មន្ត្រីរដ្ឋាភិបាល បញ្ជាក់ថា ការផ្អាកជំនួយបរទេសរយៈពេល ៩០ថ្ងៃ របស់សហរដ្ឋអាមេរិក តាមរយៈគម្រោងនានានៃទីភ្នាក់ងារ USAID នៅទូទាំងពិភពលោក ក៏បានប៉ះពាល់គម្រោងមួយចំនួនដែលរដ្ឋាភិបាលសហការជាមួយ USAIDដែរ ក្នុងនោះវិស័យសម្អាតមីន មានបុគ្គលិកជាង ១ពាន់នាក់ ប្រឈមនឹងអត់ការងារ ខណៈសង្គមស៊ីវិលមួយចំនួន ក៏បារម្ភពីប្រតិបត្តិការការងាររបស់ខ្លួន ដោយពួកគេអំពាវនាវដល់សហរដ្ឋអាមេរិក ពិចារណាឡើងវិញពីបញ្ហាបង្កកជំនួយនេះ។
កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ក្រោយពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានចូលកាន់តំណែង លោកបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិឱ្យផ្អាកជំនួយទៅក្រៅប្រទេសទាំងអស់ នៃកម្មវិធីរបស់ទីភ្នាក់ងារ USAID ក្នុងរយៈពេល ៩០ថ្ងៃ ដើម្បីពិនិត្យមើលឡើងវិញ ពីប្រសិទ្ធភាព និងភាពស៊ីសង្វាក់នៃគោលនយោបាយការបរទេសរដ្ឋការរបស់លោក។ ការផ្អាកនេះ ជាកិច្ចខិតខំប្រឹងប្រែងមួយ ដើម្បីធានាថា ជំនួយបរទេសរបស់អាមេរិកឆ្លុះបញ្ចាំងពីតម្លៃរបស់អាមេរិក និងបម្រើផលប្រយោជន៍ជាតិ។
តែយ៉ាងណា ចំណាត់ការរបស់រដ្ឋការលោក ត្រាំ បានបង្កជាក្តីបារម្ភយ៉ាងខ្លាំងពីអន្តរជាតិ ក្នុងនោះក៏មានសង្គមស៊ីវិលដែលទទួលជំនួយដោយផ្ទាល់និងប្រយោលពីទីភ្នាក់ងារ USAID នៅកម្ពុជាផងដែរ ដោយសារសហរដ្ឋអាមេរិក គឺជាអ្នកផ្តល់ជំនួនធំបំផុតនៅក្នុងពិភពលោក។
អនុប្រធានទី១នៃអាជ្ញាធរមីន លោក លី ធុជ បានប្រាប់សារព័ត៌មានក្នុងស្រុក អំឡុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអូស្ត្រាលីផ្តល់ជំនួយដល់កម្ពុជា នៅថ្ងៃទី៣០ ខែមករាថា នៅកម្ពុជា សហរដ្ឋអាមេរិក បានផ្តល់ជំនួយជាថវិកាប្រមាណ ១០លានដុល្លារក្នុងមួយឆ្នាំ លើការងារបោសសម្អាតមីន ទៅដល់ប្រតិបត្តិករបោសអម្អាតមីន ប៉ុន្តែក្រោយពីរដ្ឋការលោកត្រាំ បានបង្កកជំនួយដល់គម្រោង USAID រយៈពេល៩០ថ្ងៃ បានធ្វើឱ្យប៉ះពាល់ដល់ក្រុមអ្នកដោះមីនចំនួន ៩៣ក្រុម ឬស្មើនឹងបុគ្គលិកជាង ១ពាន់នាក់ ដែលត្រូវប្រឈមនឹងការអត់ការងារធ្វើ ហើយប៉ះពាល់ដល់លទ្ធផលដែលរំពឹងទុកក្នុងឆ្នាំ២០២៥ ដែលត្រូវផ្អាកការងាររយៈពេល ៣ខែនេះ។
លោកបន្តថា៖ «ចឹងយើងសង្ឃឹមយ៉ាងមុតម៉ាំថា សហរដ្ឋអាមេរិក ដែលតែងតែជួយដល់វិស័យបោសសម្អាតមីននៅកម្ពុជាយើងជាច្រើនទស្សវត្សរ៍មកនេះ នឹងបន្តជួយទៅទៀត បន្ទាប់ពីគោលនយោបាយផ្អាក ៩០ថ្ងៃខាងមុខនេះ អីចឹងយើងសង្ឃឹមថានឹងវិលមក នឹងបន្តនូវគម្រោងដែលយើងបានចាប់ផ្តើមជាមួយគ្នា កសាងភាពជាដៃគូរដ៏ល្អនេះ»។
