វត្តមានក្រុមហ៊ុនយក្សចិនក្នុងតំបន់អារ៉ែង ក្នុងខេត្តកោះកុង ជាថ្មីទៀតនេះ កំពុងក្លាយជាក្តីបារម្ភពីការបាត់បង់ធនធានធម្មជាតិដ៏កម្ររបស់កម្ពុជានៅតំបន់នោះ ក្រោមដៃរដ្ឋាភិបាលគ្រួសារហ៊ុន បើគ្មានវិធានការទប់ស្កាត់ អំពើពុករលួយជាប្រព័ន្ធទេនោះ។
ក្តីបារម្ភពីនេះ ក្រោយពីមានមនុស្សមួយក្រុម ដែលគេស្គាល់ថា ពួកគេទាំងនោះ ជាក្រុមការងារ របស់ក្រុមហ៊ុនចិនមួយឈ្មោះ ស៊ីនណូម៉ាច (SINOMACH) កំពុងមានវត្តមាននៅតាមដងស្ទឹងអារ៉ែង។
សមាជិកចលនាមាតាធម្មជាតិ សុំមិនបញ្ចេញឈ្មោះ និងសំឡេងពិត និយាយប្រាប់វីអូឌីនៅថ្ងៃទី៦ ខែកុម្ភៈនេះថា ក្រុមហ៊ុនយក្សចិនឈ្មោះ ស៊ីនណូម៉ាច់ កំពុងចុះសិក្សាធ្វើទំបន់វារីអគ្គិសនីក្នុងតំបន់អារ៉ែងខេត្តកោះកុងឡើងវិញ។
លោកបន្តថា វត្តមានក្រុមហ៊ុនយក្សចិនជាថ្មីបន្តទៀតលើទឹកដីអារ៉ែងនេះ ធ្វើឱ្យសហគមន៍ និងសកម្មជនបរិស្ថាន មានការព្រួយបារម្ភជាខ្លាំង ពីការបំផ្លិតបំផ្លាញធនធានធម្មជាតិ សត្វព្រៃ និងពលរដ្ឋជាតិដើមភាគតិច។
មាតាធម្មជាតិចោទសំនួរថា តើមេដឹកនាំគ្រួសារហ៊ុន កំពុងគិតអ្វីចង់បំផ្លាញធនធានធម្មជាតិបន្តទៀត ឬចង់លេបពាក្យសម្តី ដែលធ្លាប់ប្រកាសថា មិនឱ្យធ្វើទំបន់វារីអគ្គិសនីនៅតំបន់អារ៉ែងនេះទេ។
កញ្ញាថា៖ «ជាក្ដីបារម្ភធំបំផុត គឺយើងគិតថាតើលោក ហ៊ុន សែន អាចលេបពាក្យសម្ដីរបស់គាត់ដែរឬទេ ដែលគាត់បញ្ជាក់តាំងពីឆ្នាំ២០១៥ និងឆ្នាំ២០១៩ ហើយផ្តល់សិទ្ធិឲ្យក្រុមហ៊ុនយក្សចិននឹងមកធ្វើការអភិវឌ្ឍម្ដងទៀតនៅតំបន់ហ្នឹង ក្រោមរូបភាពសាងសង់ទំនប់វារីអគ្គិសនី ហើយទីពីរ គឺយើងកំពុងតែបារម្ភថា អាទំនប់វារីអគ្គិសនីដែលត្រូវបានបញ្ចប់កាលពីអតីត កាលចលនាមាតាធម្មជាតិ និងប្រជាពលរដ្ឋនឹងអាចកើតឡើងវិញ»។
កាលពីថ្ងៃទី៥ ខែកុម្ភៈ អង្គការចលនាមាតាធម្មជាតិ បង្ហោះសារលើហ្វេសប៊ុករបស់ខ្លួន ដោយនិយាយថាជ្រលងភ្នំអារ៉ែង ជាឋានសួគ៌ក្រោមមេឃ ស្ថិតនៅប៉ែកនិរតីនៃប្រទេសកម្ពុជា។
