សមាគមមួយថាកម្ពុជាកំពុងដោះស្រាយបញ្ហាបំណុលវ័ណ្ឌករបស់ពលរដ្ឋ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា កម្ពុជា បាន​និងកំពុង​សហការជាមួយដៃគូជាតិ និង​​អន្តរ​ជាតិ ដោះស្រាយយ៉ាងសកម្មនូវបញ្ហាប្រឈម​សំខាន់ៗ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ជា​ពិសេស​បញ្ហា​បំណុលវ័ណ្ឌករបស់ពលរដ្ឋ ដើម្បី​ធានា​ថា ពលរដ្ឋ​ដែលងាយ​រង​គ្រោះ​​ទទួលបាន​នូវ​កិច្ច​​ការ​ពារ​។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចុះថ្ងៃ​ទី៥ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​​លើក​ឡើង​​ថា ចាប់តាំងពីឆ្នាំ​២០២៤​មក ធនាគារជាតិនៃកម្ពុជា និងអង្គការ​សហប្រជាជាតិ បានដឹកនាំ​ការ​ពិគ្រោះយោបល់ដ៏សំខាន់មួយ ដើម្បីដោះស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា ដូចជា​ បញ្ហាបំណុល​ច្រើន​លើសលុប ហានិភ័យហិរញ្ញវត្ថុ​​ពាក់ព័ន្ធ​​នឹ​ង​​ដីធ្លី និង​កិច្ចការ​ពារ​​អតិថិជន។ មកដល់បច្ចុប្បន្ន មានភាគីពាក់ព័ន្ធជាង ១០០ស្ថាប័ន​មក​ពី​ផ្នែក​រដ្ឋាភិ​បាល អង្គការ​​សង្គម​ស៊ីវិល គ្រឹះស្ថាន​ហិរញ្ញវត្ថុ​​និងដៃគូអភិវឌ្ឍន៍ ដើម្បី​ពង្រឹង​ប្រតិបត្តិ​ការ​ផ្តល់​ប្រាក់​កម្ចី និងធាននានូវភាពយូរអង្វែងរបស់វិស័យនេះ។

សមាគមនេះ​ ​​បន្តថា ខ្លួនជាភាគីសំខាន់មួយក្នុង​ការដោះស្រាយ​បញ្ហា​បំណុល​វ័ណ្ឌករបស់​ពលរដ្ឋ និង​​ប្ដេជ្ញា​សហការ​ជាមួយ​ដៃ​គូ​ជាតិ និង​អន្ដរជាតិ ដើម្បី​គាំពារ​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​ពី​កម្ចី​ឥណទាន។ ប្រភព​ដដែល បន្ត​ថា ក្នុង​កិច្ច​សហការ​ជាមួយ​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​អង្គ​ការ​សហប្រជាជាតិ សមាគម​នេះ កំពុងគាំទ្រដល់ការធ្វើកំណែទម្រង់​នានា ដើម្បី​ឱ្យ​​ធានា​​​ថា ការ​ផ្ដល់​កម្ចី​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​សមត្ថភាព​សង​ត្រឡប់​របស់​ពលរដ្ឋ ជាជាង​ការ​ពឹង​ផ្អែក​លើ​ទ្រព្យ​ធានា។

សមាគមនេះ បន្តថា៖ «ការដ៏សំខាន់មួយទៀត​ គឺ​ការ​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ដី​សហគមន៍​របស់​​​ជន​ជាតិ​ដើម​ភាគ​គិច មក​ធ្វើ​ជា​ទ្រព្យ​ធានា​ ដែល​នឹង​​ជួយ​​ការ​ពារ​​សហគមន៍​ងាយ​រង​គ្រោះ​ពី​ហានិ​ភ័យ​នៃ​ការ​​បាត់​បង់​ដីធ្លី»។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក​ស្រី ឌិត នីតា បានលើកឡើងក្នុង​សេចក្ដី​​ប្រកាស​ព័ត៌មាន​នោះ​​ថា សមាគម​​បាន​​ដឹង​​នូវបញ្ហា​ប្រឈម​ដែល​អ្នក​ខ្ចី​ប្រាក់ កំពុង​ជួប​ប្រទះ ហើយ​​​សមាគម​កំពុង​ខិត​ខំ​យ៉ាង​សកម្ម ដើម្បី​កែ​លម្អ​ប្រតិបត្តិ​ការ​ផ្ដល់​កម្ចី និង​ពង្រឹង​កិច្ច​គាំពារ​ដល់​អតិថិជន។

