ប្រធានព្រឹទ្ធសភា នឹងដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាមួយក្រុម ទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃនៅប្រទេសឡាវ នៅក្នុងសប្តាហ៍នេះ។
សេចក្តីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា កាលពីថ្ងៃទី៣ ខែកុម្ភៈ ដែលសំឡេងប្រជាធិបតេយ្យ វីអូឌី ទើបទទួលបាននៅថ្ងៃនេះ បង្ហាញថា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជា រួមមាន លោក ស ខេង លោក ទៀ បាញ់ និងលោកស្រី ម៉ែន សំអន ព្រមទាំងមន្រ្តីក្រសួងការបរទេស រួមមានលោក ប្រាក់ សុខុន ជាដើម នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ ចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥។
តាមរយៈសេចក្តីប្រកាសព័ត៌មាន ដែលមិនបាននិយាយអ្វីឱ្យលម្អិតទៅលើខ្លឹមសារនៃជំនួប ដោយគ្រាន់តែបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចនេះ គឺជាការឆ្លើយតបតាមការស្នើសុំពីភាគីឡាវ។ ក្រៅពីនេះ ទាំងគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រជាជនបដិវត្តន៍ឡាវ បានប្តេជ្ញារួមគ្នា ក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយឱ្យកាន់តែរឹងម៉ាំ និងស៊ីជម្រៅ៕