ពលរដ្ឋខេត្តកំពង់ស្ពឺ​តវ៉ា​ឱ្យក្រុមហ៊ុន​ចិន​ទូទាត់​លុយ​ជាង​១លាន​ដុល្លារ​រឿង​លក់​ដី​​ស្រែ

ប្រជាពលរដ្ឋចំនួន ៥៧គ្រួសារ នៅ​ខេត្ត​កំពង់​ស្ពឺ ​បាន​ចេញ​មុខ​ទាម​ទារ​មេដឹកនាំ​រក​យុត្តិធម៌ ​ករណី​ពួក​គេ​លក់​ដី​ស្រែ​​ជាង ៣០ហិកតា ឱ្យ​ក្រុម​ហ៊ុន​ចិន​មួយ តែ​មិន​បាន​ទូទាត់​លុយ​គ្រប់​ចំនួន​សរុប​ជាង ១លាន​ដុល្លារ​ទៀត​ដែល​នៅ​សេស​សល់ ធ្វើ​ឱ្យ​ពួកគេ​ប្រឈម​វិបត្តិ​បំណុល និង​គ្មាន​ដី​អាស្រ័យ​ផលជាង១ឆ្នាំទៅនេះ។

ពលរដ្ឋនៅភូមិ​អូក្រាំង​អំបិល អ្នក​ស្រី ផល ចាន់​រីម ប្រាប់​VOD​នៅ​ថ្ងៃ​ទី១០ ខែកុម្ភៈ​នេះ​ថា ដី​មាន​ជម្លោះ​នេះ​សរុប​ជាង ៣០​ហិកតា ដែល​មាន​ពលរដ្ឋ​ចំនួន​ ៥៧គ្រួសារ ជា​ម្ចាស់​ដី ខណៈ ពលរដ្ឋ​ទាំង​នោះ​ខ្លះ ចាប់​ផ្តើម​លក់​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ចិន​ឈ្មោះ ជាន យូលៀន ចាប់​ពី​ខែវិច្ឆិកា ឆ្នាំ​២០២៣​មក​ម្លេះ។

ក្នុងនោះ​ដី​របស់​អ្នកស្រី​ចំនួន​ ៧០​អា លក់ឱ្យ​ក្រុម​ហ៊ុន​ចិន​នោះ ក្នុង​តម្លៃជិត​១០ម៉ឺន​ដុល្លារ តែ​គាត់​ថា​ទទួល​បាន​លុយ​តែ​ជាង​ ៤ម៉ឺនដុល្លារ​ប៉ុណ្ណោះ នៅសល់​ប្រមាណ ៥ម៉ឺន​ដុល្លារ​ទៀត​ដែល​មិន​ទាន់​ទទួល​បាន។

ពលរដ្ឋរូបនេះ ស្នើមេដឹកនាំ​ជួយ​រក​យុត្តិធម៌​ដើម្បី​បាន​លុយ​ដោះស្រាយ​វិបត្តិ​ជីវភាព ក្រោយ​រក​ការ​អន្តរាគមន៍​ពី​ថ្នាក់​ឃុំ ស្រុក និងខេត្ត តែ​គ្មាន​ដំណោះ​ស្រាយ​ជាង​១ឆ្នាំ​ទៅ​នេះ។

អ្នក​ស្រី​ថា៖ «សូម​សម្តេច​ទាំង​បួន​ទ្វេ មេត្តា​ជួយ​ដោះ​ស្រាយ​ដល់​កូន​ចៅ​នៅ​ក្នុង​ភូមិ​អូរក្រាំង​អំបិល និង​ឃុំ​ត្រពាំង​គង​​នេះ ធ្វើ​ម៉េច​ឲ្យ​បាន​លុយ​គ្រប់​ចំនួន​ឲ្យ​ប្រជាពលរដ្ឋ​មក។ គាត់​មាន​ការ​ខ្វះ​ខាត​ដូច​ជា​រូបខ្ញុំ​ក៏​ដោយ​ រូបបងប្អូននៅក្នុងភូមិ​ក៏ដោយ​អ្ន​ក​ខ្លះ​ជំពាក់​ធនាគារ​ច្រើន ថា​លក់​ដី​ទៅ​បាន​លុយ​សង​គេ​ខ្លះ​ទៅ បាន​លុយ​ទៅ​ដោះ​ស្រាយ​ដី​ពី​ទីណា​តិច​តួច ដើម្បី​ចិញ្ចឹម​ជីវិត​ តែ​ទីបំផុត​អត់​មាន​បាន​ផលប្រយោជន៍​អី​ទេ​»