លោកស្រីបានគូសបញ្ជាក់​ថា៖ «តាមរយៈកិច្ចសហការ​ជាមួយដៃគូ យើងកំពុងប្រឹងប្រែង​កសាង​​វិស័យ​ហិរញ្ញវត្ថុ​ប្រកបដោយ​បរិយាបន្ន និង​ផ្តល់​​ឱកាស​​ជូន​ប្រជាពលរដ្ឋ​ដែល​​ងាយ​​រ​ង​​គ្រោះ​បំផុត​នៅ​កម្ពុជា។ គោលដៅរបស់​យើង គឺ​ផ្តល់​ជូន​​អតិថិជន​នូវ​​សេវា​ និងផលិត​ផល​ ហិរញ្ញវត្ថុ​​ផ្លូវ​ការ​ដែល​មាន​​ភាព​​ចាំបាច់​​តាម​តម្រូវការ​ ដើម្បីពួកគាត់​ទទួលបានភាពជោគជ័យ​ផ្នែក​​ហិរញ្ញវត្ថុ និង​ការពារ​ពួកគាត់ពីហានិភ័យ​ហិរញ្ញវត្ថុ»

លោក កាំង តុង​ងី ប្រធាន​នាយកដ្ឋាន​ទំនាក់​ទំនង​សមាគមមីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​ថ្លែង​បន្ថែម​​លើ​​សេចក្តី​ប្រកាស​ព័ត៌មាន ​​​​​​នៅថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥​នេះ​ថា បញ្ហា​បំណុល​ក្នុង​ប្រទេស​​កម្ពុជា មិន​មែន​តែ​​ក្នុ​ង​វិស័យ​មីក្រូហិរញ្ញវត្ថុនោះទេ ក្រៅពី​នោះ​ក៏​មាន​​បំណុល​​ដោយ​ការ​ទិញ​ផ្ទះ បំណុល​​ក្នុង​​ហាង​​បញ្ចាំ​ដែល​មិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ធនាគារ​ជាតិ​​ អ្នក​​ផ្តល់​កម្ចី​ចង​ការ​ប្រាក់​​ក្រៅ​ផ្លូវ​​ការ​​ និង​​កម្ចីតាមអនឡាញជាដើម។

លោកថា៖ «យើងដោះស្រាយបញ្ហាប្រឈមជាប្រព័ន្ធ ចឹងការ​ដោះស្រាយ​ជា​ប្រព័ន្ធ​នេះ វា​ពាក់​ព័ន្ធ​តាំង​ពី​គោល​នយោ​បាយ តាំង​ពី​ច្បាប់ ទាក់ទងតាំងពីក្រសួង​អីផ្សេង​ៗ ពីព្រោះពេលខ្លះវា​ត្រូវ​​ការ​ផ្លាស់​ប្តូរ​ទិន្នន័យ ត្រូវ​ការ​ចូលរួម​ ឧទាហរណ៍ដូចកម្ចីក្រៅប្រព័ន្ធ កម្ចីអនឡាញ​នេះ ត្រូវ​ការ​​ការ​ចូល​រួម​ជាមួយ​ក្រសួង​​មហាផ្ទៃ​​អី​ជា​ដើម ក្នុងការ​ដោះស្រាយទប់ស្កាត់»

កាលពីខែធ្នូ ឆ្នាំ២០២២ អង្គការ​សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស​ចំនួន​​៣ ធ្លាប់បានដាក់ពាក្យបណ្តឹង​ទៅស្ថាប័នថ្នាក់ជាតិ​​របស់​រដ្ឋាភិបាល​ប្រទេស​​ហូឡង់ ដែល​ឃ្លាំ​មើល​ការ​​រក​ស៊ី​របស់​ក្រុម​ហ៊ុន​​ហូឡង់ ដោយ​​ចោទប្រកាន់ក្រុមហ៊ុន​​​មីក្រូហិរញ្ញវត្ថុ អយ​កូក្រេឌីត (Oikocredit) ថា​​​បាន​​​បរាជ័យ​​ក្នុងការ​អនុ​វត្ត​​វិធាន​ការ​​ត្រួត​​ពិនិត្យ​​​ឲ្យ​​បាន​គ្រប់​ជ្រុងជ្រោយ និង​​​ធ្វើការវិនិយោគ​ ដែល​ផ្ដល់​​ផល​ប៉ះ​ពាល់​អវិជ្ជ​មាន និង​មានការ​រំលោភបំពានសិទ្ធិមនុស្សធ្ងន់ធ្ងរ​ ​​នៅក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ នៅ​​កម្ពុជា ចាប់តាំងពីឆ្នាំ២០១៧​មក។

