សកម្មជនឆ្មក់​ចូលព្រៃ​ឡង់​រក​ឃើញ​បទ​ល្មើស​ទ្រង់​ទ្រាយ​ធំ​ជាង​៥០​ករណី

សកម្មជន​ការពារ​ព្រៃឡង់​​ខេត្តព្រះវិហារ​ ថ្មីៗ​នេះ បាន​​រ​ក​​ឃើញ​បទ​ល្មើស​ព្រៃឈើ​ទ្រង់​ទ្រាយ​​ធំ​​ជិត ៦០​ករណី ក្នុង​តំបន់​ព្រៃ​ការ​ពារ​ព្រៃ​ឡង់ ​ស្ថិត​នៅ​តំបន់​ជាំ​ក្ដាម​ក្រហម​ ស្រុក​ជ័យ​សែន​ ខេត្ត​ព្រះវិហារ​។ ​

ការរកឃើញ​បទ​ល្មើស​ព្រៃឈើដ៏ច្រើននេះ​ ក្រោយពេល​សកម្មជន​ការ​ពារ​​​ព្រៃ​ឡង់ បាន​ឆ្មក់​ចុះ​ល្បាត​ដោយ​ផ្ទាល់ ដើម្បី​ប្រមាញ់​បទ​ល្មើស ក្រោម​ដែន​សមត្ថកិច្ច​របស់​មន្ត្រី​ពាក់​ព័ន្ធ ដែល​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ជុំវិញ​តំបន់​ការ​ពារ​នេះ។

ការឆ្មក់ចូលព្រៃការពារ ដើម្បី​ផ្តិតយកភស្តុតាងនៃ​បទល្មើស​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី​៤ ​ ​ខែ​មករា ឆ្នាំ​២០២៥​នេះ រយៈពេល១ថ្ងៃ​១យប់ នៅតំបន់​ព្រៃឡង់ ស្ថិតនៅ​ភូមិ​ស្រែ​វាល​ ​ឃុំ​ធ្មា​ ស្រុក​ជ័យ​សែន​ ខេត្តព្រះវិហារ​ ។​

សកម្មជន​សិទ្ធិ​មនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា បានថ្លែង​ប្រាប់ VOD នៅថ្ងៃទី៥ ខែ​កុម្ភៈ​នេះ​ថា បទ​ល្មើស​ព្រៃឈើ ដែល​រក​ឃើញ​មាន​ចំនួន​ ៥៤ករណី ភាគ​ច្រើន​ជាដើម​ពពេល​ និង​ត្រាច​ មាន​មុខ​កាត់​ពី​ ៤០សង់ទីម៉ែត្រ​ ដល់៩០សង់ទីម៉ែត្រ ដែល​ករណី​នេះ​អាច​នឹង​បន្ត​កើត​មាន​​ជា​ហូរ​ហែរ។

លោក​បន្ត​ថា អាជ្ញាធរ ឬក្រសួង​ពាក់ព័ន្ធ គួរតែ​បង្ហាញ​មនសិកា​តាម​តួនាទី​របស់​ខ្លួន ដោយ​មិន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​គប់​គិត​​​គ្នា​ជា​ប្រព័ន្ធ និង​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ក្បែរ​តំបន់​ការ​ពារ​ចូល​រួម​ចុះ​ល្បាត​ដោយ​សេរី ដោយ​គ្មាន​ការ​ហាម​​ឃាត់ ។

លោកថា៖ «អាជ្ញាធរ​គួរតែ​មាន​មនសិកា​ធ្វើការ​ងារ​របស់​ខ្លួន មិន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ព្រោះ​អំពើ​ពុក​រលួយ​នេះ​ឯង ដែល​ខ្ញុំ​មើល​ទៅ​វា​មូល​ហេតុ​ចម្បង​នៃ​បំផ្លិច​បំផ្លាញ​ធន​ធាន​ធម្មជាតិ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ប្រសិន​បើ​ប្រព័ន្ធ​ដឹកនាំ​មាន​បញ្ហា​ពុករលួយ​នៅ​ក្នុង​តំបន់​ការ​ពារ​ហ្នឹង ​វា​នៅ​តែ​ហិន​ហោច​ វា​អត់​នៅ​សេស​សល់​ទេ ហើយ​ត្រូវ​អនុញ្ញាត​ឱ្យ​ ឬ​លើក​ទឹក​ចិត្ត​សហគមន៍ ឬ​ពលរដ្ឋ​ដែល​នៅ​ក្បែរ​តំបន់​ការ​ពារ​ចូល​រួម​ចុះ​ល្បាត​ដោយ​សេរី ដោយ​គ្មាន​ការ​ហាម​ឃាត់ »។

