លោក ហេង ស្រស់ រងការគំរាមសម្លាប់មួយគ្រួសារក្រោយអង្កេតក្រុមហ៊ុនអ្នកឧកញ៉ា លី យ៉ុងផាត់

លោក ហេង ស្រស់ ដែល​គេ​ស្គាល់​ថា ជា​សកម្មជន​បរិស្ថាន​ដ៏លេចធ្លោ​មួយ​រូប ក្នុង​ប្រទេស​កម្ពុជា រង​ការ​គំរាម​សម្លាប់​ទាំង​គ្រួសារ ក្រោយ​លោក​ចុះ​ផ្តិត​យក​សកម្មភាព​បូម​ខ្សាច់​ខុស​ច្បាប់​មួយ​កន្លែង នៅ​ខេត្ត​កោះកុង ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​អ្នកឧកញ៉ា លី យ៉ុងផាត់ ។

បើតាមលោក ហេង ស្រស់ ពលរដ្ឋនៅតំបន់នោះ​អះ​អាង​ថា​សកម្ម​ភាព​បូម​ខ្សាច់​ខុស​ច្បាប់​នេះ ធ្វើ​ឱ្យ​ប៉ះ​ពាល់​ជីវភាព​ពលរដ្ឋ​នៅ​តំបន់​នោះ​ជាង ៤០០គ្រួសារ។

លោក ហេង ស្រស់ បានប្រាប់VOD នៅថ្ងៃទី៣០ ខែមករានេះ​ថា កាល​ពីថ្ងៃទី១៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ អាខោន​ហ្វេស​ប៊ុក​ឈ្មោះ សាន់ ហា ដែល​លោក​អះ​អាង​ថា ជាកូនចៅរបស់អ្នក​ឧកញ៉ា លី យ៉ុងផាត់ បាន​ផ្ញើ​គំរាម​សម្លាប់​លោក​ទាំង​គ្រួសារ។

លោក​ថា ក្នុងសារគំរាមនោះ គេបញ្ជាក់​ថា នឹង​មិន​ទុក​ជីវិ​តឱ្យ​លោក​និង​គ្រួសារ​ទេ បើ​លោក​ហ៊ាន​ជាន់​ទឹក​ដី​ខេត្ត​កោះ​កុង និង​ខេត្ត​៦ទៀត ក្នុង​ភាព​សកម្ម​ការងារ​បរិស្ថាន​នេះ។

លោក​បាន​បញ្ជាក់​ថា ការផ្ញើសារគំរាមសម្លាប់​នេះ ក្រោយ​ពី​លោក​បាន​ចុះ​ទៅ​អង្កេត​រក​ឃើញ​ករណី​ធ្វើ​អាជីវ​កម្ម​បូម​ខ្សាច់​ខុស​ច្បាប់​​មួយនៅ​ស្រុកបូទុមសាគរ ខេត្តកោះកុង របស់​ក្រុម​ហ៊ុន S V Asset CO.Ltd។

លោក​គូសបញ្ជាក់ថា ប្រភព​ខាង​លើ​បា​ន​ផ្ញើសារគំរាមក្នុងន័យ​ដើម​ថា៖ «ប្រយ័ត្នអញបាញ់​ងាប់​ទាំង​អស់ ប្រពន្ធ​កូន​ឯង។ អញបង់គេគ្រប់កន្លែងហើយ អញឃើញ​អែង​មក​តំបន់​អញ​ទៀត បាញ់ងាប់ភ្លាមៗ​អែង។ គិញ​អញ​ច្រើន​ណាស់ អែងធ្វើអីក៏អញដឹងដែរ»។

យ៉ាងណា ក្រោយរងការគំរាមសម្លាប់​នេះ លោក​នៅ​បន្ត​សកម្ម​ភាព​ការ​ពារ​ព្រៃឈើ​ និង​ឃ្លាំ​មើល​បទ​ល្មើស​ព្រៃ​ឈើ រហូតដល់ថ្ងៃទី​២៣ ខែវិច្ឆិកា លោកត្រូវបានសមត្ថកិច្ច​ចាប់ខ្លួននៅខេត្តស្ទឹងត្រែង។

លោកបន្ត​ថា អំឡុងពេលចាប់ខ្លួន លោក​ក៏ត្រូវ​បាន​គេ​គំរាម​មិន​ឱ្យ​បន្ត​ធ្វើ​សកម្មភាព​ការ​ពារ​បរិស្ថាន ឬ​ចុះ​ឃ្លាំ​មើល​បទ​ល្មើស​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ​ទេ។

