កម្ពុជាបណ្តេញអ្នកកាសែតបរទេសម្នាក់ដែលសកម្មរាយការណ៍ពីឧក្រិដ្ឋកម្មព្រៃឈើ

រដ្ឋាភិបាលបក្សកាន់អំណាច បានបណ្តេញអ្នកសារព័ត៌មានជនជាតិអង់គ្លេសម្នាក់ ដែល​សកម្ម​រាយ​ការណ៍​ពី​ការ​​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ការពារ ដែល​វិធាន​នេះ រង​ការ​រិះគន់​ថា​បាន​ព្យាយាម​បំបិទ​មាត់​សំឡេង​ឯករាជ្យ ដើម្បី​បើក​ដៃ​ឱ្យ​ក្រុម​ឧក្រិដ្ឋ​ជន។

សារព័ត៌មានអន្តរជាតិ ម៉ុងហ្កាបេ ដែល​មាន​ទីស្នាក់​កា​រ​នៅ​សហរដ្ឋអាមេរិក បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​នៅ​ថ្ងៃ​ទី​៣​ ខែ​កុម្ភៈ ឱ្យដឹងថា អ្នកកាសែតជនជាតិអង់គ្លេស លោក ជឺ​រល​ ហ្វី​លីន​ (​G​era​l​d​ ​Fly​nn) ត្រូវ​បាន​មន្រ្តី​អន្តោ​ប្រវេសន៍​កម្ពុជា​បដិសេដ​​មិន​​ផ្តល់​​ទិដ្ឋាការ ក្រោយ​លោក​ត្រឡប់​ពី​វិសម្សកាល​នៅ​ប្រទេស​ថៃ ​នៅ​ថ្ងៃទី៥ ខែ​មករា ឆ្នាំ​២០២៥។

បើតាម ម៉ុងហ្កាបេ ការ​បណ្តេញ​ចេញ​នេះ មន្រ្តីអន្តោប្រវេសន៍​បញ្ជាក់​ថា លោក ហ្វីលីន មាន​កំហុស​លើ​ឯកសារ ដោយ​លោក​ដាក់​ពាក្យ​សុំ​ទិដ្ឋាការ​ដើម្បី​ធ្វើការ​ជា​ជាង​អគ្គិសនី តែ​មក​ធ្វើ​អ្នក​​កាសែត​នៅកម្ពុជា​ទៅ​វិញ។

ប្រភពបន្ត​ថា លោក ហ្វីលីន ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​សម្រេច​ដាក់​ក្នុង​បញ្ជី​ខ្មៅ​របស់​កម្ពុជា តាំង​ពី​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២៤​មក​ម្លេះ។

វិធាន​ការ​លើ លោក ហ្វីលីន កើត​ឡើង​ក្រោយ​ពេល​លោក​បំពេញ​ការ​ងារ​ជា​អ្នក​កាសែត​នៅ​កម្ពុជា អស់​រយៈ​ពេល​៥ឆ្នាំ ហើយ​សេចក្តី​រាយ​ការណ៍​របស់​លោក ផ្តោត​លើ​បទ​ល្មើស​បរិស្ថាន ការ​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ ដែលចុះផ្សាយនៅ​កាសែត​ម៉ុង​ហ្កាបេ មាន​ទីស្នាក់​ការ​នៅ​អាមេរិក។

អ្នកកាសែត​សេរី លោក ម៉េង គ្រុយ​​ពន្លក ដែល​ធ្លាប់​ធ្វើការ​ជិត​ស្និត​ជាមួយ លោក ហ្វីលីន ប្រាប់​VO​Dថា លោក ហ្វីលីន ជាអ្នកកាសែតដែលសកម្មក្នុងការស៊ើបអង្កេត​រឿង​បរិស្ថាន នៅ​កម្ពុជា លាត​ត្រដាង​ពី​ក្រុមហ៊ុន​ដែល​បាន​កាប់​បំផ្លាញ​ព្រៃឈើ នៅ​តំបន់​ព្រៃ​ឡង់ និង​តំបន់​ការ​ពារ​ផ្សេង​ទៀត។ លោក​ជំរុ​ញ​ឱ្យ​រដ្ឋាភិបាលពិចារណាបើកផ្លូវ​ឱ្យ​លោក ហ្វីលីន អាចឈរជើង នៅ​កម្ពុជា​ឡើង​វិញ​ ដើម្បីចូលរួមការពារព្រៃឈើ​នៅ​កម្ពុជា។

