គិតពីថ្ងៃដែលតុលាការថៃចេញដីកាឱ្យចាប់ខ្លួនជនសង្ស័យ ដែលជាជនជាតិខ្មែរពីរនាក់ ជាប់ពាក់ព័ន្ធនឹងរឿងឃាតកម្ម លោក លិម គិមយ៉ា មកដល់ពេលនេះ បានបន្តអូសបន្លាយជាងកន្លះខែមកហើយ ប៉ុន្តែភាគីកម្ពុជានៅបន្តរក្សាភាពស្ងប់ស្ងាត់ មិនបញ្ជូនមនុស្សទាំងពីរនាក់នេះ ទៅឱ្យភាគីថៃតាមការស្នើសុំនោះឡើយ។
ផ្អែកលើរបាយការណ៍របស់ក្រុមអ្នកជំនាញស៊ើបអង្កេតរបស់នគរបាលភូមិន្ទថៃ បានរកឃើញថា ជនសង្ស័យឈ្មោះ លី រតនរស្មី ដែលប្រើឈ្មោះក្លែងក្លាយជាភាសាថៃថា ស៊ុមវ៉ាង បំរ៉ុងគិត គឺជាអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ក្នុងការផ្តល់លុយជួលឃាតករ។
ដោយឡែក ក្នុងរបាយការណ៍របស់សមត្ថកិច្ចថៃដដែលនេះ ក៏រកឃើញដែរថា ឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលត្រូវជាប្អូនរបស់លោក ពេជ្រ ស្រស់ ដែលជាប្រធានគណបក្សយុវជនកម្ពុជា គឺជាអ្នកចុះអនុវត្តផ្ទាល់ ហើយនិងផ្តល់ដំណឹងឱ្យឃាតករ បាញ់សម្លាប់លោក លិម គិមយ៉ា។
ដើមឡើយ នគរបាលថៃ បានសន្មតថា សំណុំរឿងនៃបទឧក្រិដ្ឋនេះ វាមិនមែនជាករណីវិវាទបុគ្គលទេ គឺជាករណីហិង្សាខាងនយោបាយ។ ប៉ុន្តែក្រោយពីបើកការស៊ើបអង្កេត អស់ពេលជាច្រើនថ្ងៃ ស្នងការនគរបាលថៃ លោក គី ទីរ៉ាត់ បានប្រកាសដូរមុំ៨៥ដឺក្រវិញភ្លាមថា អំពើបាញ់សម្លាប់នេះ គឺជាទំនាស់បុគ្គល និងបុគ្គល ពោលវាមិនមែនជារឿងនយោបាយឡើយ។
ផ្ទុយពីលទ្ធផលនៃការស្រាវជ្រាវនេះវិញ ភរិយាលោក លិម គិមយ៉ា គឺលោកស្រី លិម អានី បានចេញមុខបដិសេធថា ស្វាមីរបស់ខ្លួនមិនដែលមានរឿងទំនាស់ជាមួយអ្នកណាឡើយ។
ម្យ៉ាងវិញទៀត គ្រួសាររបស់លោកស្រី គឺជាអ្នកនយោបាយ ហើយជាអ្នកនយោបាយសំឡេងប្រឆាំងទៅទៀត ហេតុនេះ បើអំពើបាញ់សម្លាប់នេះ វាមិនមែនជាករណីនយោបាយទេ នោះទើបជារឿងដែលចម្លែក។
យ៉ាងនេះក្តី ទោះរឿងនេះ គឺជារឿងនយោបាយ ឬជាករណីទំនាស់បុគ្គល អ្វីដែលសំខាន់ថាតើមានមូលហេតុអី បានជាភាគីកម្ពុជា មិនព្រមបញ្ជូនជនដែលពាក់ព័ន្ធនៅក្នុងរឿងក្តីនេះ ទៅតាមការស្នើសុំពីភាគីថៃ។
