អាយ៉ៃ​ឆ្លើយ​ឆ្លង​លោក ហ៊ុន សែន និង​​លោក សេង​ សារី

ប្រធាន​រដ្ឋសភា បាន​ព្រមាន​ជាថ្មី​ទៀត ប្រឆាំង​លោក សេង សារី ដោយ​លោក​គំរាម​ទុក​ជា​មុន​ថា​ប្រ​​សិ​​ន​​បើ​​អ្នក​​វិភាគ​​នយោបាយ​រូប​នេះ ហ៊ាន​ដើរ​លើស​ពី​បន្ទាត់​ក្រហម​ដែល​លោក​បាន​កំណត់ នោះ​ លោក ហ៊ុន សែ​ន នឹង​ទម្លាយ​សារ​ឆ្លើយ​ឆ្លង​គ្នា​រាប់​រយ​សារ​ទៀត ពី​ផែន​ការ​ដែល​អ្នក​វិភាគ​រូប​នេះ ធ្លាប់​ទទួល​ធ្វើ​កិច្ច​កា​រ​ដោ​យ​​សម្ងាត់​ក្នុង​ពេល​កន្លង​ទៅ។

ការ​ផ្ញើសារ​ដោយ​​ប្រយ៉ោល​បែប​នេះ​របស់​ លោក ហ៊ុន សែន ដោយ​លោក​អះ​អាង​ថា គឺ​លោក​បាន​ស្តា​ប់​​កា​រ​​បក​ស្រាយ​របស់​លោក សេង សារី កាល​ពី​យប់​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ នៅ​តាម​បណ្តាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ពីទី​ក្រុ​​ង​​វៀ​ង​ចន្ទ ប្រទេសឡាវ។

តាម​រយៈទំព័រហេ្វសប៊ុក នៅថ្ងៃនេះ ប្រធាន​គណបក្ស​កាន់​អំណាច​រូប​នេះ ព្រ​មា​ន​​ដោយ​ចំហរ​ថា​លោ​កនឹ​ង​មិន​ទុក​មុខ​ឱ្យ​ លោក សេង សារី ទៀត​ទេ ប្រសិន​បើ​អ្នក​វិភាគ​នយោបាយ​រូប​នេះ នៅ​បន្ត​ព្រហើន​ដែល​ លោក ហ៊ុន សែន ចាត់​ទុក​ថា ដើរ​លើស​ពី​បន្ទាត់​ពី​ក្រហម​របស់​លោក​តទៅ​ទៀត។

បើតាម​ លោក ហ៊ុន សែន លោក​នៅ​មាន​សារ​សំឡេង ដែល​បាន​មក​ពី​ការ​លួច​ថត អំឡុង​ពេល​សន្ទនា​​ជាមួ​យ លោក សេង សារី ជិត ៣០០​សារ​សំឡេង​ទៀត ដែល​នឹង​ត្រូវ​ទម្លាយ​ចេញ។

ក្នុង​ន័​យ​នេះ ប្រធានគ​ណ​ប​ក្ស​​​ប្រជាជនកម្ពុជារូប​នេះ អះអាងថា នៅពេល​នេះ​ ក្រុម​ការ​ងារ​របស់​លោក​បា​ន​​ត្រៀម​បញ្ចេញ​សារ​ទៅ​តា​ម​​លំ​ដាប់​លំដោយ​រួច​រាល់​ហើយ ពោល​គឺ​រងចាំ​ការ​បញ្ជា​ពី​លោក​ប៉ុណ្ណោះ ហើយ​លោក​ជឿ​ជាក់​ថា សមាជិក​ទាំ​ង​ជាង​ ៨០​ម៉ឺន​នាក់ នៅ​ក្នុង​ប្រព័ន្ធ​តេឡេ​ក្រាម​របស់​លោក នឹង​ទទួ​ល​​បាន​សារ​នេះ​ដូច​គ្នា។

