ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសទទួលបន្ទុករៀបចំប្រឡងសិស្សពូកែឡើងវិញ ខណៈកាលពីសប្តាហ៍មុន បានទម្លាក់កិច្ចការនេះ ឱ្យរាជធានី-ខេត្ត ជាអ្នករៀបចំជំនួស។
តាមលិខិតជូនដំណឹង ចុះថ្ងៃទី៣ ខែកុម្ភៈនេះ ក្រសួងអប់រំ និយាយថា ឆ្នាំសិក្សា២០២៤-២០២៥ ខ្លួននឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំនៃការប្រឡងនៅឆ្នាំសិក្សា២០២៣-២០២៤។
យ៉ាងណា ការប្តូរជំហរនេះ ក្រសួងមិនបានបញ្ជាក់ពីមូលហេតុ ដូចគ្នាទៅនឹងលិខិតជូនដំណឹងកាលពីសប្តាហ៍មុនដែរ។
កាលពីសប្តាហ៍មុន ពោលគឺនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ក្រសួអប់រំ យុវជន និងកីឡា បានទម្លាក់ការរៀបចំប្រឡងសិស្សពូកែនេះ ឱ្យទៅរាជធានី-ខេត្ត ជាអ្នកទទួលខុសត្រូវជំនួស។
ក្រសួងនិយាយពេលនោះថា ការប្រឡងសិស្សពូកែ ដែលរៀបចំឡើងនៅក្នុងក្របខណ្ឌទូទាំងប្រទេស សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ត្រូវធ្វើនៅរាជធានី-ខេត្តវិញ ដោយមិនប្រាប់ពីមូលហេតុ។
យ៉ាងណា ការទម្លាក់ការទទួលខុសត្រូវរបស់ក្រសួង ឱ្យទៅថ្នាក់ក្រោមជាតិ រាជធានី ខេត្ត ទូទាំងប្រទេស កាលពីសប្តាហ៍មុននោះ បានធ្វើឡើងភ្លាមៗ ក្រោយពីសហរដ្ឋអាមេរិក ក្រោមរដ្ឋបាល លោក ដូណាល់ ត្រាំ ប្រកាសផ្អាកជំនួយបណ្តោះអាសន្ន រយៈពេល៩០ថ្ងៃ ក្នុងនោះរួមទាំងកម្ពុជា តាមរយៈ USAID៕