CCAWDU ថ្កោលទោសការប្រើហិង្សាប្រឆាំងប្រធាន​សហជីព​ប្រចាំក្រុមហ៊ុនស្តារឡៃថ៍

សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ ថ្កោល​ទោស​ចំពោះ​ការ​ប្រើ​​ប្រា​ស់​​​​​​អំពើ​​​ហិង្សា​មកលើ​ប្រធានសហជីពមូលដ្ឋាន​ប្រចាំ​នៅក្រុមហ៊ុន ស្តារឡៃថ៍ ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ និង​កំពុង​​​ស​​ង្រ្គោះ​បន្ទាន់​នៅក្នុងមន្ទីរពេទ្យឯកជនមួយ​កន្លែង ក្រោយកើតហេតុ។

សេចក្តីប្រកាសព័ត៌មានរបស់សហជីព ស៊ីខៅឌូ ដែលចេញកាលពីថ្ងៃទី៣ ខែ​កុម្ភៈ ហើយ​សំឡេង​ប្រជា​ធិប​តេ​​យ្យ​ វីអូឌី ទើបទទួលបានៅថ្ងៃនេះ ឱ្យដឹង​ថា លោក ស៊ីន ណាក់ ដែល​ជា​ប្រធាន​សហជីព​ស៊ីខៅឌូ ប្រចាំ​នៅ​​ក្នុ​​ងក្រុម​ហ៊ុន ស្តារឡៃថ៍ ត្រូវបានជន​មិន​ស្គាល់​អត្តសញ្ញាណ កាប់​មួយ​កាំបិត​បុ័ង​តោ​ចំក្បាល បង្កឱ្យរងរបួស​ធ្ងន់​ធ្ង​​រ​ និងដេរចំនួន៧ថ្នេរ ។

មុនថ្ងៃកើតហេតុ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះ និង​សមាជិក​សហជីព​ម្នាក់​ទៀត បាន​​​ចូ​ល​រួមប្រជុំ​ដោះ​ស្រាយវិវាទ​ការងារនៅក្នុងក្រុមហ៊ុន ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​កម្មករ។ ប៉ុន្តែ​​នៅ​ក្នុ​ង​អំ​ឡុងពេលប្រជុំ លោក ស៊ីន ណាក់ បាន​ប៉ះ​សំដី​គ្នា​ជាមួយ​គ្រូពេទ្យ​ប្រចាំ​នៅ​ក្រុម​ហ៊ុន​ស្តារឡៃថ៍ ដែល​មិ​​ន​​អា​ចស្វែ​ងរកដំ​ណោះស្រាយបាន ​ហើយ​​ក្នុងថ្ងៃ​ដដែល ម៉ោង​ប្រហែល​៥​ល្ងាច ក្នុង​ពេល​លោកកំពុ​ងអង្គុ​​យ​​ចាំ​ទ​ទួលភរិយានៅខាងមុខ​ក្រុម​ហ៊ុន ស្តារឡៃថ៍ នេះ ស្រាប់​តែ​មាន​ជន​មិនស្គាល់អត្តសញ្ញាណ ភេទប្រុស ពា​​ក់អាវពណ៌​ក្រហម និង​ជិះ​​ម៉ូតូ​​ហុងដា​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជាមធ្យោបាយធ្វើសកម្មភាព។

សេចក្តីប្រកាសព័ត៌មាន​បន្តថា ក្រោយកើតហេតុ ជនសង្ស័យដែល​បង្ករបួសស្នាម បាន​ជិះ​ម៉ូតូ​គេច​​​បាត់​​ស្រ​​មោ​​ល។ ភ្លាមៗ​បន្ទាប់មានហេតុការណ៍នេះ ភរិយា​ជន​រងគ្រោះ​បាន​ដាក់​បណ្តឹង​នៅ​នឹង​​ប៉ុស្តិ៍​នគ​​របា​ល​រដ្ឋបាល​ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែរ ប៉ុន្តែ​នៅ​មិន​ទាន់​មាន​​តម្រុ​យ​ណា​មួយ​នៅ​ឡើ​យ។

សហជីព ស៊ីខៅឌូ អំពាវនាវឱ្យសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ ពន្លឿន​នីតិវិធី​ក្នុងការ​ស្វែង​រក​ចាប់​​​ខ្លួន​ជន​ដៃដល់ និងអ្នកបញ្ជាក្នុងរឿងនេះ ខណៈដែលរឿង​ក្តី នៃ​វិវាទ​របស់​កម្មករ​នៅ​ក្នុង​ក្រុម​ហ៊ុន ស្តា​រ​ឡៃ​ថ៍​នេះ បានរុញដល់ដៃរបស់​ក្រុម​ប្រឹក្សាអាជ្ញា​កណ្តាល​រួច​ហើយ ក្រោយ​ពី​ស្វែង​រក​ដំណោះ​​ស្រាយ​នៅក្នុ​​ងក្រុ​ម​​ហ៊ុ​ន ម្តងជាពីរដងមិនបាន​ផល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