ដោយឡែក សកម្មជនការពារ​ព្រៃឡង់ម្នាក់ទៀត​ សុំមិនបញ្ចេញឈ្មោះ បាន​ឱ្យដឹ​ង​ដែរ​ថា ការ​អនុវត្ត​ច្បាប់​របស់​្បាប់របស់រដ្ឍទៅត្រួតពិនិត្យនៅទៅ្រសយងប្ចវិធានការឱ្យបានម់តដល់ទ្ថក្រសួង​ពាក់​ព័ន្ធ នៅតំបន់ព្រៃការពារព្រៃឡង់ ពេល​បច្ចុប្បន្ន គឺ​ហាក់​ពុំ​មាន​ប្រសិទ្ធ​ភាព ដោយ​ថា បទ​ល្មើស​ព្រៃឈើ​ក្នុង​តំបន់​ការ​ពារ​នេះ មិន​ថយ​ចុះ​ទេ ដែល​លោក​បារម្ភ​ថា ព្រៃឈើ​ក្នុង​តំបន់​ការ​ពារ​​នេះ នឹងហិនហោច​នាពេលខាងមុខ។

លោកថា៖ «បើសិនជាយើងនៅតែបណ្ដែតបណ្ដោយ នៅតែធ្វើមិន​ដឹង​មិន​លឺនូវ​ការ​កាប់​យក​ឈើ យក​ធ្វើ​ជំនួញ​យ៉ាង​អនាធិប​តេយ្យ​ពី​សំណាក់​ជន​ដែល​ឆ្លៀត​ឳកាស ឬ​ជន​ដែល​ចិញ្ចឹម​ចិត្ត​ជា​ចោរ ដើម្បី​លួច​នៅ​សម្បត្តិ​ជាតិ​របស់​យើង​ យើង​ទាំង​អស់​គ្នា ឬ​អ្នក​ដែល​មាន​កាតព្វ​កិច្ច​ពាក់​ព័ន្ធ ពិសេស​មន្រ្តី​ឧទ្យានុរក្ស​នៅ​តែ​បើក​​ភ្លើង​ខៀវ​ឱ្យ​បទ​ល្មើស​ចូល​ដែន​អភិរក្ស ដែល​ជា​ដែន​សមត្ថ​កិច្ច​ ដែល​ជាដែនសមត្ថកិច្ចរបស់​ខ្លួន ខ្ញុំគិតថា វានៅតែមានការហិនហោចទៅថ្ងៃមុខ»។

បន្ថែមពីនេះ លោកថា នាយករដ្ឋមន្តី្រ រួម​ទាំង​ក្រសួង​ពាក់​ព័ន្ធ​គួរ​តែ​ចាត់​វិធាន​ការ​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ដោយ​មាន​ការស៊ើប​អង្កេត​ឱ្យ​បាន​ច្បាស់​លាស់​ និង​ដាក់​ទោស​ទណ្ឌ​ដល់​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស​មក​ផ្ដន្ទា​ទោស​ ទើប​ព្រៃឡង់​នៅ​គង់វង្ស។

សម្រាប់ អនុប្រធានមន្ទីបរិស្ថាន​ខេត្តព្រះវិហារ លោក មាស ញឹម បានថ្លែងប្រាប់ VOD នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ​នេះ​ថា លោក​មិន​ទាន់​ច្បាស់​ពី​ករណីនេះ​នៅ​ឡើយ​ទេ។ តែ​យ៉ាង​ណា​លោក​ក៏​នឹង​បញ្ជូន​មន្រ្តី​ទៅ​ត្រួត​ពិនិត្យនៅទីតាំងដែលបានលើក​ឡើង ដើម្បីស្វែងរកអ្នកពាក់ព័ន្ធ។

លោកថា៖ «ខ្ញុំបាន​រាយការណ៍ប្រាប់ទៅមន្ត្រី​ខាងខ្ញុំ ដើម្បី​ឱ្យ​គាត់​ចុះ​ធ្វើការ​ស្រាវ​ជ្រាវ​ថា​តើ​មាន​បទ​ល្មើស​ដូច​ដែរ​បាន​លើក​ដែរ​អត់»។

យ៉ាងណា ក្រោយឡើងកាន់តំណែងបន្តេវេន​ពីឪពុក​ នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​បង្ហាញ​​ការ​​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ទប់​ស្កាត់​បទ​ល្មើសព្រៃ​ឈើ​នេះ​ផង​​ដែរ ក្រោយ​​​ពី​​លោក​ទទួល​ស្គាល់​​ថា បទ​ល្មើស​ព្រៃឈើ​នៅ​តែ​បន្ត​កើត​មាន។

