អ្នកឃ្លាំមើលថា ឥទ្ធិពលវៀតណាមធ្វើឱ្យគ្រួសារហ៊ុនមិនហ៊ានប្តឹងថៃទាមទារកោះគុត

អ្នកឃ្លាំមើលនិយាយថា ឥទ្ធិពលវៀតណាមបានចាក់ឫស្សយ៉ាង​ជ្រៅ ក្នុង​ស្រទាប់​មេដឹកនាំ​កម្ពុជា​បច្ចុប្បន្ន ដែល​ធ្វើ​ឱ្យ​គ្រួសារ​ហ៊ុន មិន​ហ៊ាន​ប្រើ​យន្តការ​អន្តរ​ជាតិ ដើម្បី​ការ​ពារ​បូរណ​ភាព​ទឹក​ដី ដែល​កំពុង​រង​ការ​រំ​​លោ​ភ​យក​ជា​បន្ត​បន្ទាប់​ពីប្រទេស​ជិត​ខាង​ នាស​ម័យទំនើបនេះ ក្នុងនោះមានទាំងកោះគុត។

បញ្ហានេះពលរដ្ឋ និងអ្នកនយោបាយក្រៅប្រទេស បានបន្តបន្លឺសំឡេង​ជំរុញឱ្យ​មេដឹកនាំ​គ្រួសារ​ហ៊ុន បង្ហាញ​ឆន្ទៈ​ការ​ពារ​បូរណ​ភាព​ទឹកដី ទាំងព្រំដែនខាងកើត និងខាងលិច ។

ពួកគេថាជម្រើសចាំបាច់ដែលមានប្រសិទ្ធភាពក្នុងការបានទឹកដីនោះមកវិញ គឺត្រូវប្រើយន្តការអន្តរជាតិ រួម​ទាំង​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរជាតិ (ICJ) ទើប​អាច​ទប់​ស្កាត់​មហិច្ឆតា​ឈ្លាន​ពាន​ទឹក​ដី ពី​ប្រទេស​ជិត​ខាង​បាន នាសម័យទំនើបនេះ។

តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយប្រាប់វីអូឌីនៅថ្ងៃទី​៣១ ខែមករានេះថា បើ​មេដឹកនាំ​គ្រួសារហ៊ុន​នៅបន្តនៅស្ងៀមស្ងាត់ មិនប្រើយន្តការអន្តរជាតិដើម្បីទាមទារ​ទឹក​ដី នោះបញ្ជាក់​ថា គ្រួ​សា​រ​​ហ៊ុនកំពុងធ្វើនយោបាយ បម្រើមហិច្ឆតាប្រទេសជិតខាង ដើម្បី​តែ​អំណាច។

បើ​តាមលោក អ៊ុំ សំអាន ការដែលគ្រួសារ​ហ៊ុន មិន​ប្រើ​យន្តការ​អន្តរជាតិ​ប្តឹង​ថៃ ដើម្បី​ទាម​ទារ​កោះគុត ព្រោះ​បារម្ភស្ថាប័នអន្តរជាតិនេះ​សើរើ​ព្រំដែន​ទាំង​ស្រុង ខណៈ​ដី​ខ្មែរ​មួយ​ផ្នែក​តាម​ព្រំដែន​គោក និង​កោះ​មួយ​ចំនួន​នៅ​សមុទ្រ ត្រូវ​បាន​វៀតណាម​គ្រប់​គ្រង​ទាំង​ស្រុង ដែល​នេះ ជា​ចំនុច​ដែល​វៀត​ណាម​មិន​ចង់​ឱ្យ​បញ្ហា​នេះ​កើត​ឡើង។

