មនុស្ស​ជំនិត​រដ្ឋាភិបាល​មិន​ឱ្យ​តម្លៃ​ជំនួយ​អាមេរិក​ក្រោយ​​រង​សម្ពាធ​ឱ្យ​ស្តារ​សិទ្ធិ​មនុស្ស

នៅ​ពេល​​ដែល​​អ្នក​ធ្វើអត្ថាធិប្បាយ​​កាន់​ជើង​​គណបក្ស​​ប្រជាជន​កម្ពុជា បាន​​ប្រកាស​​អប​អរ​​​​​បែប​ចំអក​​ការដែល​អាមេរិក​សម្រេច​​​បង្កក​​ជំនួយ​ ​និង​​ថែម​​ទាំង​​ហៅ​​ជំនួយ​​អាមេរិក​​ដល់​​កម្ពុជា​​ថា​ ជា​ជំនួយ​ស្មោក​គ្រោក​ និង​«បែបឆ្កួតលីលា»​​ថែម​ទៀត​​នោះ​ អាជ្ញាធរ​មីន​បាន​ប្រកាស​ថា បុគ្គលិក​ដោះ​មីន​ជាង ​១ពាន់​នាក់ ​បាន​បាត់​បង់ការងារ​ ដោយ​សារ​ការផ្អាកជំនួយ​របស់​​អាមេ​រិក​​នេះ​។ លើសពីនេះ​ វិស័យ​ផ្សេងៗទៀត ដូច​ជា សិទ្ធិមនុស្ស ​អប់រំ សុខាភិបាល ​​បរិស្ថាន រួម​​ទាំង​អង្គ​ការ​សង្គម​​ស៊ីវិល​​ដែល​​កំពុង​​អនុវត្ត​គម្រោង​​ជាច្រើន​ ​ក៏បាន​លើកឡើង​ពីការ​ទទួល​រង​ផលប៉ះពាល់​ផង​ដែរ។

លោក ចេវ ពុទ្ធី​ ​ធ្លាប់ជាក្មេងក្រីក្រ​​នៅជនបទ​ បាន​​សរ​សេរ​​ថា បើ​គ្មាន​ជំនួយ USAID របស់​​សហ​រដ្ឋ​អាមេរិក​ទេ​ លោក​​ប្រហែលត្រូវ​រៀន​ក្នុង​សាលា​ឈើ​​បាក់​បែក​ និងមិនស្គាល់​កុំព្យូទ័រ​ នៅថ្នាក់ក្រោម​កម្រិត​​ឧត្តមសិក្សា​នោះទេ។ លោកថា កូនខ្មែរ​នៅតាម​ស្រុកស្រែ​ចម្ការ​ជាច្រើន ​ត្រូវការ​ជំនួយ​ខ្លាំង​ណាស់។

​សំណេរ​របស់ ​លោក ​ចេវ ពុទ្ធី នេះ គឺ​ឆ្លើយ​តប​ទៅនឹងការ​លើកឡើង​របស់​ លោក ​សយ សុភាព ​​អ្នក​ធ្វើ​អត្ថា​ធិប្បាយ​​​កាន់​ជើង​​​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បាន​សរសេរ​បែប​ចំអក​​បង្ហោះ​តា​ម​បណ្តាញ​សង្គម ​កាលពី​ថ្ងៃទី​៣០ ​ខែ​មករា ​ឆ្នាំ២០២៥​ថា «អរគុណសហរដ្ឋអាមេរិក នូវរាល់ជំនួយ​កន្លង​​មក ទោះបីពេលនេះ សហរដ្ឋអាមេរិកផ្តាច់ជំនួយ មិនឱ្យមកកម្ពុជាជាមួយប្រទេសដទៃ​ទៀត​ក៏​ដោយ តែ​រដ្ឋាភិបាលកម្ពុជា​ងាយ​ស្រួល​ធ្វើ​ការ​ងារ​ណាស់ ព្រោះ​មិន​មាន​អ្នក​​​ស៊ី​លុយ​​អា​មេរិក​មក​ជេរ​ដាក់​បណ្តាសារ​ដល់​ខ្មែរ»។

