សមត្ថកិច្ចអះអាងថា ខ្លួនកំពុងស៊ើបអង្កេតករណីធ្វើទារុណកម្មលើជនជាតិចិនមួយក្រុម នៅក្រុងបាវិត ក្រោយមានការបែកធ្លាយវីដេអូលើបណ្តាញសង្គម ដែលទង្វើនេះ អ្នកឃ្លាំមើលចង់ឃើញមន្ត្រីជំនាញចាត់វិធានការ ប្រកបដោយការជឿទុកចិត្តដើម្បីស្តារមុខមាត់កម្ពុជា។
ការអះអាងរបស់មន្រ្តីបែបនេះ ក្រោយមានការចែកចាញវីដេអូលើបណ្តាញសង្គម នៅថ្ងៃទី២៩ ខែមករានេះ ដែលគេថតបានពីសកម្មភាពមនុស្សមានពាក់ឯកសណ្ឋាន ជាសន្តិសុខច្រើននាក់ កាន់ដំបងនៅដៃ បានវាយ និងទាត់ធាក់ លើជនជាតិចិន៣នាក់ ដែលដេកផ្ទាល់លើដី លើវាលស្រែមួយកន្លែង ក្នុងដែនដីក្រុងបាវិត ខេត្តស្វាយរៀង។
ការផ្សព្វផ្សាយវីឌីអូនោះ ក៏មានភ្ជាប់សារថា ជនជាតិចិនធ្វើការអនឡាញនៅក្រុងបាវិត ខេត្តស្វាយរៀង បានលួចរត់ត្រូវបានក្រុមកាងដេញចាប់វ៉ៃដូចសត្វធាតុ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ និងបានអំពាវនាវឱ្យពលរដ្ឋជួយផ្សព្វផ្សាយដំណឹងនេះដល់ស្ថានទួតចិន ដើម្បីជួយជនរងគ្រោះ។
ជុំវិញរឿងនេះ VOD បានទំនាក់ទំនងលេខទូរសព្ទលើទំព័រហ្វេសបុករបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី៣០ ខែមករានេះ ដោយមានមន្រ្តីឆ្លើយតបខ្លីថា កំពុងបើកការស្រាវជា្រវ រួចក៏បានចុចផ្តាច់ទូរសព្ទ។
លោកថា៖ «ជំនាញគេកំពុងចុះស្រាវជ្រាវហើយបង គេកំពុងចុះហើយ»។
យ៉ាងណា VOD បានព្យាយាមទាក់ទងស្នងការនគរបាលខេត្តស្វាយរៀង លោក ពេជ្រ វីរៈ និងអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ដើម្បីសុំការបញ្ជាក់បន្ថែមតែគ្មានអ្នកទទួលទូរសព្ទ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធមនុស្សលីកាដូ លោក អំ សំអាត ចាត់ទុកសកម្មភាពទារុណកម្មក្នុងវីដេអូនេះ ថាជាអំពើឃោឃៅ អមនុស្សធម៌ និងបង្កការភ័យខ្លាចដល់អន្តរជាតិ បើគ្មានការទប់ស្តាត់បន្ទាន់ទេនោះ។
លោកថា៖ «អាជ្ញាធរដែលពាក់ព័ន្ធគួរតែធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវទៅលើរឿងនេះ ឲ្យបានជាក់លាក់ហើយបើសិនជារកទៅឃើញថា ករណីនេះពិតជាកើតមាននៅកន្លែងទីក្រុងបាវិតពិតប្រាកដអាហ្នឹងអាជ្ញាធរត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ ពីព្រោះបញ្ហានេះ វាជាទង្វើទារុណកម្មដ៏ឃោរឃៅព្រៃផ្សៃ ដែលធ្វើឲ្យប៉ះពាល់មុខមាត់ប្រទេសកម្ពុជាយើង»។
ដោយឡែក តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន យល់ថា ការរាលដាលនៃបទឧក្រិដ្ឋចាប់ជំរិត ដោយសារកម្ពុជាមានអំពើពុករលួយជាប្រព័ន្ធ ក្រោមការដឹកនាំបែបគ្រួសារនិយម។
បន្ថែមលើនេះ លោកថា មេដឹកនាំគ្រួសារហ៊ុនគិតតែប្រមូលឧក្រិដ្ឋជនដាក់ក្បែរខ្លួន ដើម្បីជួយរកលុយចិញ្ចឹមអំណាចដែលការដឹកនាំបែបនេះ កំពុងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋច្រើនលាននាក់។
