នៅឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ប្រជាកសិករបានជួបវិបត្តិទីផ្សារជាថ្មីទៀត ដោយស្រូវនិងដំឡូងមី រួមទាំងកសិផលផ្សេងទៀតចុះថោក ។
រីឯក្រសួងកសិកម្ម ក៏ដូចជារដ្ឋាភិបាល ក្រៅពីបន្ទោសប្រជាពលរដ្ឋថា មកពីយកពូជស្រូវវៀតណាមមកដាំដុះ មិនដាំដុះពូជស្រូវខ្មែរ ដែលមានតម្រូវការទីផ្សារនោះ គេមិនឃើញមានវិធានការអ្វីជាដុំកំភួនក្រៅពីជំរុញឱ្យប្រជាកសិករ ចូលរួមបង្កើតសហគមន៍កសិកម្មទំនើប ដើម្បីកាត់បន្ថយថ្លៃដើមផលិតកម្ម និងងាកមកដាំដុះពូជស្រូវខ្មែរនោះឡើយ បើទោះបីជាអ្នកជំនាញបានចោទសួរថា តើមានស្ថាប័នណាហ៊ានធានាតម្លៃទីផ្សារជូនកសិករដែរទេ ខណៈតម្រូវការពូជស្រូវខ្មែរក៏មានកំណត់ផងដែរ។
លោក អ៊ឹង សេរីវុទ្ធ ជាកសិករនៅខេត្តកំពត បានចោទសួរថា តើកសិករត្រូវជួបបញ្ហាតម្លៃកសិផលរបស់ខ្លួនដល់ពេលណា? ហេតុអ្វីរាល់ពេលបានផល តម្លៃកសិផលតែងចុះថោក?។
តួយ៉ាងស្វាយកែវរមៀតស្រោប សម្រាប់នាំចេញទៅក្រៅប្រទេសដែលលោកដាំ កាលពីខែសីហា កន្លងទៅ តម្លៃ១គីឡូក្រាម ជាង ៤ពាន់រៀល។
តែបច្ចុប្បន្ន ពេលប្រមូលផលបានតម្លៃត្រឹមតែ ៧០០រៀលក្នុង១គីឡូក្រាម តើឱ្យរាស្ត្រពឹងអ្វី? ហើយបានលុយមកពីណា ដើម្បីបង្វិលទូទាត់ចំណាយសព្វគ្រប់ទម្រាំបានផលដូច្នេះ? ។
កសិកររូបនេះ បានអំពាវនាវឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ គួរមានចំណាត់ការដោះស្រាយបញ្ហាទីផ្សារជូនកសិករផង បើពុំដូច្នោះទេ កសិករនឹងទុកដីចោលលែងដាំដុះ ហើយបន្តធ្វើចំណាកស្រុកទៅរកការងារធ្វើនៅស្រុកគេ ស្ងាត់ស្រុកអស់មិនខាន។
ចំណែក លោក ប៉ាវ បូ ជាកសិករនៅខេត្តបាត់ដំបង បានថ្លែងបែបចំអកថា ក្រោយពីបានរៀនសូត្រ និងរស់នៅចេះបន្ស៊ាំខ្លួនទៅនឹងភាពធន់នឹងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ ពលរដ្ឋខ្មែរឥឡូវមានភាពធន់ល្អណាស់ គឺធន់នឹងគ្រោះរាំងស្ងួតអត់ទឹកធ្វើស្រែ ធន់នឹងទឹកជំនន់ ធន់នឹងខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ធន់នឹងកសិផលគ្មានទីផ្សារ ធន់នឹងជីថ្នាំឡើងថ្លៃ ធន់នឹងពាក្យសម្តីរបស់មន្រ្តីដែលមិនទទួលខុសត្រូវ ធន់នឹងបំណុល និងធន់នឹងភាពក្រីក្រជាដើម គឺមានតែកសិករប៉ុណ្ណោះ។
កសិករនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប លោក សាន សំ និយាយថា ការធ្វើស្រែ និងដាំបន្លែ អស់រយៈពេលជាង៣០ឆ្នាំមក ក្នុងជីវិតរបស់លោក មិនបានធ្វើឱ្យលោកមានជីវភាពធូរធារនោះទេ គឺបានត្រឹមតែមួយរស់ទាំងលំបាក។
