ប៉ុន្មានថ្ងៃទៅនេះ អ្នកប្រើប្រាស់បណ្តាញសង្គម បានចាប់អារម្មណ៍ខ្លាំង ទៅលើសារ ដែលលោកហ៊ុន សែន ទម្លាយរឿងលោកបណ្ឌិត សេង សារី ធ្វើចារកម្មឱ្យលោក ជ្រកក្នុងក្រុមប្រឆាំងស្និទ្ធនឹង លោក សម រង្ស៊ី ជាមេដឹកនាំគណបក្សប្រឆាំង នៅក្រៅប្រទេស។
តាមសារទម្លាយ លោក សេង សារី ដែលជាអ្នកវិភាគនយោបាយផងនោះ បានធ្វើជាចារកម្ម ឱ្យមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន រយៈពេល៤ឆ្នាំ ក្នុងបេសកកម្មផ្តល់ព័ត៌មានសម្ងាត់របស់ក្រុមប្រឆាំង ឱ្យទៅមេដឹកនាំបក្សកាន់អំណាច ដើម្បីរៀបចំសេណារីយូទប់ស្កាត់។
បញ្ហានេះ បានចោទជាសំណួរថា តើករណីលោកបណ្ឌិត សេង សារី ផ្តល់មេរៀនអ្វីខ្លះ ដល់ក្រុមអ្នកនយោបាយជំទាស់នៅក្រៅប្រទេស?
ក្រុមអ្នកតាមដានខ្លះ យល់ឃើញថា ករណីលោក សេង សារី ជាសំឡេងជួងប្រកាសអាសន្ន ដល់ក្រុមអ្នកនយោបាយប្រឆាំង ដែលត្រូវធ្វើយ៉ាងណាកែកំហុសឆ្គងបន្ទាន់ ដើម្បីស្តារទំនុកចិត្តពីក្រុមអ្នកប្រជាធិបតេយ្យ។
ពួកគេថា បើមិនដូច្នោះទេ បន្ទាត់នយោបាយនេះ វានឹងបម្រើយុទ្ធសាស្ត្របំបែកបំបាក់ របស់មេដឹកនាំបក្សកាន់អំណាចគ្មានទីបញ្ចប់។
លោក សេង សារី បានសារភាពថា ខ្លួនជាជនបង្កប់លួចផ្តល់ព័ត៌មានយុទ្ធសាស្ត្ររបស់ក្រុមបក្សប្រឆាំងនៅក្រៅប្រទេស ឱ្យប្រធានបក្សកាន់អំណាចលោក ហ៊ុន សែន ពិតមែន។
តាមរយៈបទសម្ភាសន៍ជាង២ម៉ោង នៅវិទ្យុអាស៊ីសេរី នៅថ្ងៃទី៦ ខែកុម្ភៈ លោក សេង សារី បញ្ជាក់ថា លោកបានធ្វើការងារសម្ងាត់នេះរយៈពេល៤ឆ្នាំហើយ ដោយដំបូងឡើយទទួលថវិកាផ្ទាល់ពី លោក ហ៊ុន សែន យ៉ាងហោចណាស់១២ម៉ឺនដុល្លារ។
ក្នុងបទសម្ភាសន៍នោះ អ្នកវិភាគនយោបាយរូបនេះ ក៏បានស្នើសុំធ្វើនយោបាយជាមួយបក្សប្រឆាំងបន្តទៀត បើគេផ្តល់ឱកាស ដោយសំអាងថា លោកនឹងយកបទពិសោធន៍ទប់ទល់នឹងល្បិចរបស់លោក ហ៊ុន សែន វិញ។
លោកថា៖ «ក៏ប៉ុន្តែបើសិនជាក្នុងករណីមេដឹកនាំគណបក្សប្រឆាំង ផ្ដល់ឱកាសឱ្យខ្ញុំ នៅក្នុងការធ្វើការក្នុងនាមជាអ្នកបច្ចេកទេសនយោបាយ ហើយខ្ញុំក៏ជាមនុស្សម្នាក់ដែលមានបទពិសោធន៍ជាប់អន្ទាក់នយោបាយ ខ្ញុំដឹងនូវយុទ្ធសាស្ត្រខ្លះ ដែលអាចផ្តល់ប្រឹក្សាយោបល់ សម្រាប់មេដឹកនាំបាន អាហ្នឹងខ្ញុំនឹងពិចារណាថាខ្ញុំនឹងបន្តធ្វើកិច្ចការងារជាមួយគណបក្សប្រឆាំងដោយរបៀបណា»។
ជុំវិញរឿងនេះ ក្រុមអ្នកវិភាគនយោបាយឯករាជ្យ បានផ្តល់ទស្សនៈឱ្យក្រុមសំឡេងប្រឆាំងដែលចង់បន្តក្តីសុបិន្តស្តារប្រជាធិបតេយ្យនៅកម្ពុជា យកមេរៀនចារកម្មបង្កប់ខ្លួនក្បែរលោក សម រង្ស៊ី នេះជាបទពិសោធន៍កែកំហុសឆ្គង ដើម្បីវាយបំបែកយុទ្ធសាស្រ្តនយោបាយរបស់ លោក ហ៊ុន សែន។