លោកថា៖ «លោក សាន់ ហា ដែល​ផ្ញើ​សារ​មក​ខ្ញុំ​ហ្នឹង គឺ​គាត់​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​មិន​ឲ្យ​ខ្ញុំ​ទៅ​ប៉ះ​ពាល់​របស់​គាត់​នៅ​ខាង​កើត​ខេត្ត​កោះ​កុង ដែលមានការបូម​ខ្សាច់​ទេ។ យើង​ដឹង​ស្រាប់​ហើយ​ថា​នៅ​ខេត្ត​កោះ​កុង អ្នក​ណា​គេ​ដែល​ជា​អ្នក​ក្ដោប​ក្ដាប់​និង​ការ​បូម​ខ្សាច់​ និង​បំផ្លាញ​ធន​ធាន​ធម្មជាតិ​នៅ​ក្នុង​ខេត្ត​កោះ​កុង ហើយ​យើង​មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ គឺ​ជា​ឧកញ៉ា​ លី យ៉ុង​ផាត់ ដែល​ជា​អ្នក​ក្ដោប​ក្ដាប់​ និង​ការ​រក​ស៊ី​បូម​ខ្សាច់​នៅ​ក្នុង​ខេត្ត​កោះ​កុង ដែល​កំពុ​ង​តែ​បង្ក​បង្កើន​នូវការ​បង្កើត ធ្វើ​នៅ​លើ​ផែ​របស់​ខ្លួន ហើយ​យើង​មើល​ឃើញ​ថា​ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ ការ​ដែល​លោក លី យ៉ុង​ផាត់ កំពុង​តែ​បន្ត​ប្រតិបត្តិ​ថែម​នៅ​លើ​ធន​ធាន​ធម្មជាតិ​នៅ​ខេត្ត​កោះ​កុង​នេះ វា​កំពុង​តែ​រីក​រាល​ដាល​ឡើង ហើយ​ខ្ញុំ​បាន​ចុះ​ទៅ​ធ្វើការ​ស៊ើប​អង្កេត​នៅ​តំបន់​នោះ​ហើយ​ ធ្វើឲ្យប៉ះពាល់ទៅ​ដល់​អា​ជីវកម្ម​របស់​គេ គឺ​ធ្វើ​ឡើង​ដោយ​ខុស​ច្បាប់ ដោយ​មិន​បាន​គោរព​ទៅ​តាម​គោល​ការណ៍​ក្រសួង ក៏ដូចជារដ្ឋាភិបាល​ដាក់​ឱ្យ​នោះ​ទេ។ ដល់​ពេល​អ៊ីចឹង​គេ​បាន​គំរាម​កំហែង​បាញ់​សម្លាប់​ខ្ញុំ​ទាំង​គ្រួសារ»។

សម្រាប់លោក ហេង ស្រស់ អះអាងថា ក្រុមហ៊ុន S V Asset Co.Ltd) ជាក្រុមហ៊ុនរបស់អ្នកឧកញ៉ា លី យ៉ុង​ផាត់ ធ្វើអាជីកម្មបូមខ្សាច់ខុស​ច្បាប់​លក់​ទៅ​ក្រៅប្រទេស បង្កផលប៉ះពាល់ដល់បរិស្ថានយ៉ាងខ្លាំង។

លោករៀបរាប់​ថា លោក​ចុះធ្វើការស៊ើប​អង្កេត​រយៈ​ពេល ៣ថ្ងៃ នៅ​ទីតាំង​បទ​ល្មើស ហើយ​មាន​គេ​ស្គាល់​គាត់​រាយ​ការណ៍​ទៅ​ឱ្យ​ថ្នាក់​លើ ក្រោយមកទើបឈ្មោះសាន់ ហា បានផ្ញើសារគំរាមសម្លាប់​លោក​តែ​ម្តង។