ប្រភព​បន្ត​ថា៖ «ក្នុង​ការបង្ហោះសារយប់មិញ ខ្ញុំបាន​និយាយ​ថា​ ​មិន​បញ្ចេញ​នូវ​សារ​ឆ្លង​ឆ្លើយ​រវាង​ខ្ញុំ​និង សេង សារី ទេ​ដោយ​យល់ដល់​ទំនាក់​ទំនង​ឪពុក​និង​កូន។ ប៉ុន្តែ​ខ្ញុំ​ក៏​អាច​នឹង​បង្ហោះ​សារ​ឆ្លង​ឆ្លើយ​ទាំង​ ២៩៥​​ ​នៃ​សារក្នុង​ករណី​ សេងសារី ឈាន​ហួ​​សបន្ទាត់​ក្រហម​ដោយ​ចាត់​ទុក​ខ្ញុំ​ជា​សត្រូវ។ នៅ​ពេល​ខ្ញុំ​បញ្ចេញ​នូវ​សារ​នេះ​ ទាំ​​សំឡេង ទាំង​សំណេរ​ខ្ញុំ និង​បញ្ចេញ​តាម Channel telegram របស់​ខ្ញុំ ដែល​សមាជិក​ជាង​៨០​ម៉ឺន​​នាក់​​ហការី​របស់ខ្ញុំ​បាន​តម្រៀប​សារ​ទាំង​នេះ​តាម​លំដាប់​លំដោយ​រួច​ហើយ ខ្ញុំ​គ្រាន់​តែ​forward ចូល​ទៅ​​chann​el ​tel​eg​ra​m ជា​ការ​ស្រេច។ពេល​សា​​រចេញ​ទៅ​គេ​អាច​វាយ​តម្លៃ​បាន​ប្រៀប​ជាមួយ​ការ​និយាយ​របស់​ សេង សា​​រី ជាមួយ​​​អា​​ស៊ីសេរី​យប់​មិញ​នេះ»។

យ៉ាងនេះក្តី សម្រាប់​លោក សេង សារី ដែលបានបង្ហោះសារ​តបទៅវិញ ចំនួន​២លើក​នៅ​ថ្ងៃ​នេះ ដែល​សា​រចុ​ង​ក្រោយរបស់​លោកបញ្ជាក់​ជំហរថា ក្នុងនាមជាដៃគូរសន្ទនា រូបលោកក៏​ចង់​ឱ្យ​លោក ហ៊ុន សែ​ន បញ្ចេ​​ញ​​​សារ​ទាំង​អស់​នោះ ឱ្យបានឆាប់ដែរ។

លោក សេង សារី ដែល​ហៅ​ លោក ហ៊ុន សែន ថា​ជា​ឱពុក​​ធ​ម៌​​​ពេ​​ញ​ៗមាត់ អះ​អាង​ថា ខ្លួន​បាន​ដឹង​មុ​ន​រួ​ច​​ជា​​ស្រេ​ច​ហើយ​ថា​នៅ​ថ្ងៃ​ណា​មួយ​ លោក ហ៊ុន សែន នឹង​ប្រើ​វិធី​​នេះ ដើ​ម្បី​កម្ទេច​លោក​ចោល​តាម​​រូប​​ភា​ព​ដូ​ច​​នេះ។

ជាងនេះទៀតប្រភពបន្តថា៖ «សូម​មេត្តា​ពុក​បង្ហោះ​សារ​សន្ទនា​រវាង​ពុក​ហើយ​និង​ខ្ញុំ​ឲ្យ​បាន​កាន់​តែ​ឆាប់​កាន់​តែ​ល្អ​។ មក​ល់​ពេល​នេះ​ គ្មាន​អ្វី​ដែល​ត្រូវ​លាក់​កំបាំង​ទៀត​នេះ​ទេ​ ហើយ​ខ្ញុំ​ក៏​គ្មាន​អ្វី​ដែល​ត្រូវ​ខាត​បង់​​លើស​ពីនេះទៀ​​ត​​​ដែរ។ ក្រោយ​ពីពុក​បង្ហោះ​ហើយ សង្ឃឹម​ថា សារ​សន្ទនា​នេះ​ នឹង​ក្លាយ​​​ជា​មេរៀន​សម្រាប់​មនុ​ស្ស​​​ជំនាន់​​​ថ្មី​ ដើ​ម្បី​សិក្សា​រៀន​សូត្រ​អំពី​បច្ចេក​ទេស​ និង​សីលធម៌​នៃ​ការ​សន្ទនា​ ដែល​អាច​ជា​មេរៀន​ជួយ​ការពារពួកគេ ឲ្យគេចពីការធ្លាក់ចូល​អន្ទាក់​ចារ​កម្ម​បាន​ផង​ដែរ »។  

