សមាជិកបក្សកម្លាំងជាតិ លោក ផាន់ សារ៉ាត់ ត្រូវបញ្ជូនទៅតុលាការ​ក្រោយ​ចាប់​​ខ្លួន

សមាជិកគណបក្សកម្លាំងជាតិ លោក ផាន់ សារ៉ាត់ ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញ បញ្ជូនខ្លួន និង​សំណុំរឿងទៅតុលាការ​ ក្រោម​ការ​​ចោ​ទ​ពាក់ព័ន្ធនឹងករណី​ញុះ​ញង់​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម។ 

លោក ផាន់ សារ៉ាត់ ជាអនុប្រធានគណៈកម្មាធិការ​ប្រតិបត្តិក្រុងដូនកែវ នៃ​​គណបក្ស​កម្លាំង​ជាតិ ត្រូវបាន​ជន​ស្លៀ​ក​​ពាក់​ស៊ីវិល ចាប់ខ្លួនដល់ក្នុងផ្ទះ​ កាលពីថ្ងៃ​ម្សិល​មិញ នៅចំនុចភូមិ​ធន់​មន សង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ដោយ​មិន​ដឹងមូលហេតុ និងគ្មានបង្ហាញពីដីកា​ចាប់​ខ្លួន​ឡើយ។

បើតាមសមត្ថកិច្ច​​ក្រុងដូនកែវ ការចាប់ខ្លួនលោក ផាន់ សារ៉ាត់ ធ្វើឡើង​​ដោយ​​នគរបាល​សន្តិ​សុខ​ផ្ទៃក្នុង​​ ហើយ​ជនសង្ស័យរូបនេះ ត្រូវ​បាន​បញ្ជូនទៅសួរនាំភ្លាមៗនៅរាជធានីភ្នំពេញ ដោយ​មន្ត្រី​រូបនោះមិនដឹងដែរថា ការចាប់ខ្លួននេះពាក់ព័ន្ធនឹងករណីអ្វីនោះទេ។

សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ​ស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ បានលើកឡើងថា សមត្ថកិច្ច​បានឃាត់​ខ្លួនលោក​ ផាន់ សារ៉ាត ពីខេត្តតាកែវ យកមកសាកសួរ​​នៅស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់​ពី​បាន​ស្រាវ​ជ្រាវ​ ស៊ើប​អង្កេត​បទ​ល្មើស​​​​ជាក់​ស្តែង ពាក់ព័ន្ធនឹងករណីបង្កភាពវឹកវរដល់សន្តិសុខសង្គម ផ្សព្វផ្សាយព័ត៌​មាន​មិន​ពិត ដែល​មាន​ចេតនា​ញុះញង់​នាំ​ឱ្យ​មាន​ការ​​រើស​​អើង​​ថ្នាក់​​ដឹកនាំ​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិ​សុខ​ជាតិ ដែល​ប្រព្រឹត្ត​កាលពីពេលកន្លងទៅ។

ស្នងការដ្ឋាននគរបាល បញ្ជាក់​ថា ការចាប់ឃាត់ខ្លួនជនសង្ស័យរូបនេះ ធ្វើឡើងដោយ​មានការ​សម្រប​សម្រួលនីតិវិធីពីអយ្យការ​អមសាលា​ដំបូងរាជធានីភ្នំពេញផង​ដែរ ហើយ​បន្ទាប់ពីការ​សាក​សួរ​​រួច និងដោយយោងតាមចម្លើយសារភាព និង​ភស្តុតាង ដែលបុគ្គលរូបនេះសារភាព​ថា ពិត​ជា​បាន​​ប្រព្រឹត្ត​សកម្ម​ភាពបំ​ភ្លៃ​ព័ត៌​មាន និ​ងចែកចាយ​ព័ត៌មាន​មិនពិតនោះ សមត្ថ​កិច្ច​បាន​សម្រេច​​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់។