លោកថា៖ «ក្រៅតែពីមានការគំរា​មបាញ់សម្លាប់​ហ្នឹង​ថែម​ទៀត ខ្ញុំក៏​រង​ការ​គំរាម​កំហែង​ប្ដឹង​ផ្ដល់​ក៏​ដូច​ជា​ចាប់​ដាក់​គុក​ជា​ច្រើន​ ពីសំ​ណាក់​អាជ្ញាធរ​ភូមិឃុំ​នៅស្រុក​ភូមិ​ខ្ញុំ​ ដែល​មាន​ លោក ស៊ុន ស៊ីន ដែល​ជា​ក្រុម​ប្រឹក្សាឃុំ​ដែល​គេ​បាន​ប្រាប់​ឲ្យ​អាជ្ញាធរ​ខេត្ត ក៏ដូច​ជា​អាជ្ញាធរ​ស្រុក ធ្វើ​យ៉ាង​ណា​ដើម្បី​ចាប់​ខ្លួន​ខ្ញុំ ដើម្បី​ដាក់​ពន្ធនាគារ។ ខ្ញុំគ្រាន់​តែ​មិន​មាន​អ្វី​ច្រើន​ទេ ក្នុង​នាម​យើង​ជា​សកម្មជន​ ក៏​ដូច​ជា​អ្នក​ដែល​ធ្វើ​ការ​ងារ​សង្គម​កន្លង​មក គ្រាន់​តែ​ថា​ខ្ញុំ​មិន​បាន​ទៅ​ធ្វើ​អ្វី​ដែល​ខាត​ប្រយោជន៍​ជាតិ ហើយ​មិន​បាន​ទៅ​ធ្វើ​អ្វី ដើម្បី​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​មុខ​មាត់​របស់​ជាតិ​ទេ​ ក្រៅ​តែ​ពី​ដើម្បី​ថែ​រក្សា​ធន​ធាន​ធម្មជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។

បន្ថែម​ពី​នេះ លោក ហេង ស្រស់ ឱ្យដឹងទៀតថា លោកក៏ត្រូវបានក្រុមប្រឹក្សា​ឃុំ​ត្រពាំង​ស្រែ ស្រុក​មេសាង ខេត្ត​ព្រៃវែង បក្សប្រជាជនកម្ពុជា​ឈ្មោះ ស៊ុន ស៊ីម គំរាម​ចាប់​ខ្លួន​លោក​ផង​ដែរ បើ​នៅ​ស្រុក​ខ្មែរ។

ជុំវិញ​បញ្ហា​នេះ អ្នកឧកញ៉ា លី យ៉ុងផាត់ ជា​ប្រធាន​សមាគម​ឧកញ៉ា​កម្ពុជា និយាយ​ប្រាប់​វីអូឌី​ដោយ​ខ្លី​ថា នរណា​ងាប់​ឱ្យ​វា​ងាប់​ទៅ លោក​រវល់​ចូល​ឆ្នាំ​ចិន។ ភ្លាមៗ​នោះ ការ​ទំនាក់​ទំនង ក៏​ត្រូវ​បាន​លោក​កាត់​ផ្តាច់​ទូរស័ទ្ទ។

លោកថា៖ «អូរ រវល់​ចូល​ឆ្នាំ​ចិន មក​ពី​សារព័ត៌មាន​អី​ហ្អា ចូល​ឆ្នាំ​ចិន​រវល់​ដើរ​លេង​សិន កុំ​អាល។ អាណា​ងាប់ ឱ្យ​វា​ងាប់​សិន​ទៅ កុំ​ទុក​វា»។

តំណាង​​សហគមន៍​តានូន ស្រុកបូទុម​សាគរ លោក សំ វុទ្ធី អះអាងប្រាប់វីអូឌី​ដែរ​ថា ក្រុម​ហ៊ុន S V Asset CO.Ltd ពិតជាបានបំផ្លាញបរិស្ថាន​ និងមុខរបរនេសាទរបស់​ប្រជាពលរដ្ឋ​ជាង ៤០០គ្រួសារមែន។

លោកបន្តថា អាជីវកម្ម​បូម​ខ្សាច់​របស់​ក្រុមហ៊ុន អេសវី អ៊ែសេត បាន​ធ្វើ​ឱ្យ​បាត់បង់​​ឆ្នេរ​​ខ្សាច់​​មា​ត់​ពាម​តានូន​​ស្ទើរ​​ទាំង​​ស្រុង  ហើយ​ពលរដ្ឋជាង ៤០០គ្រួសារ ​ក៏​លែង​អាច​ទទួល​បាន​ផល​ពី​របរ​​នេសាទ​​ដូច​​មុន​ផង​​ដែរ។

