អាដហុករកឃើញថាសិទ្ធិមូលដ្ឋានក្នុងឆ្នាំ២០២៤រងការរំលោភជាប្រព័ន្ធ

សមាគម​ការ​ពារសិទ្ធិមនុស្ស​អាដហុក ជំរុញ​ទៅក្រសួង​មហាផ្ទៃ ចាត់វិធានការទៅលើអាជ្ញាធរ​​មូល​ដ្ឋាន​​រូប​ណា ដែលអនុវត្តផ្ទុយនឹងច្បាប់ជាតិនិងអន្តរជាតិ ក្រោយ​​សមាគម​នេះ​ រកឃើញ​ថា​​​អាជ្ញាធរមូលដ្ឋាន​មួយចំនួនក្នុងខេត្តចំនួន២២ បាន​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញមតិ តាម​រយៈ​ការ​​ជួបជុំ​ដោយសន្តិវិធីរបស់ប្រជាពលរដ្ឋ​​។

ការជំរុញនេះធ្វើឡើងតាមរយៈរបាយការណ៍ ស្តីពី ការ​រឹតត្បិត​សេរីភាពបញ្ចេញ​មតិ-សេរីភាព​ជួបជុំ​ដោយ​អាជ្ញាធរមូលដ្ឋានឆ្នាំ២០២៤ ដែលចេញ​ដោយ​សមាគមការពារ​សិទ្ធមនុស្ស​អាដ​ហុក នៅ​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

ក្នុងរបាយការណ៍នោះ បានលើកឡើង​ថា ក្នុងសកម្មភាពផ្សព្វផ្សាយ​ អំពីប្រជាធិបតេយ្យ សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិនយោបាយ ដែលសមាគមអាដហុក បានរៀបចំឡើងក្នុងឆ្នាំ២០២៤ ដើម្បី​លើក​​​កម្ពស់ការ​យល់ដឹង និង​ពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋានចំនួន ៣១១វគ្គ ក្នុង​ខេត្ត​ចំនួន​​២២ គឺ​មានជាង ៩០% មានការ​រឹតត្បិត​ពីអាជ្ញាធរតាម​មូលដ្ឋាន ដោយរំលោភ​ច្បាប់​ជាតិ-ច្បាប់អន្តរជាតិ​ ជាពិសេសអនុវត្តផ្ទុយសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ។

សមាគមនេះ បន្តថា សកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន ដែលរឹតត្បិតសេរីភាពបញ្ចេញ​មតិ​ សេរីភាព​ជួបជុំនោះ មានដូចជា អាជ្ញាធរ​មូលដ្ឋានសួររកលិខិតអនុញ្ញាត រារាំងមិនអនុញ្ញាតឱ្យ​ធ្វើ​ការ​ផ្សព្វផ្សាយ មេភូមិតម្រូវឱ្យជូនដំណឹងមុនធ្វើការ​ផ្សព្វផ្សាយ ថតរូប-វីដេអូ​និង​សុំ​បញ្ជី​វត្ត​មាន មាន​វត្តមាន​​ឃ្លាំ​មើល​​​នៅ​បរិវេណកន្លែងផ្សព្វផ្សាយ​ ដើរកត់ឈ្មោះពលរដ្ឋ​តាមផ្ទះ​ក្រោយ​ចូលរួមសកម្មភាពផ្សេង​ៗ សួរនាំគំរាម​កំហែង និងហាមឃាត់ពលរដ្ឋ​មិនឱ្យចូលរួម​ការ​ផ្សព្វ​ផ្សាយ​ជាដើម។​

ខេត្តចំនួន​២២ ដែលសមាគមអាដហុក រកឃើញថា​មានអាជ្ញាធរមូល​ដ្ឋានមួយចំនួន​ រំលោភ​សេរី​ភាពបញ្ចេតមតិតាមរយៈការ​ជួបជុំដោយសន្តិវិធីនោះ មានដូចជា ខេត្តកំពង់ឆ្នាំង ពោធិ៍​សាត់ បាត់ដំបង កណ្តាល កំពង់ស្ពឺ ក្រចេះ កំពង់ធំ រតនគិរី ប៉ៃលិន ត្បូងឃ្មុំ ព្រៃវែង ព្រះ​សីហនុ ព្រះ​វិហារ បន្ទាយមានជ័យ ឧត្តរ​មានជ័យ ស្ទឹងត្រែង កំពត កំពង់ចាម មណ្ឌល​គិរី កោះ​កុង សៀមរាប និងស្វាយរៀង។

