត​ចេញ​ពី​ប្រព័ន្ធ​​ដឹក​នាំ​បែប​គ្រួសារ​និយម​របស់​គ្រួសារ​ហ៊ុន។

លោកថា៖ «នៅក្នុងប្រព័ន្ធនៃការដឹកនាំដោយឯកបក្ស​ តាមរបៀបការដឹក​នាំ​បុគ្គល​និយម គឺ​មាន​លក្ខណៈ​ជា​គ្រួសារ​និយម​ ពិត​ណាស់​វា​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ដែល​កើត​ឡើង​នៅ​ក្នុង​ប្រទេស​ជាតិ​បច្ចុប្បន្ន​នេះ​ទេ យើង​ឃើញ​ទាំង​អស់​គ្នា ជាក់​ស្ដែង​ដូច​ជា​បញ្ហា​ដែល​កើត​ឡើង​ទាក់​ទង​នឹង​រឿង​ដីធ្លី នៅ​តែ​បន្ត​អូស​បន្លាយ ជា​ហូហែរ យើង​ឃើញ​ថា​វា​អត់​មាន​អី​ភាព​ប្រសើរ​ឡើង​កាន់​តែ​កើន​ឡើង​ធ្ងន់​ធ្ងរ​ឡើងៗ»

ដោយឡែក អនុ​ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស ​និង​ដីធ្លី នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ​លោក យិន ម៉េងលី ប្រាប់​VODថា ​រដ្ឋាភិបាល​ត្រូវ​សើរើ​ឡើង​វិញ ចំពោះ​ការ​ផ្តល់​ដី​សម្បទាន​ដល់​ក្រុម​ហ៊ុន​ឯកជន។ លោក​ថា បញ្ហា​ទំនាស់​ដីធ្លី​ដែល​រាំរៃ​ដោះ​មិន​ចេញ​វា​កើត​ចេញ​ពី​ក្រុម​ឧកញ៉ា និង​អ្នក​មាន​អំណាច បន្ត​រំលោភ​បំពាន​លើ​ពលរដ្ឋ​ក្រីក្រ។

លោកថា៖ «កាលណាមានអំពើហិង្សាកើតឡើង វាអាចបង្កឲ្យមាន​ការប្ដឹង​ផ្ដល់​គ្នា ទៅ​តុលាការ​ទី​បំផុត ប្រជាពលរដ្ឋ ឬ​ក៏​ជន​ជាតិ​ដើម​ភាគ​តិច គាត់​ប្រឈម​ទៅ​នឹង​បញ្ហា​តាម​ផ្នែក​តុលាការ​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​ជីវភាព​របស់​ពួកគាត់ ដែល​កំពុង​តែ​ធ្លាក់​ក្រីក្រ​ ពាក់​ព័ន្ធ​នឹង​បំណុល​ហើយ​បាត់​បង់​ដី​ថែម​ទៀត។ អ៊ីចឹងរដ្ឋាភិបាល ការប្ដេជ្ញា​ចិត្ត​ជា​ការ​ល្អ ប៉ុន្តែត្រូវ​តែ​ធ្វើ​ឱ្យ​បាន​នូវ​អ្វី​ដែល​ប្រមុខ​រដ្ឋាភិបាល​បាន​លើក​ឡើង។ ខ្ញុំទទូច​ថា សុំ​ឲ្យមាន​ការ​ត្រួត​ពិនិត្យ​ឡើង​វិញ​ទាំង​អស់ ទៅ​លើ​បញ្ហា​គោល​នយោបាយ​ដីធ្លី​ ទៅលើ​បញ្ហា​ដីធ្លី​ដែល​បាន​ប្រគល់​ឲ្យ​ពិនិត្យ​ឡើង​វិញ​ទាំង​អស់»។

របាយ​ការណ៍ស្តីពី​ស្ថានភាព​វិវាទ​ដីធ្លី ដែលចេញផ្សាយដោយសមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក ក្នុង​ឆ្នាំ​​២០២២ ឱ្យដឹងថា ​ជម្លោះដីធ្លីក្នុងឆ្នាំ២០២១ ​មានចំនួន ១៦៩ករណី​ ​លើផ្ទៃដីទំហំ ជា​ង ៥ម៉ឺនហិកតា ប៉ះពាល់ជន​រងគ្រោះជិត ២ម៉ឺនគ្រួសារ ស្មើជាង​៦ម៉ឺ​​ននាក់ មានជនជាតិ​ដើម​ភាគ​តិច ១ ៣៤៧គ្រួសារ។

របា​យការណ៍​​រក​ឃើញថា កត្តា​ចម្បង​ដែល​នាំឲ្យមាន​ការចាប់ខ្លួន-ចោ​ទប្រកាន់-ឃុំខ្លួន ប្រជា​ពលរដ្ឋ​​ក្នុង​រឿ​ងវិ​វា​ទដីធ្លី គឺ​ដើម្បីបំបាក់​ស្មារតី​ប្រជាពលរដ្ឋ​ម្ចាស់ដី ឲ្យពួក​គាត់លែង​ហ៊ានប្រើ​សិទ្ធិ ក្នុងការទាម​ទារ​តវ៉ា​ស្វែង​រកយុត្តិធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