សារបែកធ្លាយដែលបង្ហាញថា លោកបណ្ឌិត សេង សារី ដែលបង្ហាញខ្លួនយ៉ាងស្និទ្ធជាមួយលោក សម រង្ស៊ី ជាចារកម្មបង្កប់ខ្លួនដើម្បីលួចផ្តល់ព័ត៌មានសំងាត់ ពីយុទ្ធសាស្ត្រ របស់ក្រុមគណបក្សប្រឆាំងដែលភៀសខ្លួននៅក្រៅប្រទេសនោះ ជំរុញឱ្យមានការយល់ឃើញផ្សេងៗគ្នា ពីក្រុមអ្នកនិយមប្រជាធិបតេយ្យ។
ប៉ុន្មានថ្ងៃទៅនេះ មានការចែកចាយតៗគ្នាលើបណ្តាញសង្គម ជុំវិញសារបែកធ្លាយរបស់ លោក ហ៊ុន សែន សន្ទនាជាមួយ លោក សេង សារី ពីបញ្ហាយុទ្ធសាស្រ្តផ្ទៃក្នុងរបស់បក្សប្រឆាំងឱ្យទៅ លោក ហ៊ុន សែន ដើម្បីរៀបចំយុទ្ធសាស្ត្រទប់ស្កាត់ ។
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ដែលធ្លាប់រួមដៃជាមួយលោក សេង សារី មានសង្ឃដីកាប្រាប់VODនៅថ្ងៃទី៥ ខែកុម្ភៈនេះថា លោក ហ៊ុន សែន ជាអ្នកបញ្ចេញសារបែកធ្លាយនេះ ដើម្បីវាយកម្ទាត់ និងបំបែកបំបាក់អ្នកប្រជាធិបតេយ្យនៅក្រៅប្រទេស។
ព្រះអង្គបន្តថា លោក ហ៊ុន សែន ជាមនុស្សទុច្ចរិតចូលចិត្តប្រើយុទ្ធសាស្រ្តបង្កប់ចារជន ដើម្បីឈ្លបតាមដានយុទ្ធសាស្រ្តដៃគូរប្រកួត គឺមិនខុសអ្វីពីរបប ប៉ុល ពត បង្កប់ឈ្លបដើម្បីសម្លាប់ពលរដ្ឋនោះទេ។
ម្យ៉ាងវិញទៀត ព្រះអង្គមានសង្ឃដីកាថា ចារជន ឬឈ្លបតាមដានរបស់លោក ហ៊ុន សែន នឹងអស់តម្លៃឬត្រូវបានលោក ហ៊ុន សែន ទម្លាយជាបន្តបន្ទាប់ នៅពេលគាត់គិតថាលែងមានប្រយោជន៍សម្រាប់បក្ស។
ព្រះអង្គថា៖ «សារនេះ ហ៊ុន សែន ជាអ្នកបញ្ចេញហើយ ហ៊ុន សែន បញ្ចេញសារមកឱ្យក្រុមអ្នកប្រជាធិបតេយ្យនឹងចាប់ផ្តើមមន្ទិលសង្ស័យគ្នា ហើយការព្យាយាមបញ្ចេញសំឡេងត្រឡប់មកវិញរបស់ លោក ហ៊ុន សែន រវាងចារកម្មរបស់គាត់នេះ គឺគិតចង់ដាក់កម្រិតឲ្យបុគ្គលអ្នកដែលបំពេញការងារឱ្យគាត់។ ដោយចារបុរសហ្នឹងធ្វើការឱ្យ ហ៊ុន សែន អត់ដល់គោលដៅ គឺរាយការណ៍ខុស។ រាយការណ៍ខុសត្រង់ចំណុចមួយដែលអាត្មាបានស្ដាប់ឮ គឺចំណុចថវិកា»។
សម្រាប់ព្រះអង្គ ប៊ុត ប៊ុនតិញ យល់ថា ការបញ្ចេញសារសំឡេងក៏ជាចេតនារបស់លោក ហ៊ុន សែន ចង់បង្វែព្រឹត្តិការណ៍សំណុំរឿងឃាតកម្មលើ លោក លិម គិមយ៉ា តំណាងរាស្រ្តបក្សសង្រ្គោះជាតិផងដែរ។
ព្រះអង្គបន្តថា ពួកចារកម្មឬជនបង្កប់ លោក ហ៊ុន សែន នឹងបរាជ័យ ប្រសិនបើអ្នកប្រជាធិបតេយ្យចេះតាមដានសង្កេត គឺដកពួកគេចេញពីក្រុមភ្លាម ដើម្បីកុំឱ្យមានបញ្ហាឬរាំងស្ទះការស្តារប្រជាធិបតេយ្យ។