លោក​ថា៖ «​សុំ​ឲ្យ​គណៈ​កម្ម​ការ​ជាតិ​ដើម្បី​ទប់​ស្កាត់​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្មជាតិ​ ឯក​ឧត្តម​​​ នាយ​​ឧត្តម​សេនីយ៍​ សៅ សុខា គណៈ​បញ្ជា​ការ​ឯកភាព​រាជធានី​​ខេត្ត ត្រូវ​បញ្ជា​អនុវត្ត​ផ្ទាល់​ដោយ​​មាន​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ត្រៀម​ផ្តល់​ការ​សហការ​​គាំទ្រ​ ចាំបាច់​​ចាត់​វិធាន​​​ការ​​ច្បាប់​​ការ​ពារ បើមិន​អ៊ីចឹង​ទេ យើង​នឹង​រង​គ្រោះ​​មនុស្ស​តិច​បាន​ផល​នោះ​​ច្រើន​វេទនា រួម​គ្នា​ទៅ​អ្នក​ដែល​រក​ស៊ី​ចំណេញ​ពី​អាហ្នឹង​ច្រើន​ពេក ឥឡូវ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ ខិត​​ខំ​ធ្វើ​យ៉ាង​ណា​សហការ​ ហើយ​ក្រសួង​បរិស្ថាន ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ត្រូវ​​ពង្រឹង​ និង​បង្កើន​កិច្ច​សហការ​​ក្រោម​ដែន​សមត្ថ​កិច្ច​របស់​ខ្លួន​ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​និង​វិជ្ជាជីវៈ»

ជុំវិញ​បញ្ហា​នេះ អង្គការ​ Global Forest Watch ធ្លាប់រកឃើញថា សកម្ម​ភាព​កាប់​​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ឆ្នាំ​២០២២ មាន​ខ្លាំង​ជាង​​ឆ្នាំ​​២០២១ ក្នុង​​​តំបន់​ព្រៃ​ការពារ​​ចំនួន​៤ ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​តំបន់​ព្រៃ​ការពារ​ផ្សេង​ទៀត ​ក៏​កំពុង​មាន​អត្រា​បាត់​បង់​ព្រៃ​ឈើ​ក្នុង​អត្រា​ខ្ពស់​ដែរ​ ដូច​ជា ឧទ្យាន​ជាតិ​​បូទុមសាគរ ឧទ្យានជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល​ ដែន​​ជម្រក​​សត្វព្រៃ​ភ្នំឱរ៉ាល់ និង​ដែន​ជម្រក​សត្វព្រៃ​បឹងពែរ​។

តំបន់​​ព្រៃ​ការពារ​ព្រៃ​ឡង់ ​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​កម្ពុជា រហូត​ដល់​​ជាង ​៤៣ម៉ឺន​ហិកតា​នោះ​(៤៣០ ០០០​) ក៏​មានការ​បាត់​បង់​​ដីព្រៃ​របស់​ខ្លួន​ប្រហែល ​៨ ៣០០​ហិកតា​ដែរ​ក្នុង​ឆ្នាំ​២០២២​។​

ដោយ​ឡែក អំឡុងឆ្នាំ២០១៦ អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) ធ្លាប់​បង្ហាញ​របាយ​​ការណ៍​ស៊ើប​អង្កេត​ដោយ​រក​ឃើញ​ថា ឈ្មួញ​រក​ស៊ី​ឈើ​ខុសច្បាប់​ខ្នាត​ធំ ក៏មានលោក​ឧកញ៉ា ទ្រី ភាព ផង​​ដែរ ដែល​គាត់​បាន​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច ​ទំហំ​​ជិត ​៣​ម៉ឺន​ហិកតា (២៩.៥៨៩)។

ប៉ុន្តែ​ច្រើន​ឆ្នាំ​មក​នេះ ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មិនបានផ្តន្ទាទោសឧក្រិដ្ឋជនព្រៃ​ឈើ​រូប​នេះ​ទេ តែ​​ផ្ទុយ​ទៅ​វិញ បច្ចុប្បន្ន ឧកញ៉ា​មាន​ឈ្មោះ​អាស្រូវ​បំផ្លាញ​ព្រៃ​ឈើ​ក្នុង​ប្រទេស​កម្ពុជា​រូប​នេះ ត្រូវ​​បាន​​តែង​តាំង​ជាលោក​អ្នក​​ឧកញ៉ា ដែល​ជា​​ឧកញ៉ា​លំដាប់​ខ្ពស់ និង​ជាទីប្រឹក្សា​មេដឹកនាំ​កំពូល ​ក្នុង​ជួរ​រដ្ឋាភិបាល​របស់​បក្ស​ប្រជាជន​កម្ពុជា​ទៀត​ផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