ក្រសួងសុខាភិបាល អះអាងពីការសហការជាមួយអាជ្ញាធររាជធានី-ខេត្ត តាមដានស្ថានភាពជំងឺបង្កដោយសត្វមូស និងស្ថានភាពសត្វមូស ដោយធ្វើការបាញ់ថ្នាំសម្លាប់ ដើម្បីការពារសុខមាលភាពប្រជាពលរដ្ឋ ក្នុងរដូវប្រាំងនេះ ស្របពេលដែលពលរដ្ឋមួយចំនួន អំពាវនាវឱ្យអាជ្ញាធរមានចំណាត់ការលើបញ្ហាមូសកកើតឡើងច្រើន ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដែលធ្វើឱ្យពួកគាត់បារម្ភពីការឆ្លងជំងឺគ្រុនឈាម។
សេចក្តីណែនាំក្រើនរំឭកស្តីពី ការប្រុងប្រយ័ត្ន និងបង្កាការចម្លងជំងឺគ្រុមឈាម នាដើមឆ្នាំ២០២៥ របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានលើកឡើងថា ការប្រែប្រួលអាកាសធាតុ ផ្តល់លទ្ធភាពក្នុងការបង្កាត់ពូជ ការកកើតមូស និងបំលាស់ទីនៃមូស ក្នុងនោះនិន្នាការនៃការកើនឡើងចំនួនមូសភាគច្រើនជាប្រភេទមូសអង្កាម ក្នុងកំឡុងពេលរដូវប្រាំង ចាប់ពីខែវិច្ឆិកា ដល់ខែមេសា។
ក្រសួងថា ក្នុងកំឡុងពេលនេះដែរ ក៏មានវត្តមានមូសខ្លាខ្លះៗនៅតាមពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ និងពែងជាដើម ដែលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។ ករណីនេះ ក្រុមការងារឆ្លើយតបរបស់ក្រសួង បាននិងកំពុងផ្តល់អន្តរាគមន៍ និងសហការជាមួយមន្ត្រីមូលដ្ឋាន ដោយតាមដានស្ថានភាពជំងឺបង្កដោយមូស និងស្ថានភាពមូស ធ្វើការបាញ់ថ្នាំសម្លាប់មូស ផ្សព្វផ្សាយសារអប់រំសុខភាព និងចលនាសហគមន៍ចូលរួមលុបបំបាត់ប្រភពកើតមូស។
ក្រសួងក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម និងចូលរួមការទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍។ ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់ទៅរកសេវាពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យដែលនៅជិតបំផុត ដោយកុំឱ្យយឺតជាង៤៨ម៉ោងក្រោយក្តៅខ្លួន។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ប្រជាពលរដ្ឋមួយចំនួន បានលើកឡើងជាបន្តបន្ទាប់ពីវត្តមានមូសកកើតឡើងច្រើនខុសធម្មតា ដែលធ្វើឱ្យពួកគាត់មានក្តីបារម្ភពីការឆ្លងជំងឺគ្រុមឈាម។
កញ្ញា យ៉ាង វ៉ាទី ពលរដ្ឋរស់នៅរាជធានីភ្នំពេញ បានលើកឡើងនៅថ្ងៃទី០៤ ខែកុម្ភៈថា នៅម្តុំផ្ទះរបស់កញ្ញា សត្វមូសបានកកើតឡើងច្រើនខ្លាំងណាស់ ដែលច្រើនជាងសត្វឃ្មុំទៅទៀត។
ពលរដ្ឋខ្លះទៀត បានលើកឡើងទៀតថា ក្នុងរាជធានីភ្នំពេញ មានមូសច្រើន ដោយពួកគេមិនអាចអង្គុយលេងនៅមុខផ្ទះដូចមុនបាន ដូច្នេះពួកគេស្នើឱ្យអាជ្ញាធរជួយបាញ់ថ្នាំកម្ចាត់សត្វមូស ឬចែកថ្នាំអាល់បែតនៅតាមខ្នងផ្ទះរបស់ពលរដ្ឋ ខណៈអ្នកខ្លះថា បច្ចុប្បន្នមិនមានវត្តមានមន្ត្រីសុខាភិបាលមូលដ្ឋានចុះបាញ់ថ្នាំ ឬណែនាំពលរដ្ឋនៅតាមមូលដ្ឋាននៅឡើយ។
ជំងឺគ្រុនឈាមបង្កឡើងដោយវីរុសដាំងដែលមាន៤ប្រភេទ រួមមាន DENV1 DENV2 DENV3 និង DENV4 តាមរយៈមូសខ្លាញីខាំចម្លងទៅមនុស្ស។ ជំងឺគ្រុនឈាម ក៏អាចបណ្តាលឱ្យអ្នកជំងឺស្លាប់បានដែរ ប្រសិនបើមិនមានការព្យាបាលឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ចេញផ្សាយកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ឱ្យដឹងថា អាត្រាអ្នកជំងឺ និងអាត្រាអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមក្នុងឆ្នាំ២០២៤ មានការថយចុះជាងឆ្នាំ២០២៣។
របាយការណ៍បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ករណីជំងឺគ្រុនឈាម មានចំនួនជិត ២ម៉ឺននាក់ (១៨ ៩៨៧នាក់) ក្នុងនោះមានករណីស្លាប់ចំនួន ៤៦នាក់ ដែលអត្រាអ្នកឆ្លងមានការថយចុះ ៤៦% និងអត្រាអ្នកស្លាប់ថយចុះ ៥៤% បើធៀបនឹងករណីឆ្លងក្នុងឆ្នាំ២០២៣ មានដល់ទៅជាង ៣ម៉ឺន៥ពាន់នាក់ (៣៥ ៣៩០នាក់) និងចំនួនអ្នកស្លាប់ចំនួន ៩៩នាក់៕