អ្នក​អត្ថាធិប្បាយ​កាន់​ជើង​រដ្ឋាភិបាល​ និង​លើក​តម្កើង​គ្រួសារ​ហ៊ុន​ដូច​​ព្រះ​​រូបនេះ បញ្ជាក់​​​ថា «ដោយ​សារ​ជំនួយ​ល្អ​ផង​ ក៏​កខ្វក់ផង​​នេះ​​​ហើយ​បាន​ជា​ក្រុម​សកម្មជន​ខ្លះ ក្រអើត​ក្រទម​ដៀល​ត្មេះ​ភ្លេច​ជាតិ​ឯង។ ខ្មែរ​មិន​​ត្រូវ​​កា​​រ​ជំនួយ​​បែប​​ស្មោក​គ្រោក​នេះ​ទេ។  យើង​រង​ចាំ​មើល​តើ​ពួក​អ្នក​ទាំង​នេះ លោត​តាម​ផ្លូវ​ណា​ទៀត។ អរគុណ​សហរដ្ឋ​អាមេរិក​ដែល​មាន​ជំហរដ៏​ល្អ​នេះ។ កម្ពុជា​ដាច់​ខាត​មិន​ត្រូវ​ការ​​ជំនួយ​​ដូរ​ ​ឬ​ភ្ជាប់​​ទៅនឹង​លក្ខ​ខណ្ឌ​បែប​ឆ្កួត​លីលា​ដូច​ធ្លាប់​បាន​ជួប​កន្លង​មក​ឡើយ​»។

អ្នក​​លេង​​បណ្តាញ​សង្គម​ជាច្រើន បាន​ប្រតិកម្មយ៉ាង​ខ្លាំង ទៅ​នឹងសារ​របស់ ​លោក សយ សុភាព ​​និង​​អ្នក​ធ្វើអ​ត្ថា​ធិប្បាយ​​​កាន់ជើង​​គណបក្ស​ប្រជាជន​កម្ពុជា​ផ្សេង​​ទៀត​ ​ដែល​គាំទ្រ​​ការ​បង្កក​ជំនួយ​​របស់​​សហរដ្ឋ​អាមេរិក​​​ដោយ​​ចាត់​​ទុ​ក​ក្រុម​នេះ​ថា ជា​មនុស្ស​​ខួរ​​​បង្កង​​​អាត្មា​និយម​​ គិត​តែ​ពី​ផល​​ប្រយោជន៍​​ខ្លួន​ឯង ខណៈ​​ខ្លួន​​ឯង​​បាន​រស់នៅសុខស្រួល​ ​ដោយ​សារ​តែ​មុខរបរ​និយាយ​​កាន់​ជើង​​គណបក្ស​ប្រជាជន​ និង​លើក​តម្កើង​​គ្រួសារ​ហ៊ុន​ដូចព្រះ​។

លោក ឃួន សំនៀង បាន​ចោទសួរ​ទៅ លោក ​សយ សុភាព ថា​តើ​លោក​ចូល​ចិត្ត​ណាស់ បង់​កា​រ​ប្រាក់​កម្ចី​​ឱ្យ​ចិន​រាល់​ខែ រាល់​ឆ្នាំ និង​មែន? លុយ​ជំនួយ​​អាមេរិក​​​គេ​ជួយ​អត់​យក​ការ​ប្រាក់ បែរ​ជា​ស្អប់​គេ​ទៅ​វិញ សូម​លោក​មើល​ឱ្យ​ជាក់​ស្តែង​ទៅ ថា​តើ​ប្រទេស​ណា​ដែល​មាន​សម្ព័ន្ធ​​មិត្ត​ជាមួយ​ចិន រីក​ចម្រើន​នោះ មាន​តែ​ចិន​​ប៊ឺត​ជញ្ជក់​ឈាម​ទាល់​តែ​ខ្សោះ​​អស់ បាន​​​ដោះ​​លែង ឧទា​ហរណ៍​ដូច​ជា​ ប្រទេស​ស្រីលង្កា និង​មីយ៉ាន់ម៉ា​ជាដើម។

