មន្ត្រីបក្សជំទាស់ថាអ្នកលាក់​បំពួនឃាតករ​ ពេជ្រ​ គឹម​ស្រ៊ិន និង​លី​ រតនរស្មី​ គឺជាមេខ្លោង

លោក មុត ចន្ថា នាយកខុទ្ទ​កាល័យ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែល​តុលាការរំលាយ បា​​ន​ដាក់​ការសង្ស័យ​ដូចគ្នា ទៅនឹងមន្ត្រីបក្ស​ប្រឆាំង​ផ្សេង​ទៀត លើគ្រួសារហ៊ុន ជា​មេខ្លោង​នៅ​ពីក្រោយ​កា​​រ​បាញ់​សម្លាប់ ​លោក លិម គិមយ៉ា លើទឹកដី​ថៃ ដោយ​សំអាង​លើ​ការ​លាក់​បំពួន​ជន​សង្ស័យ។

លោក ចន្ថា បាន​លើកឡើង​លើ​ហ្វេសប៊ុក​របស់​លោក​ នៅថ្ងៃទី៥ ខែ​កុម្ភៈ​នេះ​ថា អ្នក​លាក់​បំពួន​ឃាតករ ពេជ្រ ​គឹមស្រ៊ិន និង លី រតនរស្មី គឺ​ជា​មេខ្លោង​។ លោក​រំឭកថា សព​លោក​ លិម​ គិមយ៉ា​ ត្រូវ​បាន​បញ្ចុះនៅប្រទេស​បារាំង​រួច​រាល់​ហើយ​ ប៉ុន្តែយុត្តិធម៌នៅមិនទាន់កើត​មាន​ឡើយ។

លោកបន្តថា ឃាតករជនជាតិ​ថៃ ដែលទទួលបញ្ជាពីក្រុមឃាតករខ្មែរ នៅ​មិន​ទាន់​ត្រូវ​បាន​កាត់​ទោស​ រីឯ​ឃាតករ​សមគំ​និត​ជន​ជាតិ​ខ្មែរ ក៏​នៅមិន​ទាន់​ត្រូវ​បាន​ចាប់​ខ្លួន​ ហើយ​មេខ្លោង​បញ្ជា​នៅ​ពី​ក្រោយ​ផែនកា​រ​ធ្វើ​ឃាត​ដ៏​ឃោរឃៅ​នេះ នៅ​មិន​ទាន់ត្រូវ​បាន​វែក​មុខ។

សម្រាប់​លោក មុត ចន្ថា កូនប្រុសរបស់ លោក ​ លិម​ គិមយ៉ា​ បានបញ្ជាក់ក្នុង​ពិធីប​ញ្ចុះសព​ថា​ ល្គឹក​ណា​ឃាតករ​សមគំនិតខ្មែរ​ពីរ​នាក់​ គឺ​ ពេជ្រ​ គឹមស្រ៊ិន​ និង​ លី​ រតនរស្មី​ មិន​ត្រូវ​បាន​ចាប់​ខ្លួន​ទេ​ ដូច្នេះ​យុត្តិធម៌​មិន​អាច​កើតមានឡើយ។

លោកសង្កត់ធ្ងន់ថា សរុបមក នរណាលាក់​បំពួន​ និងការពារឃាតករ​ ពេជ្រ​ គឹមស្រ៊ិន​ និង​ លី​ រតនរស្មី​ អ្នកនោះគឺជា​មេខ្លោង​នៅ​ពី​ក្រោយ​ផែន​ការ​ធ្វើ​ឃាត​នេះ។

ការលើកឡើងនេះ ទំនងជាសំដៅទៅ​ដល់​មេដឹកនាំ​គ្រួសារ​ហ៊ុន ដែល​កំពុង​ក្តាប់​អំណាច​ណែន​ដៃ​ជាង​៤០ឆ្នាំទៅ​នេះ ក្រោម​សំឡេង​រិះ​គន់​ថា បា​ន​ប្រើ​ដៃ​តុលាការ និង​រដ្ឋ​ធម្មនុញ្ញ ធ្វើ​ជា​ឧបករណ៍​នយោបាយ បន្សល់​ទុក​ឃាតកម្ម រាប់​សិប​ករណី ដែល​ជន​ដៃ​ដល់ មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​ផ្តន្ទា​ទោស សូម្បី​មួយ​ករណី។

ក្នុងនោះ​រាប់​ចាប់តាំងពីតារាចម្រៀង ព្រះសង្ឃ រហូត​ដល់សកម្មជន​នយោបាយ អ្នក​លើក​កម្ពស់​សិទ្ធិ​ការ​ងារ មាន​លោក ជា វិជ្ជា ប្រធាន​អង្គការ​ការ​ពារ​បរិស្ថាន​លោក ឈុត វុទ្ធី និង​អ្នក​ស្រាវ​ជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​លោក​បណ្ឌិត កែម ឡី ជាដើម។

