ចលនាមាតាធម្មជាតិ បង្ហាញក្តីបារម្ភជាខ្លាំងចំពោះកម្រិតខ្យល់ពុលហក់ឡើងខ្ពស់ ដល់កម្រិតប្រកាសអាសន្ន នៅរាជធានីភ្នំពេញ ដែលបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ បើក្រសួងពាក់ព័ន្ធនៅបន្តផ្សាយព័ត៌មានមិនចំៗ ឬលាក់បាំងព័ត៌មាន ខណៈក្រសួងបរិស្ថាន អះអាងថា សន្ទស្សន៍ខ្យល់ក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងៗ នៅមានកម្រិតល្អ លើកលែងតែខេត្តពោធិ៍សាត់ដែលមានខ្យល់ពុលខ្លាំង(ពណ៌ក្រហម)។
យោងតាមទំព័រហ្វេសប៊ុករបស់ចលនាមាតាធម្មជាតិ ផ្សព្វផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥ ឱ្យដឹងថា កម្រិតខ្យល់ពុលហក់ឡើងខ្ពស់ ដល់កម្រិតប្រកាសអាសន្ន ដែលកម្រិតភាគល្អិត PM ២.៥(អង្គត់ផ្ចិតស្មើ ៧៤មីក្រូក្រាម)។ ករណីនេះ ចលានាមាតាធម្មជាតិ មានក្តីបារម្ភជាខ្លាំងចំពោះសុខភាពសាធារណៈរបស់ពលរដ្ឋក្នុងរាជធានីភ្នំពេញ ដោយពួកគេបានអំពាវនាវដល់ប្រជាពលរដ្ឋ ជៀសវាងការចេញក្រៅលំនៅឋាន ប្រសិនជាពុំចាំបាច់ ហើយត្រូវពាក់ម៉ាស់អំឡុងពេលធ្វើដំណើរ ឬស្ថិតនៅក្រៅកន្លែងស្នាក់នៅ។
ចលនាមាតាធម្មជាតិ បានសរសេរលើហ្វេសប៊ុកផេកបន្ថែមថា «តើរដ្ឋបាលរាជធានី ល្ងង់ឬមិនចេះ បានជាជំរុញឱ្យពលរដ្ឋចេញដើរកំសាន្តតាមផ្លូវឱ្យព្រងើយ! នេះចំជាការដឹកនាំប្រកបដោយការគតិបណ្ឌិតរបស់ឯកឧត្តម ជ័យ ពិតមែន។ ព្រឹកនេះ[ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥] ពលរដ្ឋក្នុងរាជធានីភ្នំពេញ នៅតែបន្តចេញក្រៅប្រកបរបរចិញ្ចឹមជីវិតជាធម្មតា ដើម្បីចិញ្ចឹមជីវភាព និងសេដ្ឋកិច្ចយ៉ាប់យឺនរបស់ពួកគាត់ ដោយពុំបានដឹង ឬព្រួយបារម្ភពីបញ្ហាផ្លូវដង្ហើមដោយសារខ្យល់ពុលនោះទេ»។
យុវជនចលនាមាតាធម្មជាតិ ដែលសុំមិនបញ្ចេញឈ្មោះ និងសំឡេងពិត បាននិយាយនៅថ្ងៃទី០៣ ខែកុម្ភៈនេះថា ជាការតាមដានព័ត៌មានពីសន្ទស្សន៍ខ្យល់របស់អេប(App)ផ្លូវការមួយចំនួន បង្ហាញថា រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ពិតជាទទួលរងនូវខ្យល់ពុល ក្នុងកម្រិតដែលត្រូវប្រុងប្រយ័ត្ន ខណៈស្ថាប័នមួយរបស់ថៃ ក៏ធ្លាប់បានបង្ហាញទិន្នន័យពីសកម្មភាពនៃការដុតគល់ជញ្ច្រាំង ការដុតព្រៃទន្ទ្រានយកដីធ្វើកសិកម្ម និងការដុតសំរាមជាដើម នៅកម្ពុជា ដែលសុទ្ធសឹងជាសកម្មភាពដែលធ្វើឱ្យមានល្អងធូលីពុល នៅក្នុងបរិយាកាស លាយឡំជាមួយនឹងដំណក់ទឹកសន្សើមដែលគេហៅថាអ័ព្ទនោះ។
លោកទទួលស្គាល់ថា របាយការណ៍របស់ក្រសួងបរិស្ថាន ដែលចេញផ្សាយជារៀងរាល់ថ្ងៃ ពីសន្ទស្សន៍ខ្យល់ពុលនោះ ពុំមានអ្វីខុសឆ្គងនោះទេ ប៉ុន្តែព័ត៌មានទាំងនោះហាក់ពុំមានគោលជំហរដែលឱ្យពលរដ្ឋបានទទួលព័ត៌មានពិត និងមានភាពលាក់បាំង។