បន្ថែមពីនេះ លោក ស្រ៊ុន ប៊ុន​ស្រេង ក៏​បាន​​លើក​ឡើង​ដែរ​ថា និយាយស្រួលហើយ តែមើល​ពលរដ្ឋ​ស្រុក​ស្រែចំ​ការ​ផង នៅតែក្មេង​និង​មនុស្ស​ចាស់​ទេ ចំណែក​មនុស្ស​ពេញ​វ័យ​ធ្វើ​​ចំណាក​​ស្រុក​​​​ទៅ​ស្រុក​គេ​​អស់​ហើយ ​ដោយ​​សារ​​តែភាពក្រីក្រ​ កុំអួតពេក​លោក​សំបូរ​សប្បាយ​​តែ​​ក្រុម​​លោក​​មួយ​ផ្នែក​តូច​នោះ​​។

សម្រាប់​ លោក លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា បាន​​ផ្តល់​​បទ​​សម្ភាសន៍​​​ដល់​សារព័ត៌មាន​កម្ពុជា​ថ្មី កាលពីថ្ងៃ​ទី​៣០ ខែម​ករា​ថា សហរដ្ឋ​អាមេរិក ​បាន​​ផ្តល់​​ជំនួយ​​ប្រហែល ​១០​លាន​​ដុល្លារ​ក្នុង​​មួយ​​ឆ្នាំ លើ​ការងារ​បោសសម្អាត​មីន​នៅ​កម្ពុជា។

​លោក​ថា ការ​ផ្អាក​ជំនួយ​ភ្លាម​​ៗ​ដែល​​ធ្វើឱ្យមានការ​ភ្ញាក់ផ្អើលនេះ ធ្វើ​ឱ្យ​បុគ្គលិក​​ដោះ​មីន​ជាង​ ១​ពាន់​​​នាក់ ​​បាត់​បង់​ការងារ​ ​ពីព្រោះ​​អាជ្ញា​ធរ​មីន​​គ្មាន​​លទ្ធភាពក្នុងការ​​ផ្តល់​​ប្រាក់​​បៀរវត្សរ៍​​ដល់​បុគ្គ​លិក​ទាំង​​នោះ​ ​ជំនួស​ជំនួយ​របស់​អាមេរិក​បាន​ទេ។

 លោកនិយាយថា៖ «នៅកម្ពុជាយើង​ សហរដ្ឋអាមេរិក​​​ចំណាយ​ប្រហែល​ ១០លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ លើ​​ការ​ងារ​បោស​សម្អាតមីន​ ហើយ​ថវិកានេះ​ ត្រូវផ្តល់ជូន​ដោយ​ផ្ទាល់ទៅ​​ប្រតិបត្តិករដោះ​មីននៅ​ស្រុក​ខ្មែរ​របស់យើង ហើយ​គោល​នយោបាយ​ថ្មីរបស់​អាមេរិក​ត្រូវផ្អាក​ថវិកា​៩០ថ្ងៃ​។ អីចឹង​គម្រោង​ដែល​​យើង​​កំពុង​​ដំណើរការត្រូវផ្អាក ចឹង​គម្រោង​ប៉ុន្មានទៅ? ចឹង​គម្រោង​​មាន​៩៣​​គម្រោង​៩៣ក្រុម​អ្នកដោះមីន គិតជាបុគ្គលិកអ្នក​ដោះ​​មីន ​១ពាន់នាក់​ជាង ​ត្រូវបាន​អត់ការ​ងារ​ធ្វើផ្អាក​ការងារ​។ អ៊ីចឹង​ប៉ះពាល់​ដល់លទ្ធផល​ដែល​យើង​រំពឹងទុកឆ្នាំ២០២៥នេះ»។

