គណបក្សកម្លាំងជាតិថា​​ការ​ចាប់​ខ្លួន​សមាជិក​​​ខ្លួន​​​ម្នាក់​​ទៀត ជាកា​រ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោ​បាយ​

គណបក្សកម្លាំងជា​តិ ថា​ការ​​ចាប់​ខ្លួន​​​​សមាជិកបក្សរបស់ខ្លួនមួយរូបទៀត​​នៅក្រុង​ដូនកែវ ខេត្ត​តាកែវ ជា​ការ​បន្ត​​ធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ​ដោយ​គណបក្សក្រៅរដ្ឋាភិបាល​មួយនេះ អំពាវ​​នាវ​ដល់​អាជ្ញាធរមា​នស​មត្ថកិច្ច ដោះ​លែង​ លោក ផាន់ សារ៉ាត់ និង​សកម្មជន​នយោ​បាយ​ទាំង​អស់ ឱ្យមានសេរីភាពវិញ ដើម្បីធានាបាននូវបរិយាកាសនយោបាយល្អនៅកម្ពុជា។

សេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ឱ្យដឹងថា លោក ផាន់ សារ៉ាត់ អាយុ ៤៧ឆ្នាំ ជា​អនុប្រធាន​គណៈកម្មាធិការ​​ប្រតិបត្តិ​ក្រុង​ដូន​កែវ នៃ​គណបក្ស​កម្លាំង​ជាតិ ត្រូវ​បាន​​ជន​​ស្លៀក​ពាក់​ស៊ីវិល ចាប់ខ្លួន​កាលពីថ្ងៃម្សិលមិញ នៅចំនុច​ភូមិ​ធន់មន សង្កាត់​បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ដោយមិនដឹងមូល​ហេតុ និ​​ងគ្មាន​ការ​បង្ហាញដីកា​ចាប់ខ្លួនឡើយ។

គណបក្សនេះ ចាត់ទុកការចាប់ខ្លួនលោក ផាន់ សារ៉ាត់ ដែលជាសកម្មជនបក្សមួយរូបទៀត​នេះ​​ថា​ជារូបភាពបំភិតបំភ័យថ្មីមួយទៀត និងជា​ការ​បន្តធ្វើទុក្ខបុកម្នេញទៅលើថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា​បក្ស ដោយឥតឈប់ឈរ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់​ដំណើរ​ការ​នៃ​ការ​អនុវត្ត​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ​សេរីពហុបក្ស នៅកម្ពុជា។

ករណីនេះ គណបក្សកម្លាំងជាតិ បាន​អំពាវនាវដល់អាជ្ញាធរ​មានសមត្ថកិច្ច ដោះលែង លោក ផាន់ សារ៉ាត់ និងអ្នកជាប់ឃុំនយោបាយទាំងអស់ ឱ្យមានសេរីភាពឡើងវិញ ដើម្បីធានានូវបរិ​យា​កាសនយោបាយ​ល្អ ដល់គ្រប់គណបក្សនយោបាយ ក្នុងកា​រធ្វើសកម្មភាពនយោបាយ​ ដោយ​មិន​មាន​​ការ​ព្រួយបារម្ភ​ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពី​គណបក្សនយោបាយ​។

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន មានប្រសាសន៍បន្ថែមលើ​សេចក្តីថ្លែងការណ៍​ថា  លោក ផាន់ សារ៉ាត់ ត្រូវ​បាន​ជនស៊ីវិល​មួយក្រុម ចាប់ខ្លួនកាលពីម៉ោងប្រមាណ ៤រសៀល​ថ្ងៃ​ម្សិល​មិញ ហើយ​​​​គិត​មក​ដល់​ម៉ោង​៣រសៀល​ថ្ងៃ​ពុធ​​នេះ ខាង​គណបក្ស​នៅ​មិន​ទាន់​ដឹង​ថា គេ​ចាប់​បញ្ជូន​​រូប​គាត់​ទៅ​ទី​ណា​នៅ​ឡើយ។ លោកបន្តថា លោក ផាន់ សារ៉ាន់ ជាសកម្មជន​គណបក្ស​ ដ៏​សកម្ម​​មួយ​រូប​​ប្រចាំ​នៅ​ក្រុង​ដូនកែវ ខេត្តតាកែវ។ 