កសិករវ័យចំណាស់រូបនេះ លើកឡើងថា នៅក្នុងវិស័យកសិកម្ម អ្នកដែលទទួលបានផលចំណេញមានជីវភាពធូរធារ គឺឈ្មួញកណ្ដាល ហើយដោយសារតែបញ្ហានេះហើយ ទើបម្ដងម្កាល ធ្វើឱ្យលោកនឿយណាយនឹងការធ្វើកសិកម្ម ថែមទាំងចង់បោះបង់របរនេះចោលថែមទៀតផង។
កសិកររូបនេះ និយាយក្នុងសម្តីដើមថា៖ «ពិបាកបំផុតគឺការដាំដុះបន្លែផ្សេងៗបានផលមក ពិបាករឿងទីផ្សារ។ ប្រសិនបើយើងធ្វើបានច្រើនជាន់គ្នា គេទម្លាក់តម្លៃ»។
បច្ចុប្បន្ន កសិករនៅស្ទើទូទាំងប្រទេស បានត្អូញត្អែរពីតម្លៃកសិផលធ្លាក់ចុះយ៉ាងខ្លាំងជាពិសេសស្រូវ កាលពីឆ្នាំមុន លក់បានពី ១១០០ទៅ១២០០រៀល ខណៈឆ្នាំនេះ លក់បានពី ៧០០ទៅ៨៦០រៀលក្នុងមួយគីឡូក្រាម រីឯដំឡូងមីស្រស់កាលពីឆ្នាំមុន លក់បាន ៤៦០រៀល ឆ្នាំនេះនៅតំបន់ខ្លះលក់បានតែ ១៥០ឬ២០០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ ។
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនៅពេលជួបសំណេះសំណាលជាមួយកសិករ និងអ្នកពាក់ព័ន្ធ នៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយបានលើកឡើងពីការបង្កើតសហគមន៍កសិកម្មទំនើប។
លោកថ្លែងថា ការបង្កើតសហគមន៍កសិកម្មទំនើប ទទួលបានអត្ថប្រយោជន៍ជាច្រើនក្នុងការកាត់បន្ថយថ្លៃដើមផលិត មានផែនការផលិតកម្មច្បាស់លាស់ ផលិតតាមតម្រូវការទីផ្សារ មានកិច្ចសន្យាផលិតកម្ម ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួង និងមានទីផ្សារពិតប្រាកដ។
បើតាមប្រភពនោះ សហគមន៍កសិកម្មទំនើបនេះ ទទួលបានការណែនាំពីក្រសួងកសិកម្មផ្ទាល់ពាក់ព័ន្ធនឹងការប្រើប្រាស់ធាតុចូលកសិកម្មតាមរយៈមន្រ្តីកសិកម្មឃុំ និងដឹងពីការប្រើប្រាស់ទឹក ស្របតាមទំហំផ្ទៃដីផលិតកម្ម។ ប្រការសំខាន់ត្រូវមានការសហការរួមគ្នា កសាងទំនុកចិត្តជាមួយគ្នា គោរពច្បាប់លក្ខន្តិកៈរបស់សហគមន៍ ដើម្បីទទួលបានផលចំណេញសេដ្ឋកិច្ច និងមាននិរន្តរភាព។
ជាមួយគ្នានេះ លោក ឌិត ទីណា ក៏បានថ្លែងក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ថា មកដល់ពេលនេះ ក្រសួងបានបង្កើតសហគមន៍កសិកម្មទំនើបចំនួន៩ នៅក្នុងខេត្តចំនួន៦ ដោយផ្តោតលើដំណាំយុទ្ធសាស្ត្រចំនួន៤ គឺមានដំណាំស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ក្នុងនោះសហគមន៍៥ បានទទួលប្រាក់កម្ចី ៨៥ម៉ឺនដុល្លាររួចមកហើយ ក្នុងអត្រាការប្រាក់៧ភាគរយក្នុង១ឆ្នាំ។
យ៉ាងណាក្តី លោករដ្ឋមន្ត្រី បានទទួលស្គាល់ថា នៅក្នុងឆ្នាំ២០២៤ វិស័យកសិកម្ម ក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួន ដែលទាមទារឱ្យមានការចូលរួមបន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធ និងការដោះស្រាយឱ្យបានទូលំទូលាយ ទាន់ពេលវេលានិងមានប្រសិទ្ធភាព។
