ក្រុមអ្នកធ្វើការលើកកម្ពស់សិទ្ធិមនុស្ស និងអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល លើកឡើងថា អាជ្ញាធរខេត្តកំពង់ឆ្នាំង គួររកដំណោះស្រាយឱ្យពលរដ្ឋក្រីក្រ ដែលប្រកបមុខរបររាវលៀស ក្នុងបឹងទន្លេសាប អាចរស់បាន មិនត្រូវចាត់វិធានការរហូតទុកឱ្យពួកគេស្លាប់នោះទេ។
ការលើកឡើងនេះ ខណៈប្រជាពលរដ្ឋប្រមាណជា៥០នាក់ តំណាងឱ្យពលរដ្ឋ២០០គ្រួសារ ប្រកបរបររាវលៀសលើផ្ទៃបឹងទន្លេសាប ក្នុងតំបន់ឆ្លុកទ្រូ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រមូលផ្តុំគ្នាតវ៉ា រកកិច្ចអន្តរាគមន៍ពីមេដឹកនាំឱ្យជួយសង្គ្រោះជីវិតពួកគេ ដោយសំអាងថា ពួកគេកំពុងរងគ្រោះពីការចុះបង្ក្រាបពីមន្ត្រីមានសមត្ថកិច្ច។
ពលរដ្ឋម្នាក់និយាយថា៖ «ក្នុងតំបន់ឆ្លុកទ្រូនៀកបានរស់ផងគ្នាអត់មានអីរស់ទេ គ្នាអត់មានស្រែ អត់មានចំការទេ មានតែរបរនៅលើទឹកទេ បងកំណត់មកថាឱ្យខ្ញុំរកបានត្រឹមណា រស់បានប៉ុណ្ណា សម្ដេច ហ៊ុន ម៉ាណែត សម្ដេច ហ៊ុន សែន សូមថ្វាយបង្គំជួយខ្ញុំផង»។
VODមិនអាចសុំការបញ្ជាក់ពីអភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ ដើម្បីសុំការឆ្លើយតបជុំវិញការទាមទាររបស់ប្រជាពលរដ្ឋនេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាស្ថាបនិកគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ឱ្យដឹងនៅថ្ងៃទី៥ ខែកុម្ភះនេះថា វិធានការហាមឃាត់ណាមួយ វាត្រូវមានដំណោះស្រាយ មិនគួរចាត់វិធានការ រហូតពលរដ្ឋដាច់ពោះស្លាប់នោះទេ។
លោកថា៖ «អាជ្ញាធរត្រូវតែពិនិត្យឡើងវិញ ថាការដែលហាមឃាត់នេះវាប៉ះពាល់អីខ្លះ ប៉ះពាល់ជីវភាពការរស់នៅចិញ្ចឹមកូនចៅរបស់ពលរដ្ឋ ថាលោកគួរពិចារណាឡើងវិញ ត្រូវតែមានវិធានការ ត្រូវតែមានគម្រោងកម្មវិធីអី ដើម្បីជួយប្រជាពលរដ្ឋតំបន់នោះអាចរស់បាន»។
មួយវិញទៀត លោកថា ការរកដំណោះស្រាយ ដែលអាចពលរដ្ឋរស់បាន វាជាការទទួលខុសត្រូវ របស់អាជ្ញាធររដ្ឋ។
លោកថា៖ «ជាទូទៅរដ្ឋាភិបាល មុននឹងសម្រេចទីមួយគឺត្រូវសិក្សាសិន វាប៉ះពាល់អីខ្លះ? បើសិនជាប៉ះពាល់ដល់ប្រជាពលរដ្ឋច្រើនម្លឹងៗ និងពាក់ព័ន្ធដល់ជីវភាពរស់នៅនេះ ទាល់តែមានការប្រុងប្រយ័ត្ន ហើយត្រូវតែរៀបចំគម្រោងផែនការអី ដើម្បីទ្រទ្រង់ឱ្យពលរដ្ឋអាចរស់បាន»។
ដោយឡែក នាយកគ្រប់ទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អ៊ំ សំអាត ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធពិចារណាលើវិធាននេះឡើងវិញ ដើម្បីទុកផ្លូវឱ្យពលរដ្ឋអាចរស់បាន។
លោកថា៖ «បើសិនជាពលរដ្ឋដែលគាត់ធ្លាប់តែប្រកបរបររាវលៀស ដើម្បីចិញ្ចឹមជាប្រពៃណីវប្បធម៌គាត់កន្លងមកហើយ អាជ្ញាធរគួរតែពិនិត្យលើលទ្ធភាពដោះស្រាយជូនពួកគាត់ ព្រោះមុខរបររាវលៀសនេះ ដូចជាមិនពាក់ព័ន្ធដល់បញ្ហាណាផ្សេងទេ ហើយក៏មិនមែនជារឿងខុសច្បាប់ទេ អាជ្ញាធរគួរតែពិនិត្យពិចារណាដោះស្រាយបញ្ហាជូនពួកគាត់»។
យ៉ាងណា លោកផ្តល់យោបល់ថា ដំណោះស្រាយបន្ទាន់ រដ្ឋាភិបាលគួរទទួលយកសំណូមពរពលរដ្ឋ ដើម្បីឱ្យប្រជាពលរដ្ឋអាចរកប្រាក់ចិញ្ចឹមជីវិតបាន និងជំហានទី២ បើពលរដ្ឋអត់ដីធ្វើស្រែចម្ការ អាជ្ញាធរត្រូវចែកដីឱ្យពលរដ្ឋ ដើម្បីឱ្យពួកគេមានលទ្ធភាពអាចចិញ្ចឹមជីវិតបាន ដូចដែលកម្មវិធីនយោបាយរបស់រដ្ឋាភិបាលប្រកាសថ្មីៗនេះ៕