ស្ថាប័នអយ្យការនៃតុលាការខេត្តព្រៃវែង បានបន្តកោះហៅមន្រ្តីពន្ធដារខេត្តព្រៃវែងចំនួន៧នាក់បន្ថែមទៀត ក្នុងចំណោមមនុស្ស១០នាក់ ដែលជាប់បណ្តឹងពីគណបក្សដើម្បីកម្ពុជា ជុំវិញអង្គហេតុការផាកពិន័យលើមធ្យោបាយធ្វើដំណើរ ដែលមានភាពមិនប្រក្រតី។
លោក ឯម សុខសុវណ្ណ ប្រធានគណបក្សដើម្បីកម្ពុជា ឱ្យដឹងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថាព្រះរាជអាជ្ញានៃស្ថាប័នអយ្យការអមសាលាដំបូងខេត្តព្រៃវែង លោក គុជ គឹមឡុង បានសន្យានៅចំពោះមុខលោក ក្នុងជំនួបកាលពីថ្ងៃទី៤ ខែកុម្ភៈថា មនុស្សដែលនៅសេសសល់នៅក្នុងសំណុំរឿងប្តឹងដោយគណបក្សដើម្បីកម្ពុជា ដែលតុលាការត្រូវកោះហៅមកបំភ្លឺចំនួន ៧នាក់ទៀតនេះ គឺសុទ្ធតែជាមន្រ្តីពន្ធដារ នៃខេត្តព្រៃវែង។ លោកបន្តថា បើពិនិត្យពីនីតិវិធី ដែលតុលាការអនុវត្តនេះ ហាក់ទទួលយកបាន និងមានភាពយុត្តិធម៌។ តែយ៉ាងណា លោកអះអាងថា ចំពោះរឿងក្តីមួយនេះគេនៅបន្តតាមដាន និងឃ្លាំមើលទៀតថាតើការអនុវត្តនីតិវិធីទៅមុខ មានដំណើរការបែបណា។
លោកបន្តថា៖ «កាលពីម្សិលមិញ បន្ទាប់ពីខ្ញុំបានទៅជួបតំណាងអយ្យការអមសាលាដំបូងខេត្តព្រៃវែងរួចមក ខ្ញុំយល់ថា តុលាការគាត់ធ្វើការលឿន និងម៉ឹងម៉ាត់។ ចំពោះនីតិវិធីនៃការធ្វើការលឿន និងម៉ឺងម៉ាត់ហ្នឹង គិតត្រឹមតែថ្ងៃម្សិលមិញតែប៉ុណ្ណោះ។ ប៉ុន្តែគិតពីនីតិវិធីលឿន និងម៉ឺងម៉ាត់អីបន្តទៅទៀតអីនោះ យើងចាំពិនិត្យមើលទាំងអស់គ្នា និងតាមដានបន្ត»។
បើតាមលោក ឯម សុខសុវណ្ណ ក្នុងរយៈពេល១០ថ្ងៃខាងមុខទៀតនេះ ស្ថាប័នអយ្យការ អមសាលាដំបូងខេត្តព្រៃវែង នឹងកោះហៅមន្រ្តីពន្ធដារ ៧នាក់ មកសួរចម្លើយទៀត។ ការបន្តនីតិវិធីជាថ្មីទៀតនៅពេលនេះ បន្ទាប់ពីតុលាការ បានបញ្ចប់ការសួរនាំរូចហើយ មន្រ្តី៣រូបដែលមកពីស្ថាប័នខុសៗគ្នា ដូចជា មន្រ្តីសាលាខេត្តព្រៃវែង នាយរងផ្នែកចរាចរណ៍ផ្លូវគោក និងនាយការិយាល័យគីមីសាស្រ្ត។