លោកថា៖ «ព័ត៌មានរបស់គាត់[ក្រសួងបរិស្ថាន]ហ្នឹង ហាក់បីដូចជាបង្ហាញភាពលាក់បាំងច្រើនជាជាងបង្ហាញពីព័ត៌មានពិត ទី១ គាត់អត់បង្ហាញ ប្រើប្រាស់ពាក្យប្រកាសអាសន្នទេ ប៉ុន្តែគាត់បែរប្រើប្រាស់ពាក្យមធ្យម ពាក្យល្អបង្គួរវិញ ពាក្យនេះវាអត់បានមានន័យគ្រប់គ្រាន់ ដើម្បីជូនព័ត៌មានទៅដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នទេ»។
លោកបន្ថែមថា សម្រាប់គោលនយោបាយចែកដីសម្បទានសង្គមកិច្ចដល់ប្រជាពលរដ្ឋក្រីក្រ ដែលរដ្ឋាភិបាលដាក់ចេញថ្មីៗនេះ ក៏ជាក្តីបារម្ភមួយផងដែរ ដែលវាអាចនឹងមានផលអវិជ្ជមានទៅលើបរិស្ថាន ដោយសារតែអាចមានពលរដ្ឋខ្លះនឹងទន្ទ្រានដីព្រៃ ឬដុតព្រៃដើម្បីធ្វើកសិកម្ម ឬលំនៅឋាន ដែលបង្កឱ្យមានបញ្ហាខ្យល់ពុល បើមិនមានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ។
យុវជនរូបនោះ បន្តថា បញ្ហាខ្យល់ពុល ជាបញ្ហាសង្គមទាំងមូល ដែលត្រូវចូលរួមទាំងអស់គ្នា ហើយមិនមែនទទួលខុសត្រូវតែក្រសួងបរិស្ថានមួយទេ ក្នុងនោះតួអង្គនីតិប្រតិបត្តិ ឬរដ្ឋាភិបាល រួមទាំងរដ្ឋសភា គួរតែចាប់ផ្តើមរៀបចំគោលនយោបាយដោះស្រាយបរិស្ថានធំៗឱ្យបានចំៗ ដូចជា បញ្ហាខ្យល់ពុលនេះ និងបញ្ហាបរិស្ថានផ្សេងៗទៀតជាដើម។
យុវជនរូបនោះបានផ្ញើសារទៅកាន់រដ្ឋាភិបាល ជាពិសេសក្រសួងបរិស្ថានដែរថា៖«និយាយត្រង់នេះ យើងអត់និយាយពីផលប្រយោជន៍នយោបាយរបស់គណបក្សនយោបាយណាមួយទេ យើងនិយាយពីផលប្រយោជន៍សាធារណៈ បើសិនជាពិតប្រាកដជាឈឺឆ្អាលខ្វាយខ្វល់អំពីសុខទុក្ខប្រជាពលរដ្ឋមែន សូមបោះបង់ចោលគំនិតលាក់បាំងព័ត៌មានបែបហ្នឹងចឹងទៀត ព្រោះអាហ្នឹងវាអត់មានផ្តល់ផលប្រយោជន៍អីដល់ប្រជាពលរដ្ឋទេ ប៉ុន្តែអាចដែរ អាចជាផលប្រយោជន៍ដែរ ប៉ុន្តែផលប្រយោជន៍នយោបាយរបស់គណបក្សអំណាចជាដើមអីចឹងទៅ ដែលមិនហ៊ានបង្ហាញភាពកម្សោយ ឬក៏ភាពខ្វះខាត ឬក៏ការអសមត្ថភាពដែលមិនអាចគ្រប់គ្រងស្ថានការណ៍ក្នុងសង្គមបាន»។
កាលពីថ្ងៃអាទិត្យម្សិលមិញ គេសង្កេតឃើញមានការចុះអ័ព្ទខ្លាំងខុសពីធម្មតា នៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន ដែលការចុះអ័ព្ទនោះមានរយៈពេលច្រើនម៉ោងជាងមុន ហើយបើតាមទិន្នន័យពីក្រុមហ៊ុនតាមដានគុណភាពខ្យល់ IQAir បង្ហាញថា គុណភាពខ្យល់នៅរាជធានីភ្នំពេញ បានឈានដល់កម្រិតមិនល្អ (Unhealthy Level) ឬអាចធ្វើឱ្យប៉ះពាល់សុខភាព នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥។ ចំណែកអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ក៏បានថតជារូបថត និងវីដេអូខ្លីៗបង្ហាញពីការចុះអ័ព្ទច្រើនខុសធម្មតាទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួនផងដែរ។