លោកថា៖ «គាត់បាន​ចំណាយ​ពេល​ជា​ច្រើន​ឆ្នាំ ក្នុង​ការ​ធ្វើជា​អ្នក​កាសែត​ដោយ​បាន​ស្រាវ​ជ្រាវ​ទៅ​លើ​បញ្ហា​​ពុក​រលួយ​ បញ្ហា​កាប់​បំផ្លាញ​ព្រៃឈើ​ ការ​ដឹក​ឈើ​ចេញ​ទៅ​ក្រៅ​ប្រទេស មាន​បញ្ហា​បរិស្ថាន​ផ្សេងៗ​ទៀត ដែល​គាត់​សរ​សេរ​ ហើយ​ត្រូវ​បាន​សារ​ព័ត៌មាន​ជាតិ​ហ្នឹង យក​ទៅ​រាយ​ការណ៍​បន្ត។ ការ​សរសេរ​របស់​គាត់​ហ្នឹង​គឺ​មាន Impacted ផល​ប៉ះ​ពាល់​ខ្លាំង​ដល់​រដ្ឋាភិបាល​ដែរ មើល​ទៅ​បាន​ជា​មាន​ការ​ធ្វើ​បែប​ហ្នឹង។ ខ្ញុំ​មាន​តែ​សំណូម​ពរ​ដល់​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​គាត់​ត្រឡប់​មក​ចូល​ប្រទេស​កម្ពុជា​វិញ ដើម្បី​អាច​រាយ​ការណ៍​ព័ត៌​មាន​បន្ត​ទៀត ហើយ​ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​បើក​ចិត្ត​ក្នុង​ការ​ទទួល​យក​អ្នក​កាសែត​ជាដៃ​គូ​សហការ​ក្នុង​ការ​ការ​ពារ​បញ្ហាផ្សេ​ង​ៗ​នៅ​ក្នុង​សង្គម​កម្ពុជា»។

ជុំវិញ​រឿងនេះ អង្គការជាតិ និងអន្តរជាតិចំនួន២១ រួ​មមាន អង្គការលីកាដូ  អង្គ​ការ​ឃ្លំាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ និងអង្គការអ្នកកាសែតគ្មានព្រំដែន ជាដើម នៅ​ថ្ងៃទី​៤ ខែ​កុម្ភៈ ឆ្នាំ ២០២៥​នេះ ប្រកាស​ថ្កោល​ទោស​ការ​បណ្តេញ​លោក ហ្វីលីន ចេញពីកម្ពុជា។

សេចក្តីថ្លែងការណ៍សរសេរក្នុងន័យដើម​ថា៖ «រាជរដ្ឋាភិបាលត្រូវតែបញ្ឈប់​ការ​រំខាន ការ​រំលោភ​បំពាន និង​ការ​រាំង​ស្ទះ ចំពោះ​អ្នក​កាសែត​ទាំង​អស់​នៅ​ក្នុង​ប្រទេស ដូច​ជា បញ្ឈប់​ការ​ចាប់​ខ្លួន​មិន​ត្រឹម​ត្រូវ ការ​បំភិត​បំភ័យ ឬ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ជាដើម»។

ប្រភពដដែលបន្តថា ថ្មីៗនេះ លោក ហ្វីលីន បាន​សរសេរ​អត្ថបទ​មួយ​ចេញ​ផ្សាយ​លើ​កាសែត​អន្តរ​ជាតិ ម៉ុង​ហ្គាបេ អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​តំបន់​ការ​ពារ ដូច​ជា​ដែន​ជម្រក​សត្វ​ព្រៃ ព្រៃ​ឡង់ ការ​នេសាទត្រីខុសច្បាប់នៅដែនសមុទ្រ​ខាង​ត្បូង​នៃ​ប្រទេស​កម្ពុជា និង​ការ​បរាជ័យ​ចំពោះ​គម្រោង​ឥណទាន​កាបូន​ដែល​ជា​តម្រូវ​ការ​សកល។

ប៉ុន្តែ រដ្ឋាភិបាលកម្ពុជា តែង​តែ​ច្រាន​ចោល​ការ​លើក​ឡើង​នានា​ដែល​មាន​នៅ​ក្នុង​អត្ថបទ​ព័ត៌មាន​របស់​លោក ហ្វីលីន ហើយ​អត្ថបទ​របស់​លោក​ត្រូវ​បាន​ចេញ​ផ្សាយ​លើ​សារព័ត៌មាន​ក្នុង​ស្រុក និង​អន្តរជាតិ​ជាច្រើន​ស្ថាប័ន​ទៀត។

យ៉ាងណា វិធានការបណ្តេញអ្នក​កាសែតឯករាជ្យ ចេញពីកម្ពុជាបែប​នេះ ហាក់​ផ្ទុយ​ពី​ការ​លើក​ឡើង​កន្លង​ទៅ​របស់​នាយករដ្ឋមន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដែលថា​រដ្ឋាភិបាល​លោក ត្រូវ​ការ​ចាំបាច់​សារព័ត៌មាន​ដែល​ហ៊ាន​និយាយ​ការ​ពិត ដើម្បី​ជា​ប្រយោជន៍​សង្គម និង​ប្រជា​ពលរដ្ឋ។