ស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ដែរថា៖ «ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ផាន់ សារ៉ាត ខាង​លើ គឺ​សមត្ថកិច្ច​អនុវត្ត​ទៅ​តាម​អង្គ​ហេតុ និង​អង្គ​ច្បាប់​នៃ​ការ​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្ម​​ទណ្ឌ ដែល​មាន​ចែង​ក្នុង​ច្បាប់​ក្រម​ព្រហ្ម​ទណ្ឌ និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដោយ​មិន​ជាប់​ពាក់​ព័ន្ធ​នឹងកា​រ​​គា​ប​សង្កត់ ឬបំភិតបំភ័យ​ ផ្នែកនយោបាយ​លើសិទ្ធិបញ្ចេញយោបល់​នោះទេ»។ 

តែយ៉ាង​ណា សេចក្តីប្រកាសព័ត៌មាន​របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មិនបាន​បញ្ជាក់​​ថា លោក ផាន់ សារ៉ាត់ ផ្សព្វផ្សាយព័ត៌មានមិនពិតរឿងអ្វីនោះទេ។ 

វីអូឌី មិនអាចសុំការ​បញ្ជាក់បន្ថែមជុំវិញរឿងនេះ ពីអ្នកនាំ​ពាក្យស្នងការ​ដ្ឋាននគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា និង​​អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ បានទេ។ 

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានឱ្យដឹងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥នេះ​​​ថា ការ​​ចោទប្រកាន់ទៅលើ​ លោក ផាន់ សារ៉ាត់ ជារឿងមិនសមហេតុផល ដោយ​សារ​​បច្ចុប្បន្ន​នៅ​ក្រុង​​ដូន​កែវ ដែល​ជាមូលដ្ឋានគាត់រស់នៅ​ពុំមានការ​​ចលាចលណាមួយកើតឡើង​ទេ។  

លោក​ថា៖ «ខ្ញុំគិតថា គាត់​[លោក ផាន់ សារ៉ាត់]​ជា​ការ​ប្រើប្រាស់សិទ្ធិមូលដ្ឋានក្នុងការ​បញ្ចេញមតិ រិះ​គន់​​ស្ថាបនា អាហ្នឹង​​វាមិន​មាន​អ្វី​ដែល​ខុស​ទៅនឹង​​ផ្លុវ​​ច្បាប់​ទេ អាហ្នឹង​​បើថា​សង្គម​​ប្រកាន់​ប្រជា​ធិប​​តេយ្យ វាមិនមាន​អីខុស​​​ឆ្គង​ទេ ហើយគាត់​ត្រូវ​មានសិទ្ធិ​គ្រប់គ្រាន់ក្នុងការ​បញ្ចេញ​មតិ ប៉ុន្តែ​អ្វី​ដែល​ចោទ​ប្រកាន់ យើងមើលទៅវាមិនឆ្លុះបញ្ចាំងការ​ពិត»។

លោក រ៉ុង ឈុន យល់​ថា ការ​​បន្តចាប់ខ្លួនសមាជិកគណបក្ស​ក្រៅរដ្ឋាភិបាលជាបន្តបន្ទាប់​នេះ មិន​មាន​ផល​ចំ​ណេញ​​ណាមួយ សម្រាប់គណបក្សកាន់អំណាចនោះទេ ពីព្រោះសហគមន៍អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​​ជា​ដើម គេចង់​ឃើញ​កម្ពុជា​ស្តារឡើងវិញនូវសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​ ដូច្នេះ​បើ​រដ្ឋាភិបាល​នៅ​បន្តធ្វើទុក្ខបុកម្នេញ​មកលើសមាជិកឬសកម្មជនបក្សប្រឆាំង នោះ​កម្ពុជា​មាន​តែ​​ការ​​ខាត​​បង់ និងធ្វើឱ្យ​​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​​បោះ​ឆ្នោត​នា​ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨​ខាង​មុខ។

