ជនរងគ្រោះ១៤នាក់​ត្រូវ​បាន​សង្រ្គោះពី​ទីតាំង​ល្បែង​អន​ឡាញ​នៅ​បាវិត​ ក្រោយ​បែក​ធ្លាយ​វីដេអូ​​ធ្វើ​ទារុណ​កម្ម

កម្លាំង​ជំនាញ​របស់រដ្ឋាភិបាល​បញ្ចេញ​ព័ត៌​មាន​តិច​តួច លើ​វិធាន​បង្រ្កាប​ល្បែង​អន​ឡាញ​នៅ​ក្រុងបាវិត ខេត្ត​ស្វាយ​រៀង ក្រោយ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ទម្លាយ​វីដេអូ​ពី​ទារុណ​កម្ម​លើ​ជន​រង​គ្រោះ​រង​ដែល​ព្យាយាម​រត់​គេច​ពី​ទីតាំង​ល្បែង​នោះ។

អតីតមន្រ្តីជាន់ខ្ពស់បក្សកាន់អំណាច លោក ខៀវ កាញារីទ្ធ ដក​ស្រង់​សម្តី​អភិបាល​រង​ខេត្ត​ស្វាយ​រៀង លោក ម៉ែន អេង មក​បញ្ជាក់​លើ​ហ្វេស​បុក​របស់​ខ្លួ​ន​នៅ​ថ្ងៃទី៣០ ខែមករា​ ឆ្នាំ​២០២៥​ថា អាជ្ញាធរបាន​រំដោះ​មនុស្ស ១៤នាក់ និងជនសង្ស័យ​ ១២នាក់​​ទៀត ត្រូវ​​ចា​ប់​​ខ្លួន ក្រោយ​​បែក​​ធ្លាយ​​វីដេអូ​​​ពី​​អំពើ​ហិង្សា​នេះ។

បើតាមប្រភពដដែល មន្រ្តីជំនាញបានចុះទៅកាន់ក្រុមហ៊ុនកាស៊ីណូ អេអាយ​កាំង ស្ថិត​ក្នុង​ភូមិ​ប្រាសាទ សង្កាត់​ប្រាសាទ ក្រុងបាវិត ជាលទ្ធផលបានរំដោះជនជាតិវៀតណាម ១៤នាក់ ហើយ​ជន​ស្ស័យ​ដែល​ឃាត់​ខ្លួន​១២​ទៀត ជាជនជាតិចិន និងខ្មែរ ដែលជាសន្តិសុខ និង​មេការ​សន្តិ​សុខ ក្នុងទីតាំងកើតហេតុនោះ។

ប៉ុន្តែ ប្រភពនោះ​មិនបានបញ្ជាក់ថា ទារុណកម្មនេះ​ផ្តើមចេញពីមូលហេតុអ្វីទេ ហើយ​មេខ្លោង​នៅ​ពី​ក្រោយ​រឿង​នេះ​ជា​នរណា​នោះ​ដែរ ដោយគ្រាន់តែថា ជនសង្ស័យ​ត្រូវ​បញ្ជូន​ខ្លួន​ទៅ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​សាក​សួរ និងកសាងសំណុំរឿងបញ្ជូន​ទៅ​តុលាការ។

VOD បានព្យាយាមទាក់ទងស្នងការនគរបាលខេត្តស្វាយរៀង លោក ពេជ្រ វីរៈ និង​អភិបាល​រង​ខេត្ត​ស្វាយ​រៀង លោក ម៉ែន អេង ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ តែគ្មាន​អ្នក​ទទួល​ទូរសព្ទ​នៅ​ថ្ងៃ​ទី​៣១​ ខែមករា​នេះ។

ដោយឡែក ទំព័រហ្វេសបុកផ្លូវការរបស់​ស្នងការដ្ឋាននគរបាល​ខេត្តស្វាយរៀង អគ្គ​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ និងក្រសួងមហាផ្ទៃជាដើម មិន​បាន​បញ្ចេញ​ព័ត៌​មាន​ពាក់​ព័ន្ធរឿងនេះទេ គិត​ត្រឹម​ម៉ោងផ្សាយនេះ។

នៅថ្ងៃទី២៩ ខែមករា នៅលើ​បណ្តាញ​សង្គម​ហ្វេស​បុក​មាន​ការ​ចែក​ចាយ​វីដេអូ​ដែល​ពលរដ្ឋ​ថត​បាន​ពី​សកម្មភាព​មនុស្ស​មួយ​ក្រុម​ពាក់​ឯក​សណ្ឋាន​ខ្មៅ កាន់​ដំប​ងនៅ​ដៃ បាន​ប្រើ​ហិង្សា​លើ​ជន​ជាតិ​បរទេស​ ដែលដេកផ្ទាល់លើ​ដី​នៅ​វាល​ស្រែ​មួយ​កន្លែងក្នុងដែនដីក្រុងបាវិត ។

