ក្រុមគ្រួសារ លោក លិម គិមយ៉ា បង្ហាញការ​ប្តេជ្ញា​ចិត្ត​ទាម​​ទារ​យុត្តិធម៌

ក្រុមគ្រួសារលោក លិម គិម​យ៉ា ដែល​ជា​ជន​ជាតិ​បារាំង ក្នុង​ពិធី​បញ្ចុះ​សព បាន​បង្ហាញ​ការ​ឈឺចាប់ និង​បញ្ជា​ក់​ជំហរទាមទារយុត្តិធម៌ ខណៈ​មេដឹកនាំខ្មែរនៅបន្តលាក់ជនសង្ស័យ​២រូប ក្នុងសំណុំរឿងឃាតកម្ម ​លើ​ទឹក​ដី​ថៃ កាល​ពី​ជិត​១​ខែ​កន្លង​ទៅ។

លោក លិម គិមយ៉ា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និង​មាន​សញ្ជាតិ​បារាំង​ផង​នោះ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ នៅ​​ទីក្រុ​ង​បា​ង​ក​ក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ​២០២៥។

ក្រោយ​ចាប់​បាន​ខ្មាន់​កាំភ្លើង​ជា​ជនជាតិ​ថៃ លើ​ទឹកដី​កម្ពុជា សមត្ថកិច្ចថៃ​អះ​អាង​ថា ឃាតកម្ម​លើ​លោក លិម គិមយ៉ា មានការរៀបចំ​ជា​ប្រព័ន្ធ​បញ្ជា​ចេញពីកម្ពុជា។

បន្ទាប់មក ប៉ូលីសអន្តរជាតិអាំងទែប៉ូល បាន​ចេញ​ប្រកាស​ឱ្យតាមចាប់ខ្លួនឈ្មោះ ពេជ្រ គិមស៊្រិន រីឯ តុលាការ​ព្រហ្មទណ្ឌថៃ បាន​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន លី រតនរស្មី ទីប្រឹក្សាមេដឹកនាំកម្ពុជា លោក ហ៊ុន សែន យក​មក​កាត់ទោស ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មនេះ ។

ប៉ុន្តែជិត១ខែទៅនេះ មេដឹកនាំកម្ពុជា មិន​បានចាប់បញ្ជូនជនសង្ស័យទាំ​ងពីរនាក់នេះ​ ឱ្យទៅតុលា​ការថៃ​ដើម្បី​​កាត់ទោ​សនៅឡើយទេ។

ក្នុងពិធី​បញ្ចុះសព នៅទីក្រុង​ប៉ារីស​ ប្រទេសបារាំង តំណាង​រាស្រ្ត​គណបក្សសង្រ្គោះ​ជាតិ ​លោក ម៉ែន សុថាវ​រិន្ទ ដែល​បានចូលរួមក្នុងពិធី​បញ្ចុះសពនោះ បាន​ប្រាប់​VOD​នៅថ្ងៃទី​៤ ខែ​កុម្ភៈ​នេះ​ថា ភរិយា​លោក លិម គិមយ៉ា គឺ​អ្នក​ស្រី លិម អានី បាន​ឱ្យ​ដឹង​ថា គ្រួសារ​គាត់​បង្ហាញ​ការ​ឈឺ​ចាប់ និង​បន្ត​ទាម​ទារ​យុត្តិធម៌​ជូន​ស្វាមី បើទោះបីគាត់ត្រូវចែកឋានហើយក៏ដោយ។

លោក​ថា គ្រួសារ​លោក លិម គិមយ៉ា ទាំង​កូន​និង​ភរិយា​បាន​ថ្លែង​សារ​ក្នុង​ពិធី​បញ្ចុះ​សព​ថា ពួក​គេ​នឹង​បន្ត​ជំរុញ​ឱ្យ​អាជ្ញាធរ​បារាំង​ សហការជាមួយតុលាការ​ថៃ​ ត្រូវ​ស្វែង​រក​ឃាតករពិត​នៅ​ពីខាងក្រោយរឿងនេះ។