ក្នុងនោះទី១ ថ្លៃដើមនៅមានកម្រិតខ្ពស់ ទី២ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តគាំទ្រឌីជីថលនៅមានកម្រិត ទី៣ការធ្វើពាណិជ្ជចរណ៍ផលិតផលកសិកម្មនៅមានកម្រិត ទី៤កង្វះកម្ចីការប្រាក់ទាប និងទុនវិនិយោគក្នុងវិស័យកសិកម្ម ក្នុងការប្រមូលកែច្នៃផលិតផលក្នុងស្រុក និងទី៥បញ្ហាបម្រែបម្រួលអាកាសធាតុ និងជំងឺរាត្បាតជាដើម។
ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា «តម្លៃកសិផលឡើងចុះមិនមែនកើតមានតែនៅកម្ពុជាទេ សូម្បីនៅប្រទេសផ្សេងក៏កើតមានដូចគ្នាដែរ ខណៈរដ្ឋាភិបាលមិនមានលទ្ធភាពដោះស្រាយគ្រប់បញ្ហា ដែលកើតឡើងទាំងអស់បានឡើយ»។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៅឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ាណែត បានថ្លែងថា៖ «បងប្អូនប្រជាពលរដ្ឋរួមទាំងកសិកររបស់យើង សូមទុកចិត្តរដ្ឋាភិបាល រដ្ឋាភិបាលមិននៅឱបដៃទុកឲ្យបងប្អូនវេទនានោះទេ យើងខិតខំដោះស្រាយជាបន្តបន្ទាប់»។
លោកអះអាងថា រាជរដ្ឋាភិបាល មិនត្រឹមតែគិតគូរពីតម្លៃទីផ្សារនៃការធ្វើកសិកម្មតែមួយមុខនោះទេ ប៉ុន្តែថែមទាំងបាននិងកំពុងជំរុញការវិនិយោគឲ្យកាន់តែច្រើន ដើម្បីបង្កើនការងារ និងបង្កើនប្រាក់ចំណូលឲ្យកាន់តែច្រើនបន្តទៀតផងដែរ សម្រាប់ប្រជាពលរដ្ឋ។
លោកថា រដ្ឋាភិបាលបានតម្លើងឥណទានដល់ ១៥០លានដុល្លារអាមេរិក ដើម្បីប្រមូលទិញស្រូវពីកសិករ ដើម្បីឆ្លើយតបទៅនឹងវិបត្តិស្រូវធ្លាក់ថ្លៃនៅក្នុងប្រទេស និងថា ការទម្លាក់លុយ១៥០លានដុល្លាររបស់រដ្ឋ ក៏ដើម្បីធានាថា ម្ចាស់រោងម៉ាស៊ីនកិនស្រូវមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការទៅខ្ចីលុយពីធនាគារឯកជន ដើម្បីប្រមូលទិញស្រូវពីកសិករ។
យ៉ាងណាក្តី លោក សម រង្ស៊ី ដែលជាអ្នកជំនាញខាងសេដ្ឋកិច្ច និងជាប្រធានចលនាតស៊ូខ្មែរ បានលើកឡើងពីវិធានការជាក់ស្តែងមានប្រសិទ្ធភាព ដែលប្រទេសជិតខាង ដូចជាថៃ វៀតណាម និងប្រទេសឥណ្ឌូនេស៊ី គេអនុវត្តដើម្បីធានាតម្លៃកសិផលនៅស្រុកគេឲ្យបាននៅខ្ពស់សមរម្យ ក្នុងគោលបំណងទ្រទ្រង់ជីវភាពរស់នៅ សម្រាប់ប្រជាកសិករក្នុងប្រទេសគេ។
បើតាមលោក សម រង្ស៊ី ក្នុងចំណោមវិធានការអន្តរាគមន៍ ដើម្បីសង្គ្រោះទីផ្សារកសិករ មានច្រើនជម្រើស ដូចជា ការផ្តល់ប្រាក់ឧបត្ថម្ភផ្ទាល់ ពីរដ្ឋអំណាច និងការប្រគល់ដល់ដៃគ្រួសារប្រជាកសិករនីមួយៗ ដោយមិនឆ្លងកាត់តាមឈ្មួញ ឬភ្នាក់ងារកណ្តាលណាមួយឡើយ។