លោកថា៖ «បើប្ដឹង​ករណី​កោះគុត ទៅ​កាន់​តុលាការ​អន្ដរ​ជាតិ​ហ្នឹង វា​អាច​ពាក់​ព័ន្ធ​ទៅ​នឹង​សន្ធិ​សញ្ញា​ស្តីពី​តំប​ន់​ទឹក​ប្រវត្តិ​សាស្រ្ត​ឆ្នាំ​១៩៨២ ដែល​ លោក ហ៊ុន សែន​ បាន​កាត់​កោះ​ត្រល់​ កោះ​ក្រចក​សេះ​ហ្នឹង​ទៅ​ឲ្យ​វៀត​ណាម​នៅ​ដែន​សមុទ្រ​ខ្មែរ ៣០ពាន់​គីឡូម៉ែត្រ​ការ៉េ ទៅ​ឲ្យ​វៀត​ណាម។ អ៊ីចឹង​វា​អាច​គេ​សើរើ​រឿង​ហ្នឹង​ឯង ប៉ះ​ពាល់​ទៅ​ដល់​ចៅហ្វាយ​របស់ ហ៊ុន សែន ក៏​ជា​ពិសេស​គឺ​ប៉ះ​ពាល់​ទៅ​ដល់​កោះ​ត្រល់​ដែល​គ្រប់​​គ្រង​​ដោយ​វៀត​ណាម​ហ្នឹង​ផង​ដែរ»។

សម្រាប់លោក អ៊ុំ សំអាន ទឹក​ដី​កម្ពុជា​បាន​ធ្លាក់​ទៅ​ក្នុង​ដៃ​វៀត​ណាម​ជា​បន្ត​បន្ទាប់​ចាប់​តាំង​ពី​វៀត​ណាម​លើក​បន្តុប​ លោក ហ៊ុន សែន ឱ្យឡើង​កាន់​អំណាច​អំឡុង​ឆ្នាំ​១៩៧៩ និ​ង​បន្ត​បាត់​ទៀត បើ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​អ្នក​នយោបាយ​ផ្សេង​ទៀត​សង្ងំ​ដេក​ស្ងៀម មិន​បន្លឺ​សំឡេង​ទាម​ទារ​ទេ​នោះ។

លោកថា៖ «ឆ្លុះបញ្ចាំងថា ត្រកូល ហ៊ុន សែន គឺ​ស្រឡាញ់​អំណាច​ជាជាង​ទឹកដី លោក ហ៊ុន សែន គាត់​សុខ​ចិត្ត​កាត់​កោះ​ក្រចក​សេះ ដែន​សមុទ្រ​ខ្មែរ​មួយ​ចំនួន​ទៅ​ឲ្យ​វៀត​ណាម​តាម​សន្ធិ​សញ្ញា ស្ដីពី​តំបន់​ទឹក​ប្រវត្តិ​សាស្ត្រ​ឆ្នាំ​១៩៨២ ហើយ​ធ្វើ​សន្ធិសញ្ញា​ឆ្នាំ​១៩៨៣, ៨៥ ស្តីពី​ព្រំដែន​គោក​ហ្នឹង​កាត់​ដែន​ដី​របស់​ខ្មែរ​ឱ្យ​វៀត​ណាម​ដើម្បីសងគុណវៀតណាម»។

ពលករខ្មែរនៅប្រទេស​កូរ៉េ លោក ប៊ុត វីឆៃ ហៅ​អាចារ្យ​ហ្វី និយាយ​ថា មេដឹកនាំ​កម្ពុជា​មិន​អាច​បន្ត​ឈរ​ឳប​ដៃ​មើល​បរទេស​ឈ្លាន​ពាន​ដី​របស់​ដូនតា​ខ្មែរ ក្នុង​សម័យ​ដឹកនាំ​ប្រទេស​របស់​ខ្លួ​ននោះ​ទេ ហើយ​ពលរដ្ឋ​ក៏ត្រូវ​បាន​បន្លឺ​សំឡេង​ទាម​ទារ តាមដែលអាចធ្វើទៅបានដែរ មិនត្រូវសង្ងំស្ងៀមនោះទេ។