យ៉ាងណា​ក្តី លោក លី ធុជ សង្ឃឹម​​យ៉ាងមុតមាំថា សហរដ្ឋ​អាមេរិក ​ដែល​​តែង​តែជួ​យ​​ដល់​​វិស័យ​បោស​សម្អាត​មីននៅកម្ពុជាជាច្រើន​ទសវត្សរ៍​មក​ហើយ​នោះ​ នឹង​បន្ត​ជួយ​កម្ពុជា​តទៅ​ទៀត ​ដើម្បី​​បន្តភា​ព​ជាដៃគូ​ដ៏ល្អ​ បន្ទាប់ពីបញ្ចប់គោល​នយោបាយ​ផ្អាកជំនួយ​​ ៩០​ថ្ងៃ​ខាង​មុខ។

អង្គការ​ USAID ប្រចាំក​ម្ពុជា​ បាន​​ផ្តល់​ជំនួយ​ទៅ​លើបញ្ហាបរិស្ថាន​ ការ​​ការ​ពារ​​និង​​អភិរក្ស​​ធន​ធាន​​ធម្ម​ជាតិ ប្រព័ន្ធ​​ផ្សព្វ​​ផ្សាយ​ សិទ្ធិ​​មនុស្ស​ អប់រំ សុខាភិបាល សូម្បី​​តុ​ កៅអី​ បណ្ណាល័យ​​នៅ​តាម​សាលា​រៀន គ្រែ​សម្រាក​នៅ​តាម​មន្ទីរ​ពេទ្យ វ៉ាក់​សាំង​​ការពារជំងឺផ្សេងៗ និង​​សម្ភារ​ជា​ច្រើន​ទៀត​ដែល​មាន​សរ​សេរ​អក្សរ USAID​ គឺសុទ្ធ​តែ​ជា​ជំនួយ​​របស់​​អាមេរិក​​ទាំង​​អស់ នេះ​​នៅ​មិន​ទាន់​និយាយ​ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់អាមេរិក​សម្រាប់​កម្ពុជា ​ដែល​​មាន​​ទឹក​​ប្រាក់​​រាប់​​ពាន់​លាន​ដុល្លារ​​ក្នុង​​មួយ​​ឆ្នាំ​ៗ​​ផង​ទេ។

 គោលនយោបាយ​ថ្មី​របស់​លោក ត្រាំ គឺអាមេរិកឈប់ផ្តល់ជំនួយ​ជាចង្កោម ទៅដល់បណ្តា​ប្រទេស​នានា​ទៀត​ហើយ។ ប្រទេស​ដែលត្រូវការជំនួយ និង​ផល​ប្រយោជន៍​ពី​អាមេរិក​ត្រូវ​ទៅ​​ចរចា​​ដោយ​ផ្ទាល់ ទោះបី​ជា​​សម្ព័ន្ធ​មិត្ត​ក៏​ដោយ។ មាន​ន័យ​ថា​ រដ្ឋាភិបាល​​ប្រទេស​នានា ត្រូវ​ចូល​ខ្លួន​ទៅ​ចរចា​ជាមួយ​ក្រុង​​វ៉ាស៊ីន​​​តោន​ដោយ​ផ្ទាល់ ដើម្បី​​ដោះដូរ​យក​ផល​​ប្រយោជន៍​ជា​ទ្វេភាគី។ ប្រការ​នេះ គឺ​តម្រូវ​ឱ្យ​មេដឹកនាំ​ប្រទេស​​នានា ត្រូវ​មាន​ក្រុម​ចរចា​​ពិសេស ជាជាង​រងចាំ​អាមេរិក​ផ្តល់​ជំនួយ​តែ​ម្យ៉ាង។

