សង្គមស៊ីវិលបារម្ភយន្តការចែកដីឱ្យពលរដ្ឋក្រីក្រខ្វះតម្លាភាព

ក្រុមអ្នកជំនាញផ្នែកដីធ្លី ពី​អង្គការ​សង្គម​ស៊ីវិល ចាត់ទុក​ការ​ផ្តល់​ដី​សម្រាប់​អ្នក​គ្មាន​លទ្ធភាព​របស់​រ​ដ្ឋា​​​​​ភិបា​ល​​​​ស្ថិតនៅក្នុងភូមិសាស្រ្ត នៃ​ភាគឦសាននៅពេលនេះ គឺ​ជា​​ផ្នែ​ក​​មួយ​ដែល​នឹង​អាច​រួម​ចំណែក​​ក្នុង​កា​​រកាត់​​បន្ថយ​ភា​ព​ប្រ​ឈម​នៃវិបត្តិ​ដី​ធ្លី ប៉ុន្តែ​​​ពួក​គេ​ដាក់​ក្តី​កង្វល់​ថា ផែន​ការ​យុទ្ធ​សាស្រ្ត​នេះ អាចនឹងពិ​បា​ក​ទ​​ទួ​ល​​បា​ន​ជោគជ័យ ដូចការរំពឹងទុករបស់រដ្ឋាភិបាល។

ការលើកឡើងនេះ នៅក្រោយពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​ប្រកាស​ជំហរ​កាល​ពី​ថ្ងៃ​​​ទី​​​២៨ ខែមករា​ថា កម្ពុជានឹងផ្តល់ដីមួយផ្នែក​​សម្រាប់​ពលរដ្ឋ​ដែល​គ្មាន​លទ្ធភាព ឬ​ជា​ប្រជាជន​ក្រីក្រ​​​អាច​​ទ​​ទួ​ល​បានដីសម្បទានសង្គមកិច្ចពីរដ្ឋ។

ជុំវិញ​ការសម្រេចចិត្តនេះ សម្រាប់អ្នកធ្វើកិច្ចការផ្នែកដីធ្លី មកពីអង្គការ​មិនមែនរដ្ឋាភិបាល សាទរ​ចំពោះ​​ការ​​​ផ្តួ​​ច​ផ្តើមគំនិត ដែលនាំឱ្យពលរដ្ឋទទួលបានឱកាស ក្នុង​ការ​កសាង​ជីវិត ក្នុង​រូប​ភាព​មួយ​ថ្មី​នេះ​។

ប៉ុន្តែពួ​ក​​គេ​​​​​នៅ​តែបង្ហាញក្តីបារម្ភថា ការអនុវត្ត​គោល​ការណ៍​នេះ ខ្លាច​អ្នក​ដែល​ទទួល​បាន​ដី​ពិត​ប្រាកដ មិន​មែ​ន​ជា​​ព​ល​​រដ្ឋ​​ដែលកំពុងជួបភាពទូ​គ៌តពិតប្រាកដ។

លោក នី សុខា ប្រធានសមាគមការពារ​សិទ្ធិ​មនុស្ស​អាដ​ហុក​(Adhoc) ចាត់​ទុក​គោល​នយោបាយ​ដែ​ល​​​​ដាក់​​ចេញ​​ដោយ​លោ​ក ហ៊ុន ម៉ាណែត នៅពេលនេះថា ជា​ដំណឹង​ដ៏​គួរ​ឱ្យ​រីក​រាយ។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ លោ​ក​​ក៏​​មានទុទិដ្ឋិនិយមដែរថា ប្រការ​នេះ​ ខ្លាច​ក្រែង​ការ​អនុវត្ត​ជាក់​ស្តែង វា​មិន​មែន​បាន​ទៅ​ដល់​ដៃ​ប្រជាជន ដែ​ល​​​ជួប​ការខ្វះខាតពិតប្រាកដ។ ម្យ៉ាងវិញទៀត​ តើការផ្តល់ដីនេះ ធានា​ថា​ប្រព្រឹត្តទៅ​ដោយ​តម្លាភាព និងភាព​ជឿ​ទុកចិត្តបាន ពីក្រុមមន្រ្តីដែលអនុវត្ត​គំរោង​កម្រិត​ណា​។