សេចក្តីថ្លែងការណ៍របស់អង្គការ​សិទ្ធិមនុស្ស​ទាំង៣ ដែលបានចេញកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ​២០២៥​ថ្មីៗនេះ បានឱ្យដឹងដែរថា ​កូនបំណុល​ទាំងនោះ​ កំពុង​​ត្រូវ​ការ​ ​និង​​សម​នឹង​​ទទួល​បាន​នូវ​​​យន្ត​ការ​ដោះស្រាយ​បណ្តឹង​មួយ​​ដែល​មាន​ប្រ​សិទិ្ធ​ភាព​ ​និង​សំណង​ផ្នែក​ហិរញ្ញវត្ថុ​យ៉ាង​សមរម្យ​ ​ពី​អ្នក​​វិនិយោគ​អន្តរជាតិ​នានា​ ​ដែល​បាន​​​និង​​កំពុង​បន្ត​ទទួល​បាន​ប្រាក់ចំណេញ​យ៉ាង​ច្រើន​លាន​ដុល្លារ​អាមេរិក​ ​នៅ​​ខណៈ​ដែល​កូនបំណុល​ជាច្រើន​ ដែល​​ជា​ប្រជា​ពលរដ្ឋ​​នៅ​​កម្ពុជា​​កំពុង​​រង​ទុក្ខ​វេទនា​ និង​​​​​​នៅ​តែ​​បន្ត​រងគ្រោះ​ពី​​​​សកម្មភាព​របស់​គ្រឹះស្ថាន​​មីក្រូ​ហិរញ្ញ​វត្ថុ​ ​និង​ធនាគារ​នៅ​កម្ពុជា​ ​ដែល​​បាន​ផ្តល់​​ប្រាក់​ក​ម្ចី​បែប​កេងប្រវ័ញ្ច​ ​ការ​​ប្រមូល​ឥណទាន​ដោយ​​បង្ខិត​បង្ខំ​ ​ជា​លក្ខណៈ​ប្រព័ន្ធ​ ​និង​ស្ទើរតែ​ទូទាំង​ប្រទេស​ ​។​

អង្គការ​មិន​មែន​រដ្ឋាភិបាល​ទាំង​បីនោះ ​រួមមាន អង្គការ​​សិទ្ធិ​មនុស្ស​​​លីកាដូ និង​អង្គការ​សមធម៌​កម្ពុជា និង​​​អង្គការ​ FIAN អាល្លឺម៉ង់។

នាយកទទួលបន្ទុកទូទៅនៃអង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត នៅថ្ងៃទី០៦ ខែកុម្ភៈនេះ បាន​​សាទរ​ការ​បង្ហាញ​​​ប្តេជ្ញាចិត្ត​របស់​ធនាគារ​ជាតិ​កម្ពុជា និង​​សមាគម​ហិរញ្ញវត្ថុ​កម្ពុជា និង​ដៃគូ​នានា ប៉ុន្តែ​អ្វី​ដែល​លោក​កត់​សម្គាល់​នោះ គឺ​​​លទ្ធផលដែលទទួល​បាន​ពី​វិធាន​ការ​នេះ នៅ​​មិន​ទាន់​ឆ្លើយ​តប​នឹង​បញ្ហា​ដែល​ពលរដ្ឋ​ជួប​ប្រទះ​នោះ​ទេ ខណៈពលរដ្ឋ​ដែលរង​គ្រោះដោយ​សារ​បំណុល​វ័ណ្ឌក​នេះ មិនត្រូវបានគេ​ហៅឱ្យចូលរួមនៅ​​ក្នុងកិច្ចពិគ្រោះយោបល់​នោះទេ។​

លោកបន្ត​ថា អ្វីដែល​ជា​ការលើកឡើង​ក្នុងសេចក្តីប្រកាសព័ត៌មាននេះ គឺ​​ត្រូវ​ការ​​ពេល​​វេលាក្នុង​ការ​​ត្រួត​ពិនិត្យ តាម​ដានវិធានការដែលបានដាក់ចេញ​ និងត្រូវ​មាន​​​យន្តការ​ច្បាស់​លាស់​បន្ថែម​​ទៀត ដើម្បី​ដោះស្រាយ ព្រោះ​បញ្ហា​បំណុល​ជារឿង​​ដែល​កើត​មាន​ជាយូរ​ឆ្នាំ​មកហើយ។​