ជុំវិញរឿង​នេះ សម្រាប់​លោក សេក សុជាតិ អ្នកប្រឹក្សាយោ​បល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវ​ជ្រាវ យល់​​ឃើញ​ថា ចំពោះ​ទំនាក់​ទំនង​រវាង​មនុស្ស​ទាំង​ពីរ​នាក់​នេះ ពិត​ជា​លើស​ពី​អ្វី​ដែល​គេ​នឹក​ស្មាន​ទៅ​ទៀត។

ហេតុនេះ​ជោគ​វាសនា​ទៅថ្ងៃ​មុខ​ទៀត​យ៉ាង​ណា របស់​លោក សេង សារី នោះ​គេ​ហាក់​នឹ​ង​ពិបាក​​ប៉ាន់​​ស្មា​ន និង​ទស្សន៍ទាយ​ណាស់។ បញ្ហា​នេះ​ វាអាស្រ័យ​នៅ​លើ​ការ​សម្រេច​ចិត្ត និង​ឥរិយា​បថ​របស់​សាម៉ី​ខ្លួ​​ន។

ប៉ុ​ន្តែ​​អ្វី​​​​ដែ​ល​បារម្ភសម្រាប់ លោក សេក សុជាតិ នៅ​ពេល​នេះ​គឺ​សិទ្ធិ​ឯកជន​ភាព របស់​មនុស្ស​ម្នាក់ៗ ត្រូវ​បាន​​គេ​​បំ​​ពាន និង​លែង​មាន​សណ្តាប់​ធ្នាប់​ទៅ​ហើយ។

លោកថា៖ «វាបានឆ្លុះបញ្ចាំងអំពី​ទិដ្ឋភាពក្នុងសង្គម​របស់​យើង គ្មាន​ភាព​ជា​ឯកជន ឬ​យើង​អាច​និយាយ​ថា​ សិទ្ធិឯក​ជន​ភាព ហាក់​ត្រូវ​បាន​បំពារ​បំពាន​គ្នា​ទៅ​វិញ​ទៅ​មក ក៏​អាច​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​ការ​ខ្វះ​សីលធម៌​ នៅ​ក្នុង​ភាព​ជា​ថ្នាក់​ដឹកនាំ​ហើយ​និង​អ្នក​ដែល​ធ្វើការ​កិច្ច​ការ​សង្គម​ផង​ដែរ»។

បើទោះជាបែបណា គេមិនដឹង​ថា​តើ​មាន​មូល​ហេតុនៅ​ពី​ក្រោយ ដែល​ត្រូវ​បង្ខំ​ចិត្ត​ឱ្យ​លោក ហ៊ុន សែន ត្រូវ​​​ទម្លា​យ​សារសន្ទនានេះឡើយ។ តាម​រយៈ​ការ​រៀប​រាប់​របស់​អតីត​នាយក​រដ្ឋមន្រ្តី​រូប​នេះ ឱ្យ​ដឹង​ថា ទំនាក់​​ទំ​ន​ង​​រវាង​លោក និង​លោក សេង សារី ប្រមាណ​៤ឆ្នាំ​មក​ហើយ។

នៅពីក្រោយ​នៃ​ការ​ទំនាក់​ទំនង​ក្នុង​នាម​​​ជា​​​ឪ​ពុ​ក និង​កូន​ក្រៅ​ខោ​នេះ លោក ហ៊ុន សែន ផ្តល់​លុយ​ឱ្យ ​លោក សេង សារី ក្នុង​១ខែ​ស្មើ១​​​​ម៉ឺន​ដុ​ល្លា​រ​អាមេរិក ក្នុង​រយៈ​ពេល​១២​ខែ ជា​ថ្នូរ​នឹង​ទទួល​បាន​ផែន​ការ​សម្ងាត់ ពី​​គ​ណ​បក្ស​​ប្រ​ឆាំ​ង​នៅ​​​ទីក្រុងបា​ង​ក​ក ​​​ប្រ​ទេ​ស​​ថៃ​។ ក្រៅ​ពី​នេះ​ទៀត លោក ហ៊ុន សែន ឱ្យ​ដឹង​ថា លោ​ក​ក៏​បាន​ជួ​យ​បង់ផ្តា​ច់ផ្ទះឱ្យ​ លោក សេង សារី មួយ​ខ្ន​ង​​​ទៀតនៅ​ ស្រុក​ខ្មែរ​ដែរ។ បន្ថែម​ពី​លើ​នេះ ក្នុង​នាម​ជា​ឪពុក​ធម៌ លោ​​កអះ​អាង​ថា បាន​ជួយ​ជ្រោម​ជ្រែង និង​ឧបត្ថម្ភ​​​​​ទាំង​ផ្នែកបច្ចេកទេស និង​ថវិកា​មួយ​ចំនួន​ទៀត ក្នុង​​ពេ​ល​​អ្នក​វិភាគ​រូប​នេះ មាន​បំណង​ចង់​បង្កើត​​បក្ស​​ន​យោបាយ​មួយ។