លោកថា៖ «វិស័យ​ព័ត៌មាន​បាន​រួម​ចំណែក​ដោយ​ផ្អែក​លើ​មុខ​ងារ​សំខាន់ៗ ដូច​ជា ចូល​រួម​ពង្រឹង​លទ្ធិប្រជាធិប​តេយ្យ​ផ្អែក​លើ​មូល​ដ្ឋាន​នីតិ​រដ្ឋ​ ទី២ បញ្ជូន​ព័ត៌មាន​ពិត និង​រហ័ស​ទាន់​ពេល​ ទី៣ ផ្ដល់​ព័ត៌មាន​បែប​អប់រំ និង​ចំណេះដឹង ទី៤ ជាឆ្មាំ​ត្រួត​ពិនិត្យ​តុល្យភាព​សង្គម​ដោយ​ស្មោះ​ត្រង់ និង​ទី៥ ចូល​រួម​ចំណែក​កែ​លំអ​សង្គម​តាម​រយៈ​ការ​ផ្ដល់​ព័ត៌​មាន​ពិត​គ្រប់​ជ្រុង​ជ្រោយ​ប្រកប​ដោយ​តម្លាភាព និង​ជា​អ្នក​ផ្តល់​ធាតុ​ចូល​នៅ​ក្នុង​ការ​រៀបចំ​គោល​នយោបាយ​យុទ្ធសាស្ត្រ និង​ផែន​ការ​សកម្មភាព​របស់​រាជរដ្ឋាភិបាល»។

ជុំវិញរឿងនេះ VOD មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងព៌ត័មាន លោក ទេព អស្នារិទ្ធ បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ដោយ​ហៅទូ​រសព្ទ​ចូល​ជាច្រើន​ដង​គ្មាន​អ្នក​ទទួល។

ប្រធាន​ស្ថាប័ន​សារព័ត៌មាន VOD លោក ប៉ា ងួនទៀង យល់​ថា ការ​រារាំង​មិន​ឱ្យ​អ្នក​កាសែត​បរិស្ថាន​របស់​ម៉ុ​ង​ហ្កាបេ ឈរជើងនៅកម្ពុជា ដោយ​សារ​មេដឹកនាំ​គ្រួសារ​ហ៊ុន និង​បក្ស​ពួក​មាន​ជាប់​ពាក់​ព័ន្ធ​ជ្រៅ​ក្នុង​ឧក្រិដ្ឋកម្ម​ព្រៃឈើ។

លោកថា៖ «មិន​អនុញ្ញាត​ឱ្យ​អ្នក​កាសែត​រូប​ហ្នឹង ចូល​ប្រទេស​កម្ពុជា ដោយ​សារ​តែ​សកម្ម​ភាព​គាត់​​ធ្វើ​​សេចក្ដី​រាយការណ៍​​តាម​​បែប​​ព័ត៌​មាន​ស៊ើប​អង្កេត ស្តីពី បញ្ហា​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា​ដោយ​សារ​តែ​រដ្ឋាភិបាល ឬ​ក៏​ក្រុម​មេដឹកនាំ​ហ្នឹង មាន​ការ​ពាក់​ព័ន្ធ​ជាច្រើន​ជាមួយ​នឹង​បញ្ហា​ធន​ធាន​ធម្មជាតិ​​ ដូចជា ព្រៃ​ឈើដូច​ជា​រ៉ែ។ អ៊ីចឹងកាលណាប៉ះពាល់ផលប្រយោជន៍​ខ្លួន​ឯង គឺ​ព្យាយាម​ទប់​ស្កាត់ ហើយ​គោល​ដៅ​អ្នក​មាន​អំណាច គឺ​ដើម្បី​តែ​អំពើ​ពុក​រលួយ​ ដើម្បី​តែ​ផល​ប្រយោជន៍​គ្រួសារ​ខ្លួន​ឯង​ហ្នឹង​ហើយ ទើប​ទប់​ស្កាត់​មិន​ឲ្យ​មាន​សេចក្តី​រាយ​ការណ៍​ឯករាជ្យ​ អំពី​បញ្ហា​នានា​ក្នុង​សង្គម​ ជាពិសេស​បញ្ហា​ដែល​ពាក់ព័ន្ធនឹងផលប្រយោជន៍ខ្លួនឯង»