លោកថា៖ «គណបក្សកម្លាំងជាតិយើងគិត​ថា ត្រូវ​តែបញ្ឈប់រាល់ការ​​ចោទ​ប្រ​កាន់​ គ្រាន់​តែ​ប្រើ​ប្រាស់​សិទ្ធិ​មូល​ដ្ឋាន​ក្នុង​ការ​​បញ្ចេញ​មតិ រិះ​គន់​ស្ថាបនា ត្រូវ​​​តែបើក​លំហសេរី​ភាព​នយោ​បាយ​ដល់​សកម្មជន​នយោបាយ ក៏​ដូច​ជា​អ្នកនយោបាយ​​ឱ្យ​​បាន​​ពេញ​លេញ ​ក្នុង​ការ​ធ្វើ​សកម្មភាពត្រៀម​ចូល​រួម​នៅក្នុងកា​រប្រកួតការ​បោះឆ្នោត​ឆ្នាំ​២០២៧ និង​ឆ្នាំ​២០២៨ ហើយ​​​បើ​​ស្ថាន​ភាពនៅ​តែ​បែប​ហ្នឹង ចឹង​​​វា​​ប៉ះពាល់ទៅដល់ដំណើរការ​ការ​បោះឆ្នោត​នៅប៉ុន្មាន​​ឆ្នាំ​​ខាង​មុខ ពីព្រោះយើង​ដឹង​ហើយ ការ​​វាយ​តម្លៃការ​បោះឆ្នោត គេមិនមែនវាយតម្លៃតែថ្ងៃបោះឆ្នោត​ហ្នឹង​​ទេ ការ​​វាយ​តម្លៃ​គឺ​គេ​វាយ​​តម្លៃ​ចាប់ពីពេលហ្នឹង​ទៅហើយ ថា​តើបក្សប្រឆាំងមានសេរីភាពពេញ​លេញ​ក្នុងការ​ធ្វើ​សកម្ម​ភាព​របស់​ខ្លួន​ដែរឬយ៉ាងណា​នោះ»។

ក្រោយ​ការចាប់ខ្លួនលោក ផាន់ សារ៉ាត់ គណបក្សកម្លាំងជាតិ បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ ដោយ​​ចាត់ទុកការចាប់ខ្លួនសមាជិក​​បក្ស​​មួយ​រូប​ទៀត​​នេះ ថា​ជា​រូប​ភាព​បំភិត​​បំភ័យ​ថ្មី​មួយ​ទៀត និងជា​ការ​បន្ត​ធ្វើទុក្ខបុកម្នេញទៅលើថ្នាក់ដឹកនាំ និងសមាជិក សមាជិ​កា​បក្ស ដោយឥតឈប់ឈរ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ដំណើរការ​នៃ​ការ​អនុវត្ត​គោល​ការណ៍​លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នៅកម្ពុជា។

 គណបក្សនេះ បានអំពាវនាវដល់អាជ្ញាធរ​មានសមត្ថកិច្ច ដោះលែង​សមាជិក​​ខ្លួន  និង​អ្នក​ជាប់​ឃុំ​នយោបាយ​ទាំង​អស់ ឱ្យ​មាន​សេរីភាព​ឡើង​វិញ ដើម្បី​ធានា​នូវ​បរិ​យាកាស​នយោបាយ​ល្អ ដល់​គ្រប់​គណបក្ស​នយោបាយ ក្នុងការ​​​​ធ្វើ​សកម្មភាពនយោបាយ ដោយមិន​មាន​ការ​ព្រួយបារម្ភ ស្រប​តាម​រដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពី គណបក្ស​នយោបាយ ។ 

កាលពីពេលកន្លងទៅ អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន  ធ្លាប់​បាន​​ចេ​ញបញ្ជារួចហើយ ឱ្យបោសសំអាតក្រុមបក្សប្រឆាំង  កុំឱ្យមានលទ្ធភាព​ប្រកួតជាមួយ នាយករដ្ឋមន្ត្រីអា​ណត្តិ​ទី៧នេះ គឺ​លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុស​ច្បងរបស់​លោក នៅ​ក្នុង​ការ​បោះឆ្នោតឆ្នាំ២០២៧ និង២០២៨ ខាងមុខ។ នេះបើតាមសារជាសំឡេងបែកធ្លាយ​របស់ លោក ហ៊ុន សែន។ 