តើអំពើមនុស្សឃាត នៅចំកណ្តាលទីក្រុងបាងកកនេះ កាលពីថ្ងៃទី៧ ខែមករា អាចមានជាប់ទាក់ទិននឹងអ្នកនយោបាយ ទទួលខុសត្រូវខ្ពស់បំផុតរបស់កម្ពុជា ដូចការចោទប្រកាន់មែន ឬយ៉ាងណា?។ ហើយការដែលក្រាញមិនព្រមបញ្ជូនមនុស្ស ២នាក់ ជាជនជាតិខ្មែរ ដែលមានជាប់ពាក់ព័ន្ធ ដូចក្នុងរបាយការណ៍ស៊ើបអង្កេតរបស់ក្រុមអ្នកជំនាញនគរបាលភូមិន្ទថៃ ប្រហែលជារដ្ឋាភិបាលកម្ពុជា ព្រួយបារម្ភខ្លាចបែកការសម្ងាត់ណាមួយ ពីផែនការសម្លាប់ លោក លិម គិមយ៉ា នេះ ជាជាងហេតុផលផ្សេងពីនេះ ឬយ៉ាងណា?។
ពិតណាស់ មុនពេលស្លាប់ នរណាក៏បានដឹងរួចទៅហើយថា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិរូបនេះ បានរិះគន់ដោយមិនសំចៃមាត់ នៅលើបណ្តាញសង្គមរបស់លោក អំពីបញ្ហាកោះគុតផង និងរឿងធ្វើឱ្យឆេះរូបព្រះឆាយាលក្ខណ៍របស់ព្រះមហាក្សត្រ នៅថ្ងៃឆ្លងឆ្នាំផង។
គេបានដឹងរួចទៅហើយថា បញ្ហាឆេះរូបព្រះឆាយាលក្ខណ៍របស់ព្រះករុណានេះ អ្នកទទួលខុសត្រូវ គឺជាកូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី និងលោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ ហើយតាំងពីថ្ងៃកើតហេតុ ដែលនាំឱ្យមានភ្លើងឆេះរូបព្រះឆាយាលក្ខណ៍នេះរួចមក អ្នកទទួលខុសត្រូវខ្ពស់បំផុតរបស់កម្មវិធីសាទរកម្ពុជានេះ មិនទាន់ចេញមកបំភ្លឺឱ្យបានដាច់ស្រេច ថាតើមូលហេតុនៅពីក្រោយ ដែលនាំឱ្យមានហេតុការណ៍ដ៏អាក្រក់នេះកើតឡើងបណ្តាលមកពីអ្វីឱ្យប្រាកដនៅឡើយដែរ។
ក្រោយរិះគន់ មិនបានបួនថ្ងៃស្រួលបួលនៅឡើយផង អំពើឃាតកម្មក៏បានកើតឡើងលើលោក លិម គិមយ៉ា តែម្តង។ ការនេះ នាំឱ្យគេនឹកដល់រឿងការបាញ់សម្លាប់ ដែលមានរូបភាពដូចគ្នា ទៅលើអ្នកវិភាគសង្គមដ៏ល្បីល្បាញ កាលពីខែកក្កដា ឆ្នាំ២០១៦ ម្នាក់ទៀតដែរ។
រូបភាពនៃការបាញ់សម្លាប់កាលនោះ លោកបណ្ឌិត កែម ឡី គ្រាន់តែវិភាគទៅលើរបាយការណ៍ស្រាវជ្រាវរបស់អង្គការ ហ្គូបល វីតនេស ស្តីពី អាណាចក្រជំនួញរបស់ក្រុមគ្រួសារត្រកូលហ៊ុន ហើយលោកក៏ត្រូវឃាតករបាញ់សម្លាប់បំបិតមាត់ដូចគ្នា មួយថ្ងៃបន្ទាប់ នៅក្នុងស្តារម៉ាត កាល់តិច ម្តុំស្តុបបូកគោ ក្នុងរាជធានីភ្នំពេញ។
ប៉ុន្តែ អំពើបាញ់សម្លាប់លើលោក លិម គិមយ៉ា នេះ ត្រូវបណ្តាញផ្សព្វផ្សាយរដ្ឋ និងឯកជនរបស់ថៃ បានបញ្ចេញរូបភាពឃាតករ និងជនផ្សំគំនិតឥតលាក់លាម។
