ការរកឃើញបទល្មើសព្រៃឈើទ្រង់ទ្រាយធំជាថ្មីទៀត លើទឹកដីខេត្តមណ្ឌលគិរី ជំរុញឱ្យមានការរិះគន់ថា រដ្ឋាភិបាលថ្មី បានបរាជ័យដូចរដ្ឋាភិបាលចាស់ដែរ លើវិធានទប់ស្កាត់បទល្មើសព្រៃឈើក្នុងប្រទេសកម្ពុជាច្រើនទសវត្សរ៍ទៅនេះ ដោយសារតែសែស្រឡាយបក្ខពួក និងឱបក្រសោបមន្ត្រីពុករលួយ។
ការលើកឡើងបែបនេះ ក្រោយពីសកម្មជនព្រៃឈើ បានបង្ហោះរូបភាព គោយន្តជាច្រើនគ្រឿងតម្រង់ជួរគ្នា ព្យាយាមដឹកឈើប្រភេទធំៗ ចេញពីព្រៃមួយកន្លែងក្នុងទឹកដីខេត្តមណ្ឌលគិរី។
សកម្មជនព្រៃឈើ លោក តាន់ គឹមសួរ ដែលគេស្គាល់ជាទូទៅថា ជាអ្នកសកម្មមួយរូប ចូលរួមទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៨ ខែមករានេះ បានបង្ហោះរូបភាពគំនរឈើ និងគោយន្តដឹកឈើរាប់សិបគ្រឿង ក្នុងព្រៃមួយកន្លែងស្ថិតក្នុងខេត្តមណ្ឌលគិរី។ លោកបាននិយាយលើហ្វេសប៊ុករបស់លោកដោយចោទជាសំណួរថា ឈើដែលអាចដឹកជញ្ជូនចេញទៅក្រៅប្រទេសបាន ត្រូវឆ្លងកាត់សមត្ថកិច្ចដែលពាក់ព័ន្ធច្រើនណាស់។
លោកបន្តថា នៅក្នុងព្រៃមានមន្ត្រីឧទ្យានុរក្ស នៅក្រៅព្រៃមានមន្ត្រីរដ្ឋបាលព្រៃឈើ កងរាជអាវុធហត្ថ ប៉ូលិសសេដ្ឋកិច្ច និងមានគយចល័ត បន្ថែមពីនេះ នៅតាមច្រកព្រំដែនមាននគរបាលអន្តោប្រវេសន៍នៅចាំយាមទាំងអស់។
លោកចោទសួរថា តើឈើទាំងអស់នោះ ធ្វើយ៉ាងណាទើបអាចឆ្លងកាត់ដំណាក់កាលជាច្រើនខាងលើបានដោយរលូន?។
VODមិនអាចសុំការបញ្ជាក់បន្ថែម ពីលោក តាំង គឹមសួរ ដើម្បីសុំបញ្ជាក់ទីតាំងដែលរកឃើញបទល្មើសព្រៃឈើទ្រង់ទ្រាយធំនេះនៅកន្លែងណាពិតប្រាកដ និងមានការជាប់ពាក់ព័ន្ធនឹងមន្ត្រី ឬក្រុមហ៊ុនណាពិតប្រាកដនៅពីក្រោយបទល្មើសនេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ។
ដោយឡែក អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន ក៏មិនអាចសុំការបញ្ជាក់បានដែរ ដោយទូរសព្ទរបស់លោកត្រូវបានចុចផ្តាច់ច្រើនដង។
ប៉ុន្តែអំឡុងដើមឆ្នាំ២០១៥ អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន ធ្លាប់ប្រកាសប្រើកណ្តាប់ដៃដែក ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើទ្រង់ទ្រាយធំក្នុងប្រទេសកម្ពុជា។ ពេលនោះ លោកបង្កើតក្រុមការងារពិសេសមួយដែលដឹកនាំដោយមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកសៅ សុខា។
