មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ដែលតែងជេរប្រមាថ ចោទប្រកាន់លាបពណ៌ និងចាប់ឃុំខ្លួន ក្រុមប្រឆាំងដាក់ពន្ធនាគារ បានអះអាងថា ខ្លួនមានការឈឺចាប់ចំពោះការជេរប្រមាថ ពីក្រុមប្រឆាំងវិញ ដោយបានចេញសារព្រមៗគ្នា ទំនងជាយុទ្ធសាស្ត្រ និងព្រមានចាត់វិធានការ ចំពោះក្រុមប្រឆាំងមួយចំនួន ដែលតែងតែជេរប្រមាថមកលើ លោក ហ៊ុន សែន។
យ៉ាងណាក្តី អ្នកនយោបាយនៅក្នុងស្រុក ចង់ឱ្យរដ្ឋាភិបាលបើកលំហនយោបាយ និងបើកឱ្យមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិឱ្យបានទូលំទូលាយស្របតាមច្បាប់ ប៉ុន្តែក៏មិនគាំទ្រឱ្យមានការជេរប្រមាថគ្នាទៅវិញទៅមកនោះឡើយ។
ជ្រុងមួយនៃបញ្ហានេះ លោកខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបច្ចុប្បន្នជាអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលហាក់ដូចជាធ្វើការព្រមានទៅដល់ក្រុមអ្នករិះគន់រដ្ឋាភិបាលថា«មាត់ជាសត្រូវទីមួយរបស់ជីវិតអ្នក បើអ្នកចង់រស់បានយូរចូលបិទវាទៅ! ដឹងដែរ តែណាស់មិនបិទ!»។
ក្នុងថ្ងៃដដែលនេះ លោក ហ៊ុន ម៉ានី កូនប្រុសលោក ហ៊ុន សែន ដែលគាត់ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក៏បានសរសេរសារបង្ហោះ ក្នុងសម្តីដើមថា «ខ្ញុំពិតជាមិនអាចទទួលយកបាន នូវទង្វើរបស់ជនអគតិមួយក្រុម ដែលបានប្រើប្រាស់ពាក្យពេចន៍អសុរស ប្រមាថកាតទានមកដល់សមាជិកក្រុមគ្រួសារខ្ញុំឡើយ។ បើទោះពួកគេមិនទទួលស្គាល់ នូវការលះបង់របស់ក្រុមគ្រួសារខ្ញុំ ក្នុងបុព្វហេតុជាតិ និងមាតុភូមិនាពេលកន្លងមក ក៏គួរពួកគេត្រូវទទួលស្គាល់នូវភាពចាស់ទុំរបស់ពួកគាត់ក្នុងសង្គមខ្មែរ ដែលមានអារ្យធម៌ថ្កុំថ្កើង និងថ្លៃថ្នូរដែរ»។
ចំណែក លោក ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏មិននៅស្ងៀមក្នុងបញ្ហានេះដែរ ដោយលោកបានសរសេរនៅលើហ្វេសប៊ុករបស់លោក នៅថ្ងៃទី៤ ខែកុម្ភៈថា «ទោះជាបុគ្គលខ្លះចិញ្ចឹមចិត្តប្រមាថកាតទាន សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដោយសារស្រេចឃ្លានអំណាច និងព្រោះតែគំនុំបុគ្គលយ៉ាងណាក្ដី ក៏នោះជាសន្តានស្មោកគ្រោករបស់បុគ្គលជ្រុលនិយមមួយក្ដាប់តូច ក្នុងខណៈប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស គោរពស្រឡាញ់ គាំទ្រ ការពារលោកយ៉ាងច្រើនលើសលប់នោះ និងថែមទាំងហៅលោកថា«សម្ដេចពុកៗ» ពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅប្រកបដោយព្រហ្មវិហារធម៌»។
ទាក់ទងនឹងរឿងនេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល និងជាអ្នកដែលនិយាយកាន់ជើង និងលើកតម្កើងគ្រួសារហ៊ុនដូចព្រះ ត្រូវបានសារព័ត៌មាន ស៊ីស៊ីថាមស៍ ស្រង់សម្តីយកមកចុះផ្សាយថា ការ«ជេរប្រមាថ លាបពណ៌ និងការប្រើប្រាស់ពាក្យអសុរស» របស់ក្រុមសមាជិកអតីតគណបក្សប្រឆាំង នៅក្រៅប្រទេស មកលើថ្នាក់ដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន ជាពិសេស លោក ហ៊ុន សែន គឺមិនមែនជាសិទ្ធិនៃការបញ្ចេញមតិនោះទេ ពោលគឺវាជាការបំពានសិទ្ធិលើអ្នកដទៃ ជាពិសេសប្រមាថដល់ថ្នាក់ដឹកនាំជាតិ។
លោកថា រាជរដ្ឋាភិបាល បាននិងកំពុងរិះរកវិធានការតបតវិញ ជនមួយចំនួនតូចនៅក្រៅប្រទេសទាំងអស់នោះ។
សម្រាប់ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលជាមនុស្សជំនិត របស់លោក សម រង្ស៊ី ក៏បានសរសេរបង្ហោះលើបណ្តាញសង្គមរបស់លោកក្នុងន័យដើមថា «ខ្ញុំមិនគាំទ្រការជេរប្រមាថឡើយ។ តែការជេរប្រមាថមិនឃោរឃៅ ដូចការសម្លាប់និងចាប់មនុស្សដាក់គុកនោះទេ»។
សំណេររបស់ លោក អេង ឆៃអ៊ាង នេះទំនងជាចង់សំដៅទៅលើការបាញ់សម្លាប់ លោក លិម គិមយ៉ា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ កាលពីពេលថ្មីៗនេះ និងសំណុំរឿងឃាតកម្មរាប់សិបទៀត ក្រោមដៃគ្រួសារហ៊ុនជាង៤ទសវត្សរ៍ទៅនេះ រួមទាំងការចាប់ឃុំខ្លួនអ្នកមាននិន្នាការប្រជាធិបតេយ្យ ដែលគេហៅថា អ្នកទោសមនសិការ។
បើតាមអង្គការលីកាដូ គិតមកដល់ត្រឹមខែមករា ឆ្នាំ២០២៥នេះ នៅមានអ្នកទោសមនសិកា ចំនួន ៥៩នាក់ កំពុងជាប់ឃុំ ក្នុងនោះក៏មាន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិផងដែរ។
សម្រាប់អ្នកនយោបាយ ដែលកំពុងរស់នៅក្នុងស្រុក ដូចជាលោក អ៊ូ ច័ន្ធរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បច្ចុប្បន្នជាសហស្ថាបនិកគណបក្សកែទម្រង់កម្ពុជា និងលោក មាជ សុវណ្ណារ៉ា ប្រធានគណបក្សជំនាន់ថ្មី មិនគាំទ្រការរិះគន់បែបជេរប្រមាថគ្នាទៅវិញទៅមកនោះទេ ដោយលើកឡើងថា ការរិះគន់បែបជេរប្រមាថគ្នា វាមិនបានផ្តល់ផលអ្វីដល់ប្រជាជាតិខ្មែរនោះឡើយ តែផ្ទុយទៅវិញ វាមានតែធ្វើឱ្យខ្មែរកាន់តែបែកបាក់ ឆ្ពោះទៅរកគ្រោះមហន្តរាយជាតិតែ ប៉ុណ្ណោះ។
លោក មាជ សុវណ្ណារ៉ា លើកឡើងថា ការនិយាយរិះគន់ក្នុងន័យស្ថាបនា ពីវិបត្តិសង្គមជាក់ស្តែង ដូចជាការរំលោភបំពានសិទ្ធិមនុស្ស ភាពអយុត្តិធម៌នៅក្នុងប្រព័ន្ធតុលាការ និងវិបត្តិបញ្ហារំលោភបំពានដីធ្លីជាដើម មិនមែនជារូបភាពជេរប្រមាថទេ ។