លោក លី ធុជ ក៏បានអំពាវនាវដល់ដៃគូរនៃបណ្តាប្រទេសផ្សេងៗ ជួយជាបណ្តោះអាសន្នដល់បុគ្គលិកបោសសម្អាតមីនដែលជួបបញ្ហាប្រឈម ដើម្បីជួយសម្រួលដល់ជីវភាពពួកគាត់ ក្នុងអន្តរការដែលអាមេរិកផ្អាកជំនួយរយៈពេល៣ខែនេះផងដែរ។
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃទី៣១ ខែមករានេះថា ការសម្រេចបង្កកថវិកាជាសិទ្ធិរបស់រដ្ឋាភិបាលអាមេរិក ហើយការសម្រេចនេះពាក់ព័ន្ធនឹងគម្រោងរបស់ទីភ្នាក់ងារ USAID នៅទូទាំងពិភពលោក មិនមែនតែនៅកម្ពុជានោះទេ។
ទោះយ៉ាងណា លោកថា រដ្ឋាភិបាលកម្ពុជា ក៏មានផលប៉ះពាល់លើគម្រោងមួយចំនួនដែលកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយ USAID ដែរ ដូចជា វិស័យកសិកម្ម សុខាភិបាល អប់រំ និងផ្នែកបោសសម្អាតមីនជាដើម ប៉ុន្តែគម្រោងទាំងនោះ មិនបានបង្កជាឧបសគ្គដល់ការអភិវឌ្ឍទៅមុខរបស់កម្ពុជានោះទេ។
លោកថា៖ «អីចឹងប៉ះកន្លែងណា យើងនឹងព្យាយាមដោះស្រាយកន្លែងហ្នឹង ប៉ុន្តែសួរថាតើផលប៉ះពាល់ទាំងអស់ហ្នឹង វាបង្កឧបសគ្គរារាំងដល់ដំណើរការអភិវឌ្ឍប្រទេសទេ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាគាំងទេ រដ្ឋាភិបាលកម្ពុជាគាំងដំណើរទេ? អត់មានទេ វាទៅតាមវិស័យ ហើយវិស័យមួយៗហ្នឹងយើងដោះស្រាយទៅតាមអ្វីដែលយើងដោះស្រាយបាន ជាទម្លាប់កន្លងមក រាជរដ្ឋាភិបាលយើងមានដៃគូរអភិវឌ្ឍន៍ហ្នឹងច្រើន មានកិច្ចសហប្រតិបត្តិការគ្នា មានប្រភពជំនួយផ្សេងៗក៏ច្រើន ចឹងយើងអាចផ្លាស់ប្តូរពីមួយទៅមួយ»។
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងតាមរយៈសំណេរក្នុងតេឡេក្រាមថា ក្រសួងកសិកម្ម មានកិច្ចសហការមួយចំនួនជាមួយមូលនិធិ USAID តែកិច្ចសហការទាំងនោះ ធ្វើឡើងក្នុងរូបភាពជាការគាំទ្រដោយប្រយោល ដែលមិនប៉ះពាល់ដល់ដំណើរការងាររបស់ក្រសួងឡើយ។ តែយ៉ាងណា កញ្ញាថា ក្រសួងស្វាគមន៍នូវរាល់ជំនួយ ការគាំទ្រ និងកិច្ចសហការប្រកបដោយភាពស្មោះត្រង់ ពីអង្គការដៃគូអភិវឌ្ឍន៍នានាជានិច្ច ហើយក្រសួងនៅតែបន្តបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍ប្រជាកសិករ និងប្រជាពលរដ្ឋ។