លោកថា៖ «យើងទទួលស្គាល់អាការកាប់បំផ្លាញព្រៃឈើនៀក អាហ្នឹងគឹត្រូវតែមានទោសហើយត្រូវតែបង្ក្រាប ហើយខ្ញុំឱ្យឧត្ថមភាចក្រ២គ្រឿង សៅ សុខា មិនទាន់បាញ់ផងទេ ខ្ញុំឱ្យបាញ់ បើថាវាប្រហើនរ៉ូកែតដាក់ពីលើម៉ង អត់មានរញេរញ៉ៃទេ»។
បន្ថែមពីនេះ ក្រោយឡើងកាន់តំណែងបន្តេវេនពីឪពុក នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការទប់ស្កាត់បទល្មើសព្រៃនេះផងដែរ ក្រោយពីលោក ទទួលស្គាល់ថា បទល្មើសព្រៃឈើនៅតែបន្តកើតមាន។
លោកថា៖ «ចឹងខ្ញុំសុំចេញបញ្ជាឱ្យបណ្ដាសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ អនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងបំផុត ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិនេះ។ ទីពីរ សុំឲ្យគណៈកម្មការជាតិដើម្បីទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា គណៈបញ្ជាការឯកភាពរាជធានីខេត្ត ត្រូវបញ្ជាអនុវត្តផ្ទាល់ដោយមានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រៀមផ្តល់ការសហការគាំទ្រ ចាំបាច់ចាត់វិធានការច្បាប់ការពារ បើមិនអ៊ីចឹងទេ យើងនឹងរងគ្រោះមនុស្សតិចបានផលនោះច្រើនវេទនា រួមគ្នាទៅអ្នកដែលរកស៊ីចំណេញពីអាហ្នឹងច្រើនពេក ឥឡូវត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ខិតខំធ្វើយ៉ាងណាសហការ ហើយក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវពង្រឹង និងបង្កើនកិច្ចសហការក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវនិងវិជ្ជាជីវៈ»។
ដោយឡែក សកម្មជនព្រៃឈើ លោក ហេង ស្រស់ បានឱ្យដឹងនៅថ្ងៃទី២៩ ខែមករានេះថា បច្ចុប្បន្នបទល្មើសព្រៃឈើកាន់តែកក្រើកឡើងវិញ ដែលឈ្មួញធំៗ កំពុងមមាញឹករកស៊ីឈើក្នុងទ្រង់ទ្រាយធំ ដូចជា នៅតំបន់ភូមិភាគឥឦសាន និងតំបន់ជួរភ្នំក្រវាញ។
លោកបន្តថា បទល្មើសព្រៃឈើដែលនៅតែបន្តរីករាលដាលច្រើនឆ្នាំទៅនេះ បានឆ្លុះបញ្ចាំងថា សាររបស់មេដឹកនាំ មានតែលើបបូរមាត់ តែគ្មានឆន្ទៈការពារធនធានធម្មជាតិក្នុងប្រទេសកម្ពុជាទេ។
លោក ហេង ស្រស់ គូសបញ្ជាក់ថា បើមេដឹកនាំមានឆន្ទៈការពារធនធានធម្មជាតិពិតមែន រដ្ឋាភិបាលថ្មី គួរតែបញ្ឈប់រាល់គម្រោងដីសម្បទានសេដ្ឋកិច្ច គម្រោងទំនប់វារីអគ្គិសនី រួមទាំងគម្រោងផ្សេងៗទៀត ដែលនាំឱ្យប៉ះពាល់ព្រៃឈើ និងតំបន់អភិរក្សក្នុងប្រទេសកម្ពុជា។