ផ្ទុយពីសំណុំរឿងលោកបណ្ឌិត កែម ឡី កុំថាឡើយឃ្លីបវីដេអូសាធារណៈ ឬវីដេអូនៅក្នុងស្តារម៉ាត សូម្បីអង្គចងចាំក្នុងកាមេរ៉ាសុវត្ថិភាពដែលមាននៅក្នុងក្រុមហ៊ុនកាល់តិច ក៏អាជ្ញាធរ និងសមត្ថកិច្ចជួយបិទបាំង និងលាក់បំពួនគ្នាដែរ។
ការស្លាប់របស់អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដោយការបាញ់ប្រហារពីខ្មាន់កាំភ្លើង ដែលស៊ីឈ្នួលក្នុងអំពើមនុស្សឃាតនេះ ត្រូវបានភាគីដែលមានសំឡេងជំទាស់ ចាត់ទុកថា ប្រហែលជាករណីនេះ មានរូបភាពដូចគ្នាដែរ ទៅនឹងរឿងក្តីរបស់លោកបណ្ឌិត កែម ឡី។
រឿងនេះ ប្រសិនបើគ្មានជាប់ពាក់ព័ន្ធណាមួយនឹងមន្រ្តីកម្ពុជាទេ ប្រាកដណាស់ទំនងជាមកដល់ពេលនេះ រដ្ឋាភិបាលខ្មែរបញ្ជូនខ្លួនជនសង្ស័យឱ្យភាគីថៃបន្តនីតិវិធីបាត់ទៅហើយ។
បើគេពិនិត្យមើលទៅ អ្នកធ្វើសកម្មភាពទាំងពីរនាក់នេះ គឺសុទ្ធតែជាមនុស្សរបស់ លោក ហ៊ុន សែន និងលោក ឃួង ស្រេង ហើយអ្វីដែលជាចម្ងល់នោះ នៅត្រង់ថាបើជាមនុស្សរបស់ លោក ហ៊ុន សែន និងជាមនុស្សរបស់ លោក ឃួង ស្រេង តើមានអ្នកណាដែលហ៊ានប្រើមនុស្សទាំងពីរនាក់នេះបាន ក្រៅពីម្ចាស់របស់ពួកគេ។
ជនសង្ស័យទី១ឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែលត្រូវជាប្អូនប្រុសរបស់ ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា គឺជាអនុប្រធានផ្សារកណ្តាល។
ស្ថិតក្នុងតួនាទីនេះ ជាមនុស្សដែលនៅក្រោមអាណាព្យាបាលរបស់ លោក ឃួង ស្រេង ព្រោះគ្រប់ផ្សារក្នុងរាជធានី គឺជាសេនាធិការនៅក្រោមដំបូលរបស់សាលាក្រុងទាំងអស់ ហើយជនសង្ស័យរូបនេះ ក៏ធ្លាប់មានសកម្មភាពចុះចាប់ជំរិត និងធ្វើបាបពលរដ្ឋដែរ រាល់ពេលមានបាតុកម្មម្មងៗ។
ដោយឡែក ជនសង្ស័យទី២ ឈ្មោះ លី រតនរស្មី ដែលប្រើឈ្មោះក្លែងក្លាយជាភាសាថៃថា ស៊ុមវ៉ាង បំរ៉ុងគិត វិញ គឺជាមនុស្សរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា។
បុគ្គលរូបនេះ ត្រូវបានលោក ហ៊ុន សែន ផ្តល់សេចក្តីទុកចិត្ត និងតែងតាំងជាទីប្រឹក្សា ក្រោយផ្តាច់ខ្លួនចេញពីបក្សប្រឆាំង ចុះចូលជាមួយនិងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែក្រោយរឿងរ៉ាវនេះ បានកើតឡើង គេបានឃើញលិខិតមួយថ្មីទៀត ដែលបញ្ជាក់ថា ជនសង្ស័យ ដែលជាអ្នកផ្តល់លុយឱ្យឃាតករ បែរជាត្រូវបានបញ្ចប់តួនាទីយ៉ាងតក់ក្រហល់ ពីទីប្រឹក្សារបស់លោក ហ៊ុន សែន ទៅវិញ។