ទាក់​ទង​នឹងជំនួយ​បរទេស​សម្រាប់​កម្ពុជា លោកមេធាវី សុក សំអឿន ​ដែល​​​ធ្លាប់​ជា​ប្រធាន​អង្គ​ការ​ក្រុម​អ្នក​ច្បាប់​​ការ​ពារ​​សិទ្ធិ​កម្ពុជា​​ អស់​រយៈ​ពេល ​១៨​ឆ្នាំ ​បាន​​ឱ្យ​​ដឹង​​ថា​ «ម្ចាស់​ជំនួយ​​គេ​មាន​គោលកា​រណ៍​របស់​គេ មិន​​មែន​ចេះ​​​​តែ​​បញ្ជាឲ្យយើង​ធ្វើ​នេះ​ធ្វើ​​នោះ​​ទេ គ្រាន់​តែ​ហាម​ធ្វើ​​អំពើ​ខ្លះ ឬ​ធ្វើ​សកម្មភាព​គាំទ្រ​អ្វី​ខ្លះ​តែ​ប៉ុណ្ណោះ ហើយបើចាយ​ខុស​សងប្រាក់​គេវិញតែ​ប៉ុណ្ណឹង​។

លោក​បញ្ជាក់ថា បើសិនជាដូច្នេះ វាមិន​មែន​មាន​ន័យ​ថា ស៊ី​ប្រាក់​ខែ​បរទេស​ធ្វើ​​ការ​​ឲ្យ​​បរទេស​នោះ​ទេ។ បើយើងយក​លុយ​គេហើ​យ​កុំ​យក​ជា​ប្រាក់​ខែ ហើយ​ចាយ​​សម្រាប់​​តែ​សកម្ម​ភាព​ទៀត​នោះ គេ​រឹត​តែ​អរ»។

នៅពេល​នេះ​ លោក​ សុក សំអឿន លែង​ធ្វើការ​នៅអង្គការក្រៅរដ្ឋាភិបាល​ទៀត​ហើយ។

តែ​លោក​​រំលឹកថា កាលនោះ​អង្គការ​របស់​លោក​បាន​​ជួយ​ការពារ​ជន​ក្រីក្រ​រាប់​ពាន់ក្តី​​ក្នុ​ងមួយ​​ឆ្នាំៗ ហើយ​កាល​ណោះ ៣៨​ភាគ​រយ នៃ​រឿង​ក្តី​​ព្រហ្ម​ទណ្ឌ បាន​ជួយ​ឲ្យ​តុលាការ​លើក​លែង​​ការ​ចោទ​ប្រកាន់។ តែឥឡូវ ជន​ជាប់​ចោទ​បទ​មជ្ឈិម​ សុទ្ធ​តែ​កាត់​ក្តី​ដោយគ្មានមេធាវី ហើយ​​សុទ្ធ​តែ​មាន​ទោស។

លោក​បាន​ចោទសួរក្នុង​សំដី​ដើម​​ថា៖ «តើបើអ៊ីចឹង​គិត​ថា​ល្អដែ​រ​ទេ? ខ្ញុំ​​យ​ល់​​ថា អត្ថិភាព​នៃ​អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​ហ្នឹង​ហើយ​ ដែល​ទប់​ឲ្យ​ប្រជាធិប​តេយ្យ​​​ឲ្យ​នៅ​​មាន​​ខ្លះ​​បាន ហើយ​អង្គការ​ដែល​ឯករាជ្យ​ហ្នឹង​ហើយ​​​ដែល​​​ជា​គ្រឹះជួយ​ទ្រទ្រង់​ប្រជាធិប​តេយ្យ»

អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​ធ្វើ​ការ​លើ​វិស័យ​ការ​ពារ​សិទ្ធិ​មនុស្ស លើកកម្ពស់​ប្រជាធិប​តេយ្យ និង​​ការពារ​ធនធាន​ធម្មជាតិ ​ស្នើ​​ឱ្យ​រដ្ឋាភិបាល​ថ្មី​របស់​អាមេរិក ​បន្ត​ផ្ដល់​ជំនួយដើម្បី​ជួយ​ដល់​​ពលរដ្ឋ​ខ្មែរ​ជា​បន្ត​​ទៀត​ ដោយ​​​លើក​ឡើង​ថា អា​មេរិក​​​បាន​ដើរ​តួនាទី​​ជា​ច្រើន​​ទសវត្ស​រ៍​មក​ហើយ ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​​កម្ពុជា ហើយ​រដ្ឋាភិបាល​អាមេរិក​គួរ​​តែ​ជួយ​បន្ត​ទៀត ព្រោះ​​ថា បញ្ហា​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិប​តេយ្យ​​នៅ​កម្ពុជា ​កំពុង​តែ​ធ្លាក់ចុះ​។

