ជនរងគ្រោះឱ្យពន្លឿនវិធាន​លើអ្នកស្រី ឡេង ចាន់ណា ដើម្បី​ដោះ​បំណុល​ក្រោយ​មាន​មន្ទិល

ជនរងគ្រោះទាមទារតុលាការពន្លឿន​វិធាន​រឹបអូសទ្រព្យសម្បត្តិ​អតីតឧកញ៉ា ឡេង ចាន់ណា មក​សង​ពួក​គេ​ដើម្បី​ដោះ​ស្រាយ​វិបត្តិ​បំណុល។

ការជំរុញនេះ ចំពេលមានលិខិតមួយច្បាប់ របស់​តុលាការ​ខេត្ត​សៀម​រាប ស្តីពី​ការ​លក់​អចលន​ទ្រព្យ​មួយ​កន្លែង ដែល​មាន​ទីតាំង​ដូច​គ្នា​នឹង​​ក្រុម​ហ៊ុន​ប្រ៊ី​លាន​ស៊ីធី តែ​ថា​តុលាការ​ហាក់​មាន​ការ​លាក់​បាំង​ជុំវិញ​វិធា​ននេះ។

លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង​ខេត្តសៀមរាប នៅថ្ងៃទី៤ ខែកុម្ភៈ បាន​បញ្ចេញ​លិខិត​មួយ​ច្បាប់​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​ខ្លួន ស្តីពី ការ​លក់​ដី​មួយ​កន្លែង​ទំហំ ៥០៥​ម៉ែត្រ​ការ៉េ និង​អាគារ​ទំហំ​ ១០១០ម៉ែត្រការ៉េ នៅភូមិ​សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

តាមរយៈ​លិខិតជូនដំណឹង ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ របស់​សាលាដំបូង​ខេត្ត​សៀមរាប​នោះ បញ្ជាក់​ថា តុលាការនឹងអនុវត្តការដាក់​លក់​ក្នុង​ស្រោម​សំបុត្រ​នូវ​អចលនវត្ថុ​នោះ តម្លៃ​ជិត ៤០​ម៉ឺន​ដុល្លារ​អាមេរិកឡើងទៅ។

ប៉ុន្តែតុលាការមិនបានបញ្ជាក់ថាដី និង​អគារនេះ មានជាប់ពាក់ព័ន្ធ​នឹង​រឿង​ក្តី​អតីត​ឧកញ៉ា ឡេង ចាន់​ណា នោះ​ទេ។

ទីតាំងអចលន​ទ្រព្យដែ​ល​តុលាការប្រកាស​លក់​នោះ ត្រូវ​បាន​ជន​រងគ្រោះ​ដាក់​មន្ទិល​ថា ទ្រព្យ​របស់​ក្រុម​ហ៊ុន​ប្រ៊ីលាន​ស៊ីធី​ គ្រប់​គ្រងដោយ​​អតីតឧកញ៉ា ឡេង ចាន់ណា តែ​ត្រូវ​តុលាការ​ហាក់​ព្យាយាម​បិទ​បាំង​ព័ត៌​មាន​នេះ។

ជនរងគ្រោះម្នាក់ ប្រាប់VOD​ក្នុង​លក្ខ​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​ថា បុរី​ប្រ៊ីលាន​ស៊ីធី​គម្រោង​៦ នៅភូមិ​សាលា​កំរើក ក្រុង​សៀម​រាប ខេត្ត​សៀម​រាប​នេះ​ មានផ្ទៃ​ដី​សរុប​ទំហំ​ជាង​២ហិកតា តែ​ក្នុង​ការ​ប្រកាស​លក់​នេះ​ ត្រឹម​តែ ៥០៥​ម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ ដែល​លោក​សង្ស័យ​ថា​អាច​ត្រូវ​បាន​គេ​កាត់​លក់​ផ្នែក​ខ្លះនៃ​​ដី​នេះ។