អ្នកវិភាគនយោបាយ លោក ប៉ោ មករា លើកឡើងថា ល្បិចរបស់ លោក ហ៊ុន សែន ចាយលុយលើ លោក សេង សារី ឆ្លុះបញ្ចាំងពីការខ្ជះខ្ជាយលុយដើម្បីតែបង្រ្កាបខ្មែរគ្នាឯង គ្មានបានផលចំនេញដល់ជាតិទេ។
លោកថា អ្វីដែលអ្នកនយោបាយជំទាស់ត្រូវធ្វើនៅពេលនេះ គឺការបង្រួបបង្រួមគ្នា ដើម្បីដោះស្រាយបញ្ហាជាតិ កសាងទំនុកចិត្តពីប្រជាជាតិខ្មែរទាំងមូលឡើងវិញ និងតម្កល់ប្រយោជន៍ជាតិជាធំ។
លោកថា៖ «មេរៀននេះ វាមិនមែនសម្រាប់តែគណបក្សប្រឆាំងតែមួយគត់ទេ វាសម្រាប់ជនជាតិខ្មែរទាំងមូល វាបង្ហាញថា ប្រជាជាតិខ្មែរទាំងមូល ចាប់ផ្តើមលែងទុកចិត្តគ្នា ចាប់ផ្ដើមធ្វើឲ្យមានការឃើញមុខគ្នាខ្លាច ឃើញគ្នាខាំគ្នា ឃើញគ្នាបង្ករជម្លោះ វាលែងទៅមានជាតិនិយមក្នុងការបម្រើបញ្ហាផលប្រយោជន៍ជាតិមួយ ដើម្បីប្រកួតប្រជែងថ្នាក់តំបន់ ក៏ដូចជាពិពភលោកទាំងមូលធ្វើម៉េចឲ្យមានសាមគ្គីភាព រវាងខ្មែរនិងខ្មែរ ដើម្បីកុំឱ្យមានការសង្ស័យ ការមិនទុកចិត្តគ្នាក្នុងក្រុមអ្នកប្រជាធិបតេយ្យ ឬក៏ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ»។
សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ឱ្យជាយោបល់ថា ក្រុមអ្នកនយោបាយជំទាស់មិនគួរភ័យខ្លាចភ្នាក់ងារចារកម្មទេ តែអ្វីដែលខ្លួនត្រូវគិតគូរ គឺភាពរឹងមាំចេញពីខាងក្នុង ពោលគឺសុច្ចរិតភាពនយោបាយជាគ្រឹះ និងពង្រឹងប្រជាធិបតេយ្យផ្ទៃក្នុងបក្ស។
លោកថា៖ «យន្តការនៃការអនុវត្តនយោបាយរបស់ខ្លួនហ្នឹង មានភាពស្អាតស្អំទៅវាជួយកាត់បន្ថយហើយ។ តាមយន្តការប្រជាធិបតេយ្យទៅវាជួយ បានន័យថា មតិមហាជន ឬក៏សកម្មជនបក្សហ្នឹង គេអាចជួយចម្រោះចារជនបានច្រើន មិនជាឧបសគ្គអីទេ។ អ៊ីចឹងកិច្ចការហ្នឹង វាទាមទារឲ្យគណបក្សនយោបាយធ្វើការកែទម្រង់ ទៅឱ្យមានប្រជាធិបតេយ្យផ្ទែក្នុងបក្ស ក្នុងកម្រិតណាកម្រិតក្រោម ថ្នាក់ក្រោមជាតិ ថ្នាក់ជាតិ អាស្រ័យទៅលើបក្សមួយៗ អាចគ្រប់គ្រងស្ថានភាពរបស់ខ្លួនបាន។ អានេះជា កិច្ចការមួយបង្រៀនឱ្យអ្នកនយោបាយក្រៅរដ្ឋាភិបាល ឬក៏បក្សប្រឆាំងហ្នឹងគិតពិចារណា បើមិនដូច្នោះទេ មិនអាចរកវិធីសាស្ត្រប្រកួតប្រជែងជាមួយនឹងគណបក្សកាន់អំណាចបានទេ»។
យ៉ាងណា សម្រាប់អ្នកតាមដានស្ថានការណ៍នយោបាយ លោក គឹម សុខ បញ្ចេញមតិថាគណបក្សប្រជាធិបតេយ្យនានា គួរតែលះបង់លោកបណ្ឌិត សេង សារី ដែលសារភាពថាជាចារជន។ លោកថា ការឱបក្រសោបលោកបណ្ឌិត សេង សារី ដែលជាចារជន របស់ជនផ្ដាច់ការ គឺជាការប្រមាថអ្នកលះបង់ដើម្បីប្រជាធិបតេយ្យ បំពានយុត្តិធម៌ និង មើលងាយពលរដ្ឋមួយនគរ។
