កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌរបស់កម្ពុជា អះអាងពីការចាប់បានឧក្រិដ្ឋជនចិន ២រូប ដែលធ្វើសកម្មភាពចាប់ស្ត្រីញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់ ដែលការចាប់ខ្លួនជនល្មើស ធ្វើឡើងនៅត្រង់ចំណុចបុរីពិភពថ្មីកួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
នេះបើតាមការចុះផ្សាយនៅលើគេហទំព័របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ។
បើតាមវីដេអូដែលបានចុះផ្សាយ ឱ្យដឹងថា ក្នុងប្រតិបត្តិការនោះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់នារីៗញាត់ចូលវ៉ាលី ដើម្បីជំរិតទារប្រាក់ បង្កដោយជនជាតិចិន ដែលជាឧក្រិដ្ឋជន ចំនួន ២នាក់ ត្រូវបានចាប់ខ្លួន និងសង្គ្រោះបានជនរងគ្រោះម្នាក់ ។
ប្រភពនោះ គូសបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅចំណុចសណ្ឋាគារ នួ ឌី ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីចាប់ជនរងគ្រោះឈ្មោះ HO THI LUONG ភេទស្រី អាយុ ៣៧ឆ្នាំ ជនជាតិវៀតណាម ដាក់ចូលទៅក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណចំនួន០១ក្រុម ជាជនជាតិចិន។
ក្រោយពីមានហេតុការណ៍ខាងលើកើតឡើង នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៧និង៣០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងខណ្ឌបឹងកេងកង រហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។
ប្រភពនោះ សង្កត់ធ្ងន់ថា ដោយកម្លាំងជំនាញបានជួយសង្គ្រោះជនរងគ្រោះបានចំនួនម្នាក់ ឈ្មោះ ZHAO KANG LI ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិចិន។
ក្រោយមកកម្លាំងជំនាញចាប់ខ្លួនក្រុមជនសង្ស័យចំនួន២នាក់ រួមមាន ទី១ ឈ្មោះ JIAO YOUKE អាយុ២៧ឆ្នាំ ជនជាតិចិន និងទី២ឈ្មោះ ZHENG NAIWEN អាយុ៣៧ឆ្នាំ ជនជាតិចិន ដែលការចាប់ខ្លួន ធ្វើឡើងនៅត្រង់ចំណុចបុរីពិភពថ្មីកួរស្រូវ៣ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើ បានសារភាពថា ពួកខ្លួនដែលចូលរួមធ្វើសកម្មភាពមានគ្នា ចំនួន៣នាក់ ដោយបានធ្វើសកម្មភាពចាប់ស្រ្តីជនជាតិចិន និងវៀតណាម ដាក់ចូលទីក្នុងវ៉ាលី ដើម្បីជំរិតទារប្រាក់បានចំនួន៦ករណី មកហើយ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជុំវិញបទឧក្រិដ្ឋខាងលើ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានក្រើនរំលឹក និងអំពាវនាវឲ្យបណ្ដាផ្ទះសំណាក់ និងសណ្ឋាគារទាំងអស់ នៅពេលឃើញអ្នកអូសវ៉ាលីធំៗខុសប្រក្រតី សូមរាយការណ៍មកកាន់សមត្ថកិច្ចជាបន្ទាន់៕