មន្ត្រីស្នើ ACU ស៊ើបអង្កេតករណីស្មៀនឃុំ​ត្រពាំងស្តៅប្រព្រឹត្តរឿងមិនប្រក្រតីមួយចំនួន​

មន្ត្រី និង​ពលរដ្ឋ​​នៅ​មូលដ្ឋាន​​ ក្នុង​​ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង ស្នើអង្គភាព​​ប្រឆាំង​អំពើ​​​ពុក​រលួយ (ACU) និង​​ក្រសួង​មហា​​ផ្ទៃ ចុះស៊ើប​អង្កេត និង​ចាត់​វិធាន​ការ​ទៅ​លើ​ស្មៀន​ឃុំ ឈ្មោះ នង ម៉ូវ ដោយ​​ពួក​គាត់​អះ​​អាង​​​​ថា ស្មៀន​ឃុំ​រូប​នេះ បាន​យក​សាច់​ញាតិ​ទៅ​កាន់​តួនាទី​ហិរញ្ញវត្ថុ​​ក្នុង​ឃុំ បង្ក​​កា​ររាំងស្ទះដល់សកម្មភាពរបស់ក្រុមប្រឹក្សា វាទទីយកដីធ្លី​របស់​ពលរដ្ឋ និង​​មាន​​ភាពមិនប្រក្រតីមួយចំនួន​ទៀត​​ក្នុង​ពេលកាន់តំណែង​របស់ខ្លួន។

ទាក់ទិនបញ្ហានេះ ប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅមូលដ្ឋាន ឃុំត្រពាំងស្តៅ បាន​ធ្វើជា​សាក្សី គាំទ្រ លោក ព្រុំ ប៊ុនថន ថាម្ចាស់ដីស្របច្បាប់ តាំង​ពីមុនឆ្នាំ១៩៧៩ មកម្លេះ ហើយ​ពលរដ្ឋ ទាំង​នោះ ក៏​ផ្តិត​ស្នាម​មេដៃ​គាំទ្រ លោក ព្រុំ ប៊ុនថន ដាក់​លិខិត​ស្នើ​សុំ​អន្តរាគមន៍ ទៅក្រសួងមហាផ្ទៃ ឲ្យ​បើក​ការ​ស៊ើប​អង្កេត ទៅ​លើ​សកម្មភាព​អនុវត្ត​ការ​ងារ របស់​ស្មៀនឃុំ​ត្រពាំង​ស្តៅ អំឡុង​កាន់​តួនាទី ដែល​មាន​ភាព​មិន​ប្រក្រតី។

យោ​ងតាមសារជាសំណេររបស់​ក្រុម​ប្រឹក្សាឃុំ​ត្រពាំង​ស្តៅ ដែលសុំមិនបញ្ចេញ​ឈ្មោះ និង​​​បាន​ចែក​រំលែ​ក​​ម​​ក​​វីអូឌី នៅ​ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បាន​លើកឡើង​ថា សព្វ​ថ្ងៃ​នេះលោក​ពិបាក​ធ្វើ​កា​​រ​នៅ​សា​លាឃុំណា​ស់ ដោយសារតែ លោក នង ម៉ូវ ដែលមាន​តួនាទី​ជា​​​ស្មៀន​​ឃុំ​ បាន​បង្កើត​បក្ខ​ពួក​គ្រួសារ​និយម ហើ​​យ​យកសាច់ញាតិរបស់ខ្លួនដែលត្រូវជាប្អូនថ្លែមក​ធ្វើការ​​កាន់​តួនាទី​ហិរញ្ញ​វត្ថុនៅ​ក្នុង​សាលាឃុំ។

ប្រភពដដែល​បន្តថា ក្រុមប្រឹក្សាឃុំទាំងអស់ គេមិន​សូវដាក់ការងារឱ្យធ្វើនោះទេ ក្រៅតែ​ពីអង្គុយ​មើល​​មុខ​គ្នា​​​បង្ហុយ​ផ្សែង​បារី​ទៅ​លើ​មេឃ ឬអង្គុយរងចាំបើកប្រាក់ខែ។

ពួក​គេ​បន្តទៀតថា កាលពីពេលថ្មីៗនេះ ក៏មាន​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​រអ៊ូរទាំ និងត្អូញត្អែរ​​​ពី​កា​​រ​លំបាក​ក្នុ​ង​​ការ​ទៅ​​ទទួលសេវាសាធារណៈ ដោយ​សារ​​តែ​​ស្មៀន​ឃុំរូបនេះ យកលុយលើស​​ពី​ខ្ទង់​ចំណាយ​​សម្រា​ប់​​សេ​វាសាធារណៈ​​ដែលកំណត់​ដោយ​ក្រសួង​មហាផ្ទៃ។