ដោយឡែក ពលរដ្ឋម្នាក់​ទៀត អ្នក​ស្រី ភួង ស្រីម៉ៅ ប្រាប់​ថា គាត់​បាន​លក់ដីស្រែជិត​២០អា ទៅ​ឱ្យ​ក្រុម​ហ៊ុន​ចិន​នោះ​ក្នុង​តម្លៃ​ ៥ម៉ឺនដុល្លារ តែ​ទទួល​បាន​លុយ​តែ​ជាង​ ២ម៉ឹនដុល្លារ​ប៉ុណ្ណោះ កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០២៤។ 

ពលរដ្ឋរូបនេះ បញ្ជាក់ថា ដីដែល​មាន​ជម្លោះ​នេះ​ស្ថិត​នៅ​ភូមិ​អូក្រាំង​អំបិល និង​ភូមិ​បាក់​ចិញ្ចៀន ក្នុង​ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ហើយ​ក្រុម​ហ៊ុន​ចិន​មិន​បាន​ទូទាត់​លុយ​ដែល​នៅ​សល់​ជាង​ ១លាន​៦០ម៉ឺន​ដុល្លារ​ ទៅ​ឱ្យ​ជិត​ភូមិ​ជិត​៦០គ្រួសារ​នោះ។

លោក​ថា ៖ «ជួយ​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​ផង ព្រោះ​ប្រជាពលរដ្ឋ​យើង​ខ្ញុំ​រាល់​ថ្ងៃ​នេះ​រង​ទុក្ខ​វេទនា​ជា​ទីបំផុត។ ឆ្នាំទៅមិញ ក៏​អត់​បាន​ធ្វើ​ស្រែ​ឥឡូវ​ឆ្នាំ​នេះ អត់​បាន​ធ្វើ​ស្រែ​ទៀត ហើយ​ក្នុង​ម្នាក់ៗ មាន​អ្នក​ដាច់​ពេល ហើយ​ក៏​មាន​ការ​ឈឺចាប់​កាន់​តែ​ខ្លាំង ក៏​ទារុណ​ទារា។ អ្នក​រងចាំ​ដែល​ស្លាប់​នោះ ក៏​ពីរ​បី​នាក់​ទៀត​ដែរ ដូច​ថា​វា​ឈឺ​ចាប់។ ម្នាក់ៗ ដែល​បាន​លុយ​មក​ខ្លះ​គ្នា​មិន​បាន​ចាយ​ផង យក​លុយ​កក់​ទៅ​លោះ​ប្លង់​ ទៅ​លោះ​ប្លង់​ហ្នឹង ដើម្បី​យក​ប្លង់​មក​ឲ្យ​គេ​ ហើយ​អាលុយ​លោះ​ប្ល​​ង់ហ្នឹង​ក៏លោះអស់​ទៅ អាប្លង់​ក៏​ឲ្យ​ទៅ​គេ​ទៅ ហើយ​ក៏អត់​បាន​លុយ​មក​ទល់​សព្វថ្ងៃ​ហ្នឹង​ដែរ»។

ជុំវិញរឿង​នេះ VOD បានព្យាយាមទាក់ទង​អភិបាល​ខេត្តកំពង់​ស្ពឺ លោក ជាម ច័ន្ទ​សោភណ្ឌ តែ​លោក​បាន​ចុច​ផ្តាច់​ទូរសព្ទ​នៅ​ពេល​មាន​ការ​ហៅ​ចូល​ជាច្រើន​ដង​នៅថ្ងៃទី​១០ ខែ​កុម្ភៈ។

យ៉ាង​ណា ប្រធាន​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដ​ហុក លោក នី សុខា យល់​ថា តុលាការ​គួ​រ​តែ​ចេញ​ដីកា​រក្សា​ការ​ពារ​កុំ​ឱ្យ​មាន​ការ​អភិវឌ្ឍ​លើ​ដី​មាន​ជម្លោះ​នោះ ដើម្បី​រក​ដំណោះ​ស្រាយ​ឱ្យ​ពលរដ្ឋ​សិន ហើយ​ថា អាជ្ញាធរ​ពាក់​ព័ន្ធ​ក៏​គួរ​ចេញ​មុខ​អន្តរាគមន៍​​បន្ទាប់​ដើម្បី​កុំ​ឱ្យ​ពលរដ្ឋ​ជួប​វិបត្តិ​ជីវភាព​កាន់​តែ​ធ្ងន់​ធ្ងរថែម​ទៀត។