ចំណែក អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា មានប្រសាសន៍ថា គម្រោងរបស់ទីភ្នាក់ងារ USAID របស់អាមេរិក ក្នុងវិស័យបរិស្ថាននៅកម្ពុជា ភាគច្រើនផ្តោតទៅលើការជួយដល់សហគមន៍នៅមូលដ្ឋាន។ តែយ៉ាងណា លោកសុំមិនអត្ថាធិប្បាយពីកម្រិតនៃផលប៉ះពាល់ ដោយថា រងចាំមើលការសម្រេចរបស់សហរដ្ឋអាមេរិក។
បើតាមការចុះផ្សាយរបស់ខេមបូចា នៅថ្ងៃទី២៩ ខែមករា បានឱ្យដឹងថា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ ហៅកាត់ថា USAID បានចាត់ចែងថវិកាចំនួន ២២,៦ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៥ នៅទូទាំងពិភពលោក។
សម្រាប់នៅកម្ពុជា ក្នុងរយៈពេល ៣ទស្សវត្សរ៍មកនេះ ទីភ្នាក់ងារ USAID បានផ្តល់ជំនួយជាង ៣ពាន់លានដុល្លារដល់វិស័យផ្សេងៗ ដូចជា វិស័យសុខាភិបាល កសិកម្ម បរិស្ថាន អភិបាលកិច្ចល្អ ការអប់រំ សិទ្ធិមនុស្ស និងវិស័យបោសសម្អាតមីននេះជាដើម។
ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា កាលពីខែតុលា ឆ្នាំ២០២៤ លោកស្រី សាម៉ាន់ថា ផាវើ នាយិកាទីភ្នាក់ងារ USAID បានប្រកាសផ្តល់ជំនួយជាង ១៧លានដុល្លារ ដើម្បីកែលម្អការថែទាំសុខភាព និង ២៩លានដុល្លារសម្រាប់កម្មវិធី Food for progress ដើម្បីពង្រឹងវិស័យកសិកម្ម និងស្បៀងអាហារ ព្រមទាំងបានផ្តល់ថវិកាជាង ៦លានដុល្លារសម្រាប់សង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងគំនិតផ្តួចផ្តើមការងារផ្សេងៗទៀត រួមជាមួយនឹងប្រាក់ ៣លានដុល្លារទៀត ពីក្រសួងការងារសហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់កិច្ចសហការ និងផ្តល់ឱ្យកាសសម្រាប់ជនពិការ។
អ្នកនាំពាក្យទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជា បានឆ្លើយតបអ៊ីម៉ែលយ៉ាងខ្លីដល់សារព័ត៌មាននៅថ្ងៃទី៣០ ខែមករាថា ដើម្បីធ្វើការពិនិត្យឡើងវិញឱ្យបានហ្មត់ចត់ នៅពេលនេះរាល់កម្មវិធី និងជំនួយទាំងអស់ដែលប្រើប្រាស់មូលនិធិជំនួយបរទេសត្រូវបានផ្អាក លើកលែងតែកម្មវិធី និងជំនួយណា ដែលទទួលបានការលើកលែង ដែលអនុម័តដោយក្រសួងការបរទេសប៉ុណ្ណោះ។
ប្រភពដដែល បន្តថា ក្រសួងការបរទេស បានអនុម័តយល់ព្រមផ្តល់ជំនួយមនុស្សធម៌ ហើយអ្នកអនុវត្តកម្មវិធីជំនួយមនុស្សធម៌ ដែលមានស្រាប់គួរតែបន្ត ឬបន្តធ្វើការងារឡើងវិញ។