លោកថា៖ «ហើយយើងមើលឃើញថា ទាំងរាជកាលមុន ទាំងរាជកាលនេះ គឺសុទ្ធសឹងតែបំផ្លាញធនធានធម្មជាតិ លក់ធនធានធម្មជាតិ ដើម្បីតែទប់ទល់នៅតែអំណាចរបស់ខ្លួនលើការប្ដេជ្ញាចិត្តឲ្យមានការទប់ស្កាត់បទល្មើសព្រៃឈើ ការពារព្រៃឈើឱ្យបាន ខ្ញុំគិតថា វាគ្រាន់តែជាការស្រែក ដើម្បីឲ្យតែល្អមើលដើម្បីឲ្យគេទះដៃសាទរបានតែប្រាំនាទី ប៉ុន្តែជាការពិតនៅពីខាងក្រោយខ្នងអ្នកទាំងអស់នោះ គប់គិតគ្នាលក់នូវធនធានធម្មជាតិគ្រប់លំដាប់ថ្នាក់ យកលុយដើម្បីចែកគ្នា ហើយនឹងទប់កុំឲ្យបាត់បង់អំណាចរបស់ខ្លួនតទៅថ្ងៃមុខ ក៏ដូចជានៅពេលបច្ចុប្បន្ននេះ»។
លោកសង្កត់ធ្ងន់ថា បទល្មើសព្រៃឈើដែលកំពុងរីកដុះដាលនៅពេលនេះ បានប្រទាក់ក្រឡាគ្នា រវាងមន្ត្រីកងកម្លាំងដែលស្និទ្ធនឹងរដ្ឋាភិបាល ដែលបានចាប់ដៃគ្នាជាមួយក្រុមឈ្មួញខិលខូច រួមទាំងក្រុមឧកញ៉ាជាច្រើនទៀត ដែលមានឈ្មោះអាស្រូវតាំងពីរដ្ឋាភិបាលចាស់។
បន្ថែមពីនេះ សកម្មជនព្រៃឈើលោក ហឿន សុភាព បានលើកឡើងថា ក្នុងអាណត្តិរដ្ឋាភិបាលថ្មីនេះ បទល្មើសព្រៃឈើនៅតែបន្តកើតមានជាហូរហែរ ក្រោមដៃមន្រ្តីពុករលួយ ឬអ្នកមានអំណាចមួយចំនួន។
លោកថា ការបរាជ័យទប់ស្កាត់បទល្មើសព្រៃឈើរបស់រដ្ឋាភិបាលថ្មី មកពីរដ្ឋាភិបាលថ្មី រក្សាទុកមន្ត្រីចាស់ៗ ដែលធ្លាប់មានឈ្មោះអាស្រូវពុករលួយ ជុំវិញបទល្មើសព្រៃឈើនេះ។
លោកបន្តទៀតថា រដ្ឋាភិបាលថ្មី គួរតែផ្លាស់ប្ដូរយុទ្ធសាស្រ្តថ្មី តាមរយៈបង្កើនការអនុវត្តច្បាប់វះកាត់មន្ត្រីដែលប្រព្រឹត្តអំពើពុករលួយ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់។
លោកថា៖ «ប្រសិនជារដ្ឋាភិបាលគាត់ចុះស្រាវជ្រាវមន្ត្រីរាជការនៅតាមមូលដ្ឋាន ឬក៏មន្ត្រីដែលពាក់ព័ន្ធជាមួយបទល្មើស ហើយយកទៅផ្ដន្ទាទោសដូចអ្នកផ្សេងៗបាន ខ្ញុំគិតថា វានឹងអាចធូរស្រាល ប៉ុន្តែរូបភាពនៅក្នុងប្រទេសកម្ពុជា ប្រជាជនមើលតាមបណ្ដាំរបស់មន្ត្រីអាជ្ញាធរមួយចំនួនដែរ ព្រោះគាត់អត់ឈប់ផងឱ្យប្រជាជនតូចតាចគាត់ឈប់ណាកើត ព្រោះគាត់មានភាពខ្វះខាត ម្យ៉ាងទៀតជំពាក់ធនាគារច្រើន គឺប្រឈមជំរុញទឹកចិត្តឲ្យខ្លួនឯងដឹងតែធ្វើការងារខុសច្បាប់ ដើម្បីប្ដូរយកលុយទៅសងបំណុលធនាគារ»។
ប្រហាក់ប្រហែលនេះដែរ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និយាយថា ការបន្តរីករាលដាលបទល្មើសធនធានធម្មជាតិ កើតចេញពីភាពអសកម្មរបស់មន្ត្រីពាក់ព័ន្ធ និងអំពើពុករលួយដែលបានចាក់ឫសជ្រៅក្នុងក្បាលម៉ាស៊ីនដឹកនាំរដ្ឋ។