ករណីនេះ សមាគម បានផ្តល់​អនុសាសន៍ដល់ក្រសួង​​មហាផ្ទៃ ក្នុងឆ្នាំ២០២៥នេះ គួរ​ចាត់​វិធាន​ការ ណែនាំ ផ្សព្វផ្សាយសេចក្តីជូនដំណឹង(សជណ) របស់ខ្លួន​​ដល់អាជ្ញាធរមូលដ្ឋាន និង​ដាក់ពិន័យ​រដ្ឋបាលធ្ងន់ធ្ងរ​ ​​ចំពោះអាជ្ញាធរ​មូលដ្ឋានរូបណា ដែលអនុវត្ត​ផ្ទុយ​ច្បាប់ជាតិ និង​ច្បាប់​អន្តរជាតិ ជាពិសេស​ សជណ របស់ខ្លួន ដែល​ជា​​ការ​រំលោភ​​ធ្ងន់ធ្ងរ​លើការអនុវត្ត​សិទ្ធិ​សេរី​ភាព​បញ្ចេញ​មតិ តា​មរយៈការ​ជួបជុះ​ដោយសន្តិវិធី ក្នុងសហគមន៍មូលដ្ឋាន។​

វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យរង​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បាននៅឡើយទេនៅថ្ងៃនេះ។

យោងតាមលិខិត​​​របស់ក្រសួងមហាផ្ទៃ ទៅកាន់​គណៈអភិបាលរាជធានី-ខេត្ត ចុះថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ បានលើកឡើង​ថា សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​បាន​ចុះ​បញ្ជី​ត្រឹម​ត្រូវ និង​សហគមន៍​នៅ​មូល​ដ្ឋាន​នានា មាន​សិទ្ធិសេរីភាព​ពេញ​លេញ​ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​ខ្លួន ដោយ​ពុំចាំបាច់​ជូន​ដំណឹង​ដល់​​អាជ្ញាធរ​​មូល​ដ្ឋាន មុនពេលចាប់​ផ្តើម​ធ្វើ​សកម្មភាព​​នោះ​ឡើយ។

ចំណែក រដ្ឋធម្មនុញ្ញនៃ​ព្រះរាជាណាចក្រកម្ពុជា​ឆ្នាំ១៩៩៣ មាត្រា៤១​ ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​ មានសេរីភាព​ខាង​ការ​បញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន​ សេរីភាពខាងការ​បោះ​ពុម្ភ​ផ្សាយ សេរីភាព​ខាង​ការជួបជុំ។

សម្រាប់សេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស​ មាត្រា១៩ ចែងថា មនុស្ស​គ្រប់​រូប​មាន​សិទ្ធិ​​សេរីភាព​ក្នុង​កា​​រមាន​មតិ និងការ​សម្តែងមតិ។ សិទ្ធិនេះរាប់បញ្ចូល​ទាំងសេរីភាព​ក្នុងការ​ប្រកាន់​មតិ​ដោយ​គ្មានការ​ជ្រៀតជ្រែក និងសេរីភាពក្នុងការ​ស្វែងរក​ការ​ទទួល និងការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​និងគំនិតនានា​ដោយគ្មានព្រំដែន ទោះតាមរយៈមធ្យោ​បាយ​​សម្តែង​មតិ​ណា​មួយ​ក៏ដោយ។ ចំណែក មាត្រា២០ មនុស្ស​គ្រប់រូបមានសិទ្ធិសេរីភាពក្នុងការ​ប្រជុំ ឬការបង្កើត​សមាគម​ដោយសន្តិ​វិធី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