អ្នកគ្រប់គ្រងកម្មវិធីការងារនៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ជំនួយតាមរយៈ USAID មានសារសំខាន់ណាស់ក្នុងការជួយដល់ស្ថានភាពសង្គម និងសេដ្ឋកិច្ចនៅកម្ពុជា ព្រោះជំនួយដែលមានរយៈជាង៣០ឆ្នាំមកនេះ ជួយខ្លាំងទៅលើវិស័យសេវាសាធារណៈ ជាពិសេសផ្នែកសុខាភិបាល បរិស្ថាន អប់រំជាដើម និងបានជួយដល់សង្គមស៊ីវិលក្នុងវិស័យសិទ្ធិមនុស្ស និងការពង្រឹងប្រជាធិបតេយ្យ។ លោកបន្តថា គេនៅពុំទាន់ដឹងថាអាមេរិកនឹងសម្រេចយ៉ាងណានៅឡើយ ដោយរងចាំមើលបន្ទាប់ពីគ្រប់ ៩០ថ្ងៃ។
តែយ៉ាងណា លោកថា ចង់មិនចង់ការផ្អាកជំនួយក្នុងរយៈពេល ៩០ថ្ងៃនេះ បានប៉ះពាល់ខ្លះដល់ដំណើរការប្រតិបត្តិការងាររបស់សង្គមស៊ីវិល និងការអនុវត្តសកម្មភាពការងាររបស់ពួកគេ ខណៈរដ្ឋាភិបាលក៏មានផលប៉ះពាល់ខ្លះដែរ ក្នុងនោះក៏មានខាងក្រុមប្រតិបត្តិការបោសសម្អាតមីនជាដើមនេះ។
ករណីនេះ លោកបានជំរុញដល់រដ្ឋាភិបាលកម្ពុជា ត្រូវពង្រឹងផ្នែកទំនាក់ទំនងការទូតជាមួយអាមេរិក កែលម្អស្ថានភាពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងចាប់យកឱកាសផ្នែកសេដ្ឋកិច្ច ដើម្បីផលប្រយោជន៍រួមសម្រាប់ពលរដ្ឋកម្ពុជា។
លោកថា៖ «ចឹងឆន្ទៈផ្នែកនយោបាយនៃការរក្សាទំនាក់ទំនងការទូត ការទូតផ្នែកពាណិជ្ជកម្មនេះសំខាន់ណាស់សម្រាប់កម្ពុជាយើង។ ដោយឡែកវាត្រូវមានតួអង្គទាំងអស់ ត្រូវចូលរួម ទាំងអង្គការសង្គមស៊ីវិល ដែលធ្វើការរឿងសិទ្ធិមនុស្ស អភិបាលកិច្ច ទាក់ទងទៅនឹងវិស័យផ្សេងៗហ្នឹង គឺដើរតួនាទីសំខាន់ណាស់ នៅក្នុងការលើកឡើងអំពីបញ្ហាដែលយើងកំពុងជួបប្រទះហ្នឹង ជាពិសេសគឺផលប៉ះពាល់ដែលអាចប្រឈមក្នុងរយៈពេលប៉ុន្មានខែខាងមុននេះ ក៏ដូចជាទៅថ្ងៃអនាគត អីចឹងយើងត្រូវធ្វើយ៉ាងណាបន្តរក្សានៅស្ថានភាព ស្ថេរភាពផ្នែកនយោបាយមួយដែលល្អ រងចាំឱកាសមួយ»។
នាយកប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា(CYN) លោក ហេង គីមហុង មានប្រសាសន៍ថា លោកមានការសោកស្តាយចំពោះការផ្អាកជំនួយរបស់អាមេរិករយៈពេល ៩០ថ្ងៃនេះ ដែលនឹងបន្ថែមភាពតានតឹងសម្រាប់សង្គមស៊ីវិល និងពលរដ្ឋកម្ពុជា ខណៈកាលពីខែកញ្ញា ឆ្នាំ២០២៤ រដ្ឋាភិបាលស៊ុយអ៊ែត បានផ្អាកជំនួយ និងបានបិទស្ថានទូតរបស់ខ្លួននៅកម្ពុជា ដែលធ្វើឱ្យអង្គការសង្គមស៊ីវិលជួបបញ្ហាប្រឈមម្តងរួចមកហើយ។
លោកបន្តថា ជំនួយពីសហរដ្ឋអាមេរិក ក៏ដូចជាម្ចាស់ជំនួយផ្សេងទៀត ពិតជាមានសារសំខាន់ណាស់ ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ប្រជាធិបតេយ្យ ការអប់រំ សិទ្ធិមនុស្ស កិច្ចការពារបរិស្ថាន និងវិស័យផ្សេងៗនៅកម្ពុជា។