លោកសង្កត់ធ្ងន់ថា ក្រុមហ៊ុនមួយនេះ​ធ្វើអាជីកម្ម​ខុស​ច្បាប់​ប្រើ​គ្រឿង​ចក្រ​ធំៗ ឬ​ហៅ​ថា សាឡង់​បូម​ខ្សាច់​ទាំង​ថ្ងៃ ទាំង​យប់ បង្ក​ឱ្យ​បាក់​ច្រាំង បំផ្លាញ​ព្រៃ​កោង​កាង ដោយ​គ្មាន​ការ​រំខាន​ពី​អាជ្ញាធរ​មូលដ្ឋាន​នោះ​​ទេ។

លោកថា៖ «ការបូមខ្សាច់​ហ្នឹង​ប៉ះ​ពាល់​ទីមួយ​គឺ​បាក់​ច្រាំង ទីពីរ​គឺ​គាត់​មិន​បាន​បោះ​ពោង​ឲ្យ​បាន​ច្បាស់​លាស់​ជូន​ប្រជា​ពលរដ្ឋ។ ឲ្យ​ប្រជាពលរដ្ឋ​ដឹង​ថា ចំណុច​ប៉ុណ្ណេះ​ត្រូវ​គាត់​បូម​ ចំណុច​ប៉ុណ្ណោះ​​ឲ្យ​​ពួក​ខ្ញុំ​ហ្នឹង​នេសាទ​ទៅ​ វាមិន​អាច​វា​មិនប៉ះ​ពាល់​ដល់​ចំណុច​ដែល​គាត់​បូម ហើយ​ទីពីរ​ទៀត​ធ្វើ​ឲ្យ​អាភួក​ហ្នឹង​វា​ឡើង​មក​ឲ្យពួ​កខ្ញុំ​ហ្នឹង ពិបាកនេសាទបាត់បង់ត្រីសាច់អស់»។

ចំណែក អភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង និយាយប្រាប់វីអូឌីថា ករណី​នេះ អ្នក​ស្រី​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​យ៉ាង​ណា​នោះ​ទេ។ យ៉ាងណា អ្នកស្រីថា នឹងចុះទៅមើលផ្ទាល់នៅទីតាំង​កើត​ហេតុ។

អ្នកស្រីថា៖ «ចាំមើលខ្ញុំ​ឲ្យ​ខាង​ក្រុម​ការងារចុះ​ពិនិត្យ​សិន​អូន បង​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​ការ​ងារ​នេះ​ទេ បើក​រណី​នេះ​ដាក់​ពាក្យ​បណ្តឹង​មក ​យើង​នឹងឆែក​ធ្វើ​ការ​ងារ។ យើង​អត់​ទាន់​ទទួល​បណ្ដឹង​ពី​ប្រជាព​លរដ្ឋ​មក​ដល់​ថ្នាក់​ខេត្ត​ផង គាត់​ដាក់​ប្ដឹង​នៅ​ស្រុក​ឬ​យ៉ាង​ម៉េច ចាំ​មើល​បង​នឹង​ឆែក​ខាង​ថ្នាក់​ក្រោម​សិន»។

នាយ​ក​រងទទួលបន្ទុក​កិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា បើ​ដូច​ការ​អះអាង​របស់​លោក ហេង ស្រស់ មែន វាជាការរំលោភសិទ្ធិពលរដ្ឋ​យ៉ាង​ធ្ងន់​ធ្ងរ។

លោកបន្តថា ការគំរាមសម្លាប់ពលរដ្ឋ ឬសកម្មជនសង្គម ឆ្លុះ​បញ្ចាំង​ពី​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​យ៉ាង​ខ្លាំង ក្នុង​ការ​ចូល​រួម​ឈឺ​ឆ្អាល​ពី​បញ្ហា​សង្គម បរិស្ថាន និង​នយោបាយ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្ម​នុញ្ញ។

ម្យ៉ាងវិញទៀត លោកស្នើឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច ត្រូវ​ធ្វើការ​ស៊ើប​អង្កេត​ចាប់​ខ្លួន​ជន​សង្ស័យ​ដែល​គំរាម​សម្លាប់​សកម្មជន​បរិស្ថាន ដើម្បីបង្ហាញពីតម្លាភាព និងបញ្ចប់​អំពើ​និទណ្ឌភាពនៅកម្ពុជា។