លោកថា៖ «ទាំងម្ដាយទាំងកូនថា ករណីនេះ​មិនមែនជារឿងតូចតាច បើ​មិន​មែន​ជា​រឿង​របស់​រដ្ឋ ឬ​ជាប់​ពាក់​ព័ន្ធ​នឹង​ថ្នាក់​ដឹក​នាំ​ទេ គេ​នឹង​បញ្ជូន​ជន​សង្ស័យ​ទៅឱ្យអាជ្ញាធរកាត់ទោសហើយ ជាពិសេស​គាត់​និយាយ​ឈ្មោះ​លោក ហ៊ុន ម៉ាណែត ទាំង​ម្តាយ​ទាំង​កូន​ថា បើ​ស្អាត​ស្អំ​ត្រឹម​​ត្រូវ ត្រូវ​ហ៊ាន​ចាប់​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ឱ្យ​តុលាការ​ថៃ​កាត់​ទោស»។

សម្រាប់លោក ម៉ែន សុថាវរិន្ទ យល់ថា ករណីឃាតកម្ម​នេះ ជា​រឿង​នយោបាយ ដែល​មាន​ការ​រៀបចំ​ឡើង​​ដោយ​អ្នក​មាន​អំណាច​នៅ​កម្ពុជា គឺជាប់ពាក់នឹងគ្រួសារហ៊ុន។

លោកបន្តថា ការ​មិន​អើពើ​នៅ​ស្ងៀម​មិន​ព្រម​ចាប់​បញ្ជូន​ជន​សង្ស័យ​​ទាំង​ពីរនាក់​​នោះ បង្ហាញ​កាន់​តែ​ច្បាស់​ថា មេដឹក​នាំគ្រួសាហ៊ុន ជា​អ្នកនៅពីខាងក្រោយ​ឃាតកម្ម​បាញ់​សម្លាប់​លោក លិម គិមយ៉ា នេះ ។

លោកថា៖ «លោក លិម តូម៉ា និង​អ្នក​ស្រី អានី ហ្នឹង គាត់ចោទរដ្ឋាភិបាល ហ៊ុន ម៉ាណែត ដែល​លោក ហ៊ុន ម៉ាណែត ជាថ្នាក់​ដឹកនាំ​ប្រទេស គេ​សុំ​ឱ្យ​គាត់​បង្ហាញ​មុខ​ជន​សង្ស័យ ដើម្បី​កុំ​ឱ្យ​មន្ទិល​សង្ស័យ ថា​មាន​ជាប់​ពាក់​ព័ន្ធ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ត្រូវប្រ​គល់​ជន​សង្ស័យ​ឱ្យ​គេ​សាក​សួរ​ចម្លើយ ដើម្បី​បាន​ដឹង​ការ​ពិត​នៃឃាតកម្មបាញ់សម្លាប់​លោក លិម គិមយ៉ា នេះ បើ​មិន​ចឹង​ទេ រដ្ឋាភិបាល​ប្រឈម​មុខ​នឹង​ការ​ចោទ​ថា​មាន​ជាប់​ពាក់​ព័ន្ធ​ករណី​ឃាតកម្ម​នេះ​តែ​ម្តង»។

បន្ថែមពីនេះ ពលរដ្ឋខ្មែរដែលបានចូលរួមពិធីបញ្ចុះសព​លោក លិម គិមយ៉ា នៅ​ប្រទេស​បារាំង បាន​អំពាវ​នាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទូទាំង​ពិភព​លោក ត្រូវហ៊ានបន្លឺ​សំឡេង ដើម្បីយុត្តិធម៌សង្គម។

ប្រភពបន្ត​ថា យុត្តិធម៌​ត្រូវតែមានសម្រាប់លោក លិម គិមយ៉ា បើ​ពលរដ្ឋ​ខ្មែរ​រួម​គ្នា​បន្លឺ​សំឡេង​ស្រែក​ទាម​ទារ​ឱ្យ​មេដឹកនាំ​កម្ពុជា ត្រូវ​ចាប់​បញ្ជូន​ខ្លួន​ជន​សង្ស័យទាំងពីរនាក់ ទៅ​ឱ្យ​តុលាការ​ថៃ​កាត់​ទោស។

លោកថា៖ «លោក លិម គិមយ៉ា លោក​បាន​ទទួល​អនិច្ចកម្ម​ដោយ​គេ​ធ្វើ​ឃាត​យ៉ាង​សាហាវ​បំផុត នៅ​ទី​ក្រុង​បាង​កក នៅមុខ​ភរិយា​របស់​លោក អំពើ​ឃាតកម្ម​នេះ កើត​ឡើង​ដោយ​សកម្ម​ភាព​របស់​លោក​ដោយ​ចិត្ត​គំនិត​របស់​លោក​ ដែលស្រឡាញ់​ជាតិ​មាតុភូមិ​របស់​យើង»។