លោកថា៖ «បើសិន​ជាការដឹកនាំរបស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​បន្ត​តំណែង​ពី​ឳ​នេះ​បើ​សិន​ធ្វើ​ឱ្យ​បាត់​កោះ​គុត​នេះ​ទៀត ប្រវត្តិ​សាស្ត្រគេ​នឹង​កត់​ទុក​ដូច​ជា​ប្រវត្តិ​របស់​ឪ​គាត់​អញ្ចឹង។ ខំប្រឹង​កែ​បន្លំ​បែប​ណា​ក៏ដោយ ក៏​នៅ​តែប្រជាពលរដ្ឋ​ដឹង ​ប្រជាពលរដ្ឋ​នៅ​តែ​ចង​ចាំ​ថា អ្នក​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ គឺ​មាន​តែ​នាយករដ្ឋ​មន្ត្រី​ដែល​មិ​នចេះ​ធ្វើ​ការ​ងារ​​ក្នុង​កាតព្វកិច្ច​ខ្លួន​ឯង​ សម្រាប់ការពារទឹកដីហ្នឹងទេ»។

យ៉ាងណា លោក ហ៊ុន សែន ធ្លាប់បានវាយបកថា ក្រុ​មអ្នកបំផុសបញ្ហាព្រំដែន ជាក្រុមជ្រុលនិយម មាន​ចេតនា​ជំរុញ​ឱ្យមានសង្គ្រាម ជាមួយប្រទេសជិតខាង។

លោកថា ៖ «គេកំពុង​តែ​ដាក់​បញ្ហា​កោះគុត បង្វែរ​ពី​កម្ពុជា​វៀត​ណាម​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​អាវុធ​នៅ​តាម​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង ឥឡូវ​នេះ​គេ​បង្វែរ​មក​ទិស​ខាង​លិច​វិញ​ម្តង»។

ដោយឡែក ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មានប្រសាសន៍ថា កាលដែលមេដឹកនាំ​គ្រួ​សារ​ហ៊ុន មិនហ៊ានប្តឹងរឿងកោះគុត​ជាមួយថៃ​ទៅតុលាការអន្តរជាតិ ព្រោះខ្លាចឥទ្ធិពលវៀតណាម ដែល​ថា​វៀតណាម​មិន​ចង់​ឱ្យ​មាន​ការ​សើរើ​ព្រំដែន​នោះ​ទេ ខណៈ​វៀត​ណាម​កំពុង​គ្រប់​គ្រង​ដី​កម្ពុជា​មួយ​ភាគ​នៅ​​ក្រោយលើកបន្តុប លោក ហ៊ុន សែន ឱ្យកាន់អំណាចនោះ ។

លោក​សង្កត់ធ្ងន់ថា គ្រួសារហ៊ុន ជាប់​ចំណង​ឥទ្ធិពលវៀតណាម ដូច្នេះ​គាត់​មិន​ហ៊ាន​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ​ តាមរយៈប្រើយន្តការអន្តរជាតិនោះទេ​ ។

លោកថា៖ «យើងខ្ញុំសូមអំពាវនាវឲ្យរដ្ឋាភិបាល​ លោក ហ៊ុន សែន ត្រូវ​មាន​ចិត្ត​សឿង បើ​សឿង​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត នឹង​ហ៊ាន​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រម​ព្រៀង CLV ជាមួយវៀតណាមហើយ តើ​ហេតុអី​បាន​ជា​មិនហ៊ាន​ដក​ខ្លួន​ចេញ​ពី MOU 2001 និង​មិន​ហ៊ាន​ទាម​ទារ​ចំណែក​នៃ​កោះ​គុត​របស់​ខ្មែរ​មក​វិញ​ តាម​រយៈ​ការ​ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ហើយ​ការ​ប្ដឹង​ទៅ​តុលាការ​អន្តរ​​ជាតិ​ហ្នឹង វា​ស្រប​ជាមួយ​នឹង​​ប្រការ១ នៃសន្ធិសញ្ញាបារាំងសៀមឆ្នាំ​១៩០៧ វាស្រប​ទៅ​នឹង​​​ខ្លឹម​សារ​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ដែល​មាន​ថៃ​ជា​ហត្ថលេខីដែរ»។