ក្នុងសារ​នោះ លោក ហ៊ុន សែន និយាយថា៖ «បំបែកមុខ​ពី​ឥលូវ​ទៅ​តែ​ម្តង ដើម្បី​កុំ​ឱ្យ​​ពួក​វា​មាន​មូល​ដ្ឋាន​កសាង​​កម្លាំង​យក​មក​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​អីហ្នឹង នៅ​ការ​​បោះ​ឆ្នោត​ឆ្នាំ​២០២៧ និយាយ​​រួ​ម​គឺគ្រប់គ្រងកសាងកម្លាំងពីឥឡូវ បំផ្លាញ​ពួក​ប្រឆាំង កុំ​ឱ្យ​ពួក​ប្រឆាំង​មាន​កម្លាំង​ប្រើ​ បើឯង​ប្រឆាំង​ងើប​មួយ​វៃ​មួយ ហើយ​ចូល ចូល​មួយ​ទាញ​មួយ ហើយ​ទាញ​មួយ​ហ្នឹង​ គឺ​ថា​ឱ្យ​​អ្នក​​ហ្នឹង​​ទៅ​​ទាញ​​បន្ត​ទៀត តាមវិធីគឺ​ថាយកលលក​ទាក់លលក»។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ធ្លាប់​មាន​ប្រសាសន៍​​ថា ការ​ចាប់ខ្លួនសកម្មជនបក្សនយោបាយក្រៅរដ្ឋាភិបាល មិនបានផ្តល់​​ផល​ចំណេញ​ណា​មួយ​​ដល់​កម្ពុជានេះទេ គឺមានតែការរិះគន់តែប៉ុណ្ណោះ។

គិត​មកទល់ពេលនេះ រដ្ឋាភិបាលរបស់ លោក ហ៊ុន ម៉ាណែត នៅតែបន្ត​ចាប់ និង​ឃុំ​ខ្លួន​អ្នក​នយោ​បាយ អ្នក​​ការ​ពារ​សិទ្ធិ​មនុស្ស សកម្មជន​បរិស្ថាន សហជីព និង​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​​រាប់​សិប​នាក់់ ដោយ​​ចោ​ទ​​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​មួយ​ចំនួន ដោយ​​សារ​​តែ​ភាព​សកម្ម​និយម និង​​ការ​​បញ្ចេញ​មតិ​ដោយ​អហិង្សា។ 

បើតាមមន្ត្រីបក្សប្រឆាំង មានអ្នក​នយោបាយ​នៅ​ក្រៅ​រដ្ឋាភិបាល​យ៉ាង​ហោច​ណាស់​ជិត ៥០នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ តាំងពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឡើងកាន់អំណាច។

ដោយឡែក សម្រាប់​តែគណបក្សកម្លាំងជាតិមួយ គឺមានក្បាលម៉ាស៊ីនរបស់គណបក្ស​​នេះ ជា​ច្រើន​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ក្នុង​នោះ​មាន លោក ស៊ុន ចន្ធី អតីតប្រធានគណបក្ស លោក អ៊ុំ វីរៈរដ្ឋ អគ្គហិរញ្ញិកគណបក្ស​​(ត្រូ​វបាន​ដោះលែង​ក្រោយ​ចុះ​ចូល​បក្ស​កាន់​អំណាច) លោក ជិន ប៊ុ​ណ្ណា​រ័​ត្ន អគ្គនាយករដ្ឋបាល លោក មឺ សេងហ៊ ហៅ គា វិសាល អនុប្រធានគណបក្សកម្លាំង​ជាតិ​ខេត្ត​កំពង់​ចាម និង​ចុង​​ក្រោយ​នេះ​មាន​ការចាប់ខ្លួន លោក ផាន់ សារ៉ាត់ អនុប្រធាន​គណៈ​កម្មា​ធិ​ការ​​ប្រតិបត្តិ​ក្រុង​ដូន​កែវ។ 

គណបក្សកម្លាំងជាតិ បានបង្កើតឡើងដោយអតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន កាលពី ខែ​វិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីអតីតរដ្ឋាភិបាល លោក ហ៊ុន សែន មិនឲ្យបក្សភ្លើងទៀន ចូល​រួម ការ​​បោះ​ឆ្នោត។ ទោះជាយ៉ាងណាក្ដី មន្ត្រីជាន់ខ្ពស់គណបក្សភ្លើង​ទៀន​មួយ​ចំនួន​ទៀត ក៏​ងាក​ទៅ​ចង​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​ក្រៅរដ្ឋាភិបាល​ចំនួន ៤ទៀត។

 រីឯ មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​មួយ​​ចំនួន​ទៀត ក៏​បាន​ចាក​ចេញ​ពី​គណបក្ស​ទៅ​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​កម្លាំង​ជាតិ ដែលជាគណបក្សទើបតែបង្កើតថ្មីនេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