លោកថា៖ «ស្នើ​ឲ្យ​តុលាការ​មេត្តា​ធ្វើ​យ៉ាង​ណា​ចាត់​វិធាន​ការ​ឱ្យ​បាន​រួស​រាន់ និង​ឲ្យ​ម៉ឺង​ម៉ាត់​បំផុត​ចំពោះ​ភាគី​ណា​ដែល​រំលោភ​បំពាន​កិច្ច​សន្យា ដើម្បី​ជួយ​ផ្តល់​យុត្តិធម៌​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ផង ក៏អា​ច​ជួយ​សម្រាល​បន្ទុក​របស់​ប្រជាពលរដ្ឋ ដែល​បច្ចុប្បន្ន ប្រជា​ពលរដ្ឋ​ក៏​គង់​តែ​ខ្វះ​ខាត​អំពី បញ្ហា​សេដ្ឋកិច្ច​ផង​ទាក់​ទង​ទៅ​នឹង​បញ្ហា​ជីវភាព​រស់​នៅ​បញ្ហា​បំណុល​បញ្ហា​អី​ទាំង​អស់​ហ្នឹង​ផង ហើយ​តុលាការ​គួរ​តែ​មាន​ការ​ចេញ​ដីកា​រក្សា​ការ​ពារ ដើម្បី​ធានា​បាន​យ៉ាង​ណាកុំ​ឲ្យ​មាន​ការ​អភិវឌ្ឍ​នៅ​លើ​ដី​នៅ​បន្ត​ទៅ​ទៀត»។

ចំណែក ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ហាក់​ស្តី​បន្ទោស​ថា ការ​មិន​អើពើ​របស់​មន្រ្តី​ពាក់​ព័ន្ធ​ក្នុង​ការ​រក​ដំណោះ​ស្រាយ​ឱ្យ​ពលរដ្ឋ​ក្នុង​រឿង​នេះ គឹ​បង្ហាញ​ពី​កម្សោយ​ក្នុង​ការ​ធ្វើ​ការ​របស់​មន្រ្តី​រាជការ​ផង និង​អាច​ជាប់​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ផង​ដែរ។

លោកថា៖ «រដ្ឋាភិបាល​ត្រូវ​ពិនិត្យ​មើល បើមន្រ្តីណា​អសកម្ម ហើយ​មិន​បាន​យក​ចិត្ត​ទុក​ដាក់ ជុំវិញ​បញ្ហា​ប្រជា​ពលរដ្ឋ ត្រូវ​មាន​វិធាន​ការ​ទៅ​លើ​មន្រ្តី​ទាំង​អស់​នោះ។ បញ្ហា​មួយ​ទៀត វា​បង្ក​មក​ពី​បញ្ហា​ពុក​រលួយ​សង្គម​​​មា​ន​បញ្ហា​ពុក​រលួយ គឺ​រាស្រ្ត​ទទួល​រង​គ្រោះ។ អ៊ីចឹង​អ្នក​ដែល​គេ​មាន​លុយ ក្រុម​ហ៊ុន​មាន​លុយ​អ៊ីចឹង​ទៅ​សូកប៉ាន់​គេ​ផ្តល់​សំណូក​ចុះ​ឡើង​ទៅ ដំណោះ​ស្រាយ គឺ​ពលរដ្ឋ​មិន​ងាយ​ទទួល​បាន​យុត្តិធម៌​ទេ»

កាលពីថ្ងៃទី៩ ខែ​កុម្ភៈ ប្រជាពលរដ្ឋជិត ១០០នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​ម្តង​រួច​មក​ហើយ នៅ​ទីតាំង​ដី​ដែល​មាន​ជម្លោះ​​នោះ ដោយ​មាន​លើក​បដា រូប​ប្រធាន​ព្រឹទ្ធ​សភា លោក ហ៊ុន សែន និង​នាយក​រដ្ឋ​មន្រ្តី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បី​ជួយ​រក​យុត្តិធម៌។

អ្នកភូមិ​ប្រាប់ VOD ថា បើ​​នៅតែគ្មានដំណោះស្រាយ​ទេ ក្រុម​ពលរដ្ឋ​រង​គ្រោះ គ្រោង​ប្រមូល​ផ្តុំ​គ្នា​​នៅ​មុខ​សាលា​ខេត្ត​កំពង់​ស្ពឺ​ជាថ្មី​ទៀត ដើម្បី​ទាមទារ​លុយ​ដែល​នៅ​សល់​ជាង ១លាន ៦០​ម៉ឹន​ដុល្លារ​នោះ ពី​ក្រុមហ៊ុន​ចិន​ឈ្មោះ ជាន យូលៀន មកវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