អង្គការ​អ្នកកាសែតគ្មានព្រំដែន កាលពីថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ២០២៤ ធ្លាប់​ចេញ​សេចក្តី​ថ្លែង​ការណ៍​រក​ឃើញ​ថា សេរីភាព​​សារព័ត៌មាន​​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ខ្លាំង ​ចាប់​តាំង​ពី​ឆ្នាំ​២០១៧ ពោល​គឺ​នៅ​ពេល​​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បង្ក្រាប​​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ឯករាជ្យ​ជា​បន្ត​បន្ទាប់ និង​ចុងក្រោយ​គឺ​វិទ្យុ​សំឡេង​​ប្រជាធិប​តេយ្យ​ VOD ត្រូវដក​ហូត​អាជ្ញាប័ណ្ណ កាល​ពី​​​ខែ​កុម្ភៈ ឆ្នាំ​​២០២៣។

ប្រភពនោះ​សង្កត់ធ្ងន់ទៀត​ថា រយៈពេល​មួយ​ឆ្នាំ​នៃ​ការ​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ហាក់​កំពុង​បន្ត​ការ​បង្រ្កាបលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯងរាជ្យ បន្តពី​​លោក ហ៊ុន សែន ជាឪពុក​។

អង្គ​ការ​អ្នកកាសែត​គ្មាន​ព្រំដែន​ បាន​ដាក់​​កម្ពុជា​ឲ្យ​ជាប់​ចំណា​ត់ថ្នាក់ទី១៥១​ ក្នុង​ចំណោម ១៨០​​ប្រទេស ​នៅក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌​​មា​ន​​ពិភព​លោក​ឆ្នាំ២០២៤ ដែលមានន័យថា កម្ពុជា​ជា​ប្រទេស​មានការគំរាម​កំហែងដល់​សេរីភាព​សារព័ត៌​មាន​កាន់តែធ្ងន់ធ្ងរ​។

ជុំវិញបញ្ហានេះដែរ អង្គការ​ Global Forest Watch ធ្លាប់រកឃើញថា សកម្ម​ភាព​កាប់​​បំផ្លាញ​ព្រៃ​ឈើ​​​ក្នុងប្រទេសកម្ពុជា ជាងមួយទសវត្សរ៍ទៅនេះមិនថយចុះទេ។

ប្រភពនោះរកឃើញថា នៅ​ឆ្នាំ​២០២២ មាន​ខ្លាំង​ជាង​​ឆ្នាំ​២០២១ ក្នុង​​តំបន់​ព្រៃ​ការពារ​​ចំនួន៤ ​ក្នុង​​ប្រទេស​​កម្ពុជា ខណៈ​តំបន់​ព្រៃ​ការពារ​ផ្សេង​ទៀត ​ក៏​កំពុង​មាន​អត្រា​បាត់​បង់​ព្រៃ​ឈើ​​ក្នុង​អត្រា​ខ្ពស់​ដែរ​ ក្នុងនោះមាន​​ដូចជា ឧទ្យានជាតិ​បូទុមសាគរ ឧទ្យានជាតិ​ជួរភ្នំក្រវាញកណ្ដាល​ ដែន​​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់ និង​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ​។

តំបន់​ព្រៃ​ការពារ​ព្រៃ​ឡង់ ​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​កម្ពុជា រហូត​ដល់​ជាង ​៤៣ម៉ឺន​ហិកតា​នោះ​(៤៣០ ០០០​) ក៏​មានការ​បាត់​បង់​ដីព្រៃ​របស់​ខ្លួន​​ប្រហែល ​៨ ៣០០​ហិកតា​​ដែរ​​ក្នុង​​ឆ្នាំ​២០២២ ។​

ដោយឡែក អំឡុងឆ្នាំ២០១៦ អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ធ្លាប់​បង្ហាញ​របាយ​ការណ៍​ស៊ើប​អង្កេត រក​ឃើញ​ថា ឈ្មួញ​រក​ស៊ី​ឈើ​ខុសច្បាប់​ខ្នាត​ធំ ក៏មានលោក​ឧកញ៉ា ទ្រី ភាព ផង​ដែរ ដែលគាត់បាន​កាន់​កាប់​ដី​សម្បទាន​​សេដ្ឋ​កិច្ច ​ទំហំ​​ជិត ​៣​ម៉ឺន​ហិកតា (២៩.៥៨៩)។

ប៉ុន្តែ​ច្រើនឆ្នាំមកនេះ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មិនបានផ្តន្ទាទោសឧក្រិដ្ឋជនព្រៃឈើរូបនេះ​ទេ តែផ្ទុយ​ទៅ​វិញ បច្ចុប្បន្ន ឧកញ៉ា​មាន​ឈ្មោះ​អាស្រូវ​បំផ្លាញ​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​រូប​នេះ ត្រូវ​បាន​តែង​តាំង​ជា​អ្នកឧកញ៉ា ដែលជា​ឧកញ៉ាលំដាប់ខ្ពស់ និង​ជាទីប្រឹក្សា​មេដឹកនាំ​កំពូល​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​បក្សប្រជាជនកម្ពុជាទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