តំបន់នេះ ជាជម្រកសត្វកម្រជាច្រើនប្រភេទ ព្រមទាំងបង្កប់នូវរយលានអត្ថន័យ នៃជីវិតរបស់ជនជាតិដើមភាគតិច ដែលរស់នៅតំបន់នោះ។
ចលនាមាតាធម្មជាតិ រំឮកថា តំបន់អារ៉ែង ធ្លាប់មានការតស៊ូជាប្រវត្តិសាស្រ្តដោយយុវជន សកម្មជន តំណាងរាស្រ្ត ប្រជាជនខ្មែរស្នេហាជាតិទូទាំងប្រទេស បានចូលរួមការពារធនធានធម្មជាតិដ៏អស្ចារ្យនៅតំបន់នេះ រហូតរាជរដ្ឋាភិបាលសម្រេចបញ្ឈប់គម្រោងទំនប់វារីអគ្គិសនីខ្មោចក្នុងឆ្នាំ២០១៥ ។
ប្រភបន្តថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ លោកហ៊ុន សែន បានប្រកាសយ៉ាងក្ដែងៗថា ដាច់ខាតមិនអនុញ្ញាតឲ្យមានគម្រោងសាងសង់ទំនប់វារីអគ្គិសនីណាមួយ កើតមានឡើងឡើយក្នុងតំបន់នេះ ហើយត្រូវតែដាក់តំបន់នេះជាតំបន់អេកូទេសចរណ៍។
ចលនាមាតាធម្មជាតិ ឆ្ងល់ថា ប៉ុន្តែថ្មីៗនេះមានក្រុមហ៊ុនយក្សរបស់ចិនមួយឈ្មោះ SINOMACH បានកំពុងមានវត្តមាននៅតាមដងស្ទឹងអារ៉ែង? តើក្រុមហ៊ុនយក្សនេះ កំពុងមានគោលបំណងអ្វីឲ្យប្រាកដនៅតំបន់អារ៉ែង? ដោយស្នើឱ្យក្រសួងពាក់ព័ន្ធធ្វើការបកស្រាយជាបន្ទាន់!។
សម្រាប់មាតាធម្មជាតិ យល់ថា បើរដ្ឋាភិបាលគ្រួសារហ៊ុន ពិតជាឱ្យក្រុមហ៊ុនយក្សចិនឈ្មោះ ស៊ីនណូម៉ាច ធ្វើទំនប់វារីអគ្គិសនី ឬចង់អភិវឌ្ឍន៍ក្នុងតំបន់នោះមែន គឺគាត់កំពុងបំផ្លាញធនធាននិងក្បត់ឆន្ទៈរាស្រ្តខ្មែរ។
ប្រភពបន្តថា កាលពីឆ្នាំ២០១៧ លោក ហ៊ុន សែន ធ្លាប់សន្យាថានឹងទុកតំបន់អារ៉ែង ខេត្តកោះកុងនេះ ជាតំបន់អេកូទេសចរណ៍ ឬតំបន់អភិរក្ស ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាដើម។
កញ្ញាថា៖«ក្រុមហ៊ុនយក្សចិនស៊ីណូម៉ាច ជាក្រុមហ៊ុនរដ្ឋាភិបាលធំមួយ ដែលធ្វើទៅលើគេហៅថាផ្តល់នូវគម្រោង ក៏ដូចជាឧបត្ថម្ភនូវគម្រោងទំនប់វារីអគ្គិសនីនៅតាមតំបន់ប្រទេសមួយចំនួនជាច្រើន នៅអាហ្វ្រិក ហើយប្រទេសមួយចំនួននៅអាស៊ី ទើបតែបញ្ចប់គម្រោងសាងសង់ទំនប់វារីអគ្គិសនី។ អ៊ីចឹងយើងដឹងពីសាវតារ គឺជាក្រុមហ៊ុនធ្វើទំនប់វារីអគ្គិសនី អ៊ីចឹងបើសិនជាសិក្សានៅបណ្ដោយស្ទឹងអារ៉ែង តើសិក្សាធ្វើអី អ៊ីចឹងអាហ្នឹងបានយើងមានការបារម្ភជាមួយក្រុមហ៊ុនយក្សហ្នឹង»។
តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយថា ក្រោមការដឹកនាំឯកបក្សផ្តាច់ការរបស់គ្រួសារហ៊ុននេះ គឺមិនខ្វល់ពីការបាត់បង់ធនធានធម្មជាតិ ឬប៉ះពាល់ទៅដល់ជីវិតរបស់ជនជាតិដើមទេ។
លោកបន្តថា វារីអគ្គិសនីនៅតំបន់អារ៉ែងនេះ កន្លងទៅ គណបក្សប្រឆាំង ធ្លាប់បានជជែកក្នុងសភា ដោយមិនអនុញ្ញាតឱ្យធ្វើទេ ព្រោះវាបង្កផលប៉ះពាល់ខ្លាំងដល់បរិស្ថាន និងពលរដ្ឋជនជាតិដើមភាគតិច។
លោកសង្កត់ធ្ងន់ថា ការដឹកនាំឯកបក្សនេះ គ្រួសារហ៊ុន ហ៊ានធ្វើអ្វីតាមចិត្ត មិនខ្វល់។
លោកថា៖ «ការអត់មានគណបក្សប្រឆាំង ហើយជិះសេះលែងដៃតែម្នាក់ឯង អ៊ីចឹងគឺប្រាកដជាធ្វើឱ្យរដ្ឋាភិបាលអាចបំផ្លិចបំផ្លាញធនធានធម្មជាតិកាប់បំផ្លាញព្រៃឈើនាំឲ្យបំផ្លាញទៅដល់ធនធានធម្មជាតិនៅតំបន់អារ៉ែងហ្នឹង តាមរយៈការធ្វើវារីអគ្គិសនីអញ្ចឹងទៅ ហើយធ្វើឲ្យមានបទឧក្រិដ្ឋដទៃទៀត ជាច្រើននៅក្នុងប្រទេស បំផ្លាញសព្វគ្រប់ ក្រោមការដឹកនាំឯកបក្សនេះឯង»។
ជុំវិញបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ហ៊ុន ម៉ារ៉ាឌី បានប្រាប់VODតាមប្រព័ន្ធតេឡេក្រាមយ៉ាងខ្លីថា លោកបានដឹងពីវត្តមានក្រុមហ៊ុនចិននេះ ប៉ុន្តែលោកជំរុញឱ្យសួរក្រសួងបរិស្ថាន។
លោកថា៖ «ខ្ញុំជ្រាបការងារហ្នឹង តែសុំបងសួរទៅក្រសួងបរិស្ថាន»។
VOD មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា និងអភិបាលខេត្តកោះកុង អ្នកស្រី មិថុនា ភូថង បានទេ គិតត្រឹមម៉ោងផ្សាយនេះ។
សកម្មជនសិទ្ធិមនុស្ស និងបរិស្ថាន លោក ម៉ា ចិត្រា យល់ថា បើដូចការលើកឡើងរបស់មាតាធម្មជាតិមែន លោកបារម្ភថា តំបន់អារ៉ែងនឹងរងការបំផ្លាញម្តងទៀតក្នុងអាណត្តិមេដឹកនាំឈាមថ្មីនេះ។
លោកបន្តថា មេដឹកនាំត្រូវកុំគិតតែប្រយោជន៍ផ្ទាល់ឬបក្សពួក ហ៊ានគិតគប់ជាមួយក្រុមហ៊ុនបរទេស ដើម្បីបំផ្លាញធនធានធម្មជាតិ តែត្រូវគិតគូរពីអំពីសុខទុក្ខរាស្រ្ត និងបរិស្ថាន ទើបសមជាមេដឹកនាំគំរូល្អ។