លោកថា៖ «យន្តការ​ឬក៏មធ្យោបាយ ឬក៏​​ដំណោះស្រាយ​ផ្សេង​ៗហ្នឹង គ្រាន់តែ​ចេញនូវ​គោល​ការណ៍​​រួម ប៉ុន្តែ​​អ្វី​ដែល​សំខាន់គឺការអនុវត្ត អញ្ចឹង​​ដើម្បីឱ្យការ​អនុវត្តមានប្រសិទ្ធភាព ​វាទាល់តែ​មាន​ការ​តាមដាន និងការ​​ត្រួតពិនិត្យ ហើយ​មួយទៀត​បញ្ហា​រំលោភសិទ្ធិលើវិស័យមីក្រូហិរញ្ញ​វត្ថុ​មួយ​ចំនួន ឬក៏បញ្ហាដែលកើត​ឡើង​​ហ្នឹង វា​ច្រើន​​ឆ្នាំ​មក​​ហើយ មិន​មែន​ទើប​តែ​កើត​​ទេ ចឹង​ដំណោះ​ស្រាយ​​ដែល​កើត​​ចេញ​ភ្លាមៗ​នេះ វាមិន​ទាន់​អាច​​ឆ្លើយ​តប​នឹង​​ដំណោះ​ស្រាយ​​ហ្នឹង​ចេញ​​​ទេ វា​ត្រូវ​ការ​​ពេល​ ហើយ​និង​យន្ត​ការ​​ត្រួត​ពិនិត្យ​​តាម​ដាន ដើម្បីឱ្យ​មាន​ប្រសិទ្ធិភាព»

ដើម្បីឱ្យ​ការអនុវត្តមានប្រសិទ្ធភាព លោក អំ សំអាត បាន​​ជំរុ​ញ​​ឱ្យ​មាន​​​​ការ​បង្កើត​យន្ដ​ការ​ឯករាជ្យ​ដែល​​មិន​​ចំណុះ​ឱ្យ​​​ស្ថាប័ន​រដ្ឋ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុ ព្រមទាំង​​ដាក់​បញ្ចូល​​ជន​​រងគ្រោះ​ដោយ​សារ​​បំណុល​​វ័ណ្ឌក ចូលរួម​ក្នុងកិច្ច​ពិគ្រោះយោបល់​​នានា​ ដើម្បី​សិក្សា​ស្រាវ​ជ្រាវ​បន្ថែម និង​តាម​ដាន​ពី​ការ​អនុវត្ត​យន្តការ​ដោះស្រាយ​ទាំង​នោះ។

បើតាមមន្ត្រី​សិទ្ធិមនុស្ស​រូបនេះ​ តាមរយៈការ​ស្រាវ​ជ្រាវកន្លមក រកឃើញ​ថា​ បញ្ហា​រំលោភសិទ្ធិ​មនុស្ស​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះ មានដូចជា ការបង្ខំឱ្យលក់ដីសងបំណុល​ ពលកម្មកុមារ កុមារ​បោះ​បង់​ការ​​សិក្សា ការ​​​ចំណាក​ស្រុក​​ដោយ​បង្ខំ ការកាត់បន្ថយ​​ការ​​ទទួល​ទាន​​អាហារ​ដើម្បី​សន្សំ​ប្រាក់​ក្នុង​ការ​​ស​ង​ត្រឡប់​ និងការ​បំភិតបំភ័យមួយចំ​នួន​ពី​មន្ត្រី​​ឥណទាន។  

របាយការណ៍​ការសិក្សាមួយ​ដែល​ផ្សាយកាលពីឆ្នាំ២០២២ ដែលផ្តល់មូលនិធិដោយក្រសួងសហព័ន្ធ និង​សហប្រតិបត្តិការសេដ្ឋកិច្ចរបស់រដ្ឋាភិបាលអាល្លឺម៉ង់ ដែល​ជា​អ្នក​ផ្តល់​មូល​និធិ​ឈាន​មុខ​គេ​មួយ​របស់​ឧស្សាហកម្ម​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ បានឱ្យដឹងថា ពលរដ្ឋកម្ពុជាប្រមាណ​ជាង ១សែន​៦ម៉ឺន​​គ្រួសារ (១៦៧​ ០០០គ្រួសារ) បាន​លក់​ដីធ្លី​​របស់​ពួក​គេ ដើម្បី​សង​បំណុល​ក្នុង​រយៈ​ពេល​៥ឆ្នាំ​ចុង​ក្រោយ​នេះ។ របាយ​ការណ៍​នោះ ​បានជំរុញឱ្យមានការបន្ធូរ​បន្ថយ​បំណុល នៅ​ក្នុង​ករណី​មួយ​ចំនួន និង​​បាន​អំពាវ​នាវ​ឱ្យ​រដ្ឋាភិបាល​អាល្លឺម៉ង់ បញ្ឈប់​ការ​វិនិយោគ​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