សម្រាប់លោក គឹម សុខ ពលរដ្ឋខ្មែរជាច្រើនបានលះបង់ក្នុងពលិកម្មយ៉ាងធំធេង ខ្លះលះបង់ទ្រព្យ ខ្លះត្រូវគេវាយដំឲ្យរបួសស្រាលធ្ងន់ ខ្លះរងអំពើទារុណធ្លាក់ខ្លួនពិការ ខ្លះជាប់គុក ដើម្បីបុព្វហេតុរួមតែមួយគត់ គឺប្រាថ្នាសង្គ្រោះកម្ពុជាពីជនផ្ដាច់ការ ឲ្យដល់គោលដៅប្រជាធិបតេយ្យ។
ប៉ុន្តែលោកថា លោក សេង សារី ប្រមូលផលពីការឈឺចាប់របស់ខ្មែរ ដោយស៊ីលុយអ្នកប្រជាធិបតេយ្យផង និងចាយលុយចារកម្មរបស់ លោក ហ៊ុន សែន ផង ក្នុងបេសកកម្មរបស់លោកបណ្ឌិត ជួយការងារលោក ហ៊ុន សែន ដែលធ្វើបាបខ្មែរសុទ្ធសាធ។
ទោះជាបែបណាក្តី សម្រាប់អ្នកតាមដានភូមិសាស្ត្រនយោបាយតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ថា បើទោះបីជាមានការបែកបាក់ក្នុងក្រុមសំឡេងប្រឆាំងក្តី តែលោកនៅតែមានជំនឿថា ក្រុមអ្នកស្នេហាជាតិ នៅតែបន្តកើតមានជាបន្តបន្ទាប់ ដើម្បីតស៊ូក្នុងទីលាននយោបាយស្តារមុខមាត់ជាតិ។
លោកថា៖ «ខ្ញុំគិតថា ដោយសារតែគណបក្សប្រឆាំងជាគណបក្សដែលគ្មានអីសោះ ក្រៅអំពីស្មារតីស្នេហាជាតិ និងគោលការណ៍ប្រជាធិបតេយ្យ ការតស៊ូដើម្បីធ្វើយ៉ាងណាដើម្បីលើកកម្ពស់សិទ្ធិសេរីភាព និងប្រជាធិបតេយ្យរបស់កម្ពុជាហ្នឹង! ខ្ញុំគិតថា ទោះបីជាការចុះចូលទោះបីជាមានការបែកធ្លាយ ទោះបីជាមានការបែកបាក់មួយរយៈអីជាដើមហ្នឹង ក៏ប៉ុន្តែអ្នកប្រជាធិបតេយ្យ គឺយើងដឹងហើយថា តស៊ូធ្វើមិនមែនដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន។ ទីបំផុតនៅមានការបង្រួបបង្រួមហើយ នៅតែមានអ្នកដែលមានឧត្តមគតិខ្ពស់ ប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិនឹងចេញមកតវ៉ា នឹងចេញមកតស៊ូលើសមរភូមិនយោបាយ នាពេលបច្ចុប្បន្ន ឬពេលអនាគត»។
ដោយឡែក អ្នកសិក្សាច្បាប់ លោក វន ចាន់ឡូត លើកឡើងតាមហ្វេសប៊ុកលោកថា ពុករលួយផ្នែកនយោបាយជាបងធំនៃអំពើពុករលួយដទៃផ្សេងទៀត។
លោកថា នៅកម្ពុជា មានស្កេកស្កះតែជនល្មើសនៅមានសេរីភាពដដែល។ អ្នកកាន់អំណាចផ្ដល់លុយកាក់ជាថ្នូរទៅនឹងឱ្យនរណាម្នាក់ បម្រើនយោបាយទុច្ចរិតរបស់ខ្លួន និងបក្ខពួកខ្លួន ត្រូវទទួលទោសតាមច្បាប់ទាំងអ្នកផ្ដើមគំនិត និងអ្នកទទួលយកផែនការទៅអនុវត្ត។
នេះមិនរាប់បញ្ចូលទៅនឹងទោសទំនាស់ផលប្រយោជន៍ ដែលធ្វើការយកលុយពីរកន្លែង អ្នកប្រព្រឹត្តត្រូវសងជំងឺចិត្តត្រឡប់ទៅស្ថាប័នដែលខ្លួនធ្វើការយកម្រៃនោះវិញ។
បើពុករលួយផ្នែកនយោបាយនេះ រកឃើញថា បានបង្កព្យសនកម្ម (ការខូចខាត) ដល់ឯកភាពជាតិ និងសាមគ្គីជាតិ ការផ្ដន្ទាទោសរឹតតែធ្ងន់។
បើតាមលោក ចាន់ ឡូត បើករណីបែបនេះ កើតមាននៅប្រទេសមានការអនុវត្តច្បាប់ម៉ឺងម៉ាត់វិញ នោះប្រធានព្រឹទ្ធសភាត្រូវអស់អំណាចភ្លាម ហើយថែមទាំងជាប់ពន្ធនាគារ រួមទាំងអ្នកអនុវត្តផែនការបន្តផងដែរ៕