បើតាម​លោក នី សុខា កិច្ចការនេះជារឿងអា​ទិភាព​មួយ ដែល​ក្នុងនាម​សមាគម​អាដ​ហុក ត្រូវ​តែ​ពិនិត្យ និង​អង្កេត​ពីកា​រ​អនុវត្តនីតិវិធី ដើម្បីប្រាកដ​ថា​ក្រុម​គោលដៅដែលត្រូវទទួលបានផល ពី​ការ​បែង​ចែកដី​នេះ គឺជាពលរដ្ឋក្រីក្រ ដែល​មិន​មែន​ជា​ក្រុម​ឆ្លៀត​ឱកាស ឬ​អនុវត្ត​តាម​ខ្សែ​បណ្តោយ​ណា​មួយ។

លោកថា៖《រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​ពិច័យ​ឲ្យ​មែន​ទែន ចំពោះ​បញ្ហា​ទាំង​អស់​ហ្នឹង ពីព្រោះ​កន្លង​មក​វា​មាន​រឿង​បែប​ហ្នឹង​កើត​ឡើង។ វាចេះ​តែ​ឆ្លៀត​ដាក់​ឈ្មោះ​អ្នក​នេះ ដាក់​ឈ្មោះ​អ្នក​នោះ​អ៊ីចឹង​ទៅ​ធ្វើ​ឲ្យ​មាន​បញ្ហាកើតឡើង ហើយទីពីរទៀត សូម​វាយ​តម្លៃ​ឲ្យ​បាន​ត្រឹម​ត្រូវ​ពី​អាជ្ញាធរ​ថ្នាក់​មូល​ដ្ឋាន​នីមួយៗ​ហ្នឹង ដោយ​វាយ​តម្លៃ​ឲ្យ​បាន​ពិត​ប្រាកដ​ថា​អ្នក​ដែល​បាន​ដាក់​ឈ្មោះ​ទៅ​សុំ​ហ្នឹង​ពិត​ជា​​​អ្នក​ដែល​គ្មាន​ដី​ពិតប្រាកដមែន ឬក៏អត់》។

គេសង្កេតឃើញថា មួយថ្ងៃបន្ទាប់ពីការប្រកាសជំហររបស់លោក ហ៊ុន ម៉ាណែត ​គណៈ​កម្មា​ធិ​ការ​​ជាតិ​​​ដឹ​ក​​នាំ​ការ​​អនុវត្ត​កម្ម​វិធី «​ផ្តល់​ដី ការ​ពារ​ព្រៃ ដើម្បី​រួម​គ្នាអ​ភិវឌ្ឍ​ដោយ​ចីរភាព» ក៏​បាន​ប្តេជ្ញា​​ចិត្ត​រ​ប​ស់​​ខ្លួ​ន​​​ភ្លា​​ម​​ដែ​​រ​។

តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលចេញកាលពីថ្ងៃទី២៩ ខែមករា ហើយ​សំឡេង​ប្រជា​ធិប​តេយ្យ វីអូឌី ទើ​​ប​​​​​ទ​ទួ​លបាននៅថ្ងៃនេះ បង្ហាញថា គោលនយោបាយ​បែង​ចែក​ដី​ធ្លី ដូច​ដែល​រដ្ឋាភិបាល​ប្រកាស​នេះ គឺ​អនុ​វត្ត​​មុនដំ​បូងគេនៅ​ខេត្ត​ស្ទឹង​ត្រែង ស្ថិត​នៅ​ក្នុង​ភូមិហាង​សាវ់ាត ឃុំ​សាម​ឃួយ ស្ថិតក្នុងស្រុកសេសាន្ត។