នាយក​ប្រតិបត្តិសមាគម​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា ខេមបូចា (CamboJa) លោក ណុប វី ដែល​​​ទទួល​​ជំនួយ​​ពី​​រដ្ឋាភិបាល​អាមេរិក​ប្រមាណ​ពី ​២០ទៅ៣០ភាគ​រយ សម្រាប់​​អនុ​វត្ត​​សកម្មភា​ព​​បណ្ដុះ​បណ្ដាល​​អ្នក​​សារព័ត៌មាន និង​រាយការណ៍​ព័ត៌មាន បាន​ស្នើ​ដល់​​រដ្ឋាភិបាល​អាមេរិក​​ពិចារណា និង​​គួរ​​បន្ត​ផ្ដល់​​ជំនួយ​​ដល់​ពលរដ្ឋ​ខ្មែរ​ឡើង​វិញ ព្រោះ​ថា បញ្ហា​សិទ្ធិមនុស្ស ប្រជា​ធិប​តេយ្យ និង​បរិស្ថាន​នៅ​កម្ពុជា ​នៅ​តែ​ត្រូវ​ការ​រដ្ឋាភិបាល​អាមេរិក​បន្ត​​ជួយគាំទ្រ។

សហរដ្ឋ​អាមេរិក ជាប្រទេស​ផ្តល់ជំនួយបរទេស​ធំជាងគេ​បង្អស់នៅក្នុងពិភពលោក ដែល​​មាន​ទឹក​​ប្រាក់​​​ជាង ៦៨ពាន់លាន​​ដុល្លារ​ក្នុងមួយឆ្នាំៗ។

ប៉ុន្តែនៅក្នុងបទបញ្ជា​ថ្មី ផ្ញើ​​ទៅកាន់​ស្ថាន​ទូត​អាមេរិក​​​ទាំងអស់​នៅ​ក្នុង​ពិភព​លោក ដែល​ត្រូវ​បាន​​គេ​​ទម្លាយ​ឱ្យដឹង​កាលពី​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ​​២០២៥ ប្រមុខ​ការទូតអាមេរិក​​ថ្មី លោក ​ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) ​បានប្រាប់​ឱ្យ​​ផ្អាកជាបន្ទាន់​​ការ​ផ្តល់​ជំនួយ​បរទេស នៅ​ក្នុង​រយៈ​ពេល ​៨៥​ថ្ងៃ។

សូម​បញ្ជាក់ថា កាលពីខែតុលា ឆ្នាំ២០២៤ នាយិកា USAID អ្នក​ស្រី Samantha Power បាន​មក​បំពេញ​​ទស្សន​កិច្ច​នៅ​កម្ពុជា ហើយបាន​ប្រកាស​ពី​កម្ម​វិធី​ថ្មីៗ ​និង​ផ្តល់​​ថវិកា​​បន្ថែម​​ជាង ៣៨ លាន​ដុល្លារ​ដល់​កម្ពុជា ក្នុង​នោះរួម​មាន​ជំនួយ​ដល់​ផ្នែក​សន្តិសុខ​​ស្បៀង បរិស្ថាន សង្គម​​​ស៊ីវិល ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ និង​វិស័យ​ការ​ងារ។ បើ​តាម USAID ជំនួយ​នោះ​ក៏​ផ្តោតទៅ​លើការ​អភិរក្ស​ជីវៈ​ចម្រុះ​​នៅ​​តំប​ន់ទន្លេ​មេគង្គ​ក្រោម​​ផង​ដែ​រ​។

