ភាពស្និតស្នាលរវាងគ្រួសារហ៊ុន និងគ្រួសារថាក់ស៊ីន ត្រូវបានអ្នកតាមចាត់ទុកថា ជាក្តីបារម្ភក្នុងការពន្លឿនយុត្តិធម៌ក្នុងសំណុំរឿងបាញ់សម្លាប់ លោក លិម គិមយ៉ា សកម្មជនសិទ្ធិមនុស្ស និងអ្នកនយោបាយជំទាស់ដែលភៀសខ្លួនទៅជ្រកកោនក្នុងប្រទេសថៃ។
ការព្រួយបារម្ភនេះ ស្របពេលរដ្ឋាភិបាលកម្ពុជាដែលស្និតជាមួយមេដឹកនាំថៃ នៅបន្តរក្សាភាពស្ងៀមស្ងាត់មិនចាប់ជនសង្ស័យពីរនាក់ ដែលប៉ូលីសអន្តរជាតិអាំងទែប៉ូល និងតុលាការថៃចេញដីកាឱ្យចាប់ខ្លួន។
នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បានបង្ហោះសារ លើហ្វេសប៊ុករបស់លោកនៅថ្ងៃទី៣ ខែកុម្ភៈនេះ ដោយបង្ហាញពីការព្រួយបារម្ភពីសុវត្ថិភាពអ្នកភៀសខ្លួនមកជ្រកកោននៅលើទឹកដីថៃ ក្នុងនោះបានភ្ជាប់នឹងករណីបាញ់សម្លាប់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា។
លោក Phil Robertson និយាយថា ទំនាក់ទំនងយ៉ាងជិតស្និទ្ធ រវាងបុរសខ្លាំង លោក ហ៊ុន សែន និងគ្រួសារលោក ថាក់ស៊ីន ដែលកំពុងកាន់អំណាចនៅប្រទេសថៃ ទំនងជាបានសហការគ្នា ដើម្បីកំណត់គោលដៅលើសមាជិកបក្សប្រឆាំង និងសកម្មជនកម្ពុជា ដែលកំពុងភៀសខ្លួននៅប្រទេសថៃ។
លោកថា៖ «ក្រោមការដឹកនាំរបស់រដ្ឋាភិបាលបច្ចុប្បន្ននេះ ថៃបាននិងកំពុងដើរថយក្រោយពីការគោរពសិទ្ធិជនភៀសខ្លួន គឺគាំទ្រកិច្ចប្រឹងប្រែងគាបសង្កត់ឆ្លងដែនរបស់កម្ពុជា ដើម្បីតាមចាប់អ្នកប្រឆាំង និងសកម្មជនសិទ្ធិមនុស្ស ខណៈពួកគេភៀសខ្លួនពីរបបដឹកនាំផ្តាច់ការពីទីក្រុងភ្នំពេញ»។
សម្រាប់លោក រ៉ូបឺតសុន ករណីសម្លាប់ លោក លិម គិមយ៉ា បានរួមចំណែកដល់ភ័យខ្លាចក្នុងចំណោមជនភៀសខ្លួននយោបាយខ្មែរ ក្នុងប្រទេសថៃ ដែលកំពុងមានការកើនឡើងក្នុងរយៈពេលប៉ុន្មានខែនេះ។
តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន និយាយប្រាប់VODនៅថ្ងៃទី៣ ខែកុម្ភៈនេះថា ក្រោមការដឹកនាំរបស់មេដឹកនាំគ្រួសារថាក់ស៊ីន ដែលជាបងប្អូនធម៌គ្រួសារហ៊ុន ថៃលែងជាទីទួលសុវត្ថិភាពសម្រាប់អ្នកនយោបាយខ្មែរ។
លោកបន្តថា មេដឹកនាំគ្រួសារហ៊ុន កំពុងខ្ចីទឹកដីប្រទេសថៃ គំរាមគំហែង និងសម្លាប់អ្នកនយោបាយបក្សប្រឆាំងមាន លោក លិម គិមយ៉ា នេះដើម្បីបំបិទមាត់អ្នកហ៊ានរិះគន់របបដឹកនាំផ្តាច់ការរបស់ខ្លួន។
លោកថា៖ «ថៃលែងជាជម្រកដ៏មានសុវត្ថិភាពសម្រាប់ជនភៀសខ្លួនខ្មែរ គឺលែងមានសមត្ថភាពសម្រាប់អ្នកប្រឆាំងរបស់កម្ពុជានៅថៃហើយ។ នៅពេលដែលត្រកូល ថាក់ស៊ីន និងកាន់អំណាច គឺត្រកូលថាក់ស៊ីន សហការគ្នាជាមួយត្រកូលហ៊ុន ដើម្បីបង្ក្រាបក្រុមជនជំទាស់ ឬក្រុមបក្សប្រឆាំងនៅថៃ»។