ព្រះអង្គថា៖ «ការដឹកនាំរបស់គ្រួសារហ៊ុននេះ គាត់ព្យាយាមសម្លាប់បីយ៉ាង ទីមួយគឺគាត់សម្លាប់អ្នកជាតិនិយម យើងឃើញហើយ សម្លាប់អ្នកជាតិនិយមមានទាំងទម្រង់សិល្បៈ ទម្រង់សាសនា ទម្រង់បញ្ញាជនជាតិដើម គាត់ព្យាយាមសម្លាប់នោះ គេឃើញគ្រប់គ្នា ទីពីរគឺ ហ៊ុន សែន ព្យាយាមសម្លាប់សេដ្ឋកិច្ចជាតិខ្មែរ បង្វែរផលប្រយោជន៍ឱ្យបានទៅចៅហ្វាយនាយគាត់ខាងកើតជាដើម»។
តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក សួន សូរីដា និយាយថា ការបញ្ចេញសារបែកធ្លាយនេះ អាចជាចេតនា លោក ហ៊ុន សែន ចង់បន្លាចបក្សប្រឆាំងថាខ្លួនមានចារកម្មច្រើនកំពុងតាមដានសកម្មភាពពួកគេ។
លោកបន្តថា ជាចរិកជនផ្តាច់ការចូលចិត្តលេងល្បែងទុច្ចរិតបង្កប់មនុស្សរបស់ខ្លួន ដើម្បីឈ្លបតាមដានគោលនយោបាយបក្សប្រឆាំង ដើម្បីងាយស្រួលកម្ចាត់ពួកគេមិនឱ្យមានឳកាសប្រកួតប្រជែងអំណាច។
យ៉ាងណា លោកក៏បានក្រើនរំឮកមេដឹកនាំបក្សប្រឆាំងថា គួរតែមានការប្រុងប្រយ័ត្នខ្ពស់ និងតាមដានប្រវត្តិសមាជិកខ្លួនឱ្យច្បាស់ មុននឹងសម្រេចចិត្តជ្រើសរើសពួកគេឱ្យចូលរួមក្នុងជីវិតនយោបាយបក្ស។
លោកថា៖ «ខ្ញុំគិតថា អ្នកប្រជាធិបតេយ្យដើម្បីបណ្ដេញពួកគេ ហៅថាមិនដឹងដែរថាយើងយកបន្ទប់បើគាត់ប្រើប្រាស់ គឺចាំបាច់ណាស់ ត្រូវគេដឹងប្រវត្តិច្បាស់លាស់ពីបុគ្គលដដែលៗថាបុគ្គលផ្សេងទៀត មិនមែនជាបុគ្គលអ្នកនយោបាយ ឬក៏ជាសកម្មជនរបស់ ថ្នាក់ដឹកនាំក្នុងគណបក្សសង្គ្រោះជាតិ រួមទាំងគណបក្សអ្នកប្រជាធិបតេយ្យដទៃទៀត ដែលគាត់គ្រាន់តែជាបុគ្គលសាមញ្ញម្នាក់ដូចក្នុងរូបភាពជាច្រើននៅក្នុងនាមជាអ្នកវិភាគសង្គមមួយ»។
បន្ថែមពីនេះ តំណាងរាស្ត្របក្សសង្គ្រោះជាតិ លោក សរ ចាន់ដេត បានបង្ហោះសារលើហ្វេសរបស់លោក នៅថ្ងៃទី៥ ខែកុម្ភៈនេះ ដោយនិយាយថា «កុំឆ្ងល់ច្រើនអី បើ”ចារកម្ម”ស្មោះត្រង់នឹងមេ នុះ! ច្បាស់ជាមិនមានសារបែកធ្លាយទេ»។
លោកបន្តថា លោកចូលប្រឡូកនយោបាយក្នុងបក្សប្រឆាំង តាំងពីអាយុ២៥ឆ្នាំ ឥលូវអាយុ៥៥ឆ្នាំហើយ លោកមិនដែលខ្វល់ថា នរណាជា «ចារកម្ម ហ៊ុន សែន» នោះទេ។
ម្យ៉ាងវិញទៀត លោកថា «អ្នកដែលបានចុះចូលជាមួយ ហ៊ុន សែន ដោយសារគ្នាហត់ ព្រោះផ្លូវដែលយើងកំពុងធ្វើដំណើនេះ ជាផ្លូវវែងឆ្ងាយ ដូច្នេះអ្នកណាគេទ្រាំបាន គេទ្រាំ អ្នកណាគេទ្រាំមិនបាន គេត្រូវទៅបោក ហ៊ុន សែន ដើម្បីសុំរស់មួយរយៈសិន ដោយ ហ៊ុន សែន ជាមនុស្សស្រួលបោកបំផុត»។