យោង​តាមការ​ចុះផ្សាយនានា ​កាលពីមុនឆ្នាំ២០១៧​ សហរដ្ឋអាមេរិក​​បាន​ផ្តល់ជំនួយ​ដ​ល់​​កម្ពុជា​ជាមធ្យម​ ១៥០លាន​​ដុល្លារ​ក្នុង​​មួយ​​ឆ្នាំ ប៉ុន្តែ​​ចាប់​​តាំង​​​ពី​​តុលាការ​កំពូល​ដែល​ជា​​ឧបករ​ណ៍​នយោ​បាយ​​​របស់​​គណបក្ស​កាន់​​អំណាច​ បាន​សម្រេច​រំលាយគណបក្ស​សង្គ្រោះ​ជាតិ ​ដែល​មាន​ប្រជា​ពលរដ្ឋ​​គាំទ្រ​​ស្ទើរ​​កន្លះ​ប្រទេស​​មក ​​សហរដ្ឋ​អាមេរិក ​បាន​កាត់​បន្ថយ​ជំនួយ​នៅ​សល់​​ប្រមាណ​១០០​លាន​​ដុល្លារ​​ក្នុង​​១ឆ្នាំៗ។

អង្គការ​ Oxfam អាមេរិក ​បាន​​ប្រកាស​​ថា ការ​​ផ្អាកផ្តល់ជំនួយបរទេស របស់​រដ្ឋបាលលោក ​ដូណាល់ ត្រាំ កំពុង​​លលេង​​នឹង​​គ្រោះ​ថ្នាក់ នៃ​ការ​​សម្លាប់​​ជីវិត​​មនុស្ស គំរាម​កំហែង​​សហ​គមន៍​​ដែល​​កំពុង​ជួប​​​វិបត្តិ ហើយ​និង​​បោះ​បង់​ចោល​​តួនាទី កេរ្តិ៍ឈ្មោះ​របស់​​អាមេរិក​ ​ក្នុងនាម​​ជា​​ប្រទេស​​ដែល​ផ្តល់​ជំនួយ​ដោយ​​គ្មាន​ការរើសអើង។

ពាក់​ព័ន្ធ​នឹង​ការ​ផ្អាក​ជំនួយនេះ ​លោកបណ្ឌិត ​មាស នី អ្នក​សិក្សា​ស្រាវ​​ជ្រាវ​​ពី​ការ​អភិវឌ្ឍ​សង្គម​លើក​​ឡើង​​ថា ចរឹកខ្មែរតែមួយ អ្នក​ខ្លះពេល​ចិន​ផ្អាក​កម្ចី ស្ងាត់​ជ្រៀប ដល់​អាមេរិក​​ផ្អាក​​ជំនួយ ស្រែក​អបអរ​សាទរ រីឯ​ខ្លះទៀ​ត ពេល​ចិន​ផ្អាក​កម្ចី ស្រែក​អប​អរ ដល់​អាមេរិក​ផ្អាក​ជំនួយ​ស្ងាត់​ជ្រៀប​ដូចគ្នា។ លោក​បាន​អំពាវនាវ​ឱ្យ​ខ្មែរ​គ្រប់រូប​ បញ្ឈប់​នូវ​សកម្មភាព​បែបនេះ​ ពីព្រោះថា គ្មាន​អ្វី​​ចំណេញដល់ខ្មែរនោះទេ។

លោកបណ្ឌិត ​មាស នី​ បន្ត​​ថា ការ​បង្កក​​ជំនួយ​​បរទេសអាមេរិកទាំង​អស់​នៅ​លើ​ពិភព​​លោក បាន​ប្រាប់​ទៅ​ប្រទេស​​ក្រីក្រ​​ទាំង​​អស់ ​ដែល​ពឹង​លើម​ហា​អំណាច​ឲ្យដឹងថា មហា​អំណាច​​ទាំង​អស់ គេ​គិត​ពី​ប្រយោជន៍​​ន​យោ​បា​យ​ជាតិ​របស់​គេ​ជា​អាទិភាព ​ជាជាងគិតគូរ​ពិត​​ប្រាកដ​​ដល់​អាយុ​ជីវិត​ប្រជា​ពលរដ្ឋ​​នៅ​​ប្រទេស​​ក្រី​ក្រ។