ការផ្សព្វផ្សាយវីដេអូនោះ ក៏ភ្ជាប់សារថា ជន​ជាតិចិនធ្វើការអនឡាញនៅក្រុងបាវិត ខេត្ត​ស្វាយ​រៀង បានលួ​ច​រត់ត្រូវបាន​ក្រុមកាង​ដេញ​ចា​ប់​វ៉ៃ​ដូច​សត្វ​ធាតុ និង​បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ជួយ​ផ្សព្វ​ផ្សាយ​ដំណឹង​នេះ​ដល់​ស្ថានទូតចិន ដើម្បីជួយជនរងគ្រោះ។

សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន កត់សម្គាល់ថា មួយរយៈនេះ មន្រ្តី​ជំនាញ​កម្ពុជា ហាក់មានការបង្រ្កាបខ្លះដែរលើបទឧក្រិដ្ឋចាប់ជំរិត ល្បែងស៊ីសងខុសច្បាប់ ការ​ឆបោក​តាម​អន​ឡាញ​ជាដើម ក្រោយ​មាន​ការ​រិះគន់​ពី​អន្តរជាតិ​ថា កម្ពុជាជាជម្រកឧក្រិដ្ឋជន។

តែលោកថា វិធាននេះអាច​ជោគ​ជ័យ​បាន លុះ​ត្រាតែ​រដ្ឋាភិបាល​ហ៊ាន​វះ​កាត់​មេខ្លោង​នៅ​ពី​ក្រោយ​បទ​ឧក្រិដ្ឋ​ទាំង​នោះ​ដោយ​គ្មាន​ការ​យោគ​យល់​ ទោះ​ជាប់​ពាក់​ព័ន្ធ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ក្តី។

លោកថា៖ «អ្វីដែល​សំខាន់ គឺ​វិធាន​ការ​ច្បាប់​រួម​ទាំង​ពិនិត្យ​មើល​ទៅ​លើ​អំពើ​ពុក​រលួយ ព្រោះ​បទ​ល្មើស​ទាំង​នេះ បើសិនជា​មាន​ពាក់​ព័ន្ធ​នឹង​មន្ត្រី​ដែល​មាន​សមត្ថកិច្ច​ហើយ​មន្ត្រី​ដែល​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង​ ខ្ញុំ​ជឿថា ពិបាក​នឹង​បង្ក្រាប​ណាស់​អ៊ីចឹង​ណាស់​ ដូច្នេះ ពិនិត្យ​មើល​ពី​រឿង​មន្ត្រី​របស់​រាជរដ្ឋាភិបាល​ហ្នឹង​ បើសិន​ជា​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ពាក់​ព័ន្ធ​នឹង​ផល​ប្រយោជន៍​ អ៊ីចឹង​យើង​ពិបាក​ណាស់​ក្នុង​ការ​បង្ក្រាប»

ដោយឡែក ប្រធានសមាគមការពារសិទ្ធិមនុស្សអាដ​ហុក លោក នី សុខា និយាយ​ថា រូបភាព​ហិង្សា​កើត​ឡើង​ថ្មី​នេះ ឆ្លុះ​បញ្ជាំ​ង​ថា ពួក​ឧក្រិដ្ឋ​ជន​មិន​ខ្លាច​ប្រព័ន្ធ​ច្បាប់​កម្ពុជា​នោះ​ទេ​ ដែល​បាន​​គំរាមគំហែង​ដល់​អ្នក​វិនិយោគ ប៉ះពាល់ដល់​សេដ្ឋកិច្ច​ជាតិ។

លោកថា៖ «កម្ពុជា​អាច​ជាក​ន្លែង​ដែលពួកឧក្រិដ្ឋជន​មក​រក​ស៊ី​មិន​មាន​ភាព​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បាប់ អាច​ជា​ជម្រក​សម្រាប់​ឲ្យ​ពួកគេ​មាន​ឱកាស​មាន​ទីតាំង​ក្នុង​ការ​ឈរ​ជើង​ ដើម្បី​មក​រក​ស៊ី​នៅ​ក្នុង​ប្រទេស​យើង។ អានេះ ដែល​វា​ជះ​ឥទ្ធិ​ពល​មិន​ល្អ​ហើយ​ដែល​ជា​រឿយៗ​ដែល​ប្រទេស​ភាគី​ដៃ​គូ​ផ្សេងៗ គេតែង​តែ​មាន​ការ​ចង្អុល​ ដូច​ជា​នៅ​ខាង​តំបន់​ប៉ោយ​ប៉ែត​នៅ​ខាង​អី​ហ្នឹង មាន​ការ​ចង្អុល​បង្ហាញ​ពី​សមត្ថកិច្ចថៃពីអីផ្សេងៗ ឲ្យ​មាន​ការ​លើក​ឡើងអំពី​រឿយៗ​ច្រើន អំពី​រឿង​ទាំង​អស់​នេ យើង​ឃើញ​ថា មក​ដល់​ពេល​នេះ ករណីនេះ​នៅ​តែ​មិន​ទាន់​មាន​ការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធ​ភាព»។