យ៉ាងណា លិខិតបញ្ចប់តួនាទី ដែលក្រុមអ្នកគាំទ្របក្សកាន់អំណាចព្យាយាមបញ្ចេញ ស្របពេលនគរបាលថៃ ប្រឹងសម្រុកស៊ើបអង្កេតនេះ វាហាក់បានបង្ហាញជាភស្តុតាងថ្មីបន្ថែមមួយទៀតថា បទឧក្រិដ្ឋនេះ ទំនងជាគ្មានអ្នកណាផ្សេងដែលបញ្ជាឱ្យធ្វើនោះឡើយ បើមិនមែនជាលោក ហ៊ុន សែន។
ផ្អែកលើឃ្លីបវីដេអូ គ្រប់ជ្រុងដែលបញ្ចេញដោយក្រុមអ្នកជំនាញស៊ើបអង្កេត ហើយត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃចេញផ្សាយ រកឃើញថា ការបាញ់ប្រហារនេះ ទំនងជាបានរៀបចំជាប្រព័ន្ធ រួចជាស្រេចក្នុងការបាញ់សម្លាប់នេះ។
តាមរយៈរូបភាពនៅក្នុងវីដេអូឃ្លីប ឈ្មោះ ពេជ្រ គឹមស្រ៊ិន គឺជាអ្នកបោះតម្រុយពីសកម្មភាពរបស់ជនរងគ្រោះទៅឱ្យឃាតករ។ ចំណែក លី រតនរស្មី ជាអ្នកទូទាត់លុយទាំងមុន និងក្រោយធ្វើសកម្មភាព ជាថ្នូរនឹងការស៊ីឈ្នួលបាញ់សម្លាប់នេះចំនួន ៦ម៉ឺនបាត។
ក្រៅពីនេះ នៅមានអ្នកចាំបើកឡានត្រៀមរួចជាស្រេច ក្នុងការជម្លៀសឃាតករចេញពីទឹកដីថៃ ចូលមកសម្ងំលាក់ខ្លួននៅក្នុងទឹកដីកម្ពុជា។
ស្ថិតក្រោមហេតុផលទាំងនេះហើយ ប្រសិនបើមនុស្សធម្មតា គឺគ្មានលទ្ធភាពដែលអាចរៀបចំ ពីផែនការសម្លាប់មនុស្សបានល្អិតល្អន់បែបនេះកើតឡើយ ហើយតិចណាស់ ប្រសិនបើអ្នកដែលរៀបចំគម្រោងសម្លាប់នេះ ជាក្រុមប្រឆាំង ឬជនសាមញ្ញវិញ មិនដល់២៤ម៉ោងស្រួលបួលផង នឹងត្រូវសមត្ថកិច្ចក្របួចបានភ្លាមមួយរំពេច។
តែបើគិតពីថ្ងៃធ្វើសកម្មភាព មកដល់ពេលនេះ ពេលវេលាបានបន្តអូសបន្លាយជាង២០ថ្ងៃទៅហើយ ជនសង្ស័យជាជនជាតិខ្មែរ ដូចការចោទប្រកាន់របស់ភាគីថៃរកឃើញនោះ មិនត្រូវបានគេបញ្ជូនទៅឱ្យភាគីថៃវិញនៅឡើយផង។
យ៉ាងណា អំពើមនុស្សឃាតខាងនយោបាយឆ្លងដែននេះ ក៏មានការសង្ស័យថា ប្រហែលជាមានជាប់ទាក់ទិននឹងលោក ឃ្លាំង ហួត ដែលជាអភិបាលរងក្រុងភ្នំពេញដែរ។ តាមរយៈសំឡេង ដែលគេធ្លាប់បានទម្លាយ លោក ហ៊ុន សែន ក៏បានបញ្ជាឱ្យលោក ឃ្លាំង ហួត ចាត់ការលើសកម្មជនគណបក្សប្រឆាំង គឺលោក ផន ផាន់ណា។ តែជាវាសនាល្អ សកម្មជននយោបាយ ដែលកំពុងជ្រកកោនសុំសិទ្ធិនយោបាយនៅប្រទេសថៃ ត្រូវគេចខ្លួនបានពីការតាមប្រមាញ់របស់លោក ឃ្លាំង ហួត។