ចំណែក​មន្ត្រីម្នាក់នៃកងកម្លាំងនគរបាល​នៅមូលដ្ឋាន ដែល​សុំមិនបញ្ចេញអត្តសញ្ញាណ​ផង​ដែរ​នោះ បាន​បញ្ជាក់​ដែរ​ថា កាល​ពី​អំឡុង​វិបត្តិ​កូវីដ​១៩ រាជរដ្ឋាភិបាល អាណត្តិនីតិកាលទី៦ បាន​ឧបត្ថម្ភថវិកា​ជំ​នួយ​​ដល់​​ជ​ន​ដែល​ជួប​ហានិភ័យ​ក្រីក្រ ដើម្បីទទួលបានការសង្រ្គោះ ពី​មូលនិធិ​នេះ ដោយ​ពេល​នោះ ​លោក នង ម៉ូវ បាន​ឆ្លៀតលួចដាក់បញ្ជូលឈ្មោះឪពុក​ក្មេក​​របស់​​ខ្លួន​ឈ្មោះ​ ដួង សាម៉ុន និង​ប្រពន្ធ​ឈ្មោះ ដួង ណាគ្រី ដើម្បី​បាន​ទទួល​​លុយ​នេះផង​ដែរ ដែលអ្នកទាំង២នាក់នេះ មិនមែនជាប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋា​​ន​ឃុំត្រពាំងស្តៅនោះទេ គឺពួកគេរស់​នៅភូមិ​សំរោង ឃុំ​អង្គ​ប្រស្រែ ស្រុក​រមាស​ហែក។

ជុំវិញករណីនេះ មន្ត្រីមូលដ្ឋានក្នុងឃុំត្រពាំងស្តៅនោះ បាន​ស្នើដល់​ក្រសួងមហាផ្ទៃ និង​អង្គ​ភាព​​ប្រឆាំង​​​អំ​ពើ​​ពុ​ករលួយ ​បើកការ​ស៊ើប​អង្កេត និ​ង​ចាត់​វិធានការ​​​ទៅលើ​​មន្ត្រី​ស្មៀន​​ឃុំ​​ដែល​រំលោភ​អំណា​​ចរូប​នោះ​​ទៅតា​​មច្បាប់។

ចំណែក​ ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA) លោក ព្រុំ ប៊ុនថន ក៏ធ្លាប់​បាន​​ស្នើ​ទៅរដ្ឋ​​មន្ត្រីក្រសួង​មហាផ្ទៃ បើកការ​ស៊ើបអង្កេត​លើសកម្ម​ភាពអនុវត្តការងារ​របស់​​​ស្មៀន​ឃុំ​ត្រពាំង​​ស្តៅ លោក នង ម៉ូវ ផង​ដែរ ពាក់ព័ន្ធនឹងករណីរំលោភអំណាច និងវាទទីយកដីធ្លី របស់​ប្រជាពលរដ្ឋ​​ក្នុង​​មូល​ដ្ឋាន។

លោក ព្រុំ ប៊ុនថន មានប្រសាសន៍ប្រាប់វីអូឌី​​នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា កាល​ពី​ដើម​​​ខែ​​មករា​ថ្មីៗ​នេះ អាជ្ញាធរ​​ភូមិឃុំ​​បាន​​ស៊ីញ៉េបោះត្រាអនុញ្ញាត និងទទួលស្គាល់ដីលំនៅឋាន​នៅ​ក្នុង​ភូមិ​ស្វាយ​ទន្ទឹម​ ឃុំត្រពាំងស្តៅ ថាពិ​ត​ជាដីកម្មសិទ្ធិ​របស់​លោក​ពិត​ប្រាកដមែ​ន ហើយ​បាន​ឱ្យ​លោក​រៀបចំ​នីតិ​វិធី ធ្វើប្លង់កម្មសិទ្ធិស្របច្បាប់ថែមទៀតផង។

 ប៉ុន្តែ​​មួយ​​សប្តាហ៍​ក្រោយ​មក លោកថា​​ ស្រាប់តែ​ស្មៀន​ឃុំត្រពាំង​ស្តៅ លោក នង ម៉ូវ បាន​ទៅ​ហាម​ឃាត់​មន្ត្រី​​សូ​រិយោ​ដី​​មិនឱ្យធ្វើប្លង់ ឬបញ្ជួនឯកសារ​ទៅថ្នាក់លើដោយសំអាងថា ដីនោះជាកម្មសិទ្ធិ​របស់​​ឃុំទៅវិញ។