អតីតឧកញ៉ា ហេង សីទ្ធី ដែលអាជ្ញាធរកម្ពុជាចាប់ខ្លួនលើទឹកដីរុស្សី ធ្លាប់និយាយថា ឧកញ៉ា ហ៊ុន តូ ជាប់ពាក់ព័ន្ធយ៉ាងជ្រៅជាមួយមន្រ្តីរដ្ឋាភិបាល បើកល្បែងអនឡាញខុសច្បាប់ និង​ឆបោក​តាម​អនឡាញ។

លោកថា៖ «កាលពីមុនគេស្គាល់​កម្ពុជា ជាប្រទេសអច្ឆរិយ អង្គរវត្ត ឥឡូវ​នេះ គេ​ស្គាល់​កម្ពុជា​ដោយ​សារ ហ៊ុន តូ ដោយ​សារ​មន្ត្រី​ប៉ូលិស ស ថេត ការពារឧក្រិដ្ឋជន​អន​ឡាញ។ កម្ពុជា​ក្លាយ​ទៅ​ជា​កន្លែង​បោក​ប្រាស់ រក​ស៊ីអនឡាញខុសច្បាប់ »

ជុំវិញរឿងនេះ VOD ធ្លាប់រកឃើញថា កាស៊ីណូWM ស្ថិត​​នៅ​​ក្បែរ​​រង្វង់​​​មូល​តោ​​ពីរ ក្នុង​​ក្រុង​​ព្រះសីហនុ បាន​ប្រតិបត្តិ​ការ​​ល្បែង​​អនឡាញ​​ខុសច្បាប់​​ច្រើន​​ឆ្នាំ​​មក​​ហើយ ដោយ​​លួច​​លាក់ ​បំពាន​​បម្រាម​​ដែល​​រដ្ឋាភិបាល​កម្ពុជា។​​

កាស៊ីណូនេះ​​​​ គ្រប់គ្រង​​ដោយ​​ក្រុមហ៊ុន ​Lixin ​ដែល​​មាន​​បណ្តាញ​​នឹង​​ឧកញ៉ា ហ៊ុន តូ ក្មួយ​ប្រុស​​របស់​​លោក ហ៊ុន សែន ប្រធាន​​ព្រឹទ្ធសភា និង​​ជា​​បងប្អូន​​ជីដូន​​មួយ ​របស់​​លោក​​នាយក​​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។ ចំណែក​​កាស៊ីណូ​​ក្រោន (Crown) ដែល​​គ្រប់​គ្រង​​ដោយ​​លោក កុក អាន និង​​មាន​ទីតាំង​​នៅ​​ក្នុង​​ក្រុង​​បាវិត ខេត្ត​​ស្វាយ​រៀង​ ក៏​​នៅ​​បន្ត​​ល្បែង​​អនឡាញ​​ខុស​​ច្បាប់​​ដូច​​គ្នា​។

ជុំវិញ​រឿង​ឧក្រិដ្ឋកម្ម​តាម​អន​ឡាញ​​នេះ កាលពីខែធ្នូ ឆ្នាំ២០២៤ ភារ​ធារី​​ស្តីទី​​នៃ​ស្ថាន​ទូត​សហរដ្ឋ​​អាមេរិក​ប្រចាំ​​កម្ពុជា​​​គឺ អ្នកស្រី ប្រៃហ្គេត អែលវ៉កឃឺរ បាន​​លើក​ឡើង​​​ចំពោះ​​​មុខ​​​អតីត​នាយករដ្ឋមន្ត្រី​​កម្ពុជា​​លោក ហ៊ុន សែន ពី​ការ​​ព្រួយ​​បារម្ភ​​​អំពី​​បទ​ល្មើស​​ឆបោក​​អន​​ឡាញ ដែល​ជះ​​ឥទ្ធិពល​​​មិន​ល្អ​​ដល់​​បរិយាកាស​​វិនិ​យោគ សេដ្ឋកិច្ច​នៅកម្ពុជា និង​នៅ​ក្នុង​តំបន់ ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