អតិថិជន​រងគ្រោះ​រិះគន់​ទង្វើ​ឆបោក​ឧកញ៉ា ឡេង ណាវ៉ាត្រា ជា​មនុស្សស្និទ្ធនឹងមេដឹកនាំ

ក្រុមអតិថិជន​រងគ្រោះ បាន​ចេញ​មុខ​ទាម​ទារ​រក​ដំណោះ​ស្រាយ​ពី​ឧកញ៉ា ឡេង ណាវ៉ាត្រា ជា​មនុស្ស​ស្និទ្ធ​នឹង​មេដឹកនាំ​​បក្ស​កាន់​អំណាច ដោយ​សំអាង​ថា ពួកគេ​បង់​លុយ​គ្រប់​មិន​បាន​ផ្ទះ​ប្រមាណ​៣ឆ្នាំ​ទៅ​នេះ តែ​ឧកញ៉ា​រូប​នេះ​គ្មាន​ផ្ទះ​ឱ្យ តែ​បែរជា​មក​ធ្វើ​សកម្មភាព ផ្គាប់​ចិត្ត​មេដឹកនាំ​​គ្រួសារ​ហ៊ុន​ទៅ​វិញ។

ការរិះគន់នេះ ចំពេល​ឧកញ៉ា ឡេង ណាវ៉ាត្រា រៀប​ចំពិធីជួបជុំប្រចាំឆ្នាំ​របស់​ក្រុម​មួយ​ដែល​មាន​ឈ្មោះ​ថា យុវជន​បូជា​ការ​ពារ​យុត្តិ​ធម៌ ដែល​ឧកញ៉ា​ស្និទ្ធ​នឹង​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​ជា​ប្រធាន។

ការរៀបចំពិធីនេះ ធ្វើឡើងនៅពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈ​​អតិថិជន​រាប់​រយ​គ្រួសារ បន្ត​ទាម​ទារ​យុត្តិធម៌ តាម​រយៈចូល​បញ្ចេញ​យោបល់​លើ​បណ្តាញ​សង្គម។

តាមរយៈ​វីដេអូ​ជាង​៨នាទី លើ​បណ្តាញ​សង្គម គេ​ឃើញ​ឧកញ៉ា​មាន​រឿង​អាស្រូវ​ឆបោក​ពលរដ្ឋ​រូប​នេះ ឈរ​ស្រែក អរគុណ​​សន្តិភាព អម​ដោយ​តារា​ចម្រៀង​មួយ​ចំនួន ក្នុង​ផលិត​កម្ម​របស់​គាត់​នៅ​សង​ខាង និង​មាន​សមាជិក​ទាំង​នោះ​ស្រែក​បន្ទរ​តាម​ក្រោយ។

បន្ថែម​លើ​នេះ ឧកញ៉ារូបនេះ ជំរុញឱ្យសមាជិករបស់ខ្លួនចូលរួម​គោរព​ច្បាប់ ទាំង​លោក​កំពុង​ជាប់​រឿង​អាស្រូវ​រំលោភ​កិច្ច​សន្យា មិន​សង់​ផ្ទះ​ឱ្យ​អតិថិជន។

លោក​ថា៖ «អរគុណ​សម្តេច​តេជោ​​ដែល​ស្វែង​រក​សន្តិភាព អរគុណ​សម្ដេច​បវរ​ធិបតី​ដែល​បន្ត​ការ​​ពារ​សន្តិភាព។ ក្រុម​យុវជន​របស់​យើង គឺ​យើង​ផ្អែក​ទៅ​លើ​ការ​កសាង​នូវ​អំពើ​ល្អ​ខិតខំ​កសាង​​បុណ្យ​កុសល​រួម​គ្នា​ជួយ​ជ្រោម​ជ្រែង​គ្នា​ មិន​ថា​បង​ប្អូន​យើង​មាន​ការ​លំបាក​មិន​ថា​បង​ប្អូន​យើង​មាន​បញ្ហា​អី យើង​ចូល​រួម​ជួយ​គ្នា​ ប៉ុន្តែកុំធ្វើរឿងដែលខុសច្បាប់»

ជាងនេះទៀត តាម​រយៈ​រូបភាព​ជាច្រើន​សន្លឹក​ដែល​បង្ហាញ​ពី​​ផ្ទាំង​រចនា​នៅ​ពី​ក្រោយ​ឧកញ៉ា​រូប​នេះ ដែល​ត្រូវ​បាន​ដំឡើង​ក្នុង​ពិធី​នោះ គេ​ឃើញ​មាន​តែ​រូប​គ្រួសារ​ហ៊ុន​មាន​លោក ហ៊ុន សែន លោក ហ៊ុន​ ម៉ាណែត និង​ភរិយា​អ្នក​ទាំង​២ ដោយ​មិន​បាន​តាំង​ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះ​មហា​ក្សត្រ​នោះ​​ទេ។