លោកថា៖ «បញ្ហានេះ វាទាក់ទងនឹងការរឹតត្បិតទៅលើសេរីភាព ឬក៏បញ្ហាសិទ្ធិជាមូលដ្ឋាន​របស់​ពលរដ្ឋ ជាពិសេសទាក់ទងនឹងការចូលរួម​នៅគ្រប់​សកម្មភាព​ផ្សេងៗ នៅក្នុង​ហ្នឹង​យើង​ឃើញ​រដ្ឋធម្ម​នុញ្ញ​មាត្រា​៣៥ ក៏​បាន​និយាយ​ថា ពលរដ្ឋ​ទាំង​ពីរ​ភេទ​មាន​សិទ្ធិ​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម និង​វប្បធម៌»។

អ្នក​ឧកញ៉ា លី យ៉ុងផាត់ គឺជាសមាជិកព្រឹទ្ធសភាមកពីបក្សកាន់អំណាច និងជាទីប្រឹក្សាលោក ហ៊ុន សែន ព្រ​​​ម​ទាំងជាប្រធានសមាគមឧកញ៉ាកម្ពុជា និងជាប្រធាន​គណៈ​កម្មាធិការ​ហិរញ្ញ​វត្ថុ​នៃ​គណៈ​កម្មាធិ​ការ​កណ្តា​ល​គណបក្សប្រជាជនកម្ពុជាផងដែរ។

យ៉ាងណា អ្នកឧកញ៉ា លី យ៉ុងផាត់ ​ដែលជាអ្នកគ្រប់គ្រងលុយ​ឱ្យប​ក្សកាន់​អំណាច ត្រូវ​ក្រសួង​រតនាគារ​ជា​​តិអា​​មេរិក​ រក​ឃើញ​ថា សម្ព័ន្ធ​អាជីវកម្មរបស់ឧកញ៉ារូបនេះ ជាប់​ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ពលកម្ម​ដោ​យ​​បង្ខំ ក្នុងការរកស៊ីឆបោកតាមអនឡាញ និងរូបិយប័ណ្ណគ្រីបតូ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរតនាគារជាតិអាមរិក ចេញផ្សាយនៅថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០២៤ ឱ្យ​ដឹង​ថា អាជីវកម្មទាំង៥របស់ឧកញ៉ា លី យ៉ុងផាត់ ដែល​ត្រូវ​បង្កក​ទ្រព្យសម្បត្តិ រួមមាន ក្រុមហ៊ុន​លី យ៉ុង​ផាត់ គ្រុប រមណីយដ្ឋា​ន​អូរស្មាច់ រមណីយដ្ឋាន​កោះកុង សណ្ឋាគារ​ហ្កាដឹន​ស៊ីធី និង​សណ្ឋាគារ​ភ្នំពេញ។

អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rights Watch លើកឡើង​​ក្នុ​ងសេចក្តី​ថ្លែង​ការណ៍ កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០២៥​ថា រដ្ឋាភិបាលរបស់​លោក ហ៊ុន ម៉ាណែត បាន​គាប​សង្កត់​យ៉ាង​ខ្លាំង​ទៅ​លើ​លំហ​ព​លរដ្ឋ ការ​ចូល​រួម​នយោបាយ និងសេរីភាពជាមូលដ្ឋានផ្សេងទៀតនៅឆ្នាំ២០២៤ ។

ប្រភព​ដដែល​បញ្ជាក់ថា ការអនុវត្តច្បាប់ ការ​ចាប់ខ្លួន និងការឃុំខ្លួន អ្នកប្រឆាំង និងអ្នករិះគន់រដ្ឋាភិបាល ធ្វើ​ឡើង​ក្រោមហេតុផលនយោបាយ។

ប្រភពនោះ​គូសបញ្ជាក់​ថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មាន​ត្រឹមតែ​ឈ្មោះ​ប៉ុណ្ណោះ សម្រាប់​ការ​បញ្ចេញ​មតិ​របស់​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ស្ថិត​នៅ​ក្រោម​ការ​គំរាម​កំហែង នៃ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ឥត​ឈប់​ឈរ។

Human Rights Watch រំឭកថា រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គួរ​តែ​កែ​ប្រែ​នូវ​ទង្វើ​បំពាន​សេរីភាព​ជា​មូល​ដ្ឋាន ហើយ​ងាកមកអនុវត្តតាមការសន្យារបស់ខ្លួន ក្នុងការ​លើក​កម្ពស់លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