លោក ហេង គីមហុង បញ្ជាក់ថា ការផ្អាកផ្តល់ជំនួយបណ្តោះអាសន្នរបស់សហរដ្ឋអាមេរិក ទោះក្នុងរយៈពេលវែង ឬក៏ផ្អាកជាអចិន្ត្រៃយ៍ សុទ្ធតែមានផលប៉ះពាល់តិចឬច្រើនដល់ស្ថាប័នពាក់ព័ន្ធមួយចំនួន ទាំងស្ថាប័នរដ្ឋ និងសង្គមស៊ីវិល ទៅលើដំណើរការ និងការអភិវឌ្ឍលើវិស័យនានា ទាំងនៅកម្ពុជា និងបណ្តាប្រទេសផ្សេងៗទូទាំងពិភពលោក។
លោកថា៖ «ក្នុងនាមសង្គមស៊ិវិលមួយរូប ខ្ញុំគិតថា សហរដ្ឋអាមេរិក ក៏ដូចជាម្ចាស់ជំនួយផ្សេងទៀត គួរតែពិនិត្យពិចារណាក្នុងការគាំទ្ររបស់ខ្លួន ដើម្បីធានានូវរឿង២ ទី១ និរន្តរភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់សហរដ្ឋអាមេរិក ក៏ដូចជាម្ចាស់ជំនួយទាំងអស់ហ្នឹង ហើយទី២ ដើម្បីធានាបាននូវប្រក្រតីភាពនៃដំណើរការ និងការចូលរួមលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ យុត្តិធម៌សង្គម សិទ្ធិមនុស្ស និងបរិស្ថានផងដែរ»។
សម្រាប់ លោក សួន សូរីដា តំណាងរាស្ត្រគណបកស្សង្គ្រោះជាតិ បានលើកឡើងក្នុងហ្វេសប៊ុករបស់លោកថា ក្នុងរយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីសហរដ្ឋអាមេរិកផ្អាកជំនួយបរទេសនេះ លោកសង្កេតឃើញា មានមន្ត្រីធំៗក្នុងជួររដ្ឋាភិបាលកម្ពុជា និងអ្នកនយោបាយប្រឆាំងខ្លះ ហាក់រីករាយសាទរក្នុងរឿងនេះ ដោយពួកគេយល់ឃើញខុសៗគ្នាថា ជំនួយរបស់អាមេរិកជាជំនួយខ្មៅ ជួយអ្នកប្រឆាំង ដូចជាសង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល សារពត៌មានឯករាជ្យ ជាដើម ហើយថាការផ្អាកជំនួយនេះ គឺមានន័យថា កាត់ផ្តាច់ហិរញ្ញវត្ថុអ្នកប្រឆាំងនៅកម្ពុជា ជាអ្វីដែលគណបក្សប្រជាជនកម្ពុជាចង់បាន។
លោកបន្តថា ចំណែកអ្នកនយោបាយប្រឆាំងខ្លះ យល់ថា នេះជាវិធានការទណ្ឌកម្មថ្មីនៃរដ្ឋកាលដូណាល់ ត្រាំ ទៅលើរដ្ឋាភិបាលកម្ពុជាក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
តែយ៉ាងណា សម្រាប់ការយល់ឃើញរបស់លោក ការបាត់បង់ជំនួយUSAID គឺជាការបាត់បង់ផលប្រយោជន៍សម្រាប់ប្រជាជាតិខ្មែរទាំងមូល ក៏ព្រោះជំនួយUSAID បានជួយមួយផ្នែកធំលើការអភិវឌ្ឍប្រទេសកម្ពុជា ក្នុងវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ពន្ធ័(ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ ប្រពន្ធ័ធារាសាស្ត្រ) អប់រំ សុខភាពសាធារណៈ ធនធានមនុស្ស និងមួយផ្នែកទៀតបានជួយដល់សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងសារពត៌មានឯករាជ្យ ដើម្បីប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជាផងដែរ៕