ឈរនៅចំពោះមុខ​មនុស្សរា​ប់សិបនាក់​ ឧកញ៉ា ឡេង ណាវ៉ាត្រា បាន​និយាយ​ថា បើគ្មាន​គ្រួសារ​​ហ៊ុន​នោះ​ក៏​គ្មាន​ប្រទេស​កម្ពុជា​ដែរ។

លោក​ថា«បើ​សិន​ជា​គ្មាន​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន ប្រហែល​ជា​កម្ពុជា​ក៏​អត់​មាន​ដែរ។ ហេតុ​អី​បាន​យើង​ជា​មនុស្ស​ដែល​អគុណ​ធម៌​មិន​ចូល​រួម សូម្បី​តែ​និយាយ​ការ​ពិត​ យើង​សម្ងំ​យក​សុខ​តែ​ឯង​​បាន​រៀន​សាលា​សម្ដេច​តេជោ​បាន​ទៅ​រៀន​នៅ​បរទេស​មក​វិញ​ បែរ​ជា​វ៉ៃ​ប្រហារ​សម្ដេច​តេជោ»

សកម្មភាពរបស់លោក ឡេង ណាវ៉ាត្រា នៅពេល​នេះ បាន​រង​ការ​រិះ​គន់​ពី​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​មួយ​ចំនួន ពី​ឥរិយាបទ​ឆ្គាំឆ្គង​ចំពោះ​ការ​មិន​ដាក់​តាំង​ព្រះ​ឆាយា​ល័ក្ខណ៍​ព្រះមហាក្សត្រ តែ​ហាក់​លើក​តម្កើន​តែ​ក្រុម​គ្រួសារ​លោក ហ៊ុន​ សែន ទៅ​វិញ។

រីឯអ្នក​ខ្លះ​ទៀត ចេញ​មុខ​ទាម​ទារ​ឱ្យ​ឧកញ៉ា​រូប​នេះ ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ជាប់​គាំង​ការ​សាង​សង់​​ផ្ទះ​ជាច្រើន​ឆ្នាំ​ មិន​រក​ដំណោះ​ស្រាយ​ឱ្យ​ជន​រង​គ្រោះ តែ​បែរ​ជា​មក​អះ​អាង​ពី​ការ​ការ​ពារ​យុត្តិធម៌​ទៅ​វិញ។

គណនីហ្វេសបុកឈ្មោះ Yorng Ayutthaya រិះគន់ក្នុងន័យដើមថា៖ «រំលោភ​លើ​កិច្ច​សន្យា ទិញ-លក់​ដី​ផ្ទះ​ធ្វើ​​ឱ្យអតិថិជនឈឺចាប់ ស្ទើរ​តែ​មួយ​ប្រទេស នៅ​មាន​មុខ​និយាយ​ពាក្យ​យុត្តិធម៌​បាន​ទៀត»។

គណនីហ្វេសប៊ុក​ឈ្មោះ Koy Sem បាន​ទាម​ទារ​ថា៖ «សូម​ជួយ​ចាក់​ដី និង​សង់​ផ្ទះ​ឲ្យ​បង​ប្អូន​រង​គ្រោះ​ទិញ​ដី ផ្ទះ​នៅ​គម្រោង​៦A ជ្រៃ​១០០ ឲ្យទាន់​ពេល​ផង គ្នា​បង់​លុយ​គ្រប់​៣ឆ្នាំ​ហើយ សូម្បី​ដី​ក៏​មិន​ដឹង​នៅ​ទីណា»

ដោយឡែកហ្វេសប៊ុក​ឈ្មោះ HUN Sakadaបញ្ចេញ​មតិ​ថា៖ «សុំជួយ​រក​យុត្តិធម៌​ឱ្យ​បង​ប្អូន​ដែល​បង់​ប្រាក់​ហើយ​មិន​បាន​ផ្ទះ​ផង»។

ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្រ្តាលី លោក ស៊ឹង សែន​ករុណា យល់​ថា សកម្មភាព​ឧកញ៉ា​ ឡេង ណាវ៉ាត្រា ជាការ​គេច​វេស​មិន​ទទួល​ខុស​ត្រូវ ហើយ​ថា​ដោយ​សារ​ឧកញ៉ា​រូប​នេះ​ ជាមនុស្សស្និទ្ធមេដឹកនាំទើ​ប​ធ្វើ​ឱ្យ​ច្បាប់​មិន​អាច​កាត់​ទោស​រួប​គេ​បាន។

