មន្ត្រីកម្ពុជាជាង ២០០នាក់ ត្រូវបានសហរដ្ឋអាមរិក ពង្រឹងជំនាញអំពីការយល់ដឹង លើការក្លែងបន្លំឯកសារ និងការជួញដូរមនុស្ស ក្រោមហេតុផលថាដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ខណៈបញ្ហានេះ កំពុងក្លាយជាក្តីបារម្ភដល់ប្រទេសមួយចំនួនក្នុងតំបន់ ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បាននិយាយលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃទី៥ ខែកុម្ភៈនេះថា សិក្ខាកាមជាគ្រូ មន្ត្រី និងនិស្សិតនគរបាលជាតិ ចំនួន ២១៩នាក់ បានទទួលការបណ្តុះបណ្តាល អំពីការយល់ដឹងលើការក្លែងបន្លំឯកសារ និងការជួញដូរមនុស្ស។
ប្រភពនោះ បញ្ជាក់ថា សិក្ខាសាលានេះ រៀបចំដោយអង្គភាពស៊ើបអង្កេតឧក្រិដ្ឋកម្មក្រៅប្រទេស របស់ស្ថានទូតសហរដ្ឋអាមេរិកនៅភ្នំពេញ។
សម្រាប់ស្ថានទូត និស្សិតនគរបាលមកពីបណ្ឌិតសភានគរបាលកម្ពុជាទាំងនេះ កំពុងបោះជំហ៊ានទៅកាន់តំណែងដឹកនាំ នៅក្នុងជួរនគរបាលជាតិកម្ពុជា។
ការបណ្តុះបណ្តាលនេះ បង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តរបស់ការិយាល័យសន្តិសុខតំបន់ របស់ស្ថានទូត ក្នុងការប្រឆាំងនឹងការជួញដូរមនុស្ស និងកសាងទំនាក់ទំនង ដើម្បីធ្វើឲ្យកម្លាំងនគរបាលមានភាពរឹងមាំ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ សហរដ្ឋអាមេរិក បានដាក់កម្ពុជាក្នុងបញ្ជីខ្មៅ ពាក់ព័ន្ធនឹងការជួញដូរមនុស្សឆ្លងដែន។
អាមេរិកនិយាយពេលនោះថា ការជួញដូរជនបរទេសចូលមកក្នុងប្រទេសកម្ពុជា កំពុងមានការកើនឡើង ពាក់ព័ន្ធនឹងវិស័យការងារពលករចំណាកស្រុក។ អាមេរិករកឃើញផងដែរថា មន្ត្រីមួយចំនួនបានសមគំនិតក្នុងប្រតិបត្តិការឆបោកតាមប្រព័ន្ធអ៊ីនធើណិត។
យ៉ាងណា ក្រសួងពាក់ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជា ធ្លាប់បានបង្ហាញពីការខកចិត្ត ចំពោះសហរដ្ឋអាមេរិកដែលបានដាក់កម្ពុជាក្នុងបញ្ជីខ្មៅ នៃអំពើជួញដូរមនុស្សនេះ។
តែយ៉ាងណា ១ឆ្នាំក្រោយមក ពោលគឺអំឡុងខែសីហា ឆ្នាំ២០២៣ អង្គការសហប្រជាជាតិ បានចេញផ្សាយរបាយការណ៍មួយ រកឃើញថា កម្ពុជា និងមីយ៉ាន់ម៉ា ជាប្រទេសមានការឆបោក និងជួញដូរមនុស្សទ្រង់ទ្រាយធំ នៅតំបន់អាស៊ីអាគ្នេយ៍។ របាយការណ៍នោះ រកឃើញថា មនុស្សប្រមាណ ១សែននាក់ រងគ្រោះក្នុងអំពើឆបោក និងចាប់ជំរិតនៅកម្ពុជា។
ចាប់ពីពេលនោះមក បទឧក្រិដ្ឋឆបោក និងការបង្ខាំងមនុស្ស ត្រូវបានសមត្ថកិច្ចកម្ពុជា រកឃើញជាបន្តបន្ទាប់ មានចម្រុះជាតិសាសន៍ ដែលពួកឧក្រិដ្ឋចាប់បង្ខំាង បង្ខំឱ្យធ្វើសកម្មភាពចាប់ជំរិត ដែលជនរងគ្រោះ មានជនចំណាកស្រុក ជនជាតិឥណ្ឌា ចិន វៀតណាម និងជនជាតិកូរ៉េខាងត្បូង ជាដើម៕