ប្រភពដដែល​បន្តថា ការផ្តល់​ដីលើកទី១នេះ គឺ​ផ្តល់​ឱកាស​ឱ្យ​ពលរដ្ឋ​ប្រមាណ ៥០០​គ្រួសារ មុន​គេ។ ចំ​ណែ​ក​នីតិ​វិធី​ក្នុង​ការ​អនុវត្ត គឺ​ជ្រើស​រើស​ពលរដ្ឋ​និង​រៀប​ចំ​ឈ្មោះទៅ​តាម​លំដាប់​អាទិភាព​ មុន​នឹង​ប​ញ្ជូ​ន​ឈ្មោះ​​រ​​ប​​ស់​ពួកគេទៅថ្នាក់ស្រុក ខណ្ឌ និងរាជធានី មុនមាន​ការស​ម្រេច​ចុងក្រោយ​ពី គណៈ​កម្មាធិការជា​​តិ​ផ្តល់​ដី​​។

សំឡេង​ប្រជាធិបតេយ្យ វីអូឌី បានព្យាយាមសុំការបំភ្លឺពីស្ថាប័នជំនាញ នៃគណៈកម្មាធិការជាតិ ដឹក​នាំ​​កា​​រ​បែ​ងចែកដីនេះដែរ ប៉ុន្តែមិនមានប្រភពដែលផ្តល់ការអត្ថាធិប្បាយបាននៅថ្ងៃនេះ។

បើទោះជាបែបណា សម្រាប់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលបានចេញសារ​នៃឃ្លីប​វីដេអូ កាល​ពី​ថ្ងៃ​ទី២៨ ខែ​មករា នៅ​​លើបណ្តាញសង្គម បាន​ចាត់ទុកគោលនយោបាយខ្លួន​នៅពេល​នេះ ថាវា​មិន​ត្រឹ​មតែជា​​ការ​កា​ត់​បន្ថ​យភាពក្រីក្រ​ឱ្យ​ពលរដ្ឋ​ទេ កត្តា​នេះក៏​ជា​ផ្នែក​មួយ ដែល​នឹង​ត្រូវ​រួម​ចំណែក​ដែរ ក្នុង​ការ​​សង្រ្គោះ​​ព្រៃ​​ឈើ និងការ​​កាត់​ប​​ន្ថយ​កា​​រទន្រ្ទានដីរដ្ឋដោយខុសច្បាប់។

លោកថា៖《កម្មវិធីនេះ មាន​គោល​បំណង​៣​ដែល​អាទិភាព​ធំ​​ទី១​ហ្នឹង​គឺ​ការ​ដោះ​ស្រាយ​ដី​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ។ ពួក​គេ​គ្មាន​ដី​ពិត​ប្រាកដ ហើយ​បន្ថែមលើ​នេះ កម្មវិធី​នេះ​នឹង​ចូល​រួម​ទប់​ស្កាត់​ការ​ទន្រ្ទាន​ដី​រដ្ឋធ្វើជា​កម្មសិទ្ធ​ឯកជន និង​ជំរុញ​ការ​ចូល​រួម​របស់​ប្រជា​ពលរដ្ឋ​ក្នុង​ការ​ការ​​ពារ និងអភិរក្សព្រៃឈើ》។

ស្រប​ពេលដែល​មានក្តីបារម្ភពីក្រុមអង្គការមិនមែនរដ្ឋាភិបាល ធ្វើការលើផ្នែក​ដីធ្លី ​បាន​ចាត់​ទុក​ថា ការ​​​អនុ​​វត្ត​​នី​​តិវធី​នេះអាច​នឹ​ង​​​​គ្មា​​​នតម្លាភាព ក្នុងពេលកន្ល​ងទៅ ការ​អនុវត្ត​គោល​នយោបាយ​ដី​ធ្លី និង​កាត់​ឡូតិ៍​​នេ​​សាទ នៅ​តំបន់​ជុំ​​វិ​​ញ​​​បឹង​ទន្លេសាប​​ជា​ដើម បាន​ក្លាយ​ជា​ការ​រិះ​គន់ និង​ស្តី​បន្ទោសមិ​នឈប់ឈរ​​ពីពល​រដ្ឋ​។