ជុំវិញបញ្ហានេះ VOD នៅមិនទាន់អាចសុំការបំភ្លឺពីអ្នកនាំពាក្យអគ្គស្នងការ​នគរបាលជាតិ លោក ឆាយ គឹមខឿន និង​អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បាននៅឡើយទេ គិតត្រឹមថ្ងៃអង្គារនេះ។

យ៉ាងណា គេសង្កេតឃើញថា ករណីឃាតកម្មលើតំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា នេះ ទាំង​មន្រ្តីរដ្ឋាភិបាល និងរដ្ឋាភិបាលផ្ទាល់ហាក់ព្យាយាមបដិសេធថា ខ្លួនមិនជាប់ពាក់ព័ន្ធនោះទេ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «តើរដ្ឋាភិបាល​មានចាំបាច់ល្ងង់ទេ បើសិន​ជា​ខ្លួន​អ្នក​រៀប​ចំ​ផែន​ការ​ចាំបាច់​មាន​ការ​ឃាត់​ខ្លួន​ជន​ដៃដល់​ហើយ​បញ្ជូន​ទៅ​ឲ្យ​ថៃ​យើង​អាច​លាក់​ទុក​ ឬ​មួយ​ក៏មិន​បាច់​បញ្ជូន​ទៅទេ​យើង​ស៊ើប​ខ្លួន​ឯង តែ​ដើម្បី​បញ្ជាក់​នូវ​ភាព​ស្អាត​ស្អំ ដើម្បីបញ្ជាក់តម្លាភាព យើង​បញ្ជូន​ទៅ​ឲ្យថៃ ឲ្យគេស្រា​វ​ជ្រាវ​ទៅ ទៅ​បញ្ជាក់​ទៅ ហើយ​ឲ្យ​យើង​ដឹង​ផង ថា​តើ​លទ្ធផល​យ៉ាងម៉េច រដ្ឋាភិបាល​កម្ពុជា​ក៏​ចង់​ដឹង​ដែរ​រឿង​អី»។

ដោយឡែក អតីតខុទ្ទការល័យ​លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ​ គឺ​លោក មុត ចន្ថា បាន​និយាយ​លើ​ហ្វេស​ប៊ុក​របស់​លោក ក្នុង​ន័យ​ដើម​ថា នរណា​ការ​ពារ​ និង​លាក់​បំពួន​ឃាតករ​ ជន​នោះ​ឯង​ជា​អ្នក​នៅ​ពីក្រោយ​ផែន​ការ​ធ្វើ​ឃាត​លើ​លោក​ លិម​ គិមយ៉ា។

លោករំឭកថា ពលរដ្ឋ​​ខ្មែរមិនគួរបំភ្លេចរឿងឃាតកម្ម​លើ​អ្នក​ស្នេហា​ជាតិ​ មេដឹកនាំ​សហជីព លោក​​ ជា​ វិជ្ជា, ព្រះតេជ​គុណ​ សំ ប៊ុនធឿន,​ លោក​ ឈុត​ វុទ្ធី​,​ លោក​បណ្ឌិត​ កែម​ ឡី​,​ លោក លិម​ គិមយ៉ា​ ជាពិសេស ការធ្វើទុក្ខទារុណកម្មមកលើ​មេដឹកនាំបក្សប្រឆាំងស្នេហាជាតិ​ លោក​ កឹម​ សុខា។

កាលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នគរបាលអន្តរជាតិ អាំងទែប៉ូល (Interpol) បាន​​ចេញ​​និវេទន៍ ​ក្រហម (Red notice) ​​​​​​​ឱ្យស្វែងរក​ចាប់​ខ្លួ​ន ​អ្នក​ផ្តល់​​តម្រុ​យ​ឱ្យ​​បា​​ញ់សម្លាប់លោក លិម គិមយ៉ា។

ដោយឡែក តុលាការព្រហ្មទណ្ឌថៃ ក៏បានចេញ​ដីកា​ឱ្យ​តាម​​ចា​​ប់ខ្លួ​ន​ជន​សង្ស័យ​ លី រតន​រស្មី តាម​ចម្លើយ​សារ​ភាព​របស់​ខ្មាន់​កាំភ្លើង ដែល លី រតនរស្មី ត្រូវបានលោក ហ៊ុន សែន តែង​តាំង​ឱ្យ​ធ្វើ​​ជា​ទីប្រឹក្សា នៅ​ដើម​ឆ្នាំ​២០២៤។