ទាក់ទិនអង្គហេតុនៃរឿងក្តីនេះ លោក ឯម សុខសុវណ្ណ បង្ហាញថា ដំបូងឡើយ ពោលកាលពីឆ្នាំ២០២៣ លោកត្រូវគេរកឃើញថាបានជាប់ពន្ធលើមធ្យោបាយធ្វើដំណើរ មិនទាន់បានទូទាត់នៅឡើយ។ ប៉ុន្តែនៅក្នុងឆ្នាំដដែល គេចោទប្រកាន់ថានៅជាប់ពន្ធផ្លូវនេះ លោកបានទូទាត់ពន្ធទាំងចាស់ និងថ្មីរួចរាល់ហើយ ដែលមានចំនួនសរុប ១លាន៦០ម៉ឺនរៀល។ ផ្ទុយទៅវិញ ក្នុងពេលដែលលោកបង់ពន្ធរថយន្ត ឬបង់ពន្ធលើមធ្យោបាយធ្វើដំណើរ សម្រាប់ឆ្នាំ២០២៤ ស្រាប់តែឈ្មោះរបស់លោកត្រូវនៅជាប់ពន្ធឆ្នាំចាស់មិនទាន់ទូទាត់អស់នៅឡើយ ដែលមានចំនួនសរុបទាំង២ឆ្នាំ ២លាន៤០ម៉ឺនរៀលទៅវិញ។
ក្រោយកើតហេតុនេះ ក្នុងនាមប្រធានគណបក្សដើម្បីកម្ពុជា លោកត្រូវបង្ខំចិត្តដាក់បណ្តឹងដើម្បីទាមទារយុត្តិធម៌។ តាមរយៈបណ្តឹងទាំងពីរលើក ដែលលោកបានដាក់ចូលទៅស្ថាប័នអយ្យការ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា និងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ ប្រឆាំងមន្រ្តីខេត្តព្រៃវែង ដែលមកពីស្ថាប័នផ្សេងគ្នាចំនួន ១០នាក់ គឺមកដល់ពេលនេះ មានតែជនសង្ស័យបីនាក់ប៉ុណ្ណោះ ដែលត្រូវបានតុលាការកោះហៅ ឱ្យចូលទៅបំភ្លឺ។
នៅក្នុងបណ្តឹងនោះ មន្រ្តីទាំង១០នាក់ រងការចោទប្រកាន់ពីបទ «កេងយកផលប្រយោជន៍ដោយខុសច្បាប់ រំលោភលើទំនុកចិត្ត ការជ្រៀតជ្រែកដោយខុសច្បាប់ ក្នុងការបំពេញមុខងារសាធារណៈ និងការក្លែងបន្លំ »។
ជុំវិញបញ្ហានេះ លោក ឯម សុខសុវណ្ណ ដែលជាដើមបណ្តឹងនៅក្នុងសំណុំរឿងនេះ អះអាងថា ភាពយឺតយ៉ាវ ដែលនាំឱ្យជនសង្ស័យទាំង៧រូប មិនទាន់បានចូលខ្លួនផ្តល់សក្ខីកម្ម ទៅតាមការកោះហៅរបស់តុលាការ ដោយសារពួកគេត្រូវរកមេធាវីការពារខ្លួននៅឡើយ។ តែយ៉ាងណា មកដល់ពេលនេះ មន្រ្តីតុលាការបញ្ជាក់ថា ពួកគេទទួលបានមេធាវីការពារក្តីរួចហើយ។
សម្រាប់លោកស្រី កង លាប មេធាវីតំណាងដោយអាណត្តិរបស់មន្រ្តីពន្ធដារខេត្តព្រៃវែង បដិសេធផ្តល់ការអត្ថាធិប្បាយលម្អិត ជុំវិញនីតិវិធីនៅក្នុងតុលាការនេះ។ លោកស្រីមេធាវី បញ្ជាក់ដោយខ្លី មុននឹងផ្តាច់ទូរស័ព្ទចុះថា កំពុងមានភារកិច្ចដែលមិនអាចផ្តល់ព័ត៌មានឱ្យប្រព័ន្ធផ្សព្វផ្សាយបាន។
លោកស្រីថា៖ «អរ ! ខ្ញុំអត់ទាន់ដឹងរឿងហ្នឹងឡើយទេ។ ខ្ញុំកំពុងជាប់រវល់ប្រជុំបន្តិច»។
ដោយឡែក លោក ឃីម ហៀង មន្រ្តីពន្ធដារខេត្តព្រៃវែង មិនអាចស្នើសុំការបំភ្លឺបានភ្លាមៗទេនៅថ្ងៃនេះ ដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។ ប៉ុន្តែលោកធ្លាប់បដិសេធក្នុងពេលកន្លងទៅថា បញ្ហានេះមិនដូចការចោទប្រកាន់នៅក្នុងបណ្តឹងទេ។