លោក​ថា៖ «រឿង​ឧកញ៉ា​ ឡេង ណាវ៉ាត្រា យើង​ឃើញ​រូប​ភាព​ទាំង​អស់​នេះ​ហ្នឹង សុទ្ធ​សឹង​តែ​ជា​ការ​សម្ដែង​ដើម្បី​ប្រជាភិថុតិ​គាំទ្រ​ទៅ​លើ​រដ្ឋាភិបាល​ជាមួយ​នឹង​សិល្បករ​អី​ទាំង​អស់​ហ្នឹង វា​សុទ្ធ​សឹង​តែ​ជា​រឿង​ដែល​អត់​ប្រយោជន៍។ ប៉ុន្ដែអ្វី​ដែល​ជា​ប្រយោជន៍​សម្រាប់​ដល់​ប្រជាពលរដ្ឋ​ គឺ​ការ​សង​សំណង​ការ​ទទួល​ខុ​ស​ត្រូវ​ទៅ​លើ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ គឺអត់មាន​ទេ គឹ​គ្រាន់​តែ​ធ្វើ​រូប​ភាព​អ៊ីចឹង​ទៅ ដើម្បី​បន្លែ​បន្លំ​ជាមួយ​នឹង​សភាព​ការណ៍​ដែល​​ពលរដ្ឋ​រង​ទុក្ខ​អ៊ីចឹង​ទៅ»

ជុំវិញ​រឿង​នេះ ប្រធានព្រឹទ្ធិសភា លោក ហ៊ុន សែន ធ្លាប់បញ្ជាក់ជាសារធារណៈ​ចង់​ឱ្យ​ឧកញ៉ា ឡេង ណាវ៉ាត្រា ឈរឈ្មោះជា​បេក្ខភាព​ពី​ប្រធានសមាគមសិល្បករខ្មែរ ប៉ុន្តែលោកប្តូរចិត្តវិញ ក្រោយ​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ ដោយ​សារ​ឧកញ៉ា​រូប​នេះ មាន​រឿង​អាស្រូវ​បោក​អតិថិជន​ករណី​លក់​ផ្ទះ។

នៅពេលនោះ លោក ហ៊ុន សែន បានចេញមុខការពារឧកញ៉ា ឡេង ណាវ៉ាត្រា ថា​ភាព​​យឺត​យ៉ាវ​មិន​សង់​ផ្ទះ ដោយ​សារតែក្រុមហ៊ុនកប់ដើមទុន​ទៅលើដីក្នុងចំនួនច្រើន ហើយលោក ហ៊ុន សែន ធានា​ថា ក្រុមហ៊ុននេះ​មិន​ទាន់​ក្ស័យ​ធន​ទេ។

ទីប្រឹក្សា​គណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន និយាយ​ថា កម្ពុជា​ជា​ប្រទេស​មាន​អំពើ​ពុក​រលួយ​ខ្ពស់ ទាញ​ឱ្យ​ប្រព័ន្ធ​ច្បាប់​ទន់​ខ្សោយ ធ្វើ​ឱ្យ​ជន​ឆបោក​បន្ត​ពង្រីក​ឥទ្ធិពល​របស់​ខ្លូន​ក្នុង​សង្គម ជំរុញ​ឱ្យ​ពលរដ្ឋ​បន្ត​រង​គ្រោះ បើមេដឹកនាំគ្មានឆន្ទៈកែលម្អរទេនោះ។

លោកថា«ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា​យើង មាន​លក្ខណៈ​ទន់​ខ្សោយ​ដូច្នេះ​ធ្វើ​ឲ្យ​ជន​ឆ្លៀត​ឱកាស​ហ្នឹង ចេះ​តែ​មាន​ឱកាស​ដើម្បី​ទៅ​ឆបោក​ប្រជាពលរដ្ឋ​ស្លូត​ត្រង់​ ហើយ​រួម​ទាំង​សមត្ថកិច្ច​មិន​បាន​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ឱ្យ​ច្បាស់​លាស់​ អ៊ីចឹង​អ្នក​ដែល​​រងគ្រោះ​ គឺ​ប្រជាពលរដ្ឋ​ហ្នឹង​ឯង​ បើ​យើង​និយាយ​ពី​ប្រព័ន្ធ​ច្បាប់​ឃើញ​ថា​ វានៅទន់ខ្សោយមែនទែន»