លោកថា៖ «ដោយធ្វើឲ្យភ្ញៀវទេសចរមកលេងកម្ពុជាហ្នឹង ទូទាំងពិភពលោក គេអត់ហ៊ានមកលេងកម្ពុជា អ្នកវិនិយោគទុនល្អៗ លែងហ៊ានមកវិនិយោគនៅកម្ពុជា ដោយសារមកទៅ ខ្លាចពួកហ្នឹងចាប់ជំរិត ឬក៏បង្ខាំងឱ្យឆបោកតាមអនឡាញ។ វាប៉ះពាល់ទៅដល់វិស័យទេសចរណ៍ វិនិយោគទុន ប៉ះពាល់ទៅដល់សេដ្ឋកិច្ចកម្ពុជា ហើយកាលណាប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា ប៉ះពាល់ទៅដល់ឆ្នាំងបាយរបស់ប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋហ្នឹង អត់ការងារធ្វើ ភ្ញៀវទេសចរអត់មាន ប៉ះពាល់ទៅដល់ប្រជាពលរដ្ឋដែលទទួលផលពីវិស័យទេសចរណ៍! លក់ដូរក៏មិនដាច់ សណ្ឋាគារ ផ្ទះសំណាក់អីហ្នឹងក៏បិទទ្វារ »។
ជាការកត់សម្កាល់ ល្បែងអនឡាញខុសច្បាប់ រួមទាំងបទឧក្រិដ្ឋចាប់ជំរិត បង្ខាំងមនុស្ស ហាក់បានកើនឡើងយ៉ាងគំហុកនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ជាកស្តែងកន្លងទៅ ប្រទេសឥណ្ឌា ប្រទេសកូរ៉ាខាងត្បូង បានប្រកាសផ្សព្វផ្សាយប្រាប់ពលរដ្ឋខ្លួនឱ្យមានការប្រុងប្រយ័ត្ន ចំពោះបទឧក្រិដ្ឋឆបោកតាមអនឡាញនៅកម្ពុជា នៅពេលដែលពួកគេមានបំណងមករកការងារធ្វើនៅកម្ពុជានោះ។
ជ្រុងមួយនៃរឿងនេះ អតីតឧកញ៉ាដែលធ្លាប់ទម្លាយរឿងអាស្រូវពុករលួយ ក្នុងក្បាលម៉ាស៊ីនដឹកនាំបក្សកាន់អំណាច លោក ហេង សីទ្ធី ធ្លាប់និយាយថា នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត នឹងក្លាយជាមេដឹកនាំឧក្រិដ្ឋ បើមិនវះកាត់សាច់ញាតិដែលជាប់ពាក់ព័ន្ធយ៉ាងជ្រៅជាមួយក្រុមឧក្រិដ្ឋជនឆបោកឆ្លងដែនទេនោះ។
លោកថា៖ «កាលណាឧក្រិដ្ឋជនអាចទិញមន្ត្រីរាជរដ្ឋាភិបាលបាន ថ្ងៃក្រោយរដ្ឋាភិបាលយើងនឹងក្លាយទៅជារដ្ឋាភិបាលឧក្រិដ្ឋជន ហើយនឹងធ្វើរឿងឃោរឃៅជាច្រើន ដែលសង្គមមិនអាចទទួលយកបាន»។
ក្រុមឧកញ៉ាដែលអន្តរជាតិរកឃើញថាជាឧក្រិដ្ឋជន សុទ្ធសឹងតែជាមនុស្សដែលនៅកៀកនឹងគ្រួសារហ៊ុន រួមមាន ឧកញ៉ា លី យ៉ុងផាត់ ឧកញ៉ា កុក អាន ឧកញ៉ា ហ៊ុន តូ និងឧកញ៉ា ចេន ហ្ស៊ី ជាដើម។
កាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣ អាមេរិកបានចាត់ចំណាត់ថ្នាក់ឱ្យកម្ពុជា ស្ថិតនៅក្នុងកម្រិតលេខ៣ ដែលជាចំណាត់ថ្នាក់អាក្រក់បំផុត ដែលមិនបានប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស។
បើតាមរបាយការណ៍របស់អាមេរិក បញ្ជាក់ថា ជនបរទេស និងជនជាតិខ្មែរក្នុងស្រុក ត្រូវបានក្រុមឈ្មួញជួញដូរមនុស្ស ដែលជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនចិន ត្រូវបានបោកបញ្ឆោតឲ្យធ្វើការនៅតាមអគារក្នុងប្រទេសកម្ពុជា រហូតដល់មានសេចក្តីរាយការណ៍ពីការចាប់បង្ខាំងទុក មិនឲ្យមានសេរីភាព ការធ្វើទារុណកម្ម និងការជំរិតទារប្រាក់ជាដើម៕