នៅបន្ទាប់ពី​​មានប្រតិកម្មរប​ស់​លោក ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ជុំវិញដីនៅ​ជាប់បឹង​​ទន្លេ​សា​​​ប​​ថា បានធ្វើឱ្យ​ប៉ះពាល់ និងជះផ​ល​​មិនល្អ​ចំណុចដីតំបន់៣ ដែលត្រូវអភិរក្ស។ អាជ្ញាធរ​ជាតិ និង​រដ្ឋបា​លជ​ល​​​ផល កាលពីថ្ងៃចុងខែធ្នូ ក្នុង​ឆ្នាំ២០២១ ដែលទទួលបទបញ្ជានេះ ​បា​នចុះ​អនុ​​​វត្ត​ភ្លាម​ដែរ ដោយ​​ដក​ហូ​​​​ត​​ដី​​​បា​ន​ជា​ង៥ម៉ឺនហិកតា ពីព​ល​​​រដ្ឋជាង១ម៉ឺនគ្រួសារ ក្នុង​ខេត្ត​ទាំង​៦ នៅ​​ជុំវិ​​ញ​បឹងទន្លេសាប។

ប៉ុ​ន្តែ ក្រោយ​​​មក​​ទី​តាំងដី​​ដែលបានដកហូតទាំងនោះ មួយផ្នែកធំបា​នក្លាយទៅជា​ទ្រព្យ​​ស​​​​ម្ប​​ត្តិ របស់​ម​ន្រ្តី​មា​ន​អំណា​ចនៅក្នុងតំបន់ និងទៅពីក្រុងភ្នំពេញ ហើយមួយផ្នែកទៀត ត្រូវ​ធ្លាក់​ទៅ​លើ​ក្រុ​​ម​​​ឈ្មួញ​ទៅវិញ។

បញ្ហានេះ ក៏មិនខុសគ្នាដែរ ទៅនឹងគោលនយោបាយកាត់ឡូតិ៍នេសាទ ពីក្រុមឈ្មួញដើម្បី​នេ​​​សាទ​ជា​​​​លក្ខ​​​​ណៈ​គ្រួសារ សម្រាប់ពលរដ្ឋគ្រប់រូប។

ប៉ុន្តែក្រោយកា​រដាក់ចេញនូវគោលនយោ​​បាយ​នេះ​​រប​​​​ស់​​លោ​ក ហ៊ុន សែ​ន កាលពីខែមីនា ឆ្នាំ​២០២១ មក​ទ​​ល់នឹងពេលនេះ តំបន់បឹងទន្លេសាប ត្រូវហ៊ុំព័ន្ធ​ទៅ​​ដោ​​យឈ្មួយធំៗរក​​ស៊ីលាក់មុខ និង​ពលរ​ដ្ឋជួបកា​រលំ​​បា​កជា​​ង​ដែលមានឡូ​តិ៍នេសាទទៅទៀត។ ​ផល​​ប្រ​យោ​​​ជន៍​ពិត​ប្រាកដ​ពលរដ្ឋ​នៅតែ​មិ​នទទួល​បានផលដ​ដែ​ល។

បើទោះបែបណា ទាក់ទិនការបង្កើតគណៈកម្មាធិការជាតិ ដឹកនាំការ​អនុវត្តផ្តល់​ដី ដែល​ត្រូវ​បាន​កំណត់​​នៅ​​ក្នុ​ង​​ព្រះ​រាជក្រឹត្យចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ គឺមានក្រសួងចំនួន២៨​អង្គភាព របស់​រដ្ឋាភិបាល ដែលមា​​​ន​​​លោកនាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាអ្នកដែល​ទទួលខុសត្រូវខ្ពស់បំផុត នៅ​ក្នុង​គណៈកម្មាធិការដែ​​ល​​ទើ​ប​​បង្កើ​តថ្មី​នេះ​​​​​។