ចំណែក អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​​តំបន់​អាស៊ី​អាគ្នេយ៍ និង​​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់​​ឃើ​ញ​ថា កត្តា​ដែល​នាំ​ឱ្យ​លោក ហ៊ុន សែន មាន​ប្រតិ​កម្ម​រហូត​ត្រូវ​បង្ខំ​ចិត្ត​ទម្លាយ​សារ​សំឡេង​នេះ ទំន​ង​ជា​​ប្រ​​ធាន​គណបក្ស​កាន់​អំណាច​រូប​នេះ ដឹង​ថា​ទិន្នន័យ​ដែល​ខ្លួន​បាន​ពី​ចារ​កម្ម ជា​ទិន្នន័យ​ខ្យល់។

ស្ថិត​ក្រោម​​​ហេ​​​តុផល​នេះ​ហើយ ដែល​នាំ​ឱ្យ​ លោក ហ៊ុន សែន ត្រូវ​តែ​កាត់​កេរ្តិ៍​កាត់​ខ្មាស់ បញ្ចេញ​សារ​សម្ងា​ត់​នេះ​​តែ​​​ម្ត​ង​​។​

លោកថា៖ «ខ្ញុំមើលឃើញសកម្មភាពកន្លងមក​ របស់គណបក្សប្រឆាំង ដូច​អ្វី​ដែល​លោក​បណ្ឌិត សេង សារី អំពី​កល​របស់​នាយក​រដ្ឋ​មន្ត្រី​អីចឹង។ អីចឹង​បាន​ន័យ​ថា​វា​មិនរ​ស៊ើប​សម្រាប់​គណបក្ស​ប្រឆាំង និង​ជា​ព័ត៌មាន​ដែល​ស្អុយ​សម្រាប់​គណបក្ស​កាន់​អំណាច​ ដែល​នាយក​រដ្ឋ​មន្ត្រី​យក​ប្រើ​ការ​អត់​កើត។ អាត្រង់នេះ​ហើយ​ដែល​លោក​អតីត​នាយក​រដ្ឋមន្ត្រី មាន​ការ​ខឹង​សម្បារ ហើយ​ដឹង​ថា​លោក​បណ្ឌិត សេង សារី មាន​ការ​លាក់​បាំង​នូវ​យុទ្ធ​សាស្ត្ររ​បស់​ក្រុម​ប្រឆាំង​នៅ​ខាង​ក្រៅ»។

នៅក្នុង​បញ្ញត្តិ មាត្រា៣០១ នៃក្រម​ព្រហ្មទណ្ឌ បាន​កំណត់​អំពី បទ​ស្តាប់ ឬ​ថត​ពាក្យ​សំដី​ឯកជន បា​ន​​កំ​ណត់​ថា អំពើ​លួច​ស្តាប់ ឬ​លួច​ថត​សំដី​ដែល​និយាយ​ជា​ឯកជន ឬ​ជា​ការ​សម្ងាត់ ដោយ​គ្មាន​ការ​យ​ល់​ព្រ​ម​ពី​​បុ​​គ្គល​ដែល​ពាក់​ព័ន្ធ ឬ​ដៃ​គូរ​សន្ទនា គឺជាអំពើល្មើស។