បើតាម​ប្រធានសមាគមរូបនេះ មិនត្រឹមតែរូបលោកម្នាក់​ប៉ុណ្ណោះ​ទេ ដែល​​រង​គ្រោះ​​ដោយ​ការ​រំលោភ​​បំពា​ន​​ដីធ្លីនេះ គឺនៅ​មាន​ប្រជាពលរដ្ឋ​​ផ្សេង​​ទៀត​​ដែល​​រង​គ្រោះ ប៉ុន្តែ​ពួក​គាត់​មិន​ហ៊ាន​ចេញ​មុខ​តវ៉ា ប្រឆាំងនឹង​ស្មៀនឃុំរូបនេះទេ។

លោកថា៖ «ចឹងជាការសន្និដ្ឋានមួយគឺលោក នង ម៉ូវ គាត់រំលោភអំណាចមួយ ទី១ គាត់​​​​រំលោភ​​​អំណាច​​​​មេឃុំ គាត់អត់ទទួលស្គាល់ថាមេឃុំបញ្ជាក់ដីហ្នឹង គាត់ទៅ​រំលោភអំណាចលើ​តួនាទីមេឃុំ។ ក្រៅពីហ្នឹង​ទៀត ប្រជាពលរដ្ឋ​ខ្លះ​គាត់មិនចេញ(មិនចេញតវ៉ា)ជាអីទេ ប៉ុន្តែគាត់​ស្នើសុំ​តាម​រយៈ​ខ្ញុំ គាត់​ស្នើ​​សុំ​​​ថា​​មានករណីច្រើនដែរ ដែលកើតឡើងពីទង្វើរំលោភអំណាច ឬក៏​មូលនិធិ មូលនិធិ​ដែលស្ថាបនា​​​ធ្វើផ្លូវ​​អីហ្នឹង​ ហាក់បីមានការ​សង្ស័យថាចាយថវិកាហ្នឹង វាមិនត្រឹមត្រូវណាមួយ»

ស្របពេលគ្នានេះដែរ លោក ព្រុំ ប៊ុនថន បានអំពាវនាវជាថ្មីដល់ក្រសួងមហាផ្ទៃ បើកការ​​ស៊ើប​អង្កេតទៅ​លើ​ស​​​ក​​ម្មភាពការងាររបស់ស្មៀនឃុំត្រពាំងស្តៅ លោក នង ម៉ូវ ដើម្បីបង្ហាញពី​តម្លា​ភាព និង​​ដោះស្រា​យបញ្ហា​របស់ប្រជាពលរដ្ឋ។

លោកថា៖ «គួរតែបើការស៊ើបអង្កេត​ឱ្យបាន​ទូលំទូលាយ ដើម្បីជម្រះមន្ទិលសង្ស័យ ដើម្បី​ឱ្យ​​ប្រជា​ពលរដ្ឋ​ស្ងប់ចិត្ត ឱ្យ​មានសន្តិភាពផ្លូវចិត្ត​របស់គាត់»

ប្រជាពលរដ្ឋ​រស់នៅឃុំត្រពាំងស្តៅ ដែលសុំមិនបញ្ចេញឈ្មោះ និងសំឡេងពិត ឱ្យដឹងដែរ​​​​​ថា ប្រជា​ពលរ​ដ្ឋ​ភា​គច្រើន​នៅក្នុងឃុំនេះ ពិត​ជា​មិន​សប្បាយ​ចិត្ត​ទៅ​សកម្ម​ភាព​​ការ​ងារ​​របស់​​​ស្មៀន​​​ឃុំ លោក នង ម៉ូវ ដែ​​លរំ​លោ​ភអំណា​ច បក្ខពួកនិយម ប្រព្រឹត្តអំពើពុករលួយ កិប​កេង​លុយ​ប្រជា​ពលរដ្ឋ និង​លុយដែ​លថ្នា​ក់លើទម្លាក់មកសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្នល់ក្នុងឃុំ​។

លោកថា៖ «មាន​​បក្ខ​ពួក​​និយម ប្អូន​ថ្លៃរបស់​គាត់ហ្នឹង​ គឺដូចជាជំនួយ​ការផ្នែក​ហិរញ្ញវត្ថុ​​​ឃុំ​​ដែល​​គាត់​​យក​​មកដាក់ហ្នឹង​​ មានមួយប្អូនថ្លៃ​ អីចឹងទោះបីប្រឡងប្រជែង​ចូលក្នុងឃុំ​យ៉ាង​​ណា​​ក៏​មិន​បាន គាត់មានបងប្អូនរបស់គាត់​មានអីចឹង ហើយអ្នកជ្រើសរើស គឺ​​ខាង​គាត់​ជា​អ្នក​បញ្ជា​​ឱ្យ​សម្រេច​»  