លោក​បន្តថា៖ «បើយើងពិនិត្យមើលទៅ គាត់​[លោក ផាន់ សារ៉ាត់]​មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ឆ្គង​អី​ទេ ហើយ​​ចឹង​​យើង​ឃើញ​​ថា​រូប​ភាព​នៃ​ការ​​ចាប់​ ជា​ការ​គំរាមកំហែង ការ​បំភិតបំភ័យទៅ​​ដល់​សកម្ម​​ជន​​ផ្សេងៗ​ទៀត​ ហើយ​​យើង​មិន​ចង់​ឃើញ​រូប​ភាព​​ការ​​ចាប់បន្តទៅ​ទៀតទេ ពី​ព្រោះ​ធម្មតា​សង្គម​បើ​​ប្រជា​ធិប​តេយ្យ វាត្រូវ​តែបើកលំហរសិទ្ធិនយោបាយ​ឱ្យ​បាន​គ្រប់គ្រាន់ ហើយ​បើសិនជា​នៅតែការ​ប្រើ​ប្រាស់ ​ចាប់បន្តបន្ទាប់ អីចឹងវាឆ្លុះបញ្ចាំងថា សង្គម​យើងមិន​ទាន់​បានផ្តល់នូវ​លំហ​សេរីភាពនយោបាយហ្នឹង​បាន​ពេញ​លេញ ចឹងដំណើរការ​បោះឆ្នោត​នៅ​ពេលខាងមុខ ក៏មិន​អាច​កំណត់ថាដំណើរការ​បោះឆ្នោត​ហ្នឹង វាត្រឹម​ត្រូវ​ យុត្តិធម៌ដែរ»។

លោក រ៉ុង ឈុន ក៏បានអំពាវនាវដល់អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​​​ផ្តល់សេរីភាពជូន លោក ផាន់ សារ៉ាត់ ឡើង​វិញ ដោយគ្មានលក្ខខណ្ឌ។ 

លោក នុត សារុម នាយរងផ្នែកព្រហ្មទណ្ឌនៅក្រុងដូនកែវ មានប្រសាសន៍យ៉ាងខ្លី​ថា នគរបាល​សន្តិសុខផ្ទៃក្នុង​ បាន​ចុះទៅ​​ចាប់ លោក ផាន់ សារ៉ាត់ ដោយ​ផ្ទាល់​ និង​បាន​បញ្ជូន​ទៅ​សួរ​នាំ​ភ្លាមៗ​នៅ​រាជធានី​ភ្នំពេញ។ តែយ៉ាងណា លោកមិនដឹងថា ការ​ចាប់ខ្លួននោះ ពាក់ព័ន្ធនឹង​ករណីអ្វីនោះ ខណៈ​លោក​​គ្រាន់​តែជា​សមត្ថកិច្ច​មូលដ្ឋាន ដែល​ចូលរួមសហការតែប៉ុណ្ណោះ។ 

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញករណីនេះ ពីស្នងការ​នគរបាលខេត្តតាកែវ លោក ម៉ែន លី អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា និង​អ្នកនាំពាក្យ​រង​ក្រសួង​មហា​ផ្ទៃ​​ លោក ទូច សុខៈ បាន​​ទេ នៅ​រសៀលថ្ងៃពុធនេះ។ 

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា លីកាដូ​បាន​ទទួល​ព័ត៌​មាន​ពី​ករណី​ចាប់​ខ្លួន​ លោក ផាន់ សារ៉ាត់ នេះ​ដែរ និង​​កំពុង​ឃ្លាំ​មើល និង​ប្រមូល​ព័ត៌​មាន​ជុំវិញ​ការ​ចាប់ខ្លួននេះ ថាតើ​កើតឡើង​ដោយ​​សារ​មូល​ហេតុ​អ្វី​អោយ​បាន​ពិត​ប្រាកដ។