ចំណែក លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា អ្វីដែលគណបក្សដើម្បីកម្ពុជា បានដាក់បណ្តឹងទៅតុលាការនេះ ជាវិធីល្អមួយដែលគ្រប់គ្នាមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ហើយហ៊ានតតាំងគ្នាដោយយុត្តិធម៌។ ប៉ុន្តែអ្នកវិភាគរូបនេះ ស្នើឱ្យម្ចាស់បណ្តឹង មិនថាជារូបវន្តបុគ្គល ឬនីតិបុគ្គលទេ ត្រូវតែមានវិធី នៃការពារតាមផ្លូវច្បាប់ឱ្យបានគ្រប់គ្រាន់។ ការធ្វើដូចនេះ លោកថា ដើម្បីចៀសវាងនាំទុក្ខដាក់ខ្លួនវិញ ក្រោយរុញបណ្តឹងចូលដល់ដៃតុលាការ តែខ្វះមធ្យោបាយទប់ទល់។
លោកថា៖ «បញ្ហាទាំងអស់ហ្នឹង យើងចង់និយាយដោយខ្លីថា បើសិនជាមិនមានភស្តុតាងច្បាស់លាស់ទេ វាអាចក្លាយជាគ្រោះថ្នាក់ទៅវិញសម្រាប់អ្នកដែលប្តឹងផ្តល់ទីមួយ ហើយទីពីរបើសិនតុលាការនៅក្នុងប្រទេសកម្ពុជា គេហៅថាមិនមានយុត្តិធម៌ និងមិនឈរទៅលើគោលការណ៍តម្លាភាពត្រឹមត្រូវទេ អញ្ចឹងវាក៏អាចជារឿងដែលគ្រោះថ្នាក់មួយដែរ សម្រាប់គណបក្សនយោបាយ ដែលបានប្តឹងទៅលើមន្រ្តីទាំងនោះ »។
នៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដែលគណបក្សដើម្បីកម្ពុជា បានប្តឹង ក្នុងនោះរួមមាន លោក សេក វណ្ណា ប្រធានសាខាពន្ធដារខេត្ត លោក ឃឹម ហៀង ប្រធានការិយាល័យពន្ធដារស្រុកពាមរក៍ លោក ទីន ភារម្យ មន្រ្តីសាលាខេត្ត លោក ឯម សុភាព ប្រធានការិយាល័យពន្ធដារស្រុកមេសាង លោក ខុន កុសល ប្រធានការិយាល័យពន្ធដារស្រុកព្រះស្តេច លោក កែវ ស៊ីយឿន ប្រធានការិយាល័យពន្ធដារស្រុកបាភ្នំ លោក នាថ តារា និងលោក រ៉ី ភារុន ជាមន្រ្តីការិយាល័យពន្ធដារស្រុកពាមរក៏ លោកវរសេនីយ៍ទោ ច្រឹក ហ៊ល នាយករងផ្នែកនៃការិយាល័យចរាចរណ៍ផ្លូវគោក និងអនុសេនីយ៍ឯក លោក ហំ ចំរើន នាយការិយាល័យគីមីសាស្រ្តខេត្តព្រៃវែង។
លោក ឯម សុខសុវណ្ណ បញ្ជាក់ថា នៅក្នុងអំឡុងពេលតុលាការកំពុងបន្តនីតិវិធីនេះ ឈ្មោះ ឃឹម ហៀង ដែលជាមនុស្សម្នាក់ ក្នុងចំណោមនុស្ស៩នាក់ផ្សេង ដែលខ្លួនបានប្តឹងជនសង្ស័យរូបនេះ បានប្រព្រឹត្តសកម្មភាព ដោយគំរាមកំហែងដែលគួរឱ្យភ័យខ្លាច កាន់តែខ្លាំងឡើង ទៅដល់ក្រុមគ្រួសាររបស់ខ្លួន នៅទីតាំងកំណើត ក្នុងខេត្តស្វាយរៀង៕