នៅក្នុង​បញ្ញត្តិមាត្រានេះ អ្នកដែលបំពាន នឹង​​ត្រូវ​ផ្តន្ទា​​ទោស​ដាក់​ពន្ធនាគារ​ពី ១ខែ ទៅ​១ឆ្នាំ និង​ពិន័យ​ជា​ប្រា​ក់​ពី ១០ម៉ឺន ទៅ២លាន​រៀល ហើយ​ការ​​ទម្លាយ​នៃ​ការ​សារ​សំឡេង​ដោយ​សម្ងាត់​ណា​មួយ​ដែល​ចាត់​​ទុក​​​ថា​ស្រប​ច្បាប់ លើកលែង​តែ​ដៃ​គូរ​សន្ទនា ឬ​បុ​គ្គ​​ល​ដែល​ពាក់​ព័ន្ធ​នោះ បាន​ដឹង​អំពី​ការ​ស្តាប់ ឬ​លួ​​ចថត​​​សំឡេ​ង​​ហើ​យមិនជំទាស់ ទើបមិនមែន​ជាអំ​ពើល្មើ​ស​​។

ករណី​ដូច​នេះ វាពុំមែនជារឿងថ្មីទេសម្រាប់​ លោក ហ៊ុន ​សែន។ មិន​ថា​អ្នក​នយោបាយ​ពី​បក្ស​ប្រឆាំង ឬ​បក្ស​​ស្រ​ប​​​ឡើយ នៅ​ពេល​ណា​ដែល​លោក​ប្រើ​ការ​លែង​កើត​ហើយ លោក ហ៊ុន សែន តែង​ប្រើ​វិធី​កម្ទេច​បែ​ប​​នេះ​។

ក្នុង​ពេល​កន្លង​ទៅ មានអ្នកនយោបាយពី​គណបក្ស​ដែល​មាន​សំឡេង​ផ្ទុយ​ មិន​តិច​នាក់​ឡើយ ដែល​​ត្រូ​វ​​បា​ន​​​លោក ហ៊ុន សែន ទម្លាយសារសំឡេងបែបនេះ។

លោក កឹម សុខា មេដឹកនាំកំពូលរបស់បក្សប្រឆាំង លោ​ក​ ​ម៉ៅ មុន្នីវណ្ណ អតីត​អ្នក​​តំណាង​រាស្រ្ត និង​មនុស្ស​​មួ​យ​​ចំនួន​ទៀត សុទ្ធ​តែ​ធ្លាប់​រង​គ្រោះ ដោយ​សារ​លោក ហ៊ុ​ន សែន ដូច​គ្នា​ពី​ការ​លួច​ទំនាក់​ទំ​នង​ដោ​យ​​សម្ងាត់​​នេះ។

តាម​ពិត នៅក្នុង​គោល​ការណ៍​ច្បាប់ ព្រះរាជអាជ្ញា គឺជាអ្នកស្វែងរកយុត្តិធម៌សង្គម ឬ​ជា​ដើម​បណ្តឹង​អាជ្ញា ក្នុង​ពេល​មាន​បទ​ល្មើស​បែប​នេះ​កើត​ឡើង គួរ​បើក​ការ​ស៊ើប​អង្កេត ហើយ​កោះ​ហៅ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស ម​​​​​ក​ផ្តល់សក្ខីកម្ម និង​អនុវត្តទោស។

ដូច​ក្នុង​បញ្ញត្តិ មាត្រា​៣០១ និងរដ្ឋធម្មនុញ្ញ បាន​កំណត់​រួច​ហើយ​ថា ការ​លួ​ច​​​​ថតសំឡេង​ដែល​គ្មាន​ការ​ព្រម​ព្រៀ​ង​ពី​ភាគីម្ខាង​ទៀត​បែប​នេះ ជាអំពើល្មើស។

ប៉ុន្តែ​​ការអនុវត្តជាក់​ស្តែងវិ​ញ នៅ​កម្ពុជា​ហាក់មិនឆ្លើយតបទៅនឹង​នីតិវិធី ព្រមបទប្បញ្ញត្តិដែ​ល​មាន​​ជា​ធ​រមា​ននោះសោះ។

ផ្ទុយទៅវិញ ជារឿយៗ លោក ហ៊ុន សែន គេសង្កេត​ឃើញ​ថា តែង​អនុវត្ត​​ដោយ​វិធី​លួច​ថត​សំ​ឡេង​បែប​​នេះ គ្រប់​ដៃ​គូរ​​ស​ន្ទ​នា​ជាមួយ​លោក ជាដរាប ហើយ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ តែង​រួច​​ផុត​ពី​​ការ​អនុវត្ត​​ច្បា​ប់​ជានិច្ច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