ចំពេលមានការបញ្ចេញ​លិខិត​លក់​ឡៃឡុង​បែប​នេះ គណនី​ហ្វេស​ប៊ុក​ខ្លះ​ដែល​អះ​អាង​ថា ជា​ជន​រង​គ្រោះ​បាន​ជំរុញ​ឱ្យ​តុលាការ​ពន្លឿន​រឹប​អូស​ទ្រព្យ​ អ្ន​ក​ស្រី ឡេង ចាន់ណា ដើម្បី​ទទួល​បាន​សំណង​ដោះ​ស្រាយ​វិបត្តិ​បំណុល។

គណនីហ្វេសប៊ុក​ឈ្មោះ ឈូក ផាត បាន​ចែក​រំលែក​លិខិត​នេះ ដោយ​ភ្ជាប់​សារ​ក្នុង​ន័យ​ដើម​ថា៖ «ពួក​ខ្ញុំទាំងអស់គ្នា​ដែល​ជា​ជន​រង​គ្រោះ នៅ​តែ​រង​ចាំ​មើល​ដំណោះ​ស្រាយ​របស់​តុលាការ​ជានិច្ច»។

គណនីហ្វេសប៊ុក​ឈ្មោះ Hak Naret បញ្ចេញ​មតិ​ថា៖ «ពួក​ខ្ញុំ​ម្នាក់ៗ​ទឹក​ភ្នែក​រាល់​ថ្ងៃ​ជាមួយ​ធនាគារ អស់​ដី​ផ្ទះ​អស់​ហើយ​លោក​អើយ សូម​ ឱ្យ​ក្ដី​រឿង​ហ្នឹង​ឆាប់​ចប់​ផង​ចុះ ជំពាក់​គេ​តាំង​ពី​តិច​រហូត​ទៅ​ជា​ច្រើន»

ជុំវិញរឿងនេះ VOD មិនអាច​សុំការឆ្លើយតប​ពី​អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប លោក យិន ស្រ៊ាន បាន​ទេ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ដោយ​ហៅ​ទូរសព្ទ​ចូល​ជាច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា កត់​សម្គាល់ថា ក្រោយ​មាន​សម្ពាធ​តវ៉ា​ពី​ជនរង​គ្រោះ​ប្រឆាំង​អំពើ​ឆបោក​របស់​អ្នក​ស្រី ឡេង ចាន់ណា ទើប​រដ្ឋាភិបាល​ចេញ​មុខ​ចាប់​ខ្លួន​ជន​ឆបោក​ដាក់​ពន្ធនាគារ តែលោក​ថា​វិធាន​ការ​ផ្តល់​សំណង​វិញ​ហាក់​គ្មាន​ភាព​ច្បាស់​លាស់។

ក្នុង​ន័យ​នេះ លោកថា ដើម្បីផ្តល់​យុត្តិធម៌ដល់​ជនរងគ្រោះ តុលាការ​ត្រូវ​ប្រកាស​ទ្រព្យ​សម្បត្តិ​អតីត​ឧកញ៉ា ឡេង ចាន់​ណា ជាសារធាណៈ​ដែល​ខ្លួន​បាន​បង្កក ហើយ​បន្ត​ស៊ើប​អង្កេត​ និង​ផ្តល់​ព័ត៌​មាន​ដល់​ជន​រង​គ្រោះឱ្យ​បាន​ដឹង មិ​ន​មែន​លាក់​បាំងព័ត៌មាននោះទេ។

លោកថា៖ «ជនដែលត្រូវបានជាប់ចោទនៅក្នុងអំពើ ឆបោក​ហើយ​នឹង​ត្រូវ​បាន​បង្កក​ទ្រព្យ​សម្បត្តិ​ បុគ្គល​នោះ​មិន​អាច​លក់​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន​បាន​ទេ ហើយ​បើ​សិន​ថា​លក់​ហ្នឹង គឺ​តុលាការ​ចេញ​បញ្ជា​ឲ្យ​លក់​ដើម្បី​ជា​សំណង ​អាហ្នឹង​ដែល​ខ្ញុំ​ចង់​និយាយ​ត្រូវតែ​បង្ហាញ​ប្រាប់​ប្រជា​ពលរដ្ឋ មុន​នឹង​ធ្វើកិ​ច្ច​ការ​ហ្នឹង អ៊ីចឹ​ង​ខ្ញុំគិតថា​អាការដែល​លក់ គឺ​ជា​ការ​លួច​លក់​ដោយ​ស្ងាត់ៗ​ ដើម្បី​ប្រម៉ែ​ប្រមូល​លុយ​បន្ថែម​ទៀត ពីព្រោះ​ជួន​កាល​អ្នក​ដែល​យក​ដី​នោះ​ទៅ​លក់​ ជួន​កាល​ជា​ជន​ទីបី​ដែល​ឆ្លៀត​ឱកាស​នៅក្នុង​ពេល​ដែល​លោក​ស្រី ឡេង ចាន់ណា កំពុង​ជាប់​ឃុំ អ៊ីចឹង​អាច​ស៊ុមគ្រលំ​គ្នា​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ឬ​ក៏សមត្ថកិច្ច​ដែល​ពាក់​ព័ន្ធ គេ​ហៅថា​លួច​លក់»។