បន្ថែមពីនេះ អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ​ លោក សម រស្ស៊ី ធ្លាប់​បង្ហោះសា​រ​ចោទ លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយឃាតកម្ម លោក លិម គិមយ៉ា ផងដែរ។

យ៉ាង​ណា កន្លងទៅ នាយករដ្ឋមន្ត្រីបន្តវេន​ពី​ឳពុក គឺលោក ហ៊ុន ម៉ាណែត ធ្លាប់​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយសំអាងថា ការចាប់​បញ្ជូន​ខ្មាន់​កាំភ្លើង​ឱ្យ​ទៅ​ភាគី​ថៃ ក្រោយ​ហេតុ​ការណ៍​បាញ់​សម្លាប់ ជា​ផ្នែក​សហការ​ក្នុង​សំណុំរឿងឃាតកម្មនេះ។

ប៉ុន្តែលោកមិនបានបញ្ជាក់​ពីមូលហេតុមិនព្រមចាប់​បញ្ជូន​ជនសង្ស័យ ពេជ្រ គឹមស្រ៊ិន និង លី រតនរស្មី ឱ្យ​ទៅភាគីថៃតាម​​ការ​ស្នើសុំនោះ​ទេ ខណៈ​ក្រោយ​កើត​ហេតុ​ពួក​គេ​បាន​ឆ្លង​ដែន​ចូល​ទឹក​ដី​កម្ពុជា។

លោក លិម គិមយ៉ា អាយុ​​ជាង៧០ឆ្នាំ ត្រូវបានខ្មាន់កាំភ្លើង ជាជនជាតិថៃ បាញ់ពីក្រោយ ចំនួន​៣គ្រាប់ បណ្តាល​ឱ្យ​​​ស្លាប់​ក្នុងថ្លុកឈាម ក្នុងទីក្រុង​បាងកក ប្រទេសថៃ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ​២០២៥ ​ខ​​ណៈ​លោក និង​ភរិយា ជាជនជាតិបារាំង ធ្វើដំណើរតាមរថយន្តក្រុង ចេញ​ពី​ខេត្ត​សៀមរាប ឆ្លង​​កា​ត់​ប្រ​ទេស​​ថៃ ក្នុងដំណើរឆ្ពោះទៅប្រទេសបារាំង ។

ក្រោយ​ឃាតកម្ម ខ្មាន់កាំភ្លើងម្នាក់ ត្រូវចាប់បានលើទឹកដី​​កម្ពុ​ជា ក្នុងខេត្តបាត់ដំបង ​បន្ទាប់​មក​ខ្មា​ន់​កាំភ្លើ​ង​រូបនោះ ​ត្រូ​វ​បញ្ជូនទៅឃុំខ្លួន​នៅប្រទេសថៃ។

ក្រោយមក តុលាការព្រហ្ម​ទណ្ឌថៃ បា​​ន​ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ លី រតនរស្មី ក្នុងសំ​ណុំ​រឿង​ឃាតកម្មនេះ ដែលជនសង្ស័យរូបនោះ ជាទីប្រឹក្សា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា​។

ដោយឡែក ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ពេជ្រ គឹមស្រ៊ិន ដែល​បង្ហាញ​មុខ​នៅ​កន្លែងកើតហេតុ ត្រូវ​បាន​ប៉ូលីសអ​ន្តរជាតិ​អំាងទែប៉ូល ចេញប្រកាសឱ្យតាមចាប់​ខ្លួន​ដូច​គ្នាដែរ។

ប៉ុន្តែរយៈពេលជិត​ ១ខែ​ទៅនេះ ជនសង្ស័យទាំងពីរ ដែល​រួម​ដៃ​សម្លាប់លោក លិម គិមយ៉ា មិន​ត្រូវ​បាន​ចាប់​បញ្ជូន​ឱ្យ​ទៅ​​ភាគី​ថៃ ដើម្បីកាត់ទោសនៅឡើយទេ។

ដោយ​ឡែក សព​តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ដែល​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ ត្រូវ​បាន​ក្រុម​គ្រួសារ​និង​អ្នក​គាំទ្រ បញ្ចុះតាមប្រពៃណី​​​​នៅ​ទីក្រុង​ប៉ារីស ប្រទេសបារាំង កាល​​ពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០២៥។

ក្រុមគ្រួសារ​សព បានបង្ហាញការឈឺចាប់ និងបង្ហាញជំហរទាមទារយុត្តិធម៌​ជូន លោក លិម គិម​យ៉ា ដែលត្រូវគេធ្វើឃាត​លើទឹកដីថៃ ក្រោយលោកបាន​​រិះគន់គ្រួសារហ៊ុន ជុំវិញការធ្វើឱ្យ​​ឆេះ​រូប​ព្រះ​​ឆាយាលក្ខណ៍​ព្រះមហាក្សត្រ​ នៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ក្នុង​ពិធី​រៀង​ចំ​ព្រឹត្តិ​ការណ៍​សាទរ​កម្ពុជា កាល​ពីយប់​​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