មួយវិញទៀត លោកថា ត្រូវសាងសង់ឃ្លាំង ដើម្បីប្រមូលផ្តុំកសិផល ព្រមទាំងផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដើម្បីសម្រួលក្នុងការដឹកជញ្ជូនកសិផល និងស្តុកទុកកសិផលទាំងនោះ ក្នុងការរងចាំលក់ទៅក្រៅ។ ការសាងសង់ប្រព័ន្ធធារាសាស្ត្រខ្នាតធំ-តូចទូទាំងប្រទេស ដើម្បីជួយប្រជាកសិករ ឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ គ្រប់រដូវ ដូចនៅប្រទេសថៃ និងប្រទេសវៀតណាម។
លើសពីនេះ ការជួយទ្រទ្រង់ប្រជាកសិករ ឱ្យមានលទ្ធភាពទិញជីកសិកម្ម ថ្នាំសម្លាប់សត្វល្អិត និងប្រេងសាំង ក្នុងតម្លៃទាបបំផុត។
ការជួយរៀបចំកិច្ចសន្យាពាណិជ្ជកម្មផ្ទាល់ រវាងសហករកសិករ ជាមួយក្រុមហ៊ុនពាណិជ្ជកម្មឯកជន ក្នុងគោលបំណងបង្កើនទីផ្សារសម្រាប់កសិផល ដូចនៅប្រទេសវៀតណាម និងទី៧ ការរៀបចំសហករកសិករ គ្រប់គ្រងតាមរបៀបប្រជាធិបតេយ្យ ដើម្បីធានាឲ្យកសិករគ្រប់រូប ចូលរួមក្នុងការធ្វើរាល់សេចក្តីសម្រេច ពាក់ព័ន្ធដល់ជីវភាពរស់នៅរបស់ប្រជាកសិករ។
លោក សម រង្ស៊ី ថ្លែងក្នុងសម្តីដើមថា៖ «របបត្រកូល ហ៊ុន មិនចង់ឱ្យមានការរៀបចំនយោបាយកសិកម្ម តាមរបៀបប្រជាធិបតេយ្យ ប្រកបដោយតម្លាភាពនោះទេ ពីព្រោះពួកគេចង់បន្តធ្វើរាល់សេចក្តីសម្រេច ដើម្បីគ្រាន់តែបម្រើផលប្រយោជន៍ឯកជនរបស់ក្រុមគ្រួសារគេ និងបក្ខពួកគេ ជាពិសេស តាមរយៈសហព័ន្ធស្រូវអង្ករកម្ពុជា ដឹកនាំដោយកូនប្រុស សុខ អាន ឈ្មោះ សុខ ពុទ្ធិវុធ ដែលជាកូនប្រសារ ហ៊ុន សែន»។
លោក សម រង្ស៊ី លើកឡើងទៀតថា ប្រជាកសិករខ្មែររាប់លានគ្រួសារ ដែលរងទុក្ខវេទនាដល់សព្វថ្ងៃ គឺដោយសារតែរបបដឹកនាំដោយគ្រួសារហ៊ុន បានបំផ្លាញទ្រព្យសម្បត្តិជាតិ ជាង៤០ ឆ្នាំកន្លងមកហើយ ក្នុងនោះមានការកាប់បំផ្លាញព្រៃឈើ ការរឹបអូសដីធ្លីប្រជាពលរដ្ឋ និងការធ្វើឲ្យបាត់បង់តំបន់នេសាទ និងដាច់ពូជត្រីស្ទើរតែអស់ខ្ទិចខ្ទី។
លោកបន្តថា ពលរដ្ឋខ្មែររាប់លាននាក់ ដែលមិនអាចរស់នៅលើទឹកដីកំណើតរបស់ខ្លួន ត្រូវបង្ខំចិត្តធ្វើចំណាកស្រុក ទៅស៊ីឈ្នួលគេនៅប្រទេសថៃ គ្រាន់តែដើម្បីកុំឲ្យដាច់ពោះ ហើយផ្ញើថវិកាមកជូនម៉ែឪនៅស្រុកខ្មែរ សម្រាប់បង់កាប្រាក់ឲ្យធនាគារ ដែលគំរាមរឹបអូសដីធ្លី ផ្ទះសម្បែង ពួកគេដែលបានដាក់បញ្ចាំឲ្យធនាគារ។
ទាក់ទងនឹងការខ្វះទឹកធ្វើស្រែប្រាំង លោក អឿង ចន្ថា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់វិទ្យុបារាំងអន្តរជាតិកាលពីពេលថ្មីៗនេះថា ដោយសារតែទឹកមានកំណត់កសិករមិនមែនចេះតែអាចធ្វើស្រែប្រាំងបានតាមចិត្តនោះទេ។
ទាក់ទងនឹងការខ្វះទឹកធ្វើស្រែប្រាំងក្នុងខេត្តពោធិ៍សាត់ លោក អឿង ចន្ថា ថ្លែងថា អាងស្តុកទឹកក្នុងខេត្តពោធិ៍សាត់ បច្ចុប្បន្ន នៅខាងលើមានតែ២អាចស្តុកទឹកបានតែ ៥០លានម៉ែត្រគីប ហើយអាចស្រោចស្រពស្រូវប្រាំងបានត្រឹមតែ ២ម៉ឺនឬ២ម៉ឺន៥ពាន់ហិកតាអីទេ។
លោកបន្តថា៖ «ប៉ុន្តែកសិករបានធ្វើស្រែប្រាំងរហូតទៅដល់ ៥ម៉ឺនហិកតា សួរថាយើងយកទឹកពីណាមក ហើយរដ្ឋាភិបាលបានខំប្រឹងប្រែងធ្វើអាងស្តុកទឹកបាន ៥លានម៉ែត្រគីបហ្នឹង ចឹងយើងនឹងបន្តអភិវឌ្ឍថែមទៀត»។
មិនមែនមានតែខេត្តពោធិ៍សាត់ទេ ដែលខ្វះខាតទឹក នៅមានខេត្តចំនួន៧ផ្សេងទៀត ក៏កំពុងប្រឈមនឹងការខ្វះខាតទឹកសម្រាប់កសិករធ្វើស្រែប្រាំងផងដែរ។ យោងទិន្នន័យពីក្រសួងកសិកម្ម គិតត្រឹមខែមករា ឆ្នាំ២០២៤ កម្ពុជាមានផ្ទៃដីធ្វើស្រែប្រាំង ជាង ៧១ម៉ឺនហិកតា។
លោក ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងជាអ្នកជំនាញកសិកម្ម បានលើកឡើងថា ដំណោះស្រាយរយៈពេលវែង គឺត្រូវពិនិត្យរកតំបន់ថ្មីៗបន្ថែមទៀត ដើម្បីបង្កើតអាងទឹក និងតំបន់ស្ទាក់ទឹកភ្លៀងសម្រាប់ស្តុកទុកប្រើប្រាស់។
ក្រៅពីនោះ លោកថា ក៏ត្រូវបង្កើតប្រព័ន្ធប្រឡាយទឹកបន្ថែមទៀត ដើម្បីអូសទឹកពីទន្លេ ដែលមានស្រាប់សម្រាប់យកទៅប្រើប្រាស់ផងដែរ។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា មានសណ្ឋានដីដូចជាបាតខ្ទះ ដែលសម្បូរទៅដោយប្រភពទឹកធម្មជាតិ ដូចជា ទន្លេ ស្ទឹងបឹងបួរខ្វាត់ខ្វែង និងក៏មានអាងស្តុកទឹកជាច្រើន ដែលបន្សល់ទុកតាំងពីសម័យមុនៗផងដែរ។ ប៉ុន្តែបច្ចុប្បន្នទីកន្លែងស្តុកទឹកទាំងនោះមួយចំនួន បានគោករាក់ដោយការចាក់ដីលុបវាទយកធ្វើកម្មសិទ្ធិពីអ្នកមានអំណាច និងកត្តាធម្មជាតិ និងមួយចំនួនមិនសូវឃើញមានការស្តារឡើងវិញច្រើនឡើយ ដែលដោយសារតែហេតុដូច្នេះហើយ បានជាខែវស្សាពេលមានភ្លៀងរៀងខ្លាំងបន្តិច ក៏កើតមានគ្រោះទឹកជំនន់ ដោយសារតែទឹកគ្មានកន្លែងដែលត្រូវហូរទៅ ទើបជាចាល់នៅលើវាលស្រែ នៅលើផ្លូវ ហើយបន្ទាប់ពីផុតរដូវភ្លៀង ក៏ធ្វើឱ្យខ្វះទឹកដោយសារតែពុំមានកន្លែងស្តុកទុក។
ការនៅតែពុំមានទឹកគ្រប់គ្រាន់ ដើម្បីធ្វើកសិកម្មឱ្យបានគ្រប់រដូវ ដូចកសិករនៅប្រទេសជិតខាង និងកង្វះទីផ្សារលក់កសិផលក្នុងតម្លៃសមរម្យ ត្រូវបានអ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម និងអ្នកឃ្លាំមើលសង្គម លើកឡើងថា គឺជាឫសគល់សំខាន់ ដែលធ្វើឱ្យប្រជាកសិករខ្មែរជាច្រើន នៅតែក្រីក្រ និងជំពាក់បំណុលគេវ័ណ្ឌកងើបមុខមិនរួច រហូតធ្វើឱ្យប្រជាពលរដ្ឋខ្មែរប្រមាណជាជាង ២លាននាក់ បានបង្ខំចិត្តធ្វើចំណាកស្រុកទាំងស្របច្បាប់ និងមិនស្របច្បាប់ទៅស៊ីឈ្នួលគេនៅក្រៅប្រទេស ដែលនេះបង្ហាញឱ្យឃើញពីអសមត្ថភាពរបស់មេដឹកនាំរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ៕