តែយ៉ាងណា ការព្យាករពីសន្ទស្សន៍ខ្យល់របស់ក្រសួងបរិស្ថាន ដែលចេញផ្សាយនៅថ្ងៃចន្ទនេះ ឱ្យដឹងថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែកុម្ភៈ មានសន្ទស្សន៍គុណភាពខ្យល់ «មធ្យម»។
ក្រសួងបន្តថា សម្រាប់ខេត្តស្វាយរៀង មានគុណភាពខ្យល់ល្អណាស់(ពណ៌ខៀវ) ខណៈរាជធានីភ្នំពេញ ខេត្តបាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ព្រៃវែង រតនគិរី កែប ព្រះសីហនុ ក្រចេះ និងត្បូងឃ្មុំ មានគុណភាពខ្យល់ល្អ(ពណ៌បៃតង)។ ចំណែក ខេត្តកណ្តាល កំពង់ធំ សៀមរាប ស្ទឹងត្រែង កោះកុង តាកែវ មណ្ឌលគីរី ប៉ៃលិន ខេត្តឧត្តរមានជ័យ មានកម្រិតខ្យល់ពុលស្រាល(ពណ៌លឿង) ខណៈខេត្តបន្ទាយមានជ័យ និងព្រះវិហារ មានការខ្យល់ពុលមធ្យម(ពណ៌ទឹកក្រូច) និងខេត្តពោធិ៍សាត់ ស្ថិតក្នុងបន្ទាត់ក្រហម ដែលមានខ្យល់ពុលខ្លាំង។
វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានទេ នៅថ្ងៃនេះ។
ផ្អែកលើសន្ទស្សន៍គុណភាពខ្យល់ពិភពលោក (AQI) បង្ហាញនៅថ្ងៃនេះថា នៅក្នុងរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ឈរនៅលេខរៀងទី២៩ ក្នុងចំណោមប្រទេស១២៣ នៅជុំវិញពិភពលោក ដែលទទួលរងការបំពុលខ្យល់ក្នុងបរិយាកាស គឺស្ថិតក្នុងចំណុចពណ៌ទឹកក្រូច ដែលបញ្ជាក់ពីសន្ទស្សន៍ខ្យល់ពុលមធ្យម ដែលបង្កហានិភ័យដល់សុខភាពសម្រាប់ក្រុមដែលងាយរងគ្រោះឬអ្នកដែលមានជំងឺរ៉ាំរ៉ៃ។
វេជ្ជបណ្ឌិត តុង ជាគ្រូពេទ្យជំនាញនៅស្ថាប័នមួយ បានលើកឡើងនៅក្នុងបណ្តាញសង្គមរបស់លោក កាលពីរសៀលថ្ងៃម្សិលមិញថា មួយរយៈនេះ តែងតែមានការចុះអ័ព្ទច្រើននៅពេលព្រឹក ដែលអ័ព្ទនោះមិនមានជាការចុះអ័ព្ទធម្មតានោះទេ ដែលអ្នកដែលចេញហាត់កីឡា ហើយមានការឈឺក្បាល គួរមានការប្រុងប្រយ័ត្ន។
លោកថា៖ «មួយរយៈនេះឃើញថា រាល់ព្រឹកចុះអ័ព្ទខ្លាំងមែនទែន ហើយអ័ព្ទនោះមិនមែនអ័ព្ទត្រជាក់ទេ អ័ព្ទនោះគឺពាក់ព័ន្ធជាមួយនឹងគុណភាពនៃខ្យល់ ដោយសារតែមានឧស្ម័នពុលក្នុងបរិយាសហ្នឹងច្រើន ហើយឧស្ម័នទាំងអស់ហ្នឹងមានដូចជា កាបោនឌីអុកសាយ ហើយឧស្ម័នទាំងអស់ហ្នឹងមានច្រើនទៀត វាបង្កឱ្យមានហានិភ័យ ដូចជាពពួកជំងឺស្ត្រូក ជំងឺដាច់សសៃឈាមខួរក្បាល ជំងឺសួតអីផ្សេងៗហ្នឹង អីចឹងអ្នកដែលទៅរត់ ជិះកង់នៅខាងក្រៅ រាល់ដងរត់អត់អីទេ តែឥឡូវមានអារម្មណ៍ថាចាប់ផ្តើមឈឺក្បាលអីហ្នឹង ទាំងអស់ហ្នឹងអាចដោយសារតែការពុលជាមួយនឹងឧស្ម័ននៅក្រៅហ្នឹងឯង អីចឹងហើយអ្វីដែលគួរតែធ្វើ គឺព្យាយាមតាមដានមើលគុណភាពខ្យល់ហ្នឹង ហើយបើសិនគុណភាពខ្យល់ហ្នឹងមិនល្អទេ គួរតែជៀសវាងទៅក្រៅ»។