អភិបាលរងក្រុងរូបនេះ ដែលជាអតីតមន្រ្តីគណបក្សហ៊្វ៊ុនស៊ិនប៉ិច មុនផ្តាច់ខ្លួន និងចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ក៏ជាមនុស្សដែល លោក ហ៊ុន សែន ទុកចិត្តបំផុតក្នុងការបោសសំអាតក្រុមសំឡេងជំទាស់នៅស្រុកថៃ។ លោក ឃ្លាំង ហួត នេះហើយគឺជាមនុស្សដែលជិតដិតបំផុត ជាមួយក្រុមគ្រួសាររបស់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ហើយការបង្កព្យុះភ្លៀង នៅលើទឹកដីថៃលើកនេះ ក៏ប្រហែលជាមានជាប់ទាក់ទិនគ្នាដែរ ជាមួយនិងក្រុមគ្រួសារលោក ថាក់ ស៊ីន។ ទាំងក្រុមគ្រួសារលោក ហ៊ុន សែន និងបងប្អូនធម៌ដែលលោក ហ៊ុន សែន តែងនិយាយពេញៗមាត់នោះ បន្តនៅស្ងៀមស្ងាត់ទាំងសង្ខាង ចំពោះរឿងនេះ។
ជុំវិញអំពើបាញ់សម្លាប់លើ លោក លិម គិមយ៉ា នៅពេលនេះ ចង់ ឬមិនចង់ប្រហែលជាមានជាប់ទាក់ទងមិនធម្មតាមួយ ជាមួយគ្រួសារទាំងពីរនេះ ហើយប្រហែលអ្នកដែលអនុវត្តផែនការ ដែលបានបន្សល់ស្នាកស្នាមនេះ អាចជា លោក ឃ្លាំង ហួត ច្រើនជាងក្នុងការទទួលបទបញ្ជាមេកើយរបស់ខ្លួន ព្រោះមានតែបុគ្គលម្នាក់នេះទេ ដែលសាកសមបំផុត ក្នុងការអនុវត្តផែនការដ៏លំបាកនេះដែរ។
មានរូបថតជាច្រើនសន្លឹក ត្រូវគេរកឃើញ ដែលមានតែរូប លោក ឃ្លាំង ហួត ម្នាក់គត់ នៅក្បែរ និងស្និទ្ធស្នាលស្ទើរគ្រប់កម្មវិធីឯកជនរបស់ក្រុមគ្រួសារលោក ហ៊ុន សែន និងលោក ថាក់ស៊ីន។
ម្យ៉ាងវិញទៀត អំពើបាញ់សម្លាប់លើកនេះ គឺនៅចំពេលដែលកូនស្រីរបស់ លោក ថាក់ស៊ីន គឺលោកស្រី ផេ ថង់ថាន ស្ថិតនៅក្នុងអំណាចកំពូលរបស់ប្រទេសថៃ ជានាយករដ្ឋមន្រ្តី។ ហេតុនេះ ប្រសិនបើគណបក្សប្រឆាំង គ្រប់គ្រងអំណាច ដែលមិនមែនជាក្រុមបក្សភឿថៃ ទំនងជារឿងនេះ ប្រហែលជានឹងពិបាកកើតឡើងណាស់។
គេនៅចាំបានថា ភ្លាមៗ នៅក្រោយពេលដែលលោកស្រី ផេ ថងថាន ក្លាយជានាយករដ្ឋមន្រ្តីភ្លាម ជនភៀសខ្លួនដែលជាអ្នកនយោបាយខ្មែរ ដែលស្វែងរកសិទ្ធិជ្រកកោនខាងនយោបាយនៅប្រទេសថៃប្រមាណ ១០នាក់ ត្រូវបានអាជ្ញាធរថៃ ចាប់ខ្លួនបញ្ជូនមកកម្ពុជាវិញ ហើយមួយចំនួនទៀត ត្រូវផ្លាស់ប្តូរទីលំនៅជាបន្តបន្ទាប់ នៅពេលមានប្រតិកម្មពីលោក ហ៊ុន សែន ដែលគំរាមកម្ទេចពួកគេ ដល់ទីបញ្ចប់នៅក្នុងទឹកដីថៃ។