ពលរដ្ឋ​រូបនោះ ផ្តល់ជាយោបល់​ថា៖ «គាត់(អាជ្ញាធរ​ឃុំ)​គួរតែធ្វើបទបង្ហាញមួយ​​ឱ្យ​ច្បាស់​លាស់ ដើម្បី​បក​ស្រាយ​​ជូន​​ប្រជា​ពលរដ្ឋ​​​ឱ្យ​គាត់បានយល់បានដឹង ប៉ុន្តែ​បើធ្វើបែបស្ងាត់ៗចឹង ទាំង​គេ​ទាំង​យើង​គឺ​មិន​អស់​ចិត្តដូចតែគ្នា​​ លុយដែល​​ក្រសួង​ទម្លាក់ឱ្យ​រាប់​លាន ចុះ​ហេតុ​អី​មិន​បាន​ឃើញ​មាន​បានស្អី ធ្វើអី តែចេះតែបាត់ ឆ្នាំ​បន្ទាប់ៗមក គឺលុយ​គេ​ទម្លាក់​ឱ្យ​មក​ទៀត អីចឹង សូម្បីតែខ្ញុំ ខ្ញុំនៅក្បែរហ្នឹង​មែន ប៉ុន្តែខ្ញុំមិនហ៊ាននិយាយមិនហ៊ានថាម៉េចទេ ព្រោះ​យើង​មិន​មែន​នៅ​ក្នុង​ក្រុម​ប្រឹក្សា​ឃុំរបស់គេ ប៉ុន្តែគ្រាន់តែ​ថា​នៅ​ក្នុងក្រុមប្រឹ​​ក្សាឃុំ​​មានអ្នក​មិន​ពេញ​ចិត្ត​ទៅ​លើ​ស្មៀន​ឃុំហ្នឹង​មាន ខ្ញុំជឿចឹង​ ប៉ុន្តែគ្រាន់តែគាត់មិនហ៊ានបញ្ចេញមតិនៅក្នុងហ្នឹង គេ​គៀប​សង្កត់​គាត់​ដែរ»

វីអូឌី មិនអាចសុំការ​បកស្រាយជុំវិញការ​ចោទប្រកាន់នេះ ពីស្មៀនឃុំត្រពាំងស្តៅ លោក នង ម៉ូវ និងអ្នកនាំពាក្យរងក្រសួង​មហាផ្ទៃ លោក ទូច សុខៈ ព្រមទាំងអ្នកនាំពាក្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ លោក សយ ច័ន្ទវិចិត្ត បានទេ នៅរសៀលថ្ងៃអង្គារនេះ។

អភិបាល​ស្រុករមាស់​ហែក លោក ស៊ូ ម៉ុល មានប្រសាសន៍យ៉ាងខ្លីថា នៅថ្ងៃសុក្រ​សប្តាហ៍​នេះ អាជ្ញាធរ​នឹង​ប្រជុំជាមួយ​ភាគីពាក់​ព័ន្ធ​​រឿងវិវាទ​​​ដីធ្លីរវាងលោក ព្រុំ ប៊ុនថន និង​​អាជ្ញាធរ​​ឃុំ​ហើយ។ តែយ៉ាងណា លោកថា ករណីនេះមិនទាក់ទងរឿងស្មៀនឃុំ លោក នង ម៉ូវ នោះទេ។

លោកថា៖ «ថ្ងៃសុក្រអាទិត្យ​ហ្នឹង គេហៅមកដោះស្រាយ​ហើយ ចឹងគាត់មកដោះស្រាយ អាហ្នឹង​​វាពាក់ព័ន្ធ​រឿង​ឃុំជាមួយ មិនមែនរឿងបុគ្គលស្មៀនទេ ដីសាលាឃុំហើយ​ខាង​គាត់​នៅ​ជាន់​លើ​ដីហ្នឹងទេ»