សម្រាប់លោក អ៊ុំ សំអាន ទំនាក់ទំនងស្និទ្ធនេះហើយដែលគ្រួសារហ៊ុន នៅបន្តលាក់ទុកជនសង្ស័យ លី រតនរស្មី និង ពេជ្រ គីមស្រ៊ិន ឱ្យតុលាការថៃ ដើម្បីកាត់ទោស និងជាឱកាសមេដឹកនាំខ្មែរ បិទបាំងមិនឱ្យអន្តរជាតិដឹង ការជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងឃាតកម្មដ៏ឃោរឃៅនេះផងដែរ ។
លោកបន្តថា ប្រទេសដែលមានមេដឹកនាំផ្តាច់ការឃោឃៅ នៅពីខាងក្រោយឃាតកម្មសម្លាប់មនុស្ស អ្នកដែលរស់នៅក្នុងប្រទេសនោះ នឹងរងទុក្ខវេទនា គ្មានសុវត្ថិភាព និងរស់នៅទាំងភាពភ័យខ្លាចជានិច្ច។
លោកថា៖ «យើងបារម្ភដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ គឺប្រជាពលរដ្ឋអត់មានសុវត្ថិភាពផ្ទាល់ខ្លួន សូម្បីរត់ទៅដល់ក្រៅប្រទេស ក៏គេធ្វើទុក្ខបុកម្នេញរហូតដល់សម្លាប់ លោក លិម គិមយ៉ា នៅលើទឹកដីនៃប្រទេសថៃ។ អ៊ីចឹងប្រជាពលរដ្ឋខ្មែរម្នាក់ៗ មិនបានរស់នៅដោយសុខសន្តិភាពនោះទេ គឺប្រជាពលរដ្ឋរស់នៅក្នុងភាពភ័យខ្លាច សឹងតែដូចសម័យប៉ុលពតអញ្ចឹង»។
ជុំវិញបញ្ហានេះ VOD នៅមិនទាន់អាចសុំបំភ្លឺពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក ឆាយ គឹមខឿន បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណា ទាំងមន្រ្តីរដ្ឋាភិបាល និងរដ្ឋាភិបាលផ្ទាល់ បានព្យាយាមបដិសេធថា រដ្ឋាភិបាលកម្ពុជាមិនជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មលើ លោក លិម គិមយ៉ា នោះទេ។
ប្រធានអង្គការប្រជាធិបតេយប្រចាំនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា យល់ថា ការបន្តលាក់បាំងជនសង្ស័យរបស់មេដឹកនាំកម្ពុជា ឆ្លុះបញ្ចាំងថា ខ្លួនពិតជាមានជាប់ពាក់ព័ន្ធករណីឃាតកម្មនេះ។
លោកបន្តថា ករណីឃាតកម្មសម្លាប់ពលរដ្ឋខ្មែរបង្ហាញកាន់តែច្បាស់ថា កម្ពុជាកំពុងរអិលជើងកាន់តែជ្រៅក្នុងរបបផ្តាច់ការ បង្កការគំរាមកំហែងដល់ពលរដ្ឋម្ចាស់ឆ្នោត រួមទាំងមន្ត្រីរាជការទូទាំងប្រទេស។
លោកសង្កត់ធ្ងន់ថា បើអំពើឃាតកម្មនេះមិនត្រូវបានបោសសម្អាតក្រុមឧក្រិដ្ឋជនទេ វានឹងបង្កការរងគ្រោះកាន់តែខ្លាំងដល់ប្រជាពលរដ្ឋ ខណៈប្រព័ន្ធយុត្តិធម៌ស្ថិតនៅក្រោមអំណាចរបស់ជនផ្តាច់ការនោះ។
លោកថា៖ «យើងឃើញទាំងឃាតករទាំងបក្ខពួកអីទាំងអស់នោះ ពេលដែលប្រព្រឹត្តនូវអំពើរបស់ខ្លួនហើយនាំគ្នាប្រញាប់ប្រញាលរត់ចូលកម្ពុជាហ្នឹងឯង គឺគេការពារ ចឹងហើយអ្វីដែលគេមិនចាប់ខ្លួនបញ្ជូនអ្នកទាំងពីរហ្នឹង ឲ្យមកតុលាការថៃដើម្បីបន្តនីតិវិធីវែកមុខរកអ្នកបញ្ជាពីក្រោយខ្នងពិតប្រាកដហ្នឹង ចឹងហើយវាច្បាស់ជាពាក់ព័ន្ធបើកាលណាយកអ្នកទាំងពីរហ្នឹងទៅគេសួរនាំ គេដេញគេដួលទៅដឹងឃាតករពិតនៅពីខាងក្រោយបាត់ហើយ»។