លោក​បន្ត​ថា៖ «អីចឹងជារួមទៅ​យើងឃើញហើយ ការ​ចាប់ខ្លួនទៅលើសកម្មជនគណបក្ស​នយោ​បាយ​​ណា​មួយ វា​តែង​មាន​ការ​រិះ​គន់​ពី​ការចាប់ខ្លួនហ្នឹង ប៉ុន្តែយើង​ជាអង្គការសង្គម​ស៊ីវិល យើង​ទទួល​ព័ត៌មាន​នេះ គឺ​​យើ​ង​​ត្រូវធ្វើការស្រាវជ្រាវស្វែងរក​ព័ត៌មាន​​ឱ្យ​បាន​ជាក់​លាក់ ហើយ​និង​មូល​ហេតុ​នៃ​ការ​ចាប់​ខ្លួន​ឱ្យបា​ន​ជាក់លាក់ជាមុនសិន»។

គិតមកទល់ពេលនេះ​ រដ្ឋាភិបាលរបស់ លោក ហ៊ុន ម៉ាណែត នៅតែ​​បន្ត​​ចាប់ និង​ឃុំខ្លួន​អ្នក នយោ​​បាយ អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស សកម្មជន​បរិស្ថាន សហជីព និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម កើន​ឡើង​ដល់​​ជាង ១០០​នាក់ ដោយ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​មួយ​ចំនួន ដោយ​សារ​តែ​ភាព​​សកម្ម​និយម និង​ការ​បញ្ចេញ​មតិ ដោយ​អហិង្សា។

បើតាមមន្ត្រីបក្សប្រឆាំង មាន​​អ្នក​នយោបាយ​នៅ​ក្រៅ​រដ្ឋាភិបាល យ៉ាង​ហោច​ណាស់​​ជិត ៥០ នាក់ ត្រូវ​​បាន​​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ តាំង​ពី​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ឡើង​កាន់ អំណាច។

 ដោយ​ឡែក សម្រាប់​តែ​គណបក្សកម្លាំង​ជាតិ​មួយ គឺ​មាន​ក្បាល​ម៉ាស៊ីន​របស់​គណ​បក្ស​​នេះ​​ជា​ច្រើន​​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ក្នុងនោះ​មាន លោក ស៊ុន ចន្ធី អតីត​ប្រធាន​គណ​បក្ស លោក អ៊ុំ វីរៈរដ្ឋ អគ្គ​ហិរញ្ញិក​គណ​បក្ស(ត្រូវបានដោះលែងវិញក្រោយចុះចូល) លោក ជិន ប៊ុន​ណ្ណារ័ត្ន អគ្គ​នាយក​រដ្ឋ​បាល លោក មឺ សេងហ៊ ហៅ គា វិសាល អនុប្រធានគណបក្សកម្លាំង​ជាតិ​ខេត្ត​កំពង់​ចាម និង​​ចុង​ក្រោយនេះមានការ​ចាប់ខ្លួន​​លោក ផាន់ សារ៉ាត់ អនុប្រធានគណៈកម្មាធិការ​ប្រតិ​បត្តិ​ក្រុង​ដូន​កែវ ជាដើម។

សភាសហភាព​អឺរ៉ុប កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ២០២៤ បាន​ចេញ​សេចក្ដី​សម្រេច​ដោយ​ជំរុញ​ឱ្យ​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប និង​សហគមន៍​អន្តរជាតិ ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ឱ្យ​មាន​ប្រសិទ្ធ​ភាព​លើ​ក្រុម​មនុស្ស ដែល​​ទទួល​ខុស​ត្រូវ​លើ​ការ​រឹត​ត្បិត​ផ្នែក​នយោបាយ និង​ដាក់​សម្ពាធ​​លើ​រដ្ឋាភិបាល​កម្ពុជា រហូត​ទាល់​តែ​អ្នក​ទោស​នយោបាយ​ទាំង​អស់ ត្រូវ​បាន​ដោះ​​លែង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