កាល​ពីថ្ងៃទី១៥ ខែ​​វិច្ឆិកា ឆ្នាំ​២០២៣ ក្រុមអតិថិជនក៏ធ្លាប់ប្រាប់​វីអូឌី​ថា ពួកគេ​៥០០​នាក់ ជាប់​វិបត្តិ​ហិរញ្ញវត្ថុធ្ងន់ធ្ងរ និង​ប្រឈម​​នឹង​បញ្ហា​បំណុល ក្រោយខ្ចី​លុយ​ពីធនាគារ ដើម្បី​ទិញ​បុរី ឡេង ណា​វ៉ាត្រា គម្រោង​យក្ស​នៅ​ជាប់​ផ្លូវ​ជាតិ​៦អា ដោយ​បង់​លុយ​គ្រប់​ច្រើន​ឆ្នាំ តែ​មិន​ទទួល​បាន​​ផ្ទះ។

ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់​បាន​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​នៅ​តំបន់​ភ្នំ​តាម៉ៅ និង​បាន​កាប់​បំផ្លាញ​ព្រៃឈើ​សេស​សល់​ចុង​ក្រោយ​នៅ​តំបន់​នោះ ក្រោយ​មក​ប្រជាពលរដ្ឋ​បាន​ទាម​ទារ​ឱ្យ​អតីត​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន កាត់​ទោស​ម្ចាស់​ក្រុម​ហ៊ុន​នោះ​ដាក់​ពន្ធនាគារ​តាម​ផ្លូវ​ច្បាប់។

ប៉ុន្តែ​លោក ហ៊ុន សែន ពេល​នោះ​ថ្លែងការពារថា បើចង់ចាប់ម្ចាស់ក្រុមហ៊ុននោះ​ពន្ធនាគារ គឺ​មាន​តែ​ចាប់​រូប​លោក​ដាក់​គុក​ដែរ។

ព្រះមហាក្សត្រកម្ពុជា បាន​ចេញ​ព្រះរាជ្យក្រឹត្យ​ស្តីពី​គោរម្យ​ងារ​ឧកញ៉ា​នៅ​ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ២០២៤​នេះ តម្រូវ​ឱ្យ​លោក​អ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ា ត្រូវគោរពរដ្ឋធម្មនុញ្ញ ច្បាប់ និង​លិខិតបទដ្ឋានគតិយុត្តនានារបស់ព្រះរាជាណាចក្រកម្ពុជា ប្រកាន់​ខ្ជាប់​នូវ​សីលធម៌​ល្អ​ប្រកប​មុខ​របរ​ស្រប​ច្បាប់ និង​ចៀស​វាង​សកម្មភាព​ណា ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​កិត្តិយស និង​សេច​ក្តី​ថ្លៃ​ថ្នូរ​របស់​គោរមងារឧកញ៉ា។

ប៉ុន្តែ​បើគេក្រឡេកមើលករណី ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​រក​ស៊ី​បំពាន​កិច្ច​សន្យា​ទិញ​លក់​ផ្ទះ​ច្រើន​ឆ្នាំ​ទៅ​នេះ គឺ​គ្មាន​ចំណាត់​ការ​ច្បាប់​ទេ តែ​ថែម​ទាំង​ទទួល​បាន​ការ​កាត់​ឆ្វៀល​ដី​ពី​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​ថែម​ទៀត។

ជាក់ស្តែងកាលពីឆ្នាំ២០២១ លោក ហ៊ុន សែន បាន​កាត់​ដី​គម្រប​ព្រៃឈើ​ចំនួន ១៧២ហិកតា នៅ​​ស្រុក​បន្ទាយស្រី ខេត្ត​​សៀមរាប ផ្ដល់​ឱ្យ​លោក ឡេង ណាវ៉ាត្រា ហើយ​ទទួល​បាន​សិទ្ធិ​កាន់​កាប់​​ភ្នំតាម៉ៅ ដែល​ឧកញ៉ា​រូបនេះ​កាប់​បំផ្លា​ញ​ព្រៃឈើនៅទីនោះស្ទើរគ្មាន​សល់ ប៉ុន្តែ​ក្រោយ​មាន​ប្រតិកម្ម​ខ្លាំង​ពី​មហាជន ដីព្រៃនៅ​តំប​ន់ភ្នំ​តាម៉ៅ​ត្រូវ​បាន​ដក​ហូត​វិញ។

ដោយ​ឡែក រឿង​រំលោភ​កិច្ច​សន្យា​ទិញ​លក់​វិញ គ្មាន​វិធានការ​ច្បាប់​ណាមួយ​ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ផ្តល់​យុត្តិធម៌​ឱ្យ​អតិថិជន​រងគ្រោះទេ​។ ប៉ុន្តែគេសង្កេតឃើញ លោក ហ៊ុន សែន បញ្ចេញ​សារ​ការ​ពារ​ថា ការ​យឺតយ៉ាវផ្តល់ផ្ទះ ឱ្យអតិថិជន ដោយ​សារ​ឧកញ៉ារូប​នេះ ជួបវិបត្តិហិរញ្ញវត្ថុ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