ជុំវិ​ញអំពើឆបោកនេះ លោក ស៊ាន បូរ៉ាត់ មន្រ្តី​ស្និទ្ធិ​លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​ប្រាប់​អតីត​ឧកញ៉ា ឡេង ចាន់ណា ពី​ល្បិច​បោក​លុយ​ពលរដ្ឋ​យក​មក​រក​ស៊ី​ដែល​ជា​ផែន​ការ​ក្នុង​គំនិត​របស់​លោក ដើម្បី​ពង្រីក​ឥទ្ធិពល​ជំនួ​ញ​ក្នុង​ក្រុម​ហ៊ុន​ឆបោក​ប្រ៊ីលានស៊ីធី។

លោកថា«តិចទៀត​ធនាគារ​ប្រ៊ីលាន​ម៉ង អូនឯង​ចាំមើល​បើ​មិន​ជឿបង ដំបូង​យើង​យក​លុយ​គេ​មក​រក​ស៊ី តែ​ដល់​ពេល​ទី​បញ្ចប់​ទៅ យើង​យក​លុយ​យើង ឱ្យ​គេ​រក​ស៊ី​វិញ ដាក់​ឡាន​ដាក់​ផ្ទះ​ម៉ង ហ្នឹង​ហើយ​ដែល​ជា​ចំណុច​សំខាន់​ ​ដែល​យើង​ត្រូវ​ធ្វើ​ត្រូវ​តែ​មាន​ចក្ខុ​វិស័យ​ឱ្យ​វែង​ឆ្ងាយ​ធនាគារ​​ប្រ៊ីលាន​ត្រូវ​តែ​យក​ឱ្យ​បាន»

យ៉ាងណាក្តី តុលាការ​បាន​បង្គាប់​ឱ្យ ​លោក ស៊ាន បូរ៉ាត់ ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ក្នុង​រឿង​ក្តី ឡេង ចាន់ណា កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ២០២៤ តែ​ក្រោយ​បំភ្លឺ​រូច ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ទោះ​មាន​ភស្តតាង​បង្ហាញ​ថា លោក ស៊ាន បូរ៉ាត់ មាន​ជាប់​ពាក់​ព័ន្ធ​ជ្រៅ​ក្នុង​អំពើ​បោក​ប្រាស់​នេះ​ក្តី។

អ្នកនយោបាយក្រៅ​រដ្ឋាភិបាល លោក សួន សូរីដា សង្កត់​ធ្ងន់​ថា បើ​ជន​រងគ្រោះ​នៅ​ស្ងៀម នោះ​ពួក​គេ​នឹង​ចាញ់​ក្តី​នេះ ព្រោះ​រឿង​ក្តី​ឆបោក​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​សែ​ស្រឡាយ​​អ្នក​មាន​អំណាច។