ជាការកត់សម្គាល់លោក ហ៊ុន សែន ថ្វី​បើអាចប្រើរដ្ឋធម្មនុញ្ញ​ធ្វើជាឧបករណ៍​នយោបាយ និង​ប្រើ​ប្រព័ន្ធ​តុលាការ​ចាប់​ចង​មនុស្ស​ដែល​គាត់​មិន​ពេញ​ចិត្ត​តាម​ទំនើង​ចិត្ត ប៉ុន្តែលោក​​មិន​ហ៊ាន​ជំទាស់​នឹង​ការ​ទាម​ទារ​របស់​វៀត​ណាម​ទេ ។

ជាក់ស្តែងនៅឆ្នាំ២០០៥ លោក ហ៊ុន សែន ធ្លាប់គំរាមរំលាយ​ស្ថាប័ន​ព្រះមហាក្សត្រ ដើម្បី​សម្រេច​មហិច្ឆតា​វៀតណាម​លេប​ទឹ​ក​ដី បើ​ព្រះអង្គ​មិន​ឡាយ​ព្រះហស្ត​លេខា លើ​សន្ធិ​សញ្ញា​ព្រំដែន​ខុស​ច្បាប់​ដែល​គូរ​វាស​ដោយ​វៀត​ណាម ឆ្នាំ​១៩៨២ ៨៣ និង៨៥ ឱ្យរស់ឡើងវិញទេនោះ។

បន្ថែមពីនេះ លោក ហ៊ុន សែន តែងតែចោទមេដឹកនាំគណបក្ស​ប្រឆាំង​ថា ជា​ជន​ក្បត់​ជាតិ ខណៈ​ពួក​គេ​ជា​ញឹក​ញាប់​បាន​ប្រើ​យន្ត​ការ​សភា​ និយាយលាតត្រដាង​ពី​មហិច្ឆតា​វៀតណាម​លេប​ទឹ​ក​ដីខ្មែរនេះ។

លើសពីនេះ គណបក្សសង្គ្រោះជាតិ ជាបក្សប្រឆាំងធំ​ជាងគេត្រូវ​បាន​ លោក ហ៊ុន សែន ប្រើ​តុលាការ​រំលាយ​ចេញ​ពី​ឆាក​នយោបាយ​នៅ​ចុ​ងឆ្នាំ​២០១៧ និង​បន្ត​សម្លាប់​ជីវិត​នយោបាយ​មេដឹកនាំ​រហូត​បច្ចុប្បន្ន។

មាត្រា​៥៥ ចែងថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា​ ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា ត្រូវលុបចោល។

រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិប​តេយ្យ បូរណ​ភាព​ទឹកដី អនុវត្ត​នយោបាយ​បង្រួប​បង្រួម​ជាតិ ដើម្បី​ការ​ពារ​ឯកភាព​ជាតិ។

ដោយឡែក ក្រមព្រហ្មទណ្ឌ​មាត្រា​៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬ​ភ្នាក់ងារ​បរទេស នូវ​ដែន​ដី​ជាតិ​ទាំង​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារអស់មួយជីវិត»។

កោះគុត​ស្ថិតនៅខេត្តកោះកុង មានផ្ទៃក្រឡាប្រមាណ ១០៥​គីឡូម៉ែត្រ​ការ៉េ មាន​បណ្តោយ​ប្រវែង ២៥​គីឡូ​ម៉ែត្រ និង​ទទឹង ៩គីឡូម៉ែត្រ។ កោះគុតមានចម្ងាយ ៨០គីឡូម៉ែត្រ​​ ពី​ភាគ​និរតីនៃ​ខេត្ត​ត្រាត ប្រទេស​ថៃ និង​​មាន​ចម្ងាយ ៣២គីឡូម៉ែត្រ​​ ពីខេត្ត​កោះកុង ប្រទេស​កម្ពុជា​។ ៧០%​នៃកោះគុត​​គ្របដណ្តប់ដោយព្រៃត្រូពិច មានឆ្នេរខ្សាច់​គួរ​ជា​ទី​​គយ​គន់ ព្រម​​ទាំង​​មាន​ទឹក​ជ្រោះ​មួយ​ដ៏​សែន​ស្អាត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