លោកថា៖ «កាលណាមានពាក់ព័ន្ធរឿងផលប្រយោជន៍ អ្នកពាក់ព័ន្ធនឹងអំពើពុករលួយ ខ្ញុំជឿថា បទល្មើសព្រៃឈើនេះ នៅតែបន្ត ព្រោះថាបើសិនជាឈ្មួញឈើ និងប្រជាពលរដ្ឋធម្មតាមិនអាចប្រព្រឹត្តបានងាយៗអ៊ីចឹងបើសិនជាមានការទប់ស្កាត់ដោយឆន្ទៈពិតប្រាកដ»។
បន្ថែមពីនេះ មន្រ្តីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន បានចាត់ទុកសាររបស់មេដឹកនាំទាំងពីរជំនាន់ គ្រាន់តែជាសារស្អំចិត្តពលរដ្ឋ កុំឱ្យតវ៉ាទៅលើអ្នកដែលរួមដៃបំផ្លាញធនធានធម្មជាតិប៉ុណ្ណោះ មិនមានប្រសិទ្ធភាពដល់ការទប់ស្កាត់ទេ ដ៏រាបណាមន្ត្រីពាក់ព័ន្ធដែលពលរដ្ឋ និងសកម្មជនធ្លាប់បង្ហាញមុខមិនត្រូវបាននាំខ្លួនមកផ្តន្ទាទោសនោះ។
ជុំវិញបញ្ហានេះ អង្គការ Global Forest Watch និងស្ថាប័នរុករក និងវិភាគទិន្នន័យដីសកលរបស់សាកលវិទ្យាល័យ Maryland ធ្លាប់រកឃើញថា សកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងឆ្នាំ២០២២ មានខ្លាំងជាងឆ្នាំ២០២១ ក្នុងតំបន់ព្រៃការពារចំនួន៤ ក្នុងប្រទេសកម្ពុជា ខណៈតំបន់ព្រៃការពារផ្សេងទៀត ក៏កំពុងមានអត្រាបាត់បង់ព្រៃឈើក្នុងអត្រាខ្ពស់ដែរ ដូចជា ឧទ្យានជាតិបូទុមសាគរ ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដែនជម្រកសត្វព្រៃបឹងពែរ។
តំបន់ព្រៃការពារព្រៃឡង់ ដែលមានផ្ទៃដីធំជាងគេនៅកម្ពុជា រហូតដល់ជាង ៤៣ម៉ឺនហិកតានោះ(៤៣០ ០០០) ក៏មានការបាត់បង់ដីព្រៃរបស់ខ្លួនប្រហែល ៨ ៣០០ហិកតាដែរក្នុងឆ្នាំ២០២២។
ដោយឡែក អំឡុងឆ្នាំ២០១៦ អង្គការឃ្លាំមើលពិភពលោក (Global Witness) ធ្លាប់បង្ហាញរបាយការណ៍ស៊ើបអង្កេតដោយរកឃើញថា ឈ្មួញរកស៊ីឈើខុសច្បាប់ខ្នាតធំ ក៏មានលោកឧកញ៉ា ទ្រី ភាព ផងដែរ ដែលគាត់បានកាន់កាប់ដីសម្បទានសេដ្ឋកិច្ច ទំហំជិត ៣ម៉ឺនហិកតា (២៩.៥៨៩)។
ប៉ុន្តែច្រើនឆ្នាំមកនេះ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មិនបានផ្តន្ទាទោសឧក្រិដ្ឋជនព្រៃឈើរូបនេះទេ តែផ្ទុយទៅវិញ បច្ចុប្បន្ន ឧកញ៉ាមានឈ្មោះអាស្រូវបំផ្លាញព្រៃឈើក្នុងប្រទេសកម្ពុជារូបនេះ ត្រូវបានតែងតាំងជាលោកអ្នកឧកញ៉ា ដែលជាឧកញ៉ាលំដាប់ខ្ពស់ និងជាទីប្រឹក្សាមេដឹកនាំកំពូលក្នុងជួររដ្ឋាភិបាលរបស់បក្សប្រជាជនកម្ពុជាទៀតផង៕