យ៉ាងណា លោក ករុណា ទទូចឱ្យមេដឹកនាំកម្ពុជាត្រូវបង្ហាញពីតម្លាភាព និងភាពស្អាតស្អំរបស់ខ្លួន ត្រូវចាប់បញ្ជូនខ្លួនជនសង្ស័យទាំងពីរនោះឱ្យតុលាការថៃ សាកសួរឆ្លើយដើម្បីផ្តន្ទាទោសតាមច្បាប់ជាដើម។
កាលពីថ្ងៃ៧ ខែមករា ឆ្នាំ២០២៥ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា ត្រូវបានឃាតករបាញ់ប្រហារនៅក្បែរទីតាំងវត្ត Bowonniwet Vihara នៃទីក្រុងបាងក ប្រទេសថៃ។ លោក លឹម គីមយ៉ា ដែលមានវ័យ ៧៣ឆ្នាំ បានស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ ក្រោយរងការបាញ់ប្រហារចំនួន៣គ្រាប់។
ជិត១០ឆ្នាំមុន ពោលគឺក្នុងឆ្នាំ២០១៧ លោក ហ៊ុន សែន បានប្រើដៃតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ រំលោភឆន្ទះរាស្ត្រជាងពាក់កណ្តាលនគរ សម្លាប់ជីវិតនយោបាយ ក្រុមអ្នកមាននិន្នាការប្រជាធិបតេយ្យរាប់រយនាក់ ក្នុងនោះមានទាំងលោក សម រង្ស៊ី និងលោក កឹម សុខា ផងដែរ។
ក្រោមការដឹកនាំបំពានអំណាចរបស់គ្រួសារហ៊ុននេះ ក៏បានលេចឡើងផងដែរ ពីការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់ ដោយផ្តោតលើសកម្មជនសង្គមល្បីៗ ដែលហ៊ាននិយាយរិះគន់បញ្ហាព្រំដែន អំពើពុករលួយ និងការរីករាលដាលនៃអំពើអយុត្តិធម៌សង្គមជាដើម។
ជាក់ស្តែងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ អ្នកវិភាគនយោបាយលោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ ក្រោយពីលោកធ្វើការវិភាគលើរបាយការណ៍ស៊ើបអង្កេតរបស់អន្តរជាតិមួយ ដែលដាក់ចំណងជើងថា អាណាចក្រជំនួញត្រកូលហ៊ុន ដែលការស៊ើបអង្កេតនោះ បានរកឃើញថា គ្រួសារហ៊ុន បានក្តោមក្តាប់មុខជំនាញធំៗស្ទើរទាំងអស់នៅកម្ពុជា គំរាមកំហែងដល់វិស័យវិនិយោគ និងជំរុញឱ្យមានការរំលោភដីធ្លីជាដើម និងបំផ្លាញធនធានធម្មជាតិមានរ៉ៃ និងព្រៃឈើជាដើម។
កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ប្រធានអង្គការការពារធនធានធម្មជាតិ និងជាសកម្មជនព្រៃឈើដ៏ឆ្នើម លោក ឈុត វុទ្ធី ក៏ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ផងដែរ ខណៈលោកចុះធ្វើការស៊ើបអង្កេតផ្ទាល់ ជុំវិញករណីការកាប់បំផ្លាញព្រៃឈើនៅខេត្តកោះកុង ក្នុងប្រទេសកម្ពុជាដែលគេស្គាល់ថាទីតាំងនោះជាប់ពាក់ព័ន្ធនឹងគ្រួសារហ៊ុន។
បន្ថែមពីនេះ បើតាមរបាយការណ៍អង្គការលីកាដូ កាលពីថ្ងៃទី១១ ខែធ្នូ បានបង្ហាញទិន្ន័យកត់ត្រាត្រួសៗរកឃើញថា ឆ្នាំ២០២៤អាណត្តិលោក ហ៊ុន ម៉ាណែត នេះមានករណីចាប់ខ្លួនសកម្មជនសង្គមយ៉ាងគំហុក យ៉ាងតិច១០២នាក់ ពាក់ព័ន្ធនឹងការរិះគន់គោលនយោបាយរដ្ឋាភិបាល៕