សម្រាប់លោក ចាន់ដេត អះអាងថា ក្នុងខួរក្បាលលោក គឺលោក ហ៊ុន សែន គ្មានសមត្ថភាពទេ ក្នុងការបញ្ជូន “ចារកម្ម” ចូលមកក្នុងគណបក្សប្រឆាំងនោះ។
ចំណែក អតីតមន្ត្រីខុទ្ទកាល័យ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ គឺលោក មុត ចន្ថា បាននិយាយលើហ្វេសប៊ុករបស់លោកថា «កុំដោះសារសំឡេងបង្កើតដោយ AI! ចរិតមនុស្សមិនស្មោះត្រង់នៅតែក្បត់ទំនុកចិត្ត»។
អតីតសកម្មជនបក្សប្រឆាំង លោក ហ៊ីង សុខសាន បាននិយាយនៅលើហ្វេសប៊ុករបស់លោកថា កន្លងមកប្រជុំ Zoom គ្នាតែ៧នាក់ ក៏មានលោក ហ៊ុន សែន ម្នាក់ចូលរួមស្តាប់ដែរ។ ចុងក្រោយយកចារកម្មគេមកដល់សំបុកខ្លួននៅអាមេរិក ដើរតាមរដ្ឋ និងរៃលុយគ្នាឲ្យទៀត។
ចំណែក អ្នកវិភាគសង្គម និងនយោបាយ លោក គឹម សុខ បង្ហោះសារលើហ្វេសប៊ុករបស់ដោយនិយាយថាអង្គការចាត់តាំងមួយ អាចនឹងរអិលដល់ទីបញ្ចប់ កាលបើចារជនរបស់សត្រូវ អាចពង្រឹងបានកម្លាំងផ្ទៃក្នុងមួយផ្នែកនៃអង្គការចាត់តាំងនោះឲ្យគាំទ្រគេ។ ស្ថានការណ៍បែបនេះ ទាមទារឲ្យមេដឹកនាំ ហ៊ានវះកាត់ជាបន្ទាន់»។
ដោយឡែក ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត មានប្រសាសន៍ថា បើនេះពិតជាសារសំឡេងរបស់លោក សេង សារី មែន ឆ្លុះបញ្ចាំងថា លោក ហ៊ុន សែន លែងទុកចិត្តគាត់ គឺចង់ឱ្យក្រុមបក្សប្រឆាំងដឹងពីសមាសភាពគាត់ ដើម្បីឈប់ប្រើគាត់។
លោកបន្តថា ជាទម្លាប់លោក ហ៊ុន សែន បើចារកម្មណា លោកលែងទុកចិត្តឬប្រើលែងកើតប្រយោជន៍សម្រាប់បក្ស គាត់នឹងបញ្ចេញអាថ៌កំបាំងម្នាក់នោះ ឱ្យក្រុមបក្សប្រឆាំងដឹង ដើម្បីឱ្យពួកគេបារម្ភផងដែរ។
លោកថា៖ «លោក ហ៊ុន សែន គឺជាមេគុកនៅប្រទេសកម្ពុជា ការដឹកនាំរបស់គាត់គឺយកប្រទេសកម្ពុជា ដូចជាកន្លែងដាក់ធ្វើគុកច្រវាក់ដាក់មនុស្សម្នាក់ អ្នកណាដែលប្រឆាំងនឹងគាត់ គឺគាត់ចាប់ដាក់គុកទាំងអស់កុំថាអ្នកប្រជាធិបតេយ្យ ឬអ្នកគាំទ្រគណបក្សកាន់អំណាចឲ្យតែទឹកចិត្តគាត់អត់ដែលចាប់ដាក់គុកទាំងអស់ឲ្យការដឹកនាំនេះ គឺជា ការដឹកនាំបែបទុច្ចរិត បែបឧក្រិដ្ឋកម្មបានគ្រាន់បើជាងមានឈ្មោះ គ្រាន់បើជាងរបបខ្មែរក្រហមបន្តិចបន្តួចទេ ប៉ុន្តែអាចតម្រៀបដឹកនាំក្បួនខ្នាតដឹកនាំ គឺដូចពួកខ្មែរក្រហមសម័យប៉ុលពតអ៊ីចឹង»៕