ស្របពេល តំបន់មួយចំនួននៅលើពិភពលោកទទួលរងឥទ្វិពលខ្យល់ពុលនេះ នៅប្រទេសជិតខាងកម្ពុជា មានប្រទេសថៃជាដើម រដ្ឋាភិបាល និងក្រសួងអប់រំរបស់ថៃ កាលពីអំឡុងខែមករាកន្លងទៅនេះ បានបង្ខំចិត្តបិទទ្វារសាលារៀនមួយចំនួនភ្លាមៗ ដើម្បីបញ្ចៀសបញ្ហាដល់កុមារ ហើយរដ្ឋាភិបាលថៃ ក៏បានអំពាវនាវឱ្យពលរដ្ឋរបស់ខ្លួន ត្រូវប្រុងប្រយ័ត្នពីសុខភាពដូចគ្នាដែរ។
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ប្រទេសថៃ នឹងចាប់ផ្តើមប្រតិបត្តិការយន្តហោះជាង២០គ្រឿង បង្កើតទឹកភ្លៀងសិប្បនិម្មិតនៅពេលយប់ ដើម្បីកាត់បន្ថយខ្យល់ពុលលើបរិយាកាសក្នុងទីក្រុងបាងកក និងបណ្តាខេត្តដែលមានខ្យល់ពុលខ្លាំង តាមគោលនយោបាយរបស់រដ្ឋាភិបាល ។
អង្គការអន្តរជាតិ យូនីសេហ្វ(UNICEF) ប្រចាំកម្ពុជា បានធ្លាប់បានព្រមានកាលពីចុងខែមករាថា កុមារគឺជាគោលដៅដែលងាយរងគ្រោះបំផុត ពីការបំពុលខ្យល់នៅក្នុងបរិយាកាសនេះ។ ផ្អែកលើរបាយការណ៍នៃការសិក្សារបស់ យូនីសេហ្វ បង្ហាញថា ការបំពុលខ្យល់អាចកើតឡើងពីប្រភពធម្មជាតិ ដូចជា ភ្លើងឆេះព្រៃ ធូលី និងការបំផ្ទុះភ្នំភ្លើង។
ប៉ុន្តែការរកឃើញថ្មីៗ បញ្ជាក់ថា ភាគច្រើន សកម្មភាពរបស់មនុស្សគឺជាផ្នែកមួយ ដែលជំរុញឱ្យមានការបំពុលខ្យល់នេះកាន់តែខ្លាំង តាមរយៈរោងចក្រថាមពល ដែលដុតឥទ្ធនៈហ្វូស៊ីល មានធ្យូងថ្ម និងប្រេងឧស្ម័នធម្មជាតិជាដើម។ ក្រៅពីនេះ សំណល់សត្វពីកសិដ្ឋាន ជី ចង្រ្កានដុតអុស ការប្រើប្រាស់យានយន្ត ការបើកយន្តហោះ និងសកម្មភាពផ្សេងៗជាច្រើន ក៏ជាផ្នែកមួយ នៃការបំពុលខ្យល់ក្នុងបរិយាកាសដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ប្រសិនបើមានករណីខ្យល់ពុលខ្លាំង ឬបរិកាសអ័ព្ទអួដោយសារមានការកើនឡើងនូវកំហាប់សារធាតុបំពុលខ្យល់ ត្រូវអនុវត្តវិធានការដោយស្នាក់នៅក្នុងផ្ទះ ដោយបិទបង្អួច ឬទ្វារ ដើម្បីបង្ការខ្យល់មិនល្អពីខាងក្រៅចូលក្នុងផ្ទះ កាត់បន្ថយសកម្មភាពខាងក្រៅផ្ទះ ឬទីវាល និងពាក់ម៉ាស់ក្នុងករណីចាំបាច់ ទទួលទានទឹកឱ្យបានគ្រប់គ្រាន់។
ក្រសួងបន្តអំពាវនាវដល់ពលរដ្ឋត្រូវយកចិត្តទុកដាក់ការពារសុខភាព ជាពិសេស ទារក កុមារ ស្ត្រីមានផ្ទៃពោះ ជនចាស់ជរា អ្នកមានជំងឺសួត ជំងឺសសៃឈាមបេះដូង និងជំងឺរ៉ាំរ៉ៃដែលជាក្រុមងាយរងគ្រោះ។ ក្រសួងបន្ថែមថា ប្រសិនបើមានរោគសញ្ញាផ្លូវដង្ហើម ដូចជា ពិបាកដកដង្ហើម ក្អក ហត់ ត្រូវប្រញាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត៕