លោកគូសបញ្ជាក់ថា សង្គមប្រជាធិបតេយ្យ ពលរដ្ឋដែលជាម្ចាស់ប្រទេស ត្រូវការឱ្យអ្នកដឹកនាំដែលជាអ្នកបម្រើដល់សង្គមជាតិ បម្រើប្រជារាស្ត្រ មិនប្រព្រឹត្តអំពើពុករលួយបក្ខពួកគ្រួសារនិយម។
លោកថា៖ «ចឹងហើយការដែលគាត់ចង់បង្ហាញន័យអត្ថាបដិរូប ឬក៏ន័យអត្ថានុរូបបែបណាពីបញ្ហាគំរាមកំហែងការបាញ់សម្លាប់ សូម្បីតែអតីតអ្នកតំណាងរាស្ត្រ ឬក៏អ្នកវិភាគក៏ដូចជាប្រធានសហជីពអតីតកាលកន្លងមក អ្នកការពារព្រៃឈើ អ្នកការពារបរិស្ថាន អ្នកការពារតស៊ូមតិអី ក្នុងបែបអហិង្សាត្រូវបានគេជាន់ឈ្លីគំរាមកំហែង បំភិតបំភ័យ និរទេសរត់ចោលស្រុកឬក៏ចាប់ដាក់គុកអីជាដើម ខ្ញុំថា អាហ្នឹងមិនមែនជាគោលការណ៍ប្រជាធិបតេយ្យ ហើយជាប្រទេសមួយដែលមិនគោរពនូវអ្វីជានីតិរដ្ឋ អាហ្នឹងតាមដែលការមើលឃើញរបស់ខ្ញុំ»។
លោក មាជ សុវណ្ណារ៉ា លើកឡើងទៀតថា ប្រជាពលរដ្ឋ ក៏ដូចជាអ្នកនយោបាយក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលនានា ដែលបានធ្វើការបញ្ចេញមតិក្នុងន័យស្ថាបនា ដោយលើកឡើងពីបញ្ហាអវិជ្ជមាននៅក្នុងសង្គម គឺសុទ្ធតែមានបំណងចូលរួមជួយប្រទេសជាតិ កសាងជាតិទាំងអស់គ្នា។
លោកបញ្ជាក់ថា វាអត់មានអ្វីដែលខ្មែរគ្រប់រូបត្រូវបង្កើតសត្រូវបងប្អូនឯង ដោយគ្រាន់តែមាននិន្នាការខុសគ្នា មានគំនិតទស្សនៈផ្ទុយគ្នា ចាត់ទុកគ្នាជាសត្រូវស៊ីសាច់ហុតឈាមនោះទេ។
បន្ថែមពីនេះ លោកចង់ឃើញអ្នកនយោបាយខ្មែរ លុបបំបាត់នូវវប្បធម៌មានឯងអត់អញ មានអញអត់ឯង ដែលជាដើមហេតុធ្វើឱ្យខ្មែរឈ្លោះគ្នាគ្មានទីបញ្ចប់ ។
ចំណែក លោក អ៊ូ ច័ន្ទរ័ត្ន ថ្លែងថា ការតវ៉ាដោយសុជីវធម៌ ដោយមានក្រមសីលធម៌ វាអាចបញ្ចៀសពីហានិភ័យនៃជម្លោះទាស់ទែង។
ប៉ុន្តែផ្ទុយទៅវិញ លោកថា បើឱ្យមនុស្សបិទមាត់ទាំងអស់គ្នាមិនតវ៉ា និងមិនហ៊ាននិយាយ ពីបញ្ហាសង្គមជាតិអ្វីសោះ វាជាគ្រោះថ្នាក់ដល់ជាតិទាំងមូល។
លោកថា៖ «ឃើញភាសាជនជាតិអាមេរិកគេថា អ្នកអូសរទេះជួនកាលមិនដឹងថា រទេះហ្នឹងអស់ប្រេងទេ ទាល់តែឮសូរង៉េតង៉តអីពីក្រោយបានដឹងថា វាអស់ប្រេងអស់ខ្លាញ់អីចឹងទៅ។ មនុស្សនៅក្នុងសង្គមដូចគ្នា បើយើងមិនបញ្ចេញមតិមិនប្រាប់ពីកង្វល់យើងទេ ជួនកាលអ្នកដឹកនាំក៏មិនដឹង អត់បានឮ អត់បានដឹងពីសុខទុក្ខរបស់យើងទេ ពីព្រោះយើងមិនអាចរំពឹងថាគេដឹងគ្រប់រឿងទេ។ ចឹងហើយបានជានៅក្នុងប្រទេស ដែលប្រកាន់យកប្រជាធិបតេយ្យនេះ គេត្រូវតែស្តាប់មតិរាស្ត្រហ្នឹង អ្នកដែលរស់នៅក្នុងសង្គមហ្នឹង តើមានបញ្ហាអ្វីខ្លះ? ត្រូវការបញ្ចេញមតិដើម្បីការពារផលប្រយោជន៍រៀងៗខ្លួនផង ផលប្រយោជន៍រួមផង»។
លោកគូសបញ្ជាក់ថា ប្រជាពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋមានសិទ្ធិបញ្ចេញមតិជាទូទៅ ទាំងបញ្ហាខ្លួន និងបញ្ហាជាតិ ពីព្រោះពួកគាត់ជាម្ចាស់ប្រទេស។