ប្រធាន​មជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បីអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គិមអេង មាន​ប្រសាសន៍​ថា បើសិនក្នុង​​​​ឃុំ​ពិតជា​មានករណីកា​រដាក់សាច់ញាតិឱ្យ​ធ្វើការ​​ ឬបង្កើតបក្ខពួក​និយម​​នៅកន្លែងការ​ងារ ហើយមានការប្រព្រឹត្តអំពើពុករលួយ និងការរំលោភអំណាចក្នុង​ស្ថាប័ន​រដ្ឋ​​ដូចការ​ចោទ​​មែន​នោះ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួង​មហាផ្ទៃ គួរតែមាន​​​ការ​ចុះ​ស៊ើប​អង្កេត និង​ចាត់វិធានការ​តាមនីតិវិធី ដើម្បីកុំឱ្យ​រឿង​នេះ​មក​​បន្តុច​បង្អាក់​​សកម្ម​ភាព​ការ​ងារ និងការ​រីកចម្រើនរបស់ស្ថាប័ន​ថ្នាក់ក្រោមជាតិ។

លោកថា៖ «[ក្រសួង​ឬស្ថាប័ន​ពាក់ព័ន្ធ​]ត្រូវ​តែឱ្យមន្ត្រីនោះ គោរព​ទៅ​តាមគោលការណ៍​​ណែ​នាំ​របស់​ក្រសួង ក៏ដូច​ជា​ធ្វើការ​​ទៅ​តាម​តួនាទី​ភារកិច្ច​ដែល​មាន​កំណត់​ក្នុង​ច្បាប់​ កុំ​ឱ្យ​គាត់​ធ្វើ​អី​តាម​តែ​ការ​​នឹក​ឃើញ​របស់​គាត់ នេះជារឿងសំខាន់ ហើយលើសពីនេះទៅទៀត ខ្ញុំថា ក្រុមប្រឹក្សា​​ឃុំ​សង្កាត់ ក៏លោក​មាន​សមត្ថកិច្ច​​ដែរ ក្នុងការ​ស្នើ​ឱ្យ​មានការ​ផ្លាស់ប្តូរ​ស្មៀនឃុំ បើសិន​​​បើ​ជា​គាត់​​រក​ឃើញ​ថា​មាន​កំហុស​ដូចការ​លើកឡើង​មែន​ ហើយ​បើសិន​​ថា ក្រុមប្រឹក្សា​ហ្នឹង​មិនអើពើ​ មិន​យក​ចិត្ត​ទុក​ដាក់​ទេ គឺ​ប្រជា​ពលរដ្ឋ​​អាច​ផ្តល់​ព័ត៌​មាន​អី ស្នើ​មក​ខាង​​ក្រសួង​​ស្ថាប័ន​​មាន​​សមត្ថកិច្ច​ផ្សេង​ៗ​​​ ដើម្បីឱ្យមានការ​ពិនិត្យពិចារណា​​ចាត់​វិធាន​ការ​ទៅ​លើ​សំណើរ​ សំណូម​ពរ​របស់​គាត់​អីចឹង​​ទៅ​ ពីព្រោះថាវាអាចប៉ះពាល់ទៅដល់ដំណើរការ​នៃការ​​ផ្តល់សេវា ដំណើរ​ការ​នៃការ​អភិវឌ្ឍ​​នៅ​ថ្នាក់ក្រោមជាតិ នៅថ្នាក់ឃុំសង្កាត់ហ្នឹង»

ផ្អែក​​​តាមប្រកាស​​ឆ្នាំ២០០១ របស់ក្រសួងមហាផ្ទៃ ស្មៀនជាមន្រ្តីបម្រើការងារ​លើកិច្ចការរដ្ឋបាល​មួយចំនួន រួមមាន ទទួល និងពិនិត្យលិខិត ព្រមទាំងឯកសារគ្រប់ប្រភេទដែលផ្ញើមកឃុំ-សង្កាត់, ពិភាក្សាជាមួយមេឃុំ ចៅសង្កាត់អំពីលិខិត និងឯកសារទទួលបាន, ទទួល​កត់​ត្រា​សេចក្តី​សម្រេច​របស់​ឃុំ-សង្កាត់, ចាត់ចែងការងារតាមការប្រគល់ភារកិច្ចពីមេឃុំ ចៅសង្កាត់, និង​ជួយ​មេឃុំ ចៅ​សង្កាត់​ធ្វើរ​បាយការណ៍ជូនអង្គប្រជុំប្រចាំខែឬប្រជុំពិសេស។  

យោងតាមប្រការ១០ នៃប្រកាសនេះដែរ ស្មៀនឃុំ-សង្កាត់ត្រូវធ្វើជា​សេនាធិការឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ និងជាតំណាងក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងការធ្វើសេចក្តីសម្រេច និង​អនុវត្ត​សេច​ក្តី​សម្រេច​នានា ដោយ​អនុលោម​តាម​​ច្បាប់​​ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ- សង្កាត់, អនុក្រឹត្យ, ប្រកាស និង​លិខិតបទដ្ឋានគតិយុត្តិនានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