យ៉ាងនេះក្តី លោក ហេង គឹមហុង ប្រធាន​ប្រតិបត្តិ​សមាគម​បណ្តាញ​យុវជន​កម្ពុជា​(CYN) យល់​ឃើញ​ថា ​វាមិនមែនជាជំរើសដែលល្អប្រសើរ​ឡើយ ប្រសិ​ន​បើ​ការ​ផ្តល់​ដី​​នោះ ជា​ដី​ដែល​បាន​មក​ពី​ការ​កាត់​ឆ្វៀល ឬជា​ដី​គម្រប​ព្រៃឈើទៅវិញ។

លោកបន្តថា ជាដំណោះស្រាយដែលគួរសាទរ ប្រសិនបើរដ្ឋាភិបា​លពិតជា​​មា​ន​​ឆ​ន្ទៈ ក្នុងការផ្តល់​គោល​​ន​យោ​បា​​យបែងចែកដីធ្លីដល់ពលរដ្ឋពិតមែន ដី​ដែលសាកសម​បំផុត​គឺជា​ដី​ដែលដក​​​ហូ​ត​​បាន​ពីក្រុមហ៊ុន​ឯក​ជន​នានា​ដែលផ្អាកដំណើរការវិនិយោគហើយ។

លោកថា៖《ដើម្បីឆ្លើយតបការ​គ្រប់គ្រង​គោល​នយោបាយ​នេះ ឲ្យ​បាន​ល្អ​ប្រសើរ​ខ្ញុំ​មាន​យោបល់​ពីរ ទី១​រដ្ឋា​ភិ​បាល​ត្រូវ​ពិនិត្យ​មើល​ឡើង​វិញ​ទៅ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ក្រុម​ហ៊ុន​ប្រកាស​ក្ស័យ​ធន ឬមិ​ន​ដំណើ​​រ​ការ​ក្នុង​រយៈ​យូរ​ហ្នឹង កាត់​ចេញ​ជា​ដី​សម្បទាន​សង្គម​កិច្ច​ ដើម្បី​ប្រគល់​ទៅ​ឲ្យ​ភាគី​ពាក់​ព័ន្ធ ឬ​ក៏​ព​លរដ្ឋ​ក្រីក្រ និងអតីតយុទ្ធជន ឬពលរដ្ឋអនាថា​ឲ្យពួកគាត់មានដី និង​ផ្ទះសំបែងហ្នឹងគេ។ ប៉ុន្តែប្រសិន​ជា​កាត់​គម្រប​ព្រៃឈើ ឬ​កាត់​តំបន់​ព្រៃ​សឹក​រិច​រិល ខ្ញុំ​យល់​ថា វា​មិន​មែន​ជា​មធ្យោបាយ​ល្អទេ»

អង្គការការពារសិទ្ធិ​មនុស្ស​លីកាដូ ធ្លាប់បានចេញរបាយការណ៍​កាល​ពីខែ​កុម្ភៈ ឆ្នាំ​២០១៥ ដែល​រក​ឃើ​​ញ​ថា ​​ឆ្នាំ​​២០១៤ គឺជា​​​ឆ្នាំដែលមានហិង្សាដីធ្លីផ្ទុះឡើងខ្ពស់បំផុត និង​គួរ​ឱ្យ​ព្រួយ​បារម្ភ។ របាយ​កា​រណ៍​បន្ត​​ថា​ កា​រកើន​ឡើង​នៃ​ជម្លោះដីធ្លី ​តាមរយៈ​ការ​ចងក្រង​ឯកសារ​ពីការិយាល័យ​តាម​​បណ្តា​ខេត្ត​នានា​របស់​​​ខ្លួន​ នៅ​​​​ក្នុង​ឆ្នាំ​​២០១៤ ឃើញថា មានការ​កើន​ឡើង​បីដង​នៃចំនួន​គ្រួសារ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ថ្មី​ ​ដោ​​យសារ​ជម្លោះដីធ្លី​នៅក្នុង​អំឡុងឆ្នាំ​២០១៤ បើ​​ធៀប​ទៅ​នឹង​​ឆ្នាំ​២០១៣៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