ចំណែក លោក ហេង ស្រស់ សកម្មជនការពារបរិស្ថានល្បីឈ្មោះម្នាក់ ដែលរងការគំរាមសម្លាប់ជាបន្តបន្ទាប់រហូតដល់៤ដង ដោយសារតែភាពសកម្ម ក្នុងការចុះឃ្លាំមើលការបំផ្លិចបំផ្លាញធនធានធម្មជាតិ បាននិយាយថា សាររបស់មន្ត្រីក៏ជាការគំរាមកំហែងទៅដល់សកម្មជនផងដែរ។
លោក ហេង ស្រង់ លើកឡើងថា បើសិនជាលោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដូចនេះហាក់បីដូចជាគាត់ចូលរួមដៃជាមួយនឹងពួកឧក្រិដ្ឋជន ដែលមិនឱ្យសកម្មជនប្រកាសប្រាប់សាធារណជនថា ឧក្រិដ្ឋជនណាខ្លះ ដែលរកស៊ីធ្វើនូវទង្វើអាក្រក់ ដោយបានបំផ្លិចបំផ្លាញធនធានធម្មជាតិ ហើយបែរជាគំរាមសម្លាប់គេថែមទៅទៀត។
លោកថា៖ «ចំពោះការបារម្ភពីសុវត្ថិភាពយើងបារម្ភហើយប្រពន្ធកូន តែយើងមិនដឹងធ្វើម៉េចទេ ព្រោះយើងដឹងហើយថា យើងរស់នៅក្នុងប្រទេសមួយនេះ គឺរស់នៅក្នុងហ្វូងមាត់ខ្លាមាត់ចចកទាំងអស់នោះ។ ហើយចំពោះការដាក់ពាក្យប្តឹងទៅតុលាការឬយ៉ាងណានោះ យើងហាក់បីដូចជាមិនមានសង្ឃឹមទាល់តែសោះ ក្នុងការស្វែងរកយុត្តិធម៌ ក៏ដូចជាជនល្មើសទាំងអស់នោះយកមកដាក់ពន្ធនាគារ យើងដឹងស្រាប់ហើយថា ប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេសកម្ពុជា វាមិនមានយុត្តិធម៌សម្រាប់សកម្មជន ក៏ដូចជាអ្នកធ្វើកិច្ចការងារសង្គម ដែលជាអ្នកមានមតិផ្ទុយជាមួយនឹងរដ្ឋាភិបាលនោះទេ»។
យ៉ាងណាក្តី អ្នកតាមដានស្ថានការណ៍នយោបាយ ដែលមិនចំណុះរដ្ឋាភិបាល មើលឃើញថា អ្នកគាំទ្រគណបក្សប្រជាជនទៅវិញទេ ដែលជាអ្នកនាំមុខក្នុងការជេរប្រមាថ ទៅលើថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សប្រឆាំង ដូចជាចោទលោក សម រង្ស៊ី ថា «ជាពូជក្បត់ជាតិ៣ជំនាន់ ក្រុមប្រឆាំងក្បត់ជាតិ មានបំណងធ្វើបដិវត្តន៍ពណ៌ គប់គិតជាមួយបរទេសផ្តួលរំលំរដ្ឋាភិបាល ញុះញង់បង្កឱ្យចលនាសង្គម» ជាដើម។
មិនត្រឹមតែប៉ុណ្ណោះ គណបក្សប្រជាជនកម្ពុជា ត្រូវបានគេដឹងឮជាទូទៅថា បានបង្កើតក្រុមបាតដៃទី៣ ឱ្យដើរវ៉ៃ និងធ្វើទុក្ខបុកម្នេញដល់សកម្មជនគណបក្សប្រឆាំងនៅទូទាំងប្រទេស ដែលមិនព្រមចុះចូល បណ្តាលឱ្យរងរបួសធ្ងន់ជាច្រើននាក់ រហូតដល់អ្នកខ្លះស្លាប់ក៏មាន។
ប៉ុន្តែមិនដែលឃើញស្ថាប័នអនុវត្តច្បាប់ណាហ៊ានចេញមុខ រកខុសត្រូវឱ្យសមាជិកគណបក្សប្រឆាំងដែលរងគ្រោះទាំងនោះឡើយ។ ពិសេសលោក ហ៊ុន សែន ធ្លាប់ប្រមាថសម្លាប់មនុស្សច្រើនរយនាក់ ដើម្បីពង្រឹងអំណាចទៀតផង ប៉ុន្តៃគ្មានប្រព័ន្ធច្បាប់ ឬមន្ត្រីណាហ៊ានក្អកទេ មានតែទះដៃអបអរទៀតផង៕