ជាមួយគ្នា​នេះ​ លោកថា រដ្ឋាភិបាលកម្ពុជា​​កាល​​​​ពី​​អតីត​កាល​សុទ្ធ​តែ​ធ្លាប់ត្រូ​វ​បាន​មហា​អំណាច​ចិន និង​អាមេរិក​ បោះ​បង់​ចោល ក្រោយ​​​​​ពី​មាន​​ការ​​ផ្លាស់​​ប្តូរ​នយោបាយ​នៅ​ក្នុង​ស្រុក​គេ ឬ​ពេល​យើង​​លែង​មាន​ផល​​ប្រ​យោ​ជន៍​​សម្រា​​ប់​​គេ គេ​​ទម្លាក់​ចោល។ លោក​​បន្ត​ថា អាមេរិករត់ចោល​របប​​លន់ នុល ទុក​ឲ្យ​កម្ពុជា​ធ្លាក់​​ចូល​ក្នុង​​រណ្តៅ​ប្រល័យ​​ពូជ​សាសន៍​ខ្មែរ​ក្រហម រីឯចិនឈរ​មើល​ខ្មែរ​​ក្រហម​ដាក់​សម្តេច​តា​ឃុំឃាំង​ក្នុងរាជវាំង ហើយ​​​ទុកឲ្យខ្មែរសម្លាប់ខ្មែរ​​អស់រាប់លាននាក់ ខណៈ​អ្នក​ជិត​ខាង​កម្ពុជា​គេ​អង្គុយ​ចាំឱកាស​​ប្រមូលផល។

 អ្នក​ឃ្លាំមើល​សង្គម​ លើកឡើង​ថា ជំនួយ​​​ពី​​ប្រទេស​​សេរី​ ជាពិសេស​ពី​សហរដ្ឋ​អាមេរិក ​និង​​សហ​ភាព​អឺរ៉ុប​​ជាដើម គឺ​គេផ្តល់​ឱ្យ​ដើម្បី​ជួយ​អភិវឌ្ឍន៍​​ប្រទេស​ និង​ប្រជាជន​កម្ពុជា​​ឱ្យ​មាន​ជីវភាព​​ល្អ​ប្រសើរ​​​ ដោយ​គេ​គ្រាន់​តែជំរុញ​ឱ្យ​រដ្ឋាភិបាល​គោរពច្បាប់ ​គោរព​សិទ្ធិមនុស្ស ​ដើរ​តាម​​​គោល​ការ​ណ៍​ប្រជា​ធិប​តេយ្យ​ ដែល​​មាន​​ចែង​ក្នុង​រដ្ឋធម្មនុញ្ញកម្ពុជា​​ និង​សន្ធិ​សញ្ញា​កត្តិកា​​សញ្ញា​ រួម​​ទាំង​ច្បាប់​អន្តរ​ជាតិ​​នានា​ ដែល​​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្តល់សច្ចា​ប័ន​ប៉ុណ្ណោះ គេ​​គ្មាន​​បំណង​​មក​រំលោភ​បំពាន​​អធិប​តេយ្យ​​ភាព​​កម្ពុជា ​ដូច​ការ​លើក​​ឡើង​​បំភ្លៃ​​របស់​​រដ្ឋាភិបាល​ដែល​ដឹកនាំដោយ​គណបក្ស​​ប្រជាជនកម្ពុជានោះឡើយ។

ការលើកឡើងរបស់មនុស្សស្និទ្ធនឹង​មេដឹកនាំ​បក្ស​កាន់​អំណាច​នេះ ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ក្រសួង​ពាក់​ព័ន្ធ​មួ​​យ​ចំនួន​ ដែលតែងតែប្រតិកម្មទៅនឹងប្លុកលោក​សេរី រួម​ទំាង​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហ​ប្រ​​ជា​ជាតិ ពីការដែលនិយាយចំៗក្នុងកិច្ច​ប្រជុំ​​នៅ​ទីក្រុង​ហ្ស៊ឺណែវ ថា​ការ​ផ្ទេរ​អំណាច​នៅ​ឆ្នាំ​២០២៣ ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត នោះធ្វើឡើង​ជា​លក្ខណៈ​​គ្រួសារ ប្រាស​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