មហាសេដ្ឋីសហរដ្ឋមេរិកលំដាប់ជួរមុខ លោក Elon Mush បានប្រកាសថា វាល្មមដល់ពេលដែលត្រូវបិទបញ្ចប់គម្រោងផ្តល់ជំនួយតាមរយៈគម្រោង USAID នៅជុំវិញពិភពលោកហើយ ដោយលោកចាត់ទុកគម្រោងផ្តល់ជំនួយនេះថាជាអង្គការឧក្រិដ្ឋកម្ម។
លោក Elon Mush ដែលត្រូវបានតែងតាំងជាអ្នកទទួលបន្ទុកអធិការកិច្ចនៅក្នុងនាយកដ្ឋានប្រសិទ្ធិភាពរដ្ឋាភិបាល របស់លោក Donal Trump បាននិយាយដោយខ្លីនៅក្នុងបណ្តាញសង្គម របស់លោកនៅថ្ងៃនេះថា ទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក ឬហៅកាត់ថា USAID គឺជាអង្គការឧក្រិដ្ឋកម្ម ហើយស្ថាប័នអន្តរជាតិមួយនេះ ក៏វាល្មមដល់ពេលដែលត្រូវបិទទ្វារហើយដែរ។
ការព្រមានបិទគម្រោងខ្នាតយក្សដ៏ធំជាលើកដំបូងរបស់ លោក Elon Mush នេះនៅបន្ទាប់ពី មន្រ្តីជាន់ខ្ពស់២រូប របស់ទីភ្នាក់ងារផ្តល់ជំនួយសហរដ្ឋអាមេរិក ដាក់ច្បាប់ឈប់សម្រាក កាលពីយប់ថ្ងៃសៅរិ៍ ក្រោយពីពួកគេព្យាយាមជំទាស់ទៅនឹងផែនការ នៃការផ្អាកផ្តល់ជំនួយសម្រាប់គម្រោងរបស់ USAID។
បើទោះជាបែបណា សង្រ្គាមពាក្យសំដីរបស់លោក Elon Mush នៅពេលនេះ ស្របពេលបទបញ្ជា៩០ថ្ងៃរបស់លោក Trump ដែលដាក់ឱ្យត្រួតពិនិត្យ ចូលមិនបាន៦ថ្ងៃស្រួលបួលនៅឡើយផង ភាពរកាំរកូសទៅលើប្រភពមូលនិធិដ៏ធំមួយនេះ ក្នុងចំណោមបទបញ្ជាផ្សេងទៀតរបស់លោកប្រធានាធិបតី ក៏ចាប់ផ្តើមរង្គោះរង្គើមុនគេ៕