ស្ថិតក្រោមវប្បធម៌ ឯងជួយអញ អញជួយឯងនេះហើយ ទើបបង្ខំចិត្តទាំងឪពុក និងកូន មិនហ៊ានក្អកសូម្បីមួយមាត់ ទាក់ទិនបញ្ហាកោះគុត និងតំបន់ត្រួតស៊ីគ្នានៅដែនសមុទ្រ ជាមួយថៃ។ ស្របពេលកម្ពុជា បន្តមិនតបអ្វីទាំងអស់ និងមិនប្តឹងករណីនេះទៅអន្តរជាតិទៀត លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលលោក ហ៊ុន សែន ចាត់ទុកជាបងធម៌ ចាក់ទឹកមិនលិច និងកូនស្រី ប្រកាសក្តែងៗថា កោះគុតគឺជារបស់ថៃ១០០ភាគរយ។
ចំណែក រដ្ឋបាលទីក្រុងភ្នំពេញ បន្តបិទមាត់ជិតឈឹង មកទល់នឹងពេលនេះ។ការបន្តរក្សាភាពស្ងៀមស្ងាត់នេះ ទំនងជាថ្នូរនឹងជួយឱ្យត្រកូលបងប្អូនធម៌ ជួយលប់លាង និងបិទបាំងសំណុំរឿង នៃបទឧក្រិដ្ឋទៅលើលោក លិម គិមយ៉ា។ ហេតុនេះ ទើបគេសង្កេតឃើញ សេនារីយោចុងក្រោយ នៃការស៊ើបអង្កេតរបស់នគរបាលភូមិន្ទថៃ ចាត់ទុករឿងក្តីនេះថា ជារឿងទំនាស់បុគ្គល និងបុគ្គលវិញ ដែលផ្ទុយពីការស៊ើបអង្កេតដំបូង ដែកពួកគេចាត់ទុកបញ្ហានេះ ជារឿងនយោបាយ។
យ៉ាងណា ករណីនេះ អាចនឹងមិនចំឡែកប៉ុន្មានឡើយ បើទោះជាដឹងថារឿងនេះ កើតចេញពីរឿងនយោបាយក៏ដោយចុះ ។
ប៉ុន្តែទាំងអ្នកប្រឆាំង និងអ្នកស្របរបស់ថៃ ខុសពីខ្មែរ ប្រសិនបើគេសំឡើងឃើញផលប្រយោជន៍ ដែលទទួលបានពីបញ្ហាកោះគុតនេះធំជាង ដូច្នេះប្រាកដណាស់ ពួកគេទំនងជាសុខចិត្តនៅស្ងៀមជាងស្រដី បើរឿងនោះនាំឱ្យជាតិគេ ទទួលបានផលចំណេញពីជម្លោះទាំងនេះ។
តែយ៉ាងណា បើទោះជារឿងក្តីនេះ គេនៅមិនទាន់ដឹងលទ្ធផលពិតថាតើមេគំនិត ដែលនាំឱ្យមានអំពើបាញ់សម្លាប់ លោក លិម គិមយ៉ា ជានរណាឱ្យប្រាកដ តែតាមលទ្ធផលស្រាវជ្រាវ និងឃ្លីប វីដេអូ បានបង្ហាញរួចទៅហើយថា អ្នកបញ្ជាឱ្យបាញ់សម្លាប់នេះ មិនមែននរណាផ្សេង ក្រៅពីមេឃាតកម្មបានបញ្ជាចេញពីកម្ពុជាដែរ។
ទាំងភស្តុតាងដែលស៊ើបអង្កេតបាន និងអ្នកអនុវត្តផែនការបាញ់សម្លាប់នេះ គឺសុទ្ធតែបានបន្សល់ទុកដាន និងតម្រុយដែលប្រឹងលាក់មិនជិត ដែលមិនមែនជាថៃ ឡាវ ឬភូមាទេ តែជាខ្មែរសម្លាប់ខ្មែរគ្នាឯង ដូចរបប ប៉ុល ពត យ៉ាងដូច្នោះដែរ៕