លោក​ថា«ជារឿង​ក្ដីមួយ​ដែល​យើង​ដឹង​ហើយ​ថា​វា​ជា​អំពើ​ឆបោក​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ដែល​ភ្ជាប់​ជាមួយ​នឹង​សែ​ស្រឡាយ​អ្នក​មាន​អំណាច​ បើ​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រង​គ្រោះ​នៅ​ស្ងៀម គឺគេមិន​ចាត់​ការ​ក្ដី​ហ្នឹង​ទេ គេ​នឹង​ពន្យារ​ពេល​រហូត​ដល់​ម្នាក់ៗ​ដែល​ជា​ជន​រង​គ្រោះ​អស់​ខ្សោះ អស់​សង្ឃឹម​លែង​រវីរវល់។ ខ្ញុំគិតថា ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​រង​គ្រោះ​ហ្នឹង​គឺ​ត្រូវ​តែ​សកម្ម​ឡើង ការ​ទាម​ទារ​រក​យុត្តិធម៌​ដោយ​ខ្លួន​យើង ពីព្រោះ​យើង​ជា​អ្នក​រង​គ្រោះ ហើយ​បើ​យើង​មិន​ទាម​ទារ​តើ​យុត្តិធម៌​ហ្នឹង​វាសុខៗ​ធ្លាក់​ពី​លើ​មេឃ មក​ឲ្យ​យើង​ទេ! អត់ទេ វាកើត​ឡើង​ពី​ការ​ទាមទារ​របស់​យើង​ដែល​ជាជនរងគ្រោះ»

ម្ចាស់ក្រុមហ៊ុនប្រ៊ីលាន​ស៊ីធី គឺ​អតីតឧកញ៉ា ឡេង ចាន់ណា ត្រូវ​បាន​ចាប់​ខ្លួ​ន​នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោយ​ពី​ជន​រង​គ្រោះ​ផ្ទុះ​ការ​តវ៉ា​ជា​បន្ត​បន្ទាប់ រយៈ​ពេល​ប្រមាណ​១ខែ ដែល​មាន​អ្នក​ចាញ់​បោក​ប្រមាណ​ ៧០០០គ្រួសារ គិតទឹកប្រាក់ជាង ៣០០លានដុល្លារអាមេរិក។

ក្រុមហ៊ុននេះ បានបង្កើតល្បិច​បោកពលរដ្ឋ ក្រោមរូបភាព​ប្រមូល​លុយ​វិនិយោគ ដោយ​សន្យា​ឱ្យ​ការ​ប្រាក់​ ៤ភាគរយ​ក្នុង​មួយ​ខែ​នៃ​ប្រាក់​ដើម តែ​អ្នក​វិនិយោគ​បើក​បាន​តែ​ប៉ុន្មាន​ខែ​ដំបូង ក៏លែង​បាន​បន្ត​ទៀត។

បើតាមតុលាការ​ខេត្តសៀមរាប អ្នកស្រី ឡេង ចាន់ណា ត្រូវជាប់ចោទច្រើនបទល្មើស រួម​មាន បទ ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស ជាក្រុមមានការចាត់​តាំង បទ​សម្អាត​ប្រាក់ និង​បទ​មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន។

ជុំវិញរឿងនេះ លោក គី តិច ប្រធាន​ក្រុមមេធាវីរបស់រដ្ឋាភិបាល ដែល​​ចូល​ខ្លួន​ធ្វើ​ជា​តំណាង​ឱ្យ​ជន​រង​គ្រោះ បា​ន​បញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌​មាន​កាលពីខែតុលាថា មាន​ជន​រង​គ្រោះ​ចំនួន​ជិត ៥ពាន់​នាក់ ស្ម័គ្រ​ចិត្ត​ឱ្យ​ក្រុម​មេធាវី​លោក​ការ​ពារ​សំណុំរឿង​របស់​ពួក​គេ និង​បន្ត​ប្រមូល​ឯកសារ​ពី​ក្រុម​អ្នក​ចាញ់​បោក​នៅ​ក្រៅប្រទេស​បន្ត​ទៀត។

យន្តការ​នេះ ធ្វើឡើងតាមការ​បញ្ជា​របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីខែឧសភា ឆ្នាំ២០២៤ តែ​ចាប់​ពី​មេធាវី​រូប​នោះ ជួយ​ការ​ពារ​ក្តី​ជិត​មួយ​ឆ្នាំ​ទៅ​នេះ​ ជន​រង​គ្រោះ​នៅ​តែ​មិន​ទទួល​បាន​សំណង​មក​វិ​ញ​នោះ​ទេ ខណៈ​ពួក​គេ​បាន​ល​ក់​ដី​ស្រែ ខ្លះ​ចំណាក​ស្រុក ក្រោម​សម្ពាធ​បំណុល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