លោកថា៖ «ខ្ញុំមើលឃើញថា រដ្ឋាភិបាលអត់មានការទទួលខុសត្រូវទេ ព្រោះអីកន្លងមក រដ្ឋាភិបាលបាននិយាយហើយថានឹងមិនមានការអភិវឌ្ឍទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែងទេ ព្រោះអីដូចដែលយើងបានដឹងហើយថា បើសិនជាធ្វើទំនប់នេះ វាប៉ះពាល់ច្រើនប៉ះពាល់ទៅដល់ប្រជាពលរដ្ឋដែលគាត់ធ្លាប់រស់នៅតាំងតែពីដើម ជាពិសេសជនជាតិដើមភាគតិចជង ដែលរស់នៅនិងតាំងពីដូនតា ហើយធនធានធម្មជាតិដែលនៅតំបន់និងអាចប៉ះពាល់ទៅដល់រាប់ម៉ឺនហិកតា ហើយទន្ទឹមហ្នឹងនេះ បើសិនជាយើងទុកតំបន់នេះ យើងអាចទាក់ទាញភ្ញៀវទេសចរឲ្យទៅទស្សនា យើងអាចរកចំណូលឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានជាដើម»។
យ៉ាងណា លោក ម៉ា ចិត្រា ស្នើឱ្យរដ្ឋាភិបាលឈាមថ្មីត្រូវហ៊ានបញ្ជាក់ព័ត៌មានឱ្យច្បាស់ថា ខ្លួនមិនបានអនុញ្ញាតឱ្យមានវត្តមានក្រុមហ៊ុនយក្សចិន SINOMACH មកអភិវឌ្ឍន៍ទំនប់វារីអគ្គិសនីនៅអារ៉ែងនោះទេ។
កាលពីដើមឆ្នាំ២០១៧ រដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់បានប្រកាសម្តងរួចមកហើយថា តំបន់អារ៉ែងមិនអនុញ្ញាតឱ្យអភិវឌ្ឍន៍ជាតំបន់ទំនប់វារីអគ្គិសនីទេ ប៉ុន្តែត្រូវរៀបចំជាតំបន់ទេសចរណ៍ធម្មជាតិវិញ។
ហើយនៅដើមខែមេសា ឆ្នាំ២០១៩ លោក ហ៊ុន សែន ប្រកាសជាថ្មីទៀតថា តំបន់អារ៉ែងក្នុងខេត្តកោះកុង គឺមិនអនុញ្ញាតឱ្យសាងសង់ទំនប់វារីអគ្គិសនីដាច់ខាត ព្រោះជាតំបន់អេកូទេសចរណ៍ធម្មជាតិ។
លោក ហ៊ុន សែន បញ្ជាក់ថា តំបន់អារ៉ែង គឺជាតំបន់ការពារនូវសម្បត្តិធម្មជាតិជាតំបន់អេកូទេសចរណ៍ ហើយមិនអនុញ្ញាតឱ្យក្រុមហ៊ុនណាមួយ កសាងទំបន់វារីអគ្គិសនីនៅក្នុងតំបន់អារ៉ែងនេះ ជាដាច់ខាត។
តំបន់អារ៉ែង មានផ្ទៃដីរាប់ម៉ឺនហិកតា លាតសន្ធឹងលើផ្ទៃដីនៃឃុំចំនួនបី នៃស្រុកថ្មបាំង ខេត្តកោះកុង គឺឃុំចំណារ ឃុំជំនាប់ និងឃុំថ្មដូនពៅ។ តំបន់នេះ ពោរពេញទៅដោយធនធានធម្មជាតិសម្បូរបែប មានដូចជា ព្រៃឈើ សត្វព្រៃកម្រ និងទឹកធ្លាក់ជាច្រើនកន្លែង ដែលអំណោយផលដល់វិស័យទេសចរណ៍៕