កាលពីថ្ងៃ៧ ខែ​មករា ឆ្នាំ២០២៥ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា ត្រូវបាន​ឃាតករបាញ់ប្រហារ​​នៅក្បែរទីតាំងវត្ត​ Bowonniwet Vihara នៃទីក្រុងបាងកក ប្រទេសថៃ។ លោក លិម គិមយ៉ា ដែលមានវ័យ ៧៣​ឆ្នាំ បាន​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើត​ហេតុ ក្រោយ​រង​ការ​បាញ់​ប្រហារ​ចំនួន​៣​គ្រាប់។

ដោយឡែក ប្រធានអង្គការប្រជាធិបតេយ្យប្រចាំ​នៅ​ប្រទេសអូស្រ្តាលី លោក ស៊ឹង សែន​កុរណា មាន​ប្រសាសន៍​ថា បើរដ្ឋាភិបាល​អួត​ថា​ខ្លួន​មិន​ជាប់ពាក់​ព័ន្ធ​មែន ត្រូវ​ហ៊ាន​ចាប់​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់​នោះ​ឱ្យ​តុលាការ​ថៃ​កាត់​ទោស។

លោក​ចោទ​ជាសំណួរ​ថា ហេតុអ្វីរដ្ឋាភិបាលត្រូវលាក់បាំងជនសង្ស័យ លី រតនរស្មី និង ពេជ្រ គិមស្រ៊ិន ធ្វើអ្វី បើ​អួត​ថាខ្លួនពិតជាមិនជាប់ពាក់ព័ន្ធនឹង​ករណី​ឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា នោះ។

លោកថា៖ «យើងដឹងហើយកន្លង​មក ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​គំរាម​កំហែង​ចាប់​ចង​អី​ទាំង​អស់​ហ្នឹង ការ​ដឹក​នាំ​របស់​គាត់ គឺ​គាត់​អត់​ខ្វល់​ពី​អ្វី​ដែល​ហៅថា​ការ​គោរព​សិទ្ធិ​មនុស្ស​ ឬ​ក៏​ប្រជា​ធិប​តេយ្យ​អ្វី​នោះ​ទេ គឺ​សំខាន់​បំផុត​ គឺ​គាត់​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​តែ​ការ​ពារ​នូវ​អំណាច និង​ការ​ដឹក​នាំ​ប្រទេស​វា​ស្ថិត​នៅ​ក្រោម​គណបក្ស​របស់​ខ្លួន ឬ​ក៏​គ្រួសារ​ខ្លួន ឬក៏មេដឹក​នាំ​ប៉ុន្មាន​នាក់​ហ្នឹង​តែ​ប៉ុណ្ណឹង​ឯង»។

យ៉ាងណា លោក ករុណា ទទូច​ឱ្យ​មេដឹកនាំ​កម្ពុជា កុំ​បន្ត​ស្ងប់​ស្ងៀម​ឬ​លាក់​ទុក​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នោះ គឺ​ត្រូវ​បង្ហាញ​តមា្លភាព និង​ភាព​ស្អាត​ស្អំ​របស់​ខ្លួន ត្រូវ​ចាប់​បញ្ជូន​ពួក​គេ​ទៅ​ឱ្យ​តុលាការ​ថៃ​កាត់​ទោស ដើម្បី​បញ្ចប់​និទណ្ឌ​ភាព​នៅកម្ពុជា។

វប្បធម៌​និទណ្ឌ​ភាព​ ត្រូវ​គេ​មើល​ឃើញថា​ បាន​​​រុញ​កម្ពុជាឱ្យក្លាយជាជម្រកឧក្រិដ្ឋជន ហើយ​ទីបំផុត​រុញ​ប្រ​ទេ​​​សកម្ពុជារអិលទៅរករបបដឹកនាំបែបផ្តាច់ការ ពលរដ្ឋក្លាយជាចំណាប់ខ្មាំងនយោបាយ រស់​ក្នុង​ភាព​ភ័យ​ខ្លាច ដោយ​រង​គ្រោះ​គ្មាន​ទី​